Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើពាក្យថា “អធិបតេយ្យ” មានន័យដូចម្តេច ?

២. តើអធិបតេយ្យរបស់រដ្ឋមួយស្ថិតនៅលើមូលដ្ឋានអ្វីខ្លះ ? អធិបតេយ្យរបស់រដ្ឋមានអ្វីខ្លះ ?​ តើអ្នកមានកាតព្វកិច្ចនិងតួនាទីដូចម្តេចដើម្បីអធិបតេយ្យរបស់ជាតិខ្លួន ?

៣. ដូចម្តេចហៅថា សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ ?

៤. តើអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានឥរិយាបថនិងសុវជីធម៌ក្នុងពេលកំពុងបើកបរដូចម្តេចខ្លះ ?

៥. ដើម្បីឱ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប តើមនុស្សត្រូវប្រតិបត្តិតាមមាគ៌ាប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

ចម្លើយ

១. អធិបតេយ្យ មានន័យថាអំណាចនយោបាយឯករាជ្យនិងជាន់ខ្ពស់ ឬមានន័យថារដ្ឋឯករាជ្យផ្នែកនយោបាយ ។

២. អធិបតេយ្យរបស់រដ្ឋមួយស្ថិតនៅលើមូលដ្ឋាន ៤ យ៉ាងគឺមានទឹក ដី មានប្រជាជនរដ្ឋាភិបាលឯករាជ្យមានសមត្ថភាពក្នុងការធ្វើទំនាក់ទំនងអន្តរជាតិជាមួយសហគមន៍នានា ។ ដើម្បីរក្សាអធិបតេយ្យរបស់ជាតិខ្លួន យើងត្រូវ ​៖

  • ខិតខំរៀនសូត្រ
  • រក្សាការពារអត្តសញ្ញាណជាតិ វប្បធម៌ជាតិ
  • ស្រលាញ់ និងការពារបូរណភាពទឹកដីជាតិ ដោយចូលបម្រើក្នុងជួរកងទ័ព ក្នុងពេលចាំបាច់
  • រួមចំណែកការពារសុខុមាលភាពប្រជាជន ដោយមិនចោលសម្រាមក្នុងទីសាធារណៈ និងក្នុងទីកន្លែងដែលមិនគួរចោល
  • ស្រលាញ់ថែរក្សា និងការពារសម្បត្តិវប្បធម៌ជាតិ (សម្បត្តិធម្មជាតិ និងសម្បត្តិសង្គម)
  • ស្រឡាញ់ថែរក្សាធនធានធម្មជាតិ មិនបំផ្លាញដោយប្រការផ្សេងៗ
  • រក្សាកិត្តិយសជាតិ ដោយមិនសំដែងឥរិយាបថដែលបណ្តាលឱ្យគេមើលងាយដល់ប្រទេសជាតិ
  • គោរព និងស្រលាញ់រដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ របស់ប្រទេសជាតិ
  • គោរព និងស្រលាញ់ ជាតិ សាសនា និងព្រះមហាក្សត្រ
  • សាមគ្គីភាពជាតិនិងអន្តរជាតិ...។

៣. ក. សិទ្ធិពលរដ្ឋ ៖ ជាសិទ្ធិរបស់មនុស្សក្នុងការរស់នៅនិងការពារខ្លួនស្របច្បាប់ ស្របតាមវប្បធម៌ទំនៀមទម្លាប់របស់ជាតិ ។

ខ. សិទ្ធិនយោបាយ ៖ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយ ការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗ និងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមិត...) ។

គ. សិទ្ធិសេដ្ឋកិច្ច ៖ ជាសិទ្ធិដែលផ្តល់ និងអនុញ្ញាតិឱ្យប្រជាពលរដ្ឋមានការអភិវឌ្ឍផ្នែកជីវភាព ទ្រព្យសម្បត្តិក្នុងបំណងលើកតំកើងសុខមាលភាពប្រជាពលរដ្ឋ ។

ឃ. សិទ្ធិសង្គមកិច្ច​ ៖ ជាសិទ្ធិដែលផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋឱ្យទទួលបាននូវសន្តិសុខ សន្តិភាព​និងសុខភាព ។

ង. សិទ្ធិវប្បធម៌ ៖ ជាសិទ្ធិដែលផ្តល់ដល់ប្រជាពលរដ្ឋដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណី អក្សរ អក្សរសាស្រ្តនិងច្បាប់ទម្លាប់ផ្សេងៗ ។

៤. អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានឥរិយាបថនិងសុជីវធម៌ ដូចតទៅ ៖

ក. សុជីវធម៌ក្នុងពេលបើកបរ

  • ត្រូវបន្ថយល្បឿននៅពេលដែលមានយានយន្តដទៃទៀតសុំជែង ត្រូវអែបស្តាំទុកលទ្ធភាពឱ្យយានយន្តដែលនៅក្រោយមានធុរៈប្រញាប់ទៅមុន ។
  • នៅកន្លែងមានទឹកដក់ ឬភក់ជ្រាំមានធូលីហុយ ឬដល់ទីប្រជុំជនយើងត្រូវបន្ថយល្បឿន ដើម្បីកុំឱ្យភក់ ឬទឹកខ្ទាតប្រឡាក់អ្នកដំណើរដែលនៅជិតនោះ​។
  • មិនត្រូវខាកស្តោះ ឬបោះសំរាម ចេញក្រៅ ដែលជាហេតុនាំឱ្យប៉ះពាល់ ឬរំខានដល់អ្នកដំណើរដូចគ្នាទេ ។

ខ. ឥរិយាបថក្នុងការបើកបរ

  • ត្រូវចេះអត់ឳន ឬអនុគ្រោះចំពោះការខុសឆ្គងបន្តិចបន្តួច នៃអ្នកបើកបរដូចគ្នា
  • ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាស្ងប់ស្ងៀម ខន្តី អត់ធ្មត់ចិត្តទូលាយ និងរាក់ទាក់
  • ទោះជាយើងស្ថិតក្នុងសភាពត្រូវច្បាប់ក៏ដោយ មិនត្រូវប្រកាន់ទិដ្ឋិមាន រឹងត្អឹងអាងយកតែត្រូវ ឬប្រើអំពើហិង្សាឡើយ
  • គោរពច្បាប់ចរាចរណ៍
  • មិនប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ។

៥. ដើម្បីឱ្យមានសន្តិភាពសម្រាប់មនុស្សគ្រប់រូប គេត្រូវប្រតិបត្តិតាមមាគ៌ា ៨យ៉ាង របស់ព្រះពុទ្ធជាម្ចាស់ហៅថា អដ្ឋង្គិកមគ្គគឺ ៖

  • សម្មាទិដ្ឋិ ៖ ការយល់ឃើញត្រឹមត្រូវ
  • សម្មាសង្កប្បៈ ៖ ការត្រិះរិះត្រឹមត្រូវ
  • សម្មាវាចា ៖ ពាក្យសំដីត្រឹមត្រូវ
  • សម្មាកម្មន្តៈ ៖ ការងារត្រឹមត្រូវ
  • សម្មាអាជីវៈ ៖ ការប្រកបរបរចិញ្ចឹមជីវិតត្រឹមត្រូវ
  • សម្មាវាយាមៈ ៖ ការព្យាយាមក្នុងផ្លូវត្រឹមត្រូវ
  • សម្មាសតិ ៖ ការភ្ញាក់ររលឹកត្រឹមត្រូវ
  • សម្មាសមាធិ ៖ ការតាំងចិត្តត្រឹមត្រូវ ។ អង្គទាំងប្រាំបីនេះ បង្រួមមកបានជា សីល សម្មាធិបញ្ញ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login