ចំពោះគ្រូបង្រៀននិងសាស្រ្តាចារ្យសង្គមមានសំណូមពរ និងសេចក្តីសង្ឃឹមដួចតទៅ៖
- គ្រូបង្រៀន និងសាស្រ្តាចារ្យក្នុងសង្គមត្រូវមានទស្សនៈអប់រំ ដោយឈរលើមូលដ្ឋាននៃមាត្រារបស់ររដ្ឋធម្មនុញ្ញ និងគោលមាគ៌ានយោបាយដឹកនាំដោយរាជរដ្ឋាភិបាល ។ គ្រូបង្រៀន និងសាស្រ្តាចារ្យមិនត្រូវបង្កើតឲ្យមានទំនាស់ផ្នែកនយោបាយក្នុងការបង្ហាត់បង្រៀន និងអប់រំសិស្សឬក្នុងជួរបុគ្គលិកសិក្សា ដែលធ្វើឲ្យអសកម្ម ក្នុងការងាររបស់សាលារៀន ។ ការងារក្នុងសាលារៀនជាការងាររបស់ជាតិទាំងមូល ។
- គ្រូបង្រៀននិងសាស្រ្តាចារ្យត្រូវឈរលើមូលដ្ឋាននៃឧត្តមគតិស្នេហាជាតិ ស្នេហាជំនាន់យុវវ័យនិងធ្វើការដើម្បីជំនាន់យុវវ័យក្នុងន័យបង្ហាត់បង្រៀនអប់រំ និងបណ្តុះបណ្តាលគុណសម្បត្តិ សីលធម៌ល្អ និងកម្រិតវប្បធម៌ស្របទៅតាមកម្មវិធីសិក្សា ។
- គ្រូបង្រៀន និងសាស្រា្តចារ្យត្រូវមានសមត្ថភាពនិងបទពិសោធន៍ និងមានកម្រិតវប្បធម៌គ្រប់គ្រាន់ ដើម្បីបង្ហាត់បង្រៀននិងអប់រំសិស្សនិស្សិត សិក្ខាកាមទៅតាមមុខវិជ្ជាឯកទេសដែលខ្លួនបានបង្រៀន ។
- គ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវប្រកាន់គុណសម្បត្តិល្អផ្ទាល់ខ្លួននិងអំណត់អត់ធ្មត់ ដើម្បីបម្រើសំណូមពររបស់សង្គមនិងសិស្ស ។
- គ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវយល់ដឹងអំពីចិត្តវិទ្យាខាងផ្នែកបុគ្គលិកលក្ខណៈ ខាងវ័យសិក្សាខាងការបង្រៀនខាងការអប់រំនិងគរុកោសល្យជាដើម ។
- គ្រូបង្រៀននិងសាស្រ្តាចារ្យត្រូវយល់ដឹងអំពីសមិទ្ធផលដ៏ទំនើបរបស់វិទ្យាសាស្ត្រ និងបច្ចេកទេសដោយព្យាយាម សិក្សាស្រាវជ្រាវស៊ីជម្រៅទៅលើមុខវិជ្ជាឯកទេសដែលត្រូវបង្ហាត់បង្រៀនសិស្ស និស្សិតដោយក្តាប់បាបច្បាស់លាស់ពីវិធិសាស្រ្ត បង្រៀននិងល្បិចបង្រៀនល្អ សំដៅឲ្យសិស្ស និស្សិតងាយយល់និងងាយចងចាំ ។
- គ្រូបង្រៀន និងសាស្រ្តាចារ្យត្រូវមានសម្បទាគរុកោសល្យដ៏ត្រឹមត្រូវតាមលក្ខណវិទ្យាសាស្រ្ត ព្រមទាំងស្រឡាញ់ និងយកចិត្តទុកដាក់ដល់ជំនាន់យុវវ័យ ។
ដូច្នេះ សេចក្តីសេ្នហារបស់គ្រូ និងសាស្រ្តចារ្យចំពោះជំនាន់យុវវ័យ ចាត់ទុកជាលក្ខណៈដោយឡែករបស់អ្នកអប់រំ ។ បើអ្នកអប់រំមិនចូលចិត្តសិស្ស និស្សិត ទេនោះគេពិបាកនិងធ្វើឲ្យមុខរបររបស់គេមានសុក្រឹតភាពណាស់ ។