ស្វែងរកសៀវភៅដែលអ្នកចង់បាន
រៀបរៀងដោយ: | ឈុន សំណាង |
ឆ្នាំបោះពុម្ព: | 2017 |
ផ្នែក: | ចំណេះដឹងទូទៅ |
ភាសា: | Khmer |
ប្រភេទ: | Paper Book |
ចំនួនទំព័រ: | 156 |
តម្លៃ: | $10.00 |
ចំនួនអ្នកចូលមើល: | 4992 |
គំនិតទស្សនវិទូ
- គុណធម៌របស់ទស្សនវិទូល្បីៗ - យុទ្ធសាស្ត្រសម្រាប់អ្នកដឹកនាំ
- ទ្រឹស្ដីសំខាន់ៗរបស់ទស្សនវិទូ
- ប្រវត្តិសង្ខេបរបស់ទស្សនវិទូ ២៨រូប
- វិធីសាស្រ្តក្នុងការសម្រេចចិត្ត
- ទ្រឹស្តីនយោបាយសំខាន់ៗ សីលធម៌និងការរស់នៅក្នុងសង្គម
អារម្ភកថា
ទស្សនវិទូនយល់ស្របគ្នា ចំពោះតម្លៃរបស់មនុស្សសត្វត្រង់ វិចារណញ្ញាណ។ វិចារណញ្ញាណមានមូលដ្ឋានគ្រឹះមកពីទស្សនវិជ្ជា ដែលជា បិតានៃគ្រប់មុខជំនាញទាំងអស់។ សៀវភៅ ប្រជុំទ្រឹស្តីទស្សនវិទូល្បីៗ គឺជា កម្រងទ្រឹស្ដីរបស់ទស្សនវិទូសំខាន់ៗ ចាប់តាំងពីសម័យបុរាណរហូតដល់សម័យ បច្ចុប្បន្ន។ សៀវភៅដែលលោកអ្នកកំពុងតែកាន់នេះ មិនមែនជាសៀវភៅទស្សនវិជ្ជាបែបវិភាគ រកហេតុផលស៊ីជម្រៅ និងក្បោះក្បាយនោះឡើយ បុន្តែវាត្រឹមតែ ជាសៀវភៅមូលដ្ឋានគ្រឹះទស្សនវិជ្ជាមួយ ដែលផ្តល់ចំណេះដឹងទូទៅ សម្រាប់ជា មូលដ្ឋានក្នុងការពិចារណា។ ដូច្នេះ ពាក្យគន្លឹះទស្សនវិជ្ជាត្រូវបានពន្យល់ដោយ ពាក្យសាមញ្ញ និងងាយយល់បំផុត។ ទ្រឹស្តីទស្សនវិទូនីមួយៗ ត្រូវបានដកស្រង់ ពីគ្រប់មែកធាងទាំងអស់របស់ទស្សនវិជ្ជា ដើម្បីឲ្យអ្នកអានមានចំណេះដឹងទូលំ ទូលាយ សម្រាប់យកទៅប្រើប្រាស់ក្នុងសង្គមបច្ចុប្បន្ន ។ សៀវភៅនេះត្រូវបាន ប្រែសម្រួលមកពីសៀវភៅ ទស្សនវិជ្ជាបរទេសជាច្រើនក្បាល។
សៀវភៅនេះពុំមែនជាសៀវភៅ បែបការសិក្សាស្រាវជ្រាវដោយផ្អែកលើ ការចុះឯកសារយោង និងស្ដង់ដារនៃការស្រាវជ្រាវ ពេញលេញនោះទេ ប៉ុន្តែទ្រឹស្ដី ក្នុងសៀវភៅនេះ មិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នករៀបរៀងឡើយ ព្រោះ អ្នករៀបរៀង ពុំបានបញ្ចូលទស្សនៈផ្ទាល់ខ្លួនទៅក្នុងទំព័រនីមួយៗ ក្នុងសៀវភៅ ឬ ទៅក្នុងទ្រឹស្ដីណាមួយរបស់ទស្សនវិទូនីមួយៗឡើយ។ អ្នករៀបរៀង គ្រាន់តែជួយ សម្រួលពាក្យពេចន៍ ប្រយោគ និងអត្ថន័យខ្លះៗ ដើម្បីឲ្យស្របទៅតាមបរិបទរបស់ ទស្សនវិជ្ជាប៉ុណ្ណោះ។ ស្ទើរគ្រប់ទំព័រក្នុងសៀវភៅនេះ ត្រូវបានរចនាឡើងអមដោយ រូបភាព និងពណ៌ដ៏ស្រស់ស្អាត ដើម្បីជួយដល់អ្នកឃើញសៀវភៅនេះ ឲ្យមានចិត្ត ចង់មើល និងចង់អាន។ ក្នុងសៀវភៅនេះមាន សុភាសិតរបស់ទស្សនវិទូផងដែរ ដើម្បីជួយសម្រួលដល់ការគិតពិចារណាដល់អ្នកអាន។ លើសពីនេះទៅទៀត សៀវភៅនេះមានរូបភាពទស្សនវិទូនីមួយៗ ដើម្បីឲ្យអ្នកអានបានស្គាល់ពីទស្សន វិទូកាន់តែច្បាស់ថែមទៀត។
ខ្ញុំសង្ឃឹមថា សៀវភៅ ប្រជុំទ្រឹស្តីទស្សនវិទូល្បីៗ នេះនឹងក្លាយជាថាមពល ពិសេសមួយ ដើម្បីជួយឲ្យសង្គមខ្មែររស់នៅដោយយកការពិចារណាជាធំ វិភាគ ប្រកបដោយហេតុផល មានជំនឿប្រកបដោយប្រាជ្ញាមានមនសិការចំពោះ ប្រទេសជាតិ និងមនសិការចំពោះខ្លួនឯង។ បន្ថែមលើសពីនេះទៀត ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងជួយឲ្យអ្នកអាន ចេះស្វែងរកតម្លៃជីវិត និងអត្ថន័យជីវិតផ្ទាល់ខ្លួន ព្រោះការរស់នៅនឹងគ្មានន័យ ប្រសិនបើមនុស្សម្នាក់ៗ មិនបានស្គាល់អត្ថន័យ របស់ពាក្យទាំងពីរនេះ ចំណែកឯការរស់នៅ ដោយយកតម្លៃជីវិត ឬអត្ថន័យជីវិត របស់អ្នកដទៃមកអនុវត្ត គឺមិនប្រសើរឡើយ។ ទីណាមានមនុស្ស ទីនោះមានជម្លោះ ជាក់ស្តែងអស់លោកអ្នកអាន នឹងបានឃើញ ជម្លោះទ្រឹស្ដីក្នុងទស្សនវិជ្ជារវាង ទស្សនវិទូនឹងទស្សនវិទូ នៅក្នុងទំព័របន្ទាប់នៃសៀវភៅនេះ ព្រោះការយល់ឃើញ របស់មនុស្សម្នាក់ៗ គឺមិនដូចគ្នាទាំងស្រុងនោះឡើយ គ្រាន់តែមានចំណុចរួមខ្លះ ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ អ្នកអានគប្បីមាន គោលការណ៍ក្នុងការរស់នៅរៀងៗ ខ្លួនដើម្បីជាសេចក្តីសុខ និងលំនឹងជីវិត។
ជាទីបញ្ចប់នេះ ខ្ញុំសូមសម្តែងនូវការដឹងនូវឧបការគុណចំពោះទស្សនវិទូ ទាំងអស់ក្នុងពិភពលោក ដែលបានខិតខំស្វែងរកសច្ចធម៌ គុណធម៌ សីលធម៌ អត្ថន័យជីវិត និងមូលដ្ឋានគ្រឹះក្នុងការពិចារណា ដល់មនុស្សទាំងអស់ក្នុងពិភពលោក ឲ្យរស់នៅដោយសន្តិភាព និងសុភមង្គល។
រាជធានីភ្នំពេញ, ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧
ឈុន សំណាង
សៀវភៅផ្សេងទៀតមើលទាំងអស់