Point Center Login Help
Norway

សិស្សពូកែឈ្នះមេដាយមាសថ្នាក់ពិភពលោក ចែករំលែកបទពិសោធន៍ជោគជ័យក្នុងការសិក្សា

By: Chap Narith
Date: 2020-03-05 09:31
Category: Study Experience
1534 0 0

ក្នុងកម្មវិធី «ពានរង្វាន់សិស្សពូកែពិភពលោក-World Scholar's Cup» ដែលមាន៨២ប្រទេសចូលរួម និងទើបតែបានបញ្ចប់ថ្មីៗនេះ ក្នុងនោះ ក៏មានវត្ដមានសិស្សកម្ពុជាជាច្រើនរូប បានចូលរួមប្រឡងប្រកួតប្រជែងយកពានរង្វាន់ផងដែរ។

ហេង សិរីមង្គល អាយុ១៣ឆ្នាំ ជាសិស្សសាលាវេស្ទើនអន្តរជាតិ ថ្នាក់ទី៩ ដែលបានទៅចូលរួម និងបានដណ្ដើមពានរង្វាន់លេខមួយនៅអូស្រ្ដាលី និងមេដាយមាស និងប្រាក់ សរុប៤០ ក្នុងវិធី «ពានរង្វាន់សិស្សពូកែពិភពលោក» បានថ្លែងថា កម្មវិធីប្រកួតប្រជែងមួយនេះ គឺយកភាសាអង់គ្លេស ជាភាសាគោល លើគ្រប់វិញ្ញាសារ ទាំងជជែកដេញដោល និងសរសរជាក្រុមជាដើម ដែលមានចំនួន៦មុខវិជ្ជា វិទ្យាសាស្រ្ត, អក្សរសាស្រ្ត,សិល្បៈ និងភ្លេង, Special Area, ប្រវត្តិសាស្រ្ត, សិក្សាសង្គម។

សិស្សឆ្នើមរូបនេះ បានឱ្យដឹងថា «ការទៅចូលរួមប្រកួតប្រជែងនេះ ដូចជាទៅស្វែងយល់ពីបទពិសោធន៍ការសិក្សាថ្មីនៅជុំវិញពិភពលោក និងអាចបង្ហាញពីសមត្ថភាពរបស់សិស្សកម្ពុជាយើង នៅលើឆាកអន្ដរជាតិផងដែរ»។

ទន្ទឹមនឹងនោះ ហេង សិរីមង្គល បានចែករំលែកបទពិសោធន៍ក្នុងការសិក្សាថា «ដើម្បីទទួលបានលទ្ធផលល្អ និងភាពជោគជ័យក្នុងការសិក្សា ត្រូវខិតខំរៀនសូត្រ ត្រូវចេះចាប់ឱកាសសិក្សា កុំដើរលេងច្រើនគ្មានប្រយោជន៍ ស្រាវជ្រាវឱ្យបានច្រើន អានសៀវភៅ និងឯកសារដែលចាំបាច់...»។

ជាមួយគ្នានោះ យុវសិស្សវេស្ទើនអន្ដរជាតិពីររូបទៀត យុវតី តុល ដូនីហ្សា និង ពេជ្រ សុវីរៈ ដែលទទួលពាន និងមេដាយអំឡុងទៅចូលរួមកម្មវិធីប្រឡង ពានរង្វាន់សិស្សពូកែពិភពលោកផងដែនោះ ក៏បានចែករំលែកបទពិសោធន៍សិក្សាស្រដៀងគ្នាថា «ការសិក្សារៀនសូត្ររាល់ថ្ងៃ ចាំបាច់បំផុត ត្រូវចេះបែងចែកពេលវេលាសិក្សាឱ្យបានច្បាស់លាស់ ទោះរៀនបានតិចម៉ោង តែបើយកចិត្ដទុកនឹងទទួលបានលទ្ធផលខ្ពស់ផងដែរ ត្រូវយល់ ប្រសើរការទន្ទឹមឱ្យចាំ»។

ទន្ទឹមនឹងភាពជោគជ័យរបស់យុវសិស្សជាច្រើនរូបរបស់ខ្លួន លោកគ្រូ លោក អ៊ឺម សារ៉ាវុធ នាយករង ទទួលបន្ទុកការងារបច្ចេកទេសសិក្សា នៃសាលាវេស្ទើនអន្ដរជាតិ បានថ្លែងថា នៅឆ្នាំនេះ សិស្សសាលាវេស្ទើនអន្តរជាតិ មានសិស្សចូលរួមប្រលងចំនួន ២៩៤នាក់ ពីថ្នាក់ទី៥ ដល់ទី១២ ក្នុងចំណោមសិស្សកម្ពុជាចំនួន១,១០០នាក់។ សិស្សចំនួន៥៥នាក់ គឺទទួលបានពិន្ទុខ្ពស់ដាច់ ប្រភេទវិញ្ញាសារ១៥ប្រភេទ។

បន្ទាប់ពីប្រលងតាមតំបន់រួច សិស្សដែលបានទទួលពិន្ទុខ្ពស់ មានសិទ្ធិទៅប្រលងទូទាំងពិភពលោក (Global Round) ដែលប្រព្រឹត្តទៅនៅទីក្រុង Sydney ប្រទេសអូស្រ្តាលី និង ទីក្រុង Manila ប្រទេសហ្វីលីពីន។ បន្ទាប់ពីរៀបចំឯកសារ និងសំភាសន៍រួច សិស្សសាលាវេស្ទើនអន្តរជាតិចំនួន៤២នាក់ និងអាណាព្យាបាល២៨នាក់ បានចូលរួមកម្មវិធី World Scholar’s Cup នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលការប្រលងនេះ មានប្រទេសចូលរួមចំនួន២៨ប្រទេស និងសិស្សចំនួន២១០០នាក់។

ជាលទ្ធផលនៃការប្រលងពិភាក្សា វែកញែកអំពីមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា ប្រវត្តិសាស្ត្រ សិក្សាសង្គម និងអក្សរសាស្រ្ត ជាលទ្ធផលសិស្សសាលាវេស្ទើនអន្តរជាតិ ឈ្មោះ ហេង សិរិមង្គល ជាសិស្សថ្នាក់ទី៩ បានទទួលពានរង្វាន់ពិភពលោក និងមេដៃមាសចំនួន១៥ ពីការប្រលងនេះ ហើយក៏មានសិស្សជាច្រើនទៀត ទទួលបានមេដាយមាស មេដាយប្រាក់ និងពានជាច្រើនផងដែរ។

លោកគ្រូ លោក អ៊ឺម សារ៉ាវុធ «យើងមានមោទនភាពណាស់ សម្រាប់ប្រទេសជាតិ សាលា ក៏ដូចជាក្រុមគ្រួសារគាត់ផងដែរ។ ក្រៅពីនេះទទួលបានមេដាយ និងពានទាំងនេះ សិស្សសាលាវេស្ទើនអន្តរជាតិ ក៏បានទទួលសិទ្ធិទៅប្រលងវគ្គផ្តាច់ព្រាត់នៅសហរដ្ឋអាមេរិក ក្នុងសាកលវិទ្យាល័យ Yale។ នៅទីនោះ សិស្សយើងចំនួន៩នាក់ និងអាណាព្យាបាលមួយចំនួនបានចូលរួម»។

លោកគ្រូថា ជាលទ្ធផល «យើងទទួលបានពានតូចចំនួន៤ មេដៃមាសចំនួន១៤ និងមេដាប្រាក់ចំនួន២៥ ផងដែរ។ ក្រៅពីការប្រលងម្តងៗ សិស្សសាលាយើង តែងតែនាំយកទង់ជ័យប្រទេសកម្ពុជា ទៅឈរលើឆាក ក្នុងចំណោមប្រទេសចូលរួមផ្សេងៗទៀត ហើយជាពិសេសពួកគាត់ បានបង្កើតកម្មវិធីការផ្លាស់ប្តូរវប្បធម៌ ជាមួយប្រទេសដទៃទៀតផងដែរ។

ក្នុងឱកាសនោះ អាណាព្យាបាលរបស់សិស្សឆ្នើម ហេង សិរីមង្គល, លោកវេជ្ជបណ្ឌិត ហេង សុទ្ធី ជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានសម្ដែងនូវការសប្បាយចិត្ដ ដែលបានឃើញកូនរបស់ខ្លួន និងយុវសិស្សកម្ពុជា បានទទួលជោគជ័យក្នុងកម្មវិធី «ពានរង្វាន់សិស្សពូកែពិភពលោក»។

លោកបានលើកឡើងថា «វិស័យអប់រំដ៏របស់យើង ដោយមានការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី ក៏ដូចជាក្រសួងអប់រំជាតិ ដែលខិតខំប្រឹងប្រែងកែទម្រង់នូវប្រព័ន្ធអប់រំជាតិ ឱ្យដើរទាន់សម័យកាលនៅលើពិភពលោក ដើម្បីធ្វើឱ្យយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្ស៊ី ពោរពេញទៅដោយធនធានមនុស្សដ៏រឹងមាំ ដើម្បីជួយអភិវឌ្ឍប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើន»។

សូមជម្រាបថា World Scholar's Cup ពានរង្វាន់សិស្សពូកែពិភពលោក ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ មាន៨២ប្រទេសបានចូលរួម ជាកម្មវិធីបណ្ឌិតសភាអន្តរជាតិ (International Academic Program) សំដៅទៅលើសិស្សមធ្យមសិក្សា ដែលចូលរួមពីគ្រប់វប្បធម៌ ជាតិសាសន៍ ទូទាំងពិភពលោក ដើម្បីរួមគ្នាពិភាក្សា ជជែកដេញដោល បង្ហាញគំនិតផ្សេងៗនាពេលបច្ចុប្បន្ននេះ។

ការប្រកួតបានចែកសិស្សជា២ក្រុមតាមអាយុ៖
*ក្រុមសិស្សអាយុក្រោម១៤ឆ្នាំ។
*ក្រុមសិស្សចាប់ពីអាយុ១៤ឆ្នាំឡើងទៅ។

ការប្រឡងមានលក្ខណៈជាបុគ្គល និងជាក្រុម ហើយ World Scholar's Cup នេះមាន៣ ដំណាក់កាល៖
ដំណាក់កាលទី១៖ ពានរង្វាន់សិស្សពូកែពិភពលោក ជុំតំបន់ (World Scholar's Cup Regional Round) បានរៀបរួចហើយនៅរាជធានីភ្នំពេញ កាលពី ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះ នៅរាជធានីភ្នំពេញ ដែលមានសិស្សមកពីសាលានានា ទាំងរដ្ឋ ទាំងឯកជន ចំនួនជាងពីរពាន់នាក់។ អ្នកឈ្នះ នឹងមានសិទ្ធិទៅចូលរួម ពានរង្វាន់សិស្សពូកែពិភពលោក ជុំសកល (World Scholar's Cup Global Round)។

ដំណាក់កាលទី២៖ ពានរង្វាន់សិស្សពូកែពិភពលោក ជុំសកល (World Scholar's Cup Global Round) បាននិងធ្វើការប្រឡងជាបន្តបន្ទាប់តាមកម្មវិធីមានដូចជា៖
* Sydney Global Round: បានធ្វើរួចហើយ កាលពីថ្ងៃទី១៥-២០សីហា ២០១៩
* Manila Mini-Global Round: ថ្ងៃទី ៦-១១ កញ្ញា នៅហ្វីលីពីន,
* Durban Mini-Global Round ថ្ងៃទី ២៣-២៧ កញ្ញា្ ២០១៩ នៅប្រទេសអាហ្វ្រិកខាងត្បូង,
* Beijing Intro Round ថ្ងៃទី ២៦-២៧ តុលា ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។ល។
អ្នកឈ្នះជុំសកលនេះ នឹងមានសិទ្ធិទៅចូលរួមប្រកួត ពានជើងឯក-Champions» នៅញូយ៉ក។

ដំណាក់កាលទី៣៖ ការប្រកួតយកពានជើងឯក (Tournament of Champions) នៅថ្ងៃទី៨-១៣ វិច្ឆិកា ២០១៩ នៅសាកលវិទ្យាល័យ យ៉ែល (Yale University) ក្រុងញូយ៉ក សហរដ្ឋអាមេរិក។

ប្រធានបទនៃការប្រឡងគឺមាន៖
*វិទ្យាសាស្រ្ត (Science)
*អក្សរសាស្រ្ត (Literature)
*សិល្បៈ និងភ្លេង (Art & Music)
*Special Area
*ប្រវត្តិសាស្រ្ត (History)
*សិក្សាសង្គម (Social Studies)៕


Reference:

http://m.freshnewsasia.com/index.php/en/localnews/141828-2019-12-06-12-58-23.html

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login