Larry Page គឺជាមហាសេដ្ឋីលំដាប់ទី ៨ របស់ពិភពលោក ហើយលោកក៏ជា ស្ថាបនិករបស់ក្រុមហ៊ុន Google ផងដែរ ។ ជាងនេះទៅទៀតលោកក៏បានបង្ហើបប្រាប់ពីយុទ្ធសាស្រ្ត និងរបៀបនៃការគ្រប់គ្រង ដឹកនាំក្រុមហ៊ុន បុគ្គលិក ឱ្យដើរទៅយ៉ាងរលូន ហើយស្របគ្នា ។
១. មិនធ្វើអំពើអាក្រក់ ៖ ពួកមហាសេដ្ឋីលើពិភពលោកពួកគេជឿលើការធ្វើអំពើល្អ ការចេះជួយអ្នកដទៃ ពីព្រោះពួកគេដឹងថាការធ្វើអំពើអាក្រក់មិនអាចធ្វើឲ្យជីវិតរបស់យើងល្អប្រសើរនោះទេ ។ ហើយការដែលយើងមិនធ្វើអំពើអាក្រក់គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺយើងត្រូវតែធ្វើអំពើល្អផងដែរ ។
២.សម្លឹងទៅមើលអនាគត ៖ នៅពេលដែលចាប់ផ្ដើមក្រុមហ៊ុន ឬ ធ្វើអ្វីមួយពួកគេតែងតែគិតពីអនាគតជានិច្ច ។ លោកមានប្រសាសន៍ថា សព្វថ្ងៃនេះគឺយើងផ្ដោតទៅលើការច្នៃប្រឌិត ហើយលោកបានបន្ថែមទៀតថា ភាពជោគជ័យរបស់ Google គឺបានមកពីលទ្ធផលនៃការងារដែលមានស្ដង់ដាសីលធម៌ខ្ពស់ ។
៣. បង្កើតចក្ខុវិស័យឱ្យរឹងមាំ ៖ លោកនិយាយថា គោលដៅរបស់យើងគឺរៀបចំព័ត៌មានរបស់ពិភពលោក ។ បេសកកម្មរបស់យើងគឺធ្វើឲ្យព័ត៌មានទាំងនោះ អាចប្រើប្រាស់បាន និងមានប្រយោជន៍ជាសកល ។ Larry Page លើកឡើងថា យើងមិនស្ទាក់ស្ទើរ ដើម្បីធ្វើការប្រកួតប្រជែងសំខាន់ៗ ដើម្បីចាប់បានឱកាសថ្មីៗនោះទេ ហើយទ្វារឆ្ពោះទៅរកឱកាសដ៏អស្ចារ្យគឺនៅតែបើកចំហជានិច្ច ។
៤. ថែរក្សាក្រុមការងារ ៖ បុគ្គលិករបស់ពួកយើង គឺជាអ្វីៗគ្រប់យ៉ាង ហើយពួកគេមានឈ្មោះថា គឺជាអ្នកបង្កើត Google ដូចៗគ្នា ។
៥. ផ្ដោតលើអ្នកប្រើប្រាស់ ៖ បម្រើអតិថិជន គឺជាបេះដូងនៃអ្វីៗដែលយើងធ្វើ ហើយយើងថែរក្សាអតិថិជនជាអាទិភាពទី ១ ។ Page និយាយថាគឺយើងព្យាយាមធ្វើអ្វីគ្រប់យ៉ាងឲ្យអតិថិជនពេញចិត្ត និងមានភាពងាយស្រួលជាងមុន ។
មហាសេដ្ឋីទី ៨ របស់ពិភពលោករូបនេះបានបន្ថែមទៀតថា មនុស្សដែលមានទេពកោសល្យ នឹងត្រូវបានទាក់ទាញឲ្យមកធ្វើការនៅ Google ពីព្រោះយើងបានផ្ដល់អំណាចឲ្យពួកគេ ក្នុងការផ្លាស់ប្ដូរពិភពលោក ៕
Comments: