Point Center Login Help
Norway

មុន​​ចេញ​រកស៊ី​អ្នក​គួរ​រៀន​មើល​កំហុស​ចំនួន ៨ នេះ​របស់​អ្នក​រកស៊ី​ថ្មីថ្មោង​​​​​​ឲ្យ​​ហើយ​សិន​ទៅ!​

By: Charlie
Date: 2021-08-12 23:03
Category: Work Experience
1079 0 0

នៅ​ពេល​អ្នក​​ក្លាយ​ជា​អ្នក​រកស៊ី​ថ្មីថ្មោង ច្បាស់​ណាស់​បទពិសោធន៍​របស់​អ្នក​នៅ​ក្មេងខ្ចី។ នៅ​ក្នុង​កាលៈទេសៈ​នេះ អ្នក​មិន​អាច​មើល​ឃើញ​បញ្ហា​​ប្រឈម​ផ្សេងៗ​បាន​គ្រប់​ជ្រុងជ្រោយ​បាន​ទេ។ អ្វីៗ​អ្នក​ត្រូវ​ផ្តើម​ឡើង​ដោយ​ការ​​ធ្វើ​ជំនួញ​ផង រៀន​យក​បទពិសោធន៍​ផង ខណៈ​ដែល​ច្រក​ទ្វា​ជោគជ័យ​ និង​បរាជ័យ​កំពុង​ដើរ​ទន្ទឹម​គ្នា។

 

ដើម្បី​អាច​កាត់បន្ថយ​​​​ក៏ដូចជា​​ចង់​បង្ការ​ហានិភ័យ​មិន​ឲ្យ​កើត​មាន​ឡើង ការ​​រៀន​ស្វែង​យល់​ពី​បទពិសោធន៍​អ្នក​ធ្លាប់​រកស៊ី​កន្លង​មក ​គឺ​ជា​រឿង​ល្អ​បំផុត​មួយ។ អ្នក​ទាំង​នោះ​​គឺ​ជា​គ្រូ​ដ៏​ល្អ​សម្រាប់​ផ្តល់​មេរៀន​ឲ្យ​អ្នក​ថា តើ​ត្រូវ​ត្រៀម​ខ្លួន​អ្វី​ខ្លះ​ដើម្បី​ចេញ​រកស៊ី​? ធ្វើ​ម៉េច​​ទើប​មិន​ឲ្យ​មាន​កំហុស​កើត​មាន​ឡើង? ដូច​ខាងក្រោម​នេះ​ស្រាប់ អ្នក​អាច​រៀនសូត្រ​បាន​​ពី​​បទពិសោធន៍​​​​របស់​អ្នក​រកស៊ី​ថ្មីថ្មោង​​ដែល​ច្រើន​តែ​បង្កើត​កំហុស​​​របស់​ខ្លួន​ឡើង​នៅ​ពេល​ចាប់​ផ្តើម​ចេញ​រកស៊ី​៖

១.យល់​ច្រឡំ​ថា ការ​ចំណាយ​​ដើមទុន និង​ពេលវេលា​ស្រប​តាម​ផែនការ​ដែល​បាន​គ្រោងទុក

មុន​​នឹង​ចេញ​រកស៊ី​ស្តាប់​ទៅ​ អ្នក​ហាក់ដូច​ជា​មាន​​គម្រោង​ផែនការ​គិតគូរ​ល្អិតល្អន់​​ណាស់​​ថា តើ​ត្រូវការ​ដើមទុន​ប៉ុន្មាន? ប្រើ​ពេល​​ច្រើន​ប៉ុណ្ណា​ដើម្បី​រក​ចំណូល​ត្រឡប់​មក​វិញ? ក៏ប៉ុន្តែ​នៅ​ក្នុង​ទិដ្ឋភាព​ជាក់ស្តែង វា​មិន​ដូច​ផែនការ​ដែល​អ្នក​គ្រោង​ទុក​​ទាំងស្រុង​នោះ​ទេ។ អ្នក​អាច​ត្រូវការ​​ចំណាយ​ច្រើន​ជាង​នោះ​ទ្វេដង ៣​ ដង ឬ​៤​ដង​ក៏​មាន ហើយ​ការ​រក​ចំណូល​ត្រឡប់​មក​វិញ អាច​ប្រើ​ពេល​យូរ​​​ហួស​ពី​អ្វី ដែល​អ្នក​បាន​គិត​ទៀត​ផង។ ប្រការ​ល្អ អ្នក​គួរ​ត្រៀម​ប្រាក់​ទុក​ជាមុន​​ឲ្យ​បាន​ច្រើន​កាន់តែ​ល្អ​ ឬ​ក៏​ធ្វើការ​ឲ្យ​គេ​បណ្តើរ ឆ្លៀត​​រកស៊ី​បណ្តើរ។

 

២.រង់ចាំ​យូរ​ពេក​មិន​ព្រម​​ចាប់​ផ្តើម​បើក​អាជីវកម្ម

ការ​​ចំណាយ​ពេល​​ដើម្បី​រៀបចំ​ផែនការ​អាជីវកម្ម និង​​ស្រាវជ្រាវ​ទីផ្សារ​គឺ​ជា​រឿង​ល្អ​​មុន​​ចាប់​​ផ្តើម​អាជីវកម្ម​របស់​អ្នក។ ក៏ប៉ុន្តែ​មាន​សហគ្រិន​ថ្មីថ្មោង​ជា​ច្រើន​បាន​​បង្កើត​កំហុស​នៅ​ទី​នេះ​ដោយ​បាន​បណ្តែតបណ្តោយ​ពេលវេលា​​ឲ្យ​ទៅ​កន្លង​ផុត ឬ​រង់ចាំ​មាន​អ្វីៗ​គ្រប់យ៉ាង​បាន​ចាប់​ផ្តើម​​ចេញ​រកស៊ី។ សូម​ចាំ​ថា ចង់​បើក​អាជីវកម្ម​មួយ​អ្នក​មិន គួរ​រង់ចាំ​ភាព​ល្អ​ឥតខ្ចោះ​នោះ​ទេ។ អ្នក​ត្រូវ​ចេញ​រកស៊ី​ផង​រៀនសូត្រ​ពី​អតិថិជន​ផង។ អ្នក​មិន​អាច​បង្កើត​អាជីវកម្ម​ល្អ​ឥតខ្ចោះ​តាំង​ពី​ដំបូង​ដៃ​បាន​ទេ ។ ​អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ផ្តល់​​​​គុណតម្លៃ​អាជីវកម្ម​របស់​អ្នក​ដល់​អតិថិជន និង​ឲ្យ​ពួកគេ​បង្រៀន​អ្នក​វិញ​ផង​ដែរ​​ពី​អ្វី​ដែល​ពួកគេ​​ត្រូវការ​បំផុត។

 

៣. មិន​បាន​ស្រាវជ្រាវ​​មើល​គូប្រជែង​របស់​ខ្លួន​ជាមុន

នេះ​ជា​កំហុស​មួយ​ទៀត​របស់​អ្នក​​ចង់​រកស៊ី​ថ្មីថ្មោង។ ពួកគេ​ប្រហែល​ជា​គិត​ថា ផលិតផល​របស់​ខ្លួន​នឹង​មាន​គុណភាព​ល្អ​ជាងគេ និង​អាច​មាន​អតិថិជន​គាំទ្រ​ច្រើន​​​ទាំង​​​ដែល​ខ្លួនឯង​មិន​ទាន់​បាន​ស្គាល់​​ច្បាស់​ពី​​គូប្រជែង​របស់​ខ្លួន​​ផង​នោះ។ នៅ​ពេល​អ្នក​មាន​ផលិតផល ឬ​សេវាកម្ម​ក្នុង​ដៃ អ្នក​​មិនមែន​គិតតែ​​ធ្វើ​យ៉ាងណា​​បញ្ចុះបញ្ចូល​អតិថិជន​ឲ្យ​ទិញ​វា​​តែ​ម្យ៉ាង​ប៉ុណ្ណោះ​នោះ​ទេ។ ជា​ការពិត គូប្រជែង​របស់​អ្នក​សំខាន់​ណាស់។ ចំណុច​ខ្លាំង​របស់​ពួកគេ នឹង​ប្រាប់​អ្នក​ឲ្យ​កែលំអ​ចំណុច​ខ្សោយ​របស់​អ្នក។ បើ​អ្នក​ស្គាល់​គូប្រជែង​បាន​ច្បាស់​ អ្នក​នឹង​​មាន​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​ប្រកួត​​ប្រជែង​ជាមួយ​ពួកគេ។ គូប្រជែង​នេះ​ហើយ​ក៏​ជា​អ្នក​​ដែល​អាច​ជួយ​​កំណត់​ថា អ្នក​កំពុង​ឈរ​នៅ​ទីតាំង​កម្រិត​ណា។ 

 

៤.​ងប់ងុល​ទៅ​នឹង​គំនិត​អាជីវកម្ម​របស់​ខ្លួនឯង​ពេក

មាន​ស្ថាបនិក​ថ្មីៗ​មួយ​ចំនួន​ខ្លះ​ទៀត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ងប់ងុល​​តែ​នឹង​គំនិត​របស់​ខ្លួន​តែប៉ុណ្ណោះ ។ ជារឿយៗ​ពួកគេ​មិន​​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក​ឲ្យ​ឃើញ​ថា​ នរណា​​ខ្លះទៀត​កំពុង​ស្រឡាញ់​អ្វី​ដែល​ខ្លួន​កំពុង​​ចង់​ធ្វើ​នោះ។ វា​មិនមែន​ជា​រឿង​អាក្រក់​ពេក​នោះ​ទេ​ដែល​អ្នក​ដាក់ចិត្ត​ស្រលាញ់​មុខ​ជំនួញ​របស់​អ្នក ​ក៏ប៉ុន្តែ​ការ​មាន​គំនិត​បែប​នេះ​​​ខ្លាំងពេក​តែងតែ​​ធ្វើ​ឲ្យ​អ្នក​ព្រងើយកន្តើយ​នឹង​សញ្ញា​ព្រមាន​​ផ្សេងៗ​ពី​មជ្ឈដ្ឋាន​ជុំវិញ​អ្នក។ សូម​ចាំ​ថា​ ​ប្រសិន​បើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​មិន​បាន​ទទួល​ការ​អូសទាញ​ទេ​នោះ វា​មិន​មែន​ជា​កំហុស​របស់​អតិថិជន​ទេ តែ​វា​​ជា​កំហុស​របស់​អ្នក​។៥.មិន​ចង់​ផ្លាស់ប្ដូរ​គំនិត​អាជីវកម្ម​តាម​ទីផ្សារ

វា​ជា​រឿង​សំខាន់ណាស់​ដើម្បី​រក្សា​គោលបំណង​​អាជីវកម្ម​របស់​អ្នក​ និង​ការ​មើល​ទីផ្សារ​​។ ក៏ប៉ុន្តែ​​ពេល​ខ្លះ​គំនិត​អាជីវកម្ម​របស់​អ្នក​មាន​សម្ពាធ​ ពោល​គឺ​វា​មិន​ត្រូវ​​បាន​អនុវត្ត​ដូច​អ្វី​ដែល​អ្នក​សង្ឃឹម​ចង់​បាន​។ ដោយសារតែ​អ្នក​​ងប់ងុល​ និង​ស្រលាញ់​​​គំនិត​អាជីវកម្ម​របស់​អ្នក​​ខ្លាំងពេក​ អ្នក​មាន​ការ​ខ្លាចរអា​ក្នុង​ការ​​ផ្លាស់ប្ដូរ​គំនិត​អាជីវកម្ម​​​របស់​អ្នក​ឲ្យ​ស្រប​ទៅ​នឹង​​ទីផ្សារ។ សូម​ចាំ​ថា មុន​ដំបូង Youtube បង្កើត​ឡើង​សម្រាប់​តែ​ជា​គេហទំព័រ​ឲ្យ​គូស្នេហ៍​ណាត់ជួប​បាន​ឃើញ​មុខ​​គ្នា​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​មក​ទើប​ដឹង​ថា អ្នក​ប្រើប្រាស់​មិន​ចង់​បាន​បែប​នេះ​​ឡើយ។ ពួកគេ​គ្រាន់តែ​ចង់​ផុស និង​ចែករំលែក​វីដេអូ​តែប៉ុណ្ណោះ។ ជា​លទ្ធផល ការ​ផ្លាស់ប្ដូរ​មួយ​នេះ​ធ្វើ​ឲ្យ Youtube បង្កើត​បាន​ប្រវត្តិសាស្ត្រ​នឹកស្មាន​មិនដល់។

 

៦.មើល​រំលង​បញ្ហា​ផ្លូវច្បាប់

វា​ជា​រឿង​ល្អ​ហើយ​ដែល​អ្នក​អាច​ចាប់​ដៃ​ជាមួយ​មិត្តភក្ដិ បងប្អូន សាច់ញាតិ ឬ​មនុស្ស​មួយ​ចំនួន​ទៀត​ធ្វើ​អាជីវកម្ម​រួមគ្នា។ អ្នក​ប្រហែល​ជា​អាច​គិត​ថា អ្នក​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​រកស៊ី​ជា​មួយ​ពួកគេ។ ក៏ប៉ុន្តែ​បើ​ទោះបី​ជា​មនុស្ស​ទាំង​នោះ​ស្រលាញ់ រាប់អាន ទុកចិត្ត និង​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​អ្នក​កម្រិត​ណា​ក៏ដោយ អ្នក​ក៏​មិន​ត្រូវ​មើល​រំលង​​ចំណុច​មួយ​គឺ​ការ​​គាំពារ​ផ្លូវច្បាប់​ដើម្បី​កំណត់​ពី​ផលប្រយោជន៍​របស់​អ្នក​ និង​អ្នក​ទាំង​នោះ។ កិច្ចព្រមព្រៀង​​​បង្កើត​ក្រុមហ៊ុន​ កិច្ចសន្យា​ការងារ កិច្ចសន្យា​​ស្តី​ពី​គោលការណ៍​​សម្ងាត់​​របស់​ក្រុមហ៊ុន ជាដើម ត្រូវតែ​ធ្វើ​ឲ្យ​ហើយ​តាំង​ពី​ដំបូង​ដៃ​មក​ម្ល៉េះ។ បើ​មិន​ដូច្នេះ​ទេ ជម្លោះ​ដោយសារតែ​ទំនាស់​ផលប្រយោជន៍​នឹង​កើត​មាន​ឡើង។

 

៧.ចង់​​ប្រមូល​ដើមទុន​ក្នុង​ចំនួន​មួយ​ដ៏​ច្រើន​បំផុត​​

សហគ្រិន​ថ្មីថ្មោង​​ជា​ច្រើន​បាន​បង្កើត​កំហុស​នៅ​ទី​នេះ។ ពួកគេ​យល់​ថា ខ្លួន​​ចាំបាច់​ត្រូវ​ប្រមូល​ដើមទុន​ឲ្យ​បាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​បាន។ ក៏ប៉ុន្តែ​បញ្ហា​ជាក់ស្តែង​វា​មិន​អញ្ចឹង​ទេ។ អាជីវកម្ម​របស់​អ្នក​នៅ​តូច​នៅ​ឡើយ ហេតុដូច្នេះ​វា​ជា​រឿង​ល្អ​ហើយ​ដែល​អ្នក​អាច​រក​ចំណូល​បាន​ក្នុង​ចំនួន​តូច​ណាមួយ​ពី​ដើមដៃ​ស្រប​តាម​ទំហំ​អាជីវកម្ម​របស់​អ្នក។ ជា​ទូទៅ អ្នក​វិនិយោគ​ចាប់​អារម្មណ៍​ចង់​ដាក់​ទុន​រកស៊ី​ជាមួយ​អ្នក​ដោយ​សម្អាង​ថា តើ​អាជីវកម្ម​របស់​អ្នក​ល្អ​កម្រិត​ណា? មាន​អតិថិជន​ចាប់​អារម្មណ៍​ច្រើន​អត់? មាន​សក្ដានុពល​នៅ​លើ​ទីផ្សារ​នៅ​ពេល​អនាគត​អត់? បើ​អាជីវកម្ម​របស់​អ្នក​មាន​សក្ដានុពល​មែន​នោះ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​រឿង​ប្រមូល​ដើមទុន​នោះ​ឡើយ។ ពួកគេ​នឹង​រកស៊ី​ជាមួយ​អ្នក​ជាមិនខាន។

 

៨.​​ឆាប់​​​ចំណាយ​ច្រើន​ពេក

អ្នក​ចង់​បាន​កន្លែង​ធ្វើ​ការ​ដ៏​ស្រស់​ស្អាត ឬ ផ្តល់​អាហារ​ថ្លៃៗ​សម្រាប់​​ថ្ងៃ​ត្រង់​ឬ? បំភ្លេច​រឿង​នេះ​ចោល​ទៅ! អ្នក​នឹង​​ត្រូវ​ខ្សោះ​ខ្លួន​នៅ​មុន​ពេល​អ្នក​អាច​ចាប់​ផ្តើម​​ដាក់​លក់​ដូច​ជា​ការ​ត្រូវ​ជួល​បុគ្គលិក​ជាដើម។ អ្នក​​ចង់​បាន​បុគ្គលិក​ល្អ​ៗ​មក​ធ្វើ​ការ​ពេញ​ម៉ោង។ ក៏ប៉ុន្តែ​​វា​នឹង​មាន​បញ្ហា​ប្រសិន​បើ​អ្នក​មិន​ទាន់​​មាន​លុយ​គ្រប់គ្រាន់​ដើម្បី បើកប្រាក់ខែ​ឲ្យ​ពួកគេ។ សូម​រង់ចាំ​ឲ្យ​មុខ​ជំនួញ​របស់​អ្នក​ដើរ​បាន​ស្រួលបួល​សិន​ទៅ រហូត​ដល់​ចំណុច​មួយ​ដែល​អ្នក​យល់​ថា អ្នក​មាន​លទ្ធភាព​អាច​ជួល​បុគ្គលិក​បាន ចាំ​ចំណាយ​តាម​ក្រោយ៕

 

 

Comments:

Avatar

Charlie

Questions: 25

Answers: 78

Blog: 61

Scholarship Post: 61


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login