ពិធីបុណ្យទាំងបីខាងលើនេះ គឺជាបុណ្យប្រពៃណីដ៏ធំមួយដែលប្រជារាស្ត្រខ្មែរតែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី ១៤កើត ១៥កើត និងថ្ងៃ១រោជ ខែកក្តិក។
ពិធីបុណ្យអុំទូកមានអត្ថន័យដូចតទៅៈ
- នឹកគុណដល់មហាសមយុទ្ធ យោធាតាមជើងទឹកនៅពេលដែលព្រះបាទជ័យវរ្ម័នទី៧លើទព័តាមទន្លេទៅប្រយុទ្ធជាមួយចាម ហើយបានទទួលជ័យជំនះ (ឆ្នាំ ១១៧៧- ១១៨១)
- នឹកគុណដល់ព្រះគង្គា ដែលបានស្រោចស្រពដំណាំ និងនាំដីល្បាប់ដ៏មានជីជាតិសម្រាប់ដំណាំដាំដុះរបស់ប្រជាកសិករ។
ពិធីអកអំបុក និងសំពះព្រះខែមានអត្ថន័យដូចតទៅ
- សក្ការៈបូជាចំពោះទន្សាយពោធិសត្វ ដែលរូបព្រះឆាយាលក្ខណ៏របស់ព្រះអង្គដិតជាប់នឹងលោកខែ ដើម្បីបំភ្លឺលោកតរៀងមក
- ដើម្បីឧទ្ទិសដល់ព្រះពោធិសត្ថនូវផល្លានុផលដែលជាចំណីរបស់ព្រះអង្គ កំពុងតែបញ្ចេញនូវភោគផលយ៉ាងប្រសើរក្នុងវេលាយប់ ពេញបរមី ខែកក្តិក ដែលព្រះខែបង្ហាញរាងច្បាស់ដើម្បីថ្វាយចំណីទាំងនោះ រួមមានអំបុក ចេក ត្រាវ ដំលូង ល្ហុង។
- និមិត្តរូបនៃអំណរសាទរ ចំពោះភោគផលដំណាំ ដូចជាស្រូវ ជាដើម ដែលប្រជាជនខិតខំបង្កបង្កើនផលកន្លងមក។
ពិធិបណ្តែតប្រទីប
- ជាពិធីទាក់ទងទៅនឹងសាសនា ជាបុណ្យប្រពៃណីរបស់ខ្មែរ បញ្ជាក់នូវទឹកចិត្តសញ្ចេតនាស្នេហា និងគោរពឧទ្ធិសដល់ព្រះសម្មាសម្ពុទ្ធដែលប្រតិស្ធនៅស្ថានទាំង៤ គឺឋានត្រៃត្រឹង្ស ពិភពនាគ ស្រុកគន្ធារៈ និងទន្តបុរកល្លឹងរដ្ឋ។
- ដឹងគុណដល់ព្រះគង្គានិងព្រះធរណីដែលបានផ្តល់នូវជីវភាពរស់នៅរបស់ប្រជាជាតិកម្ពុជាយ៉ាងរុងរឿងប្រកបដោយសុខមាលភាព។
- ដើម្បីសំដែងមនោសញ្ចេនាដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាបដែលបានផ្តល់ជីជាតិយ៉ាងសំខាន់សំរាប់បំរើវិស័យកសិកម្ម។