មុនការហូរចូលមកដល់របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនខ្មែរមានវប្បធម៌របស់ខ្លួនដែលគេហៅអរិយធម៌រួមគឺអរិយធម៌អូស្រ្តូអាស៊ីយ៉ាទិកដោយរាប់ចាប់ពីឥណ្ឌាខាងត្បូង ស្រីលង្កា ភូមា មនខ្មែរ ចាម្ប៉ា ស្រីធម្មរាត ស៊ូម៉ាត្រា ស្រីវិជ័យ និងចិនភាគខាងត្បូង។ អរិយធម៌រួមនេះមានដូចជា៖
- ជឿលើជីវចលនិយម៖ មានជឿទៅលើវត្ថុទីកន្លែងខ្ពស់ៗ ធម្មជាតិ វិញ្ញាណ ព្រលឹងការដេកយល់សប្តិ។
- កប់សព៖ មានដាក់ដង្វាយផ្សេងៗនៅក្នុងក្អមពូចមានវត្ថុប្រើប្រាស់ គ្រឿងអលង្កា នៅក្នុងក្ដារម្ឈូស គ្រឿងសព្វាវុធជាដើម។
- គោរពព្រលឹងដូនតា៖ កាត់សក់បង្កក់ឆ្មប កោរជក់ ចូលម្លប់ រៀបការ ចម្រើនអាយុ ឆ្លងវ័យជាដើម។
- គោរពអ្នកតា៖ ជឿលើអ្នកតាយ៉ាងខ្លាំងដោយធ្វើពិធីឡើងអ្នកដើម្បីសុំសេចក្ដីសុខ និងសុំទឹកភ្លៀង និងព្យាបាលរោគបែរបន់ពីបញ្ហាផ្សេងៗជាដើម។
- គោរពគុហារ ឬ រូងភ្នំ៖ ជាកន្លែងពិសិដ្ឋដែលអាចញុំាងឲ្យគេសម្រេចបានអ្វីៗគ្រប់យ៉ាង។
- ជីវភាព៖ មនុស្សចេះធ្វើស្រែវស្សា នេសាទ ជក់ថ្នាំ និងដាំថ្នាំសម្រាប់ជក់។
- ចេះបរបាញ់សត្វ ផ្សាំងសត្វ និងចេះប្រើប្រាស់របស់របរធ្វើពីលោហៈមាន កាក់ បន្ដោង កងដៃ ទំហូរ ចេះដាំបាយហូបជាដើម។
- ចេះលម្អកាយ៖ មានប្រើគ្រឿងអលង្ការ តម្បាញ សម្ពត់ស្លៀក ប្រើឧបករណ៍ភ្លេង ចេះប្រើទូកនាវាចរក្នុងសមុទ្រយ៉ាងស្ទាត់ជំនាញ។
ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះរបស់វប្បធម៌ខ្មែរ និងអ្នកអាស៊ីអាគ្នេយ៍មុនការមកដល់នៃអរិយធម៌ឥណ្ឌា និងចិន។