Point Center Login Help
Norway

«វិធីយកឈ្នះគូប្រជែង»

By: Thanakbuth Nut
Date: 2023-09-19 13:07
Category: Life
649 0 0

មានយុវជនម្នាក់បានសួរទៅកាន់គ្រូរបស់ខ្លួនថា “លោកគ្រូ តើមានវិធីសាស្រ្ដណាដែលអាចយកឈ្នះគូប្រជែងរបស់យើងបាន?”
លោកគ្រូក៏បានញញឹមបន្ដិច រួចក៏រើសយកមែកឈើមួយដើម គូសលើដីនូវបន្ទាត់ត្រង់វែងមួយ។ លោកគ្រូមានប្រសាសន៍ថា “ចូរកូនធ្វើយ៉ាងណា ដើម្បីឲ្យបន្ទាត់ត្រង់នេះ ខ្លីទៅដោយមិនចាំបាច់លុបវា។ ពេលណាកូនរកឃើញចំលើយ ចាំមកជួបគ្រូម្ដងទៀត”

យុវជននោះក៏ត្រលប់មកផ្ទះវិញ ដើម្បីត្រឹះរិះពិចារណា ថាតើធ្វើយ៉ាងណាទើបអាចឲ្យបន្ទាត់ត្រង់នោះខ្លីទៅ ដោយមិនចាំបាច់លុបវា។ គាត់ខំគិតយ៉ាងណា ក៏នៅតែមិនអាចស្រាយនូវចំណោទមួយនេះបាន។ ច្បាស់ណាស់ នេះគឺជាចំណោទដែលគ្មានចំលើយ។ អស់រយៈពេល៣ថ្ងៃ បុរសនោះនៅតែមិនអាចរកឃើញចំលើយ គាត់ក៏ដាច់ចិត្ដទៅផ្ទះលោកគ្រូម្ដងទៀត។

យុវជននោះនិយាយថា “ជម្រាបលោកគ្រូ ខ្ញុំបាទពិតជាមិនអាចរកឃើញនូវវិធីណាដែលអាចធ្វើឲ្យបន្ទាត់ត្រង់នោះ ឲ្យខ្លីបានឡើយ។”

លោកគ្រូក៏ញញឹម រួចក៏រើសមែកឈើ គូសបន្ទាត់ត្រង់មួយទៀតដែលស្របនឹងបន្ទាត់ត្រង់ចាស់ ប៉ុន្ដែឲ្យវែងជាបន្ទាត់មុន។ លោកគ្រូបន្ដមានប្រសាសន៍ថា “ចូរកូនមើល បន្ទាត់ត្រង់ពីមុន ត្រលប់ទៅជាខ្លីវិញហើយឬនៅ បើប្រៀបធៀបនឹងបន្ទាត់ត្រង់ថ្មីនេះ?”

លោកគ្រូបានពន្យល់ថា “គូប្រជែងរបស់កូន គឺជាបន្ទាត់ត្រង់ដំបូង កូនមិនមានវិធីណាដែលអាចធ្វើឲ្យពូកគេកាន់តែអន់ថយបានទេ។ វិធីតែមួយគត់ គឺកូនត្រូវធ្វើយ៉ាងណាឲ្យខ្លួនកូនកាន់តែល្អប្រសើរជាងគេ”

កុំខ្វល់ពីគូប្រជែងរបស់យើង “ខ្លី ឬ វែង”, “ចូរធ្វើជាបន្ទាត់ត្រង់ដែលវែងបំផុត ពេលនោះនឹងគ្មានគូប្រជែងណាអាចយកឈ្នះកូនបានទេ”

ក្នុងជីវិតក៏ដូចគ្នា ពេលខ្លះយើងតែងតែក្រឡេកមើលលើភាពជោគជ័យរបស់អ្នកផ្សេង ហើយនិន្ទា ច្រណែន ឈ្នានីស។ ពួកយើងមិនអាចរង់ចាំដល់គូប្រជែងរបស់យើងប្រែទៅជាទន់ខ្សោយជាងយើងបានទេ ប៉ុន្ដែយើងត្រូវប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីប្រែក្លាយខ្លួនឯងឲ្យពូកែជាងមុន និងអស្ចារ្យជាងគូប្រជែងរបស់យើង។

ដូចនេះហើយ ជំនួសឲ្យការរំពឹងទុកថាគេនឹងបរាជ័យ ដួលរលំ ខ្លួនកូនផ្ទាល់ត្រូវងើបឈរ បន្ដអភិវឌ្ឈន៍ខ្លួនឲ្យប្រសើរជាងមុន ពុះពារឧបសគ្គ និងក្លាហានក្នុងការត្រៀមខ្លួនដុះខាត់សមត្ថភាពឲ្យកាន់តែរីកចំរើនជាងអ្នកដទៃ៕

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login