ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិទ្ធិទាំង ៤៦ ប្រភេទគឺ :
១-សិទ្ធិដើម្បីរស់រានមានជីវិត គឺមិនសម្លាប់ និងការពារជីវិតឱ្យគង់វង្ស
២-សិទ្ធិដើម្បីមានសេរីភាព បំបិទសេរីភាព គឺរំលោភសិទ្ធិ
៣-សិទ្ធិរួចផុងពីការធ្វើទារុណកម្ម ទារុណកម្មគ្រប់ប្រភេទត្រូវហាមជាដាច់ខាត
៤-សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ គឺច្បាប់ត្រូវការពារ និងផ្ដន្ទាទោសមនុស្សស្មើៗគ្នា
៥-សិទ្ធិរួចផុតពីការរើសអើង គឺមិនត្រូវប្រកាន់បក្សពួក វណ្ណៈ ឋានៈ ។ល។
៦-សិទ្ធិឱ្យមានច្បាប់ការពារ គឺត្រូវមានច្បាប់ឱ្យគ្រប់គ្រាន់សម្រាប់ការពារមនុស្សលើគ្រប់វិស័យ
៧-សិទ្ធិដើម្បីមានសញ្ជាតិមួយ គឺឱ្យតែមនុស្សត្រូវតែមានសញ្ជាតិ
៨-សិទ្ធិមានឈ្មោះមួយ
៩-សិទ្ធិប្រព្រឹត្តតាមដំណើរការច្បាប់ គឺត្រូវប្រតិបត្តិតាមលំនាំច្បាប់
១០-សិទ្ធិប្រើប្រាស់ប្រព័ន្ធតុលាការ គឺចេញចូលតុលាការបានតាមត្រូវការ
១១-សិទ្ធិទទួលការជំនុំជំរះក្ដី ដោយអាជ្ញាធរមានសមត្ថកិច្ច មិនលំអៀង និងឯករាជ្យ គឺមានតែតុលាការទេ ដែលមានសមត្ថកិច្ចកាត់សេចក្ដី ហើយអង្គចៅក្រមត្រូវតែអព្យាក្រិត ឥតលំអៀង និងឯករាជ្យ
១២-សិទ្ធិមានការជំនុំជំរះក្ដីជាសាធារណៈ គឺតុលាការជំរះក្ដីដោយមានសាធារណៈជនចូលស្ដាប់ផង
១៣-សិទ្ធិទទួលព័ត៌មានស្ដីពីការចោទប្រកាន់ គឺបើក្រសួងធ្វើការចោទប្រកាន់ជនណាម្នាក់ គឺត្រូវតែប្រាប់មូលហេតុនៃការចោទប្រកាន់នោះ
១៤-សិទ្ធិសន្មតជាមុនថាជាមនុស្សគ្មានកំហុស គឺបើតុលាការមិនទានរកភស្តុតាងថាជនបានប្រព្រឹត្តកំហុស ត្រូវចាត់ទុកជននោះថាជាជនគ្មានកំហុស
១៥-សិទ្ធិមិនឱ្យគេបង្ខំឱ្យបង្ហាញភស្ដុតាងដែលជាប់ជំពាក់ក្នុងបទឧក្រិដ្ឋដោយខ្លួនឯង គឺមិនត្រូវបង្ខំឱ្យជនដែលជាប់សង្ស័យ បង្ហាញភស្ដុតាងទម្លាក់កំហុសដោយខ្លួនឯងឡើយ
១៦-សិទ្ធិអាចទារយកព័ត៌មានដែលជាប់ទាក់ទងនឹងខ្លួន
១៧-សិទ្ធិមានការឧបត្ថម្ភសេវាច្បាប់ដោយឥតគិតឈ្នួល គឺបើជនជាប់ចោទមិនមានប្រាក់ជួលអ្នកការពារក្ដីទេ ក្រសួង ឬស្ថាប័នឯទៀតដែលទាក់ទិនត្រូវផ្ដល់ឱ្យ
១៨-សិទ្ធិជ្រើសរើសសេវាច្បាប់ការពារខ្លួន គឺជនជាប់ចោទអាចទទួលយកស្មាក្ដីដែលរដ្ឋផ្ដល់ឱ្យ ឬបើមានប្រាក់គេអាចជួលស្មាក្ដីដោយខ្លួនឯង
១៩-សិទ្ធិមានពេលវេលា និងមានលទ្ធភាពរៀបចំកិច្ចការពារខ្លួនតាមផ្លូវច្បាប់ គឺមុននឹងនាំជនជាប់ចោទទៅជំរះក្ដីត្រូវទុកពេលឱ្យជននោះរកស្មាក្ដីដើម្បីសិក្សាសំណុំរឿង និងរៀបចំការពារក្ដីឱ្យគេ
២០-សិទ្ធិការពារ និងសិទ្ធិឆ្លើយដោះសារដោយផ្ទាល់ គឺជាដាច់ខាតត្រូវផ្ដល់លទ្ធភាពឱ្យជនជាប់ចោទឆ្លើយឆ្លងឱ្យបានគ្រប់គ្រាន់ដើម្បីការពារខ្លួន
២១-សិទ្ធិមានការទាក់ទងជាមួយស្មាក្ដី គឺត្រូវអនុញ្ញាតឱ្យជនដែលនៅក្នុងមន្ទីរឃុំឃាំង ឬក្នុងគុក មានការទាក់ទងជាមួយអ្នកការពារក្ដីតាមត្រូវការ
២២-សិទ្ធិមានជំនួយពីអ្នកបកប្រែភាសាដោយឥតឈ្នួល គឺបើកាត់ទោសលើជនបរទេស ក្រសួង ឬស្ថាប័នពាក់ព័ន្ធត្រូវផ្ដល់អ្នកបកប្រែភាសា
២៣-សិទ្ធិមានលទ្ធភាពតក្ដីស្មើគ្នា ចំពោះអំណាចច្បាប់
២៤-សិទ្ធិមានការពិនិត្យពិច្ច័យលើសាក្សី គឺអ្នកការពារក្ដីអាចសួរដេញដោលសាក្សីដើមចោទ
២៥-សិទ្ធិឱ្យតុលាការប្រតិបត្តិតាមនីតិវិធី គឺការកាត់ទោសមិនសមស្របតាមនីតិវិធី នឹងចាត់ទុកជាឥតបានការ
២៦-សិទ្ធិទទួលបានការដោះស្រាយដោយប្រសិទ្ធភាព គឺនៅក្នុងដំណើរការកាត់ក្ដី តុលាការត្រូវដោះស្រាយបញ្ហានានាដោយវិធីឆាប់រហ័ស និងវាងវៃ
២៧-សិទ្ធិមិនត្រូវមានទោសបញ្ញត្តិដែលមានប្រតិកម្មធាក់ថយ
២៨-សិទ្ធិសុំប្ដឹងឧទ្ធរណ៍ គឺបើភាគីណាមិនពេញចិត្តចំពោះសេចក្ដីសម្រេចនៃតុលាការថ្នាក់ក្រោម គេអាចប្ដឹងទៅតុលាការថ្នាក់លើទៀត
២៩-សិទ្ធិមានការគ្រប់គ្រងដោយមនុស្សធម៌ គឺមិនត្រូវផ្ដន្ទាទោស ឬប្រព្រឹត្តអំពើឃោរឃៅ អមនុស្សធម៌លើជនណាឡើយ
៣០-សិទ្ធិមានការគ្រប់គ្រងសមរម្យជាអ្នកទោស គឺត្រូវទុកដាក់អ្នកទោសឱ្យសមស្របតាមបទដ្ឋាននៃការគ្របគ្រងអ្នកទោស
៣១-សិទ្ធិការពារពីការរំលោភរបស់អាជ្ញាធរ គឺត្រូវមានច្បាប់សម្រាប់ទប់ស្កាត់ និងផ្ដន្ទាទោសមន្ត្រីរាជការ ដែលប្រព្រឹត្តរំលោភលើរាស្រ្តស្លូតត្រង់
៣២-សិទ្ធិទទួលយក សែ្វងរក និងចែកចាយព័ត៌មាន គឺមិនត្រូវហាមឃាត់មិនឱ្យយកព័ត៌មាន និងចែកចាយព័ត៌មានឡើយ
៣៣-សិទ្ធិមានមនសិការ និងបញ្ចេញមតិដោយសេរី រួមទាំងជំនឿសាសនា និងជំនឿនយោបាយ
៣៤-សិទ្ធិមានសន្តិសុខក្នុងលំនៅឋានរបស់ខ្លួន គឺមិនត្រូវយាយីលំនៅឋានគេឡើយ
៣៥-សិទ្ធិមាននិរភ័យក្នុងទំនាក់ទំនងផ្ទាល់ខ្លួន គឺមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការរបស់អ្នកដទៃ ជាអាទិ៍ការទាក់ទងផ្ទាល់ខ្លួន
៣៦-សិទ្ធិមានកិច្ចការពារកិត្តិយស និងកិត្តិសព្ទ គឺត្រូវមានច្បាប់ការពារកុំឱ្យមានការប៉ះពាល់កិត្តិសព្ទ និងកិត្តិយស
៣៧-សិទ្ធិធ្វើដំណើរដោយសេរី ប៉ុន្តែបើចូលទៅប្រទេសដទៃ ត្រូវមានការអនុញ្ញាតពីប្រទេសនោះ
៣៨-សិទ្ធិតាំងលំនៅឋានដោយសេរី ប៉ុន្តែត្រូវឱ្យសមស្របតាមច្បាប់សំណង់
៣៩-សិទ្ធិមានសំណងជំងឺចិត្តក្នុងករណីមានការខុសធ្លោយខាងយុត្តិធម៌ បើកាត់ទោសជនណាម្នាក់ខុស ត្រូវតែសងជំងឺចិត្តជននោះ
៤០-សិទ្ធិរួចផុតពីការធ្វើពិសោធន៍ខាងពេទ្យ ឬខាងវិទ្យាសាស្ត្រដោយគ្មានការព្រមព្រៀង បើគ្មានការព្រមព្រៀងដោយសេរីពីសាមីខ្លួនទេ គឺមិនអាចធ្វើការពិសោធន៍លើជននោះឡើយ
៤១-សិទ្ធិរៀបអាពាហ៍ពិពាហ៍ រួមមានសិទ្ធិបដិសេធមិនព្រមរៀបអាពាហ៍ពិពាហ៍ដោយគ្មានការសុខចិត្តដោយសេរី និងពេញលេញ
៤២-សិទ្ធិមិនឱ្យគេដកហូតទ្រព្យសម្បត្តិតាមអំពើចិត្ត គឺដោយគ្មានបញ្ជាពីតុលាការ
៤៣-សិទ្ធិរួចផុតពីការជាប់ពន្ធនាគារដោយសារការជាប់ជំពាក់បំណុលគេ គឺមិនត្រូវយកមនុស្សទៅដាក់គុកដោយសាររឿងជំពាក់បំណុលឡើយ
៤៤-សិទ្ធិមិនត្រូវឱ្យគេនិរទេសដោយគ្មានបញ្ជាពីតុលាការ គឺមានតែស្ថាប័នតុលាការទេ ដែលមានងំណាចសម្រេចនិរទេសមនុស្ស
៤៥-សិទ្ធិចាកចេញពីប្រទេស និងសិទ្ធិត្រឡប់ចូលមកក្នុងប្រទេសវិញ
៤៦-សិទ្ធិមិនចូលបំរើកងទ័ព ដោយសំអាងទៅលើលទ្ធិ ឬជំនឿសាសនាអ្វីមួយ