Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រភព: rfi.fr

មានមនុស្សមិនតិចនាក់ទេដែលគិតថា សហគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN បានយកគំរូតាមសហភាពអឺរ៉ុប។ តើបើយើងពិនិត្យឲ្យបានស៊ីជំរៅ សមាគមប្រជាជាតិទាំងពីរនេះ បានវិវឌ្ឍន៍ខ្លួនដើរលើវិថីពីរខុសគ្នា ខ្លាំងណាស់។ ភាពខុសគ្នាមួយដ៏ធំទៀតនោះ គឺកម្មវត្ថុនៃការធ្វើសមាហរណកម្ម ព្រមទាំងកម្រិតរបស់វាតែម្តង។

 

 

•ដូចគ្នា តែខុសគ្នា៖

សហភាពអឺរ៉ុប ត្រូវបានផ្តួចផ្តើមឡើងក្រោយចប់សង្រ្គាមលោកទីពីរ ក្នុងគោលបំណងសំខាន់ គឺដើម្បីកសាងសន្តិភាព ចាប់ដៃគ្នារវាងអាល្លឺម៉ង់ និងបារាំង ដែលធ្លាប់ជាសត្រូវនឹងគ្នា រាប់ទសវត្ស មកជាមិត្តនឹងគ្នា។ ការចាប់ដៃសន្តិភាពជានាគ្នា បាននាំប្រទេសផ្សេងទៀតក្នុងអឺរ៉ុបខាងលិច ឲ្យចូលរួមជាបន្តបន្ទាប់ រហូតក្លាយជាទីផ្សារសេដ្ឋកិច្ចតែមួយ ដែលមានស្ថាប័នកណ្តាលគ្រប់គ្រងដាច់ដោយឡែក។ សហភាពអឺរ៉ុប បានបង្កើតជាក្របខណ្ឌគតិយុត្តិ រឺហៅថាច្បាប់សហគម ដែលប្រទេសសមាជិកត្រូវគោរពតាម។ ព្រំដែនរវាងប្រទេសជាសមាជិកត្រូវលប់ចោល រីឯប្រជាជនអាចធ្វើចរាចរណ៍ទៅរស់នៅ រឺធ្វើការនៅទីណាក៏បាន។

 

ដោយឡែកសមាគមASEAN ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៦៧ ក្នុងទិសដៅសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់តែមួយប៉ុណ្ណោះ។ ពីមួយដំណាក់ទៅមួយដំណាក់ សមាគមនេះ បានពង្រីកបញ្ចូលប្រទេសសមាជិកថ្មីៗរបស់ខ្លួន ដោយសន្សឹមៗ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់សមាជិកអាស៊ាន មានទិសដៅចំបងបង្អស់ គឺដើម្បីចាប់ដៃគ្នាក្នុងចំណោមប្រទេសតូចៗក្នុងតំបន់ ដើម្បីទប់ទល់រកស៊ីរឺក៏ចរចាសេដ្ឋកិច្ចជាមួយមហាយក្សសេដ្ឋកិច្ចនានា មានដូចជាចិន ជប៉ុន សហរដ្ឋអាមេរិក រឺក៏ប្រទេសអឺរ៉ុបផ្សេងទៀត។ សមាគមអាស៊ាន ពុំមានអង្គការចាត់តាំងកណ្តាល ដើម្បីសម្រេចកិច្ចការនានា រឺបង្កើតវិធានច្បាប់ ដូចសហភាពអឺរ៉ុបទេ។ ការរិតចំណងសេដ្ឋកិច្ចរវាងប្រទេសសមាជិក ដើម្បីសម្រួលដល់ចរាចរណ៍ភាគហ៊ុន ការវិនិយោគ ព្រមទាំងការនាំចេញនាំចូលទំនិញគ្រប់ប្រភេទ គឺជាកម្មវត្ថុចំបងរបស់សមាគមអាស៊ាន។

 

ខណៈដែលប្រទេសសមាជិកអាស៊ាន មានគំលាតនយោបាយ កម្រិតជីវភាពសង្គមខុសៗគ្នា ប្រទេសសមាជិកសហភាពអឺរ៉ុបឯណោះ ហាក់មានសណ្ឋានប្រហាក់ប្រហែលគ្នាច្រើន លើកលែងតែប្រទេសដែលចូលជាសមាជិកក្រោយៗមក។ សមាហរណកម្មសេដ្ឋកិច្ច ប្រព័ន្ធហិរញ្ញវត្ថុ ចរាចរណ៍ទំនិញ សេវាកម្ម វិធានការគតិយុត្តិក្នុងករណីមានជំលោះ ទាំងអស់នេះ បានដើរទៅមុខយ៉ាងលឿន នៅសហភាពអឺរ៉ុប។ ខុសពីសមាគមអាស៊ាន ដែលបានដើរដោយសន្សឹមៗ យ៉ាងយឺតយ៉ាវ រឺសឹងតែគ្មានសោះ។

 

•អាស៊ានដើរយឺត រឺអាស៊ាន ដើរដោយប្រយ័ត្ន?

អាស៊ានដើរយឺត រឺអាស៊ានដើរដោយប្រយ័ត្ន នេះគឺវាអាស្រ័យទៅតាមការយល់ឃើញ របស់មនុស្សម្នាក់ៗ។ ចុះបើយើងក្រលេកមកមើលវិបត្តិដែលកំពុងតែយាយីសហភាពអឺរ៉ុបនៅពេលនេះ តើគេអាចនិយាយថាសហភាពអឺរ៉ុបកន្លងមក ដើរលឿនជ្រុលពេកដែររឺទេ? វិបត្តិសេដ្ឋកិច្ចនៅក្នុងតំបន់ចាយលុយអឺរ៉ុប បញ្ហាអត់ការងារធ្វើរបស់ប្រទេសសមាជិកជាច្រើន ភាពមិនស្មើគ្នានៃកំណើនសេដ្ឋកិច្ច បានធ្វើឲ្យសមាជិកអឺរ៉ុប ជជែកគ្នា ប្រកែកគ្នា ឈ្លោះគ្នា រកដោះស្រាយមិនចេញ។ វិបត្តិជនភៀសខ្លួន ដែលនាំគ្នាសម្រុកមកសុំសិទ្ធិជ្រកកោណនៅអឺរ៉ុប បានបង្ហាញកាន់តែច្បាស់ អំពីភាពអត្មានិយមរបស់ប្រទេសសមាជិកអឺរ៉ុបមួយចំនួន ដែលឱបដៃមើល មិនព្រមជួយសមាជិកគ្រួសារផ្សេងទៀត។

 

ដោយភ័យបារម្ភពីបញ្ហាជនអន្តោប្រវេសន៍ និងវិធានច្បាប់ដ៏តឹងតែងដែលអឺរ៉ុបដាក់ចេញ ប្រជាជនអង់គ្លេសភាគច្រើន បានសម្រេចកាលពីថ្ងៃទី២៣មិថុនា ឲ្យប្រទេសខ្លួនដើរចេញពីសហភាពអឺរ៉ុប។ ជាការពិត នេះមិនមែនជាជម្រើសដែលប្រទេសសមាជិកផ្សេងទៀត គួរយកគំរូតាមទេ ព្រោះវាជាជម្រើស ដែលមិនខុសពីដកខ្លួន ទៅរស់នៅឯកោម្នាក់ឯង ក្នុងខណៈដែលសេដ្ឋកិច្ចសកលភាវូបនីយកម្ម ត្រូវការការរួមកម្លាំងផ្តុំគ្នា។ តែការសម្រេចចិត្តរបស់ប្រជាជនអង់គ្លេស បានបង្ហាញពីជំងឺរ៉ាំរ៉ៃ របស់មហាគ្រួសារអឺរ៉ុប ដែលតែងតែចង់ធ្វើសមាហរណកម្ម លឿនជ្រុលហួសហេតុ។

 

មិនមែនមានតែនៅអង់គ្លេសទេ ដែលប្រជាជនម្ចាស់ស្រុក ព្រួយបារម្ភពីបញ្ហាអន្តោប្រវេសន៍។ អាម្មណ៍មួរម៉ៅ ស្អប់ខ្ពើមជនភៀសខ្លួន ស្អប់ជាតិសាសន៍ដទៃ ប្រកាន់អ្នកកាន់សាសនាផ្សេង បានកំពុងរីករាលដាលកាន់តែខ្លាំង នៅក្នុងសហគមអឺរ៉ុប។ នេះហើយជាជំងឺអឺរ៉ុប ដែលមេដឹកនាំអឺរ៉ុប ជាច្រើនជំនាន់មកហើយ មិនអាចព្យាបាលបាន។ នរណាមិនស្រម៉ៃចង់ឃើញពិភពលោកស្រស់ថ្លា មនុស្សម្នារួមរស់ជាមួយគ្នាដោយសុខសាន? តែការពិត វាមិនមែនស្រួលបែបនេះទេ។

 

•បទពិសោធន៍របស់សហភាពអឺរ៉ុប ជាមេរៀនរបស់អាស៊ាន៖

មកដល់ចំណុចនេះ អ្នកដែលធ្លាប់គិតថា អាស៊ានបានធ្វើដំណើរដោយសន្សឹមៗ អាចសើចញញឹមសប្បាយចិត្ត។ ជាការពិត អាស៊ាន មិនដែលយកបញ្ហាជនអន្តោប្រវេសន៍ បញ្ហាគោរពសិទ្ធិមនុស្ស មកដាក់ក្នុងខួរក្បាល ដើម្បីប្រជុំគ្នាដោះស្រាយទេ។ អាស៊ានគិតតែមួយគត់ គឺជំនួញរកស៊ី។ អាស៊ាន ធ្លាប់បានមានគម្រោងបង្កើតទីផ្សារសេដ្ឋកិច្ចតែមួយក្នុងតំបន់ ដោយយកគំរូតាមសហភាពអឺរ៉ុប តែនេះគ្រាន់តែជាក្តីស្រម៉ៃ ប៉ុណ្ណោះ។ រវាងសិង្ហបុរី ដែលមានសេដ្ឋកិច្ចខ្លាំង ហើយរំពឹងលើផ្សារហិរញ្ញវត្ថុដ៏ធំរឹងមាំ និងភូមា ដែលទើបតែងើបចេញពីរបបផ្តាច់ការយោធា ហើយដែលត្រូវការកសាងគ្រប់វិស័យនោះ គឺថាបង្កើតទីផ្សារសេដ្ឋកិច្ចរួមតែមួយ គឺពិតជាមិនអាចទៅរួចទេ។

 

ប៉ុន្តែជាមួយនឹងកំហុស បទពិសោធន៍ឆ្លងកាត់របស់សហភាពអឺរ៉ុបនាពេលនេះ អាស៊ានអាចយកវាជាមេរៀន ដើម្បីតំរង់ទិសដៅរបស់ខ្លួន ក្នុងការធ្វើសមាហរណកម្ម។ ត្រង់ណាដែលគេធ្លាប់ធ្វើខុស សូមកុំយកត្រាប់តាម។ តែមិនមែនមានន័យថា គ្រប់ការងារដែលអឺរ៉ុបធ្វើសុទ្ធតែខុសទេ តែមានចំណុចជាច្រើន ដែលធ្វើទៅមិនបានផលល្អ ដែលគេគួរតែពិចារណា ដើម្បីរកវិធីថ្មី។ អឺរ៉ុបបែកបាក់សាមគ្គីគ្នា ដូច្នេះអាស៊ានត្រូវធ្វើយ៉ាងណា ដើម្បីកុំឲ្យកម្លាំងសាមគ្គីរបស់ខ្លួន វាផុយស្រួយ បណ្តោយឲ្យភាពអត្តទត្ថបុគ្គល មករុកគួនបាន។

 

ពាក្យចាស់ពោលថាចង្កិះមួយបាច់ កាច់មិនបាក់។ សមាជិកអាស៊ាន គួរមើលគំរូពីសមាជិកសហភាពអឺរ៉ុប។ អង់គ្លេសដើរចេញពីអឺរ៉ុប គឺដោយសារតែបាំងទៅដោយគំនិតអត្មានិយម ចង់យកសុខតែម្នាក់ឯង មិនរួមចំណែកសាមគ្គី ជាមួយប្រទេសសមាជិកដ៏ទៃ។ សមាជិកអាស៊ាន ក៏គួរតែត្រូវប្រយ័ត្ន ត្រូវចេះជួយឈឺឆ្អាលគ្នា ជួយការពារគ្នា កុំឲ្យប្រយោជន៍ផ្ទាល់ខ្លួន មករារាំងប្រយោជន៍រួម របស់មហាគ្រួសារអាស៊ាន។ យ៉ាងណាមិញ ជម្លោះនៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលប្រទេសអាស៊ាន មួយចំនួនកំពុងប្រឈមមុខជាមួយមហាយក្សចិន គឺជាឱកាសមួយ ដែលអាចឲ្យសមាគមអាស៊ាន សាកល្បងស្វែងយល់ ពីកម្រិតសាមគ្គីភាព របស់សមាជិកខ្លួន ម្នាក់ៗ ជាក់ជាពុំខាន៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login