Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Ma Net
2018-08-27 21:01

១- នៅសម័យដើម មុនជំនាន់១៩៧៥ ពាក្យថា«អ្នកនាង»ជាភាសាសុជីវធម៌ សម្រាប់ហៅនារីក្មេងៗដែលមិនទាន់រៀបការ ឬចំពោះនារីដែលយើងមិនដឹងថា រៀបការហើយឬនៅ។ ប៉ុន្តែ នារីដែលចង់បង្ហាញថា ខ្លួននៅលីវ មិនទាន់រៀបការ ច្រើនប្រាប់អ្នកស្រុកឱ្យហៅខ្លួនគេថា «កញ្ញា»។ នៅសម័យក្រោយមក មនុស្សច្រើនគិតភាន់ច្រឡំថា ពាក្យ«អ្នកនាង»មានន័យថាស្រីមេម៉ាយ ។ ទើបមាននារីខ្លះនាំគ្នាប្រកែក ដើម្បីបង្ហាញពីភាពលីវរបស់ខ្លួន។ តាមពិតទៅ នៅក្នុងអត្ថបទអក្សរសិល្ប៍ខ្មែរជំនាន់មុន ឬសូម្បីតែចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សិរីសុទ្ធា ក៏ប្រើពាក្យថា«អ្នកនាង»យកមិនអស់ដែរ ដែលសំដៅទៅលើនារីក្មេង ទោះបីជានៅលីវ ឬមិននៅលីវក៏ដោយ។២- ពាក្យថា «លោកស្រី» ប្រើសម្រាប់ស្ត្រីដែលរៀបការជាមួយបុរសដែលមានឋានន្តរសក្តិ មានមុខការក្នុងក្រសួង ជាមន្ត្រីរាជការ ឬអ្នកមានមុខមាត់ក្នុងសង្គម។ តែស្ត្រីទាំងនេះច្រើនជាមេផ្ទះ មិនមានការងារ មុខនាទីការងារក្នុងសង្គមអ្វីឡើយ។

៣- ចំណែកពាក្យថា «អ្នកស្រី» គឺសម្រាប់សំដៅទៅស្ត្រីដែលរៀបការហើយ ថែមទាំងមានកាន់ការងារ មានមុខនាទី ទទួលខុសត្រូវ ជាបុគ្គលិកមួយ ឬជានាយកក្នុងក្រសួង ឬក្រុមហ៊ុន ឬមានមុខរបរដោយខ្លួនឯង។

៤- ស្ត្រីមេម៉ាយ ក៏អាចហៅថា អ្នកស្រីបានដែរ ឱ្យតែមានមុខនាទីកាន់កាន់ ការងារអ្វីមួយ ក្នុងនាមខ្លួនជាបុគ្គលិកដោយខ្លួនឯង តែមិនមែនស្ត្រីដែលទទួលឋានៈ តាមរយៈស្វាមី ដែលមានឋាននន្តរសក្តិនោះទេ។

៥- ចំពោះ ស្ត្រីសាមញ្ញទូទៅ ដែលពុំមានមុខរបរ ឬ មុខមាត់ក្នុងសង្គម នៅក្នុងកិច្ចសម្ភាសន៍អ្វីមួយ យើងហៅគាត់ថា«អ្នកស្រី»ដដែល។ ប៉ុន្តែទម្លាប់ខ្មែរពីដើម គេច្រើនហៅជាញាតិទៅវិញដូចជាអ្នកបង អ្នកមីង លោកអ៊ំ លោកយាយ ជាដើម គឺសំដៅទៅអ្នកស្រុកធម្មតា រាប់គ្នាទៅមក ជាញាតិភូមិផង របងជាមួយ។

៦- «លោកស្រីជំទាវ»សំដៅទៅ ភរិយាមេផ្ទះរបស់សមាជិកគណៈរដ្ឋមន្ត្រី ឬភរិយាមេផ្ទះរបស់ឧត្តមសេនីយ៍ជាដើម។ ចំណែក «អ្នកស្រីជំទាវ» សំដៅទៅលើស្ត្រីដែលកាន់នាទីការងារធំៗ ដូចបុរសដែរ ក្នុងគណៈរដ្ឋមន្ត្រី ឬក្រសួងរដ្ឋាភិបាលផ្សេងៗ។

ដូច្នេះ ពាក្យថា «លោកស្រី» គឺសំដៅទៅលើភរិយាមេផ្ទះ របស់ លោកគេហបតី សេដ្ឋី ឬមន្ត្រីតែម៉្យាងប៉ុណ្ណោះ។ ស្រី្តខ្លះបានសម្ដែងនូវការអាក់អន់ចិត្ត ពេលគេហៅខ្លួនថា «អ្នកស្រី»មិនមែន«លោកស្រី»។ នោះព្រោះមកពី គេឃើញពាក្យ«លោក»នៅពីមុខពាក្យ«ស្រី»ទើបគិតច្រឡំថា ពាក្យ «លោក» មានកម្រិតខ្ពស់ជាងពាក្យថា«អ្នក» រួចហើយក៏ មានចិត្តលោភ ចង់បានបុណ្យខ្ពស់ ឱ្យគេគោរព ដោយភ្លេចគិតអំពីអត្ថន័យដើមដ៏ត្រឹមត្រូវ របស់ពាក្យ។

#របៀបចំណាំ៖

• លោកស្រី : ស្ត្រីដែលជា ភរិយារបស់លោក

• អ្នកស្រី : ស្រ្តីដែលជាអ្នកធ្វើការ

សូមសង្កេតមើលតាមសៀវភៅចាស់ៗបោះពុម្ពមុនឆ្នាំ១៩៧៥។ ងាយជាងគេ មើលសៀវភៅ «អរិយធម៌ខ្មែរ» តើគេហៅ អ្នកនិពន្ធថាជាអ្នកស្រី ត្រឹង ងា ឬលោកស្រី ត្រឹង ងា? ហើយសូមស្រាវជ្រាវថែមផង តាមការគួរ។

អ្នកស្រី កែវ ច័ន្ទបូរណ៍


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login