១. ស្វែងយល់មុខម្ហូបដែលប្ដី/ប្រពន្ធចូលចិត្ដ ដើម្បីស្វែងរកសន្ដិភាព ក្រោយពេលបញ្ចប់សង្គ្រាមពាក្យសម្ដី ។ ចម្អិនឬកម្មង់មក ៤ ទៅ ៥ មុខ ដាក់នៅចំពោះមុខ បើមិនឈប់ខឹង មិនឲ្យហូប ។
២. រកលេខទូរស័ព្ទ ហើយ Save វាទុក សម្រាប់ពេលណាត្រូវការបន្ទាន់ ដូចជាលេខ ជាងភ្លើង ជាងម៉ាស៊ីនត្រជាក់ ជាងទុយ៉ោទឹក ជាងសោរ -ល- ទុកសម្រាប់ពេលត្រូវការភ្លាមៗ មិនពិបាកដើររក។
៣. ប្ដីត្រូវមានលេខទូរស័ព្ទរបស់ពូកង់៣ឬម៉ូតូឌុប ដែលនៅក្បែរផ្ទះហើយជឿរទុកចិត្ដ ។ ដើម្បីអ្វី? គឺដើម្បីទៅយកឥវ៉ាន់ ដឹកឥវ៉ាន់ទៅជួសជុល ឬរត់ការផ្សេងៗ ក្នុងពេលប្រពន្ធប្រើតែចំពេលប្ដីកំពុងរវល់ ។
៤. ត្រូវចេះជួយការងារផ្ទះ ។ រស់ក្នុងដំបូលតែមួយ មិនមែនការងារផ្ទះសុទ្ធតែជារបស់ប្រពន្ធនោះទេ ។ អ្វីដែលល្អបំផុតនោះគឺ ប្រពន្ធធ្វើម្ហូបប្ដីលាងចាន ប្រពន្ធបោកខោអាវប្ដីយកទៅហាល ប្រពន្ធបោសផ្ទះប្ដីជូតផ្ទះ ។ សម័យនេះហើយ ប្រុសក្ដីស្រីក្ដី ត្រូវចេះគិតជួយយកអាសាគ្នា មិនមែនចាំតែគេបម្រើនោះទេ ។
៥. ត្រូវចងចាំឲ្យច្បាស់ហាមភ្លេចនូវថ្ងៃសំខាន់ៗ (គូសចំណាំលើប្រតិទិនគឺកាន់តែល្អ) ដូចជា ខួបអាពាហ៍ពិពាហ៍ ថ្ងៃខួបកំណើត ទិវានៃក្ដីស្រលាញ់១៤កុម្ភៈ ទិវាសិទ្ធិនារី៨មីនា ថ្ងៃបុណ្យណូអែល២៥ធ្នូ ថ្ងៃឆ្លងឆ្នាំ -ល- បើមិនបបួលគ្នាទៅញ៉ាំអីនៅក្រៅ ក៏គប្បីត្រូវបង្កើតបរិយាកាសSurpriseនៅផ្ទះក៏បាន ។ ជួនកាលមិនបាច់ចាំដល់ឳកាសនោះក៏បាន បើឃើញថាគាត់ស្រលាញ់អីហើយ ទិញឲ្យតែម្ដង កុំទុកយូរនាំសៅហ្មង ។
៦. ឧស្សាហ៍សង្កេតមើលរូបសម្បត្ដិរបស់គាត់ក្រែងលោមានអីខុសប្លែក ។ បើប្ដីទើបកាត់សក់រួច ប្រពន្ធត្រូវសរសើរថា ប្ដីកាត់សក់អ៊ីចឹងទៅសមហើយសង្ហារណាស់។ បើប្រពន្ធទើបមកពីកក់សក់ឬធ្វើក្រចក ប្ដីត្រូវសរសើរថា ប្រពន្ធស្អាតណាស់ ហើយឡើងក្រអូបទៀត។ រឿងហ្នឹងធម្មតាទេ នរណាក៏គេដឹងថាបញ្ជោរដែរ តែវាក៏បង្កើតបរិយាកាសសប្បាយម្យ៉ាងដែរ ។
៧. បើប្ដីឬប្រពន្ធចេញក្រៅ មេឃកំពុងក្ដៅ ត្រូវជួយរៀបចំឬរំឮកគាត់ឲ្យយកតាមនូវរបស់ប្រើប្រាស់ដូចជា ឡេការពារកម្ដៅថ្ងៃ ដបទឹក ម៉ាស់ អាកុល -ល- ។
៨. ចំនុចមួយចំនួនមិនគួរប្រព្រឹត្ដ
- មិនត្រូវបិទទូរស័ព្ទមុនពេលភាគីម្ខាងទៀតមិនទាន់និយាយចប់, មិនត្រូវ Seen ហើយមិន Reply.
- មិនត្រូវឧស្សាហ៍ Like, Comment លើរូបអ្នកដទៃដដែលៗ តែបើច្រលំដៃ React រូបបេះដូង ឬ Comment Sticker រូបថើប ក្រៅពីប្ដី/ប្រពន្ធឯង នោះរឹតតែត្រូវស្លាប់ ។
- ហាមដាច់ខាតសន្យាខ្យល់ ថាបន្ដិចទៀតមកផ្ទះវិញតែមិនឃើញមក ថាទៅហូបអីពេលយប់តែមិនព្រមទៅ ថាទិញរបស់ឲ្យតែមិនទិញ ……
- នៅពេលដែលប្ដី/ប្រពន្ធត្អូញត្អែរនិយាយពីអ្នកដទៃ បើមិនប៉ះពាល់ដល់សន្ដិភាពពិភពលោកទេ គឺចេះតែងក់ក្បាល់អឺអើទៅ អោយវាចប់រឿង កុំលើកយកទស្សនៈមកបកស្រាយបដិសេធ នាំតែក្ដៅក្រហាយចិត្ដទាំងពីរនាក់
- ពេលប្ដី/ប្រពន្ធច្រៀង ហាមមើលមុខហើយសើច ផ្ទុយមកវិញត្រូវសរសើរថាច្រៀងពិរោះ ។
៩. ត្រូវចងចាំថា គ្រប់គ្នាកើតមកសុទ្ធតែមានចំនុចខ្វះខាតដែលត្រូវបំពេញឲ្យគ្នា ។ សេចក្ដីស្រលាញ់គឺជារឿងបច្ចុប្បន្ន តែការហើយត្រូវរស់នៅជាមួយគ្នាអស់មួយជីវិត។ ដូចនេះ ត្រូវអត់អោន អធ្យាស្រ័យ កែតម្រូវចំណុចខ្វះខាតគ្នា ដើម្បីភាពចុះសម្រុង ។
១០. ចុងក្រោយ: ចំណងអាពាហ៍ពិពាណ៍ដែលមានសុភមង្គលបំផុត មិនមែនថ្ងៃណាក៏និយាយថា បងស្រលាញ់អូន ឬ អូនស្រលាញ់បង នោះទេ តែវាគឺជាវត្ដមានរបស់អ្នកគ្រប់ពេលដែលគាត់មានបញ្ហា ហើយអ្នកតែងនៅក្បែរគាត់ ដោយនិយាយថា “កុំបារម្ភ មានបង/អូននៅទីនេះហើយ” ។
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/138619531634475
Comments: