Point Center Login Help
Norway

អ្នកនឹងរើសយកអ្នកណា?​​​​​

By: Rosa-KH
Date: 2021-08-01 22:04
Category: Skill Experience
1126 0 0

មានស្រ្ដីចំណាស់ម្នាក់ដើរចេញពីផ្ទះក៏ប្រទះឃើញទេវតា៣អង្គ ដែលមានពុកមាត់សវែង កំពុងអង្គុយលើកៅអីថ្មមួយនៅវាលមុខផ្ទះគាត់។ ស្ដ្រីនោះមើលពុំស្គាល់ទេវតាទាំង៣អង្គនោះទេ។
ហេតុតែជាមនុស្សដែលមានសន្ដានចិត្ដល្អ ស្រ្ដីចំណាស់នោះបាននិយាយទៅកាន់ទេវតាទាំង៣អង្គនោះថា “ខ្ញុំមិនស្គាល់ពួកលោកទេ ប៉ុន្ដែប្រហែលជាលោកហេវណាស់ហើយ ខ្ញុំសូមអញ្ជើញអស់លោកចូលពិសារបាយផ្ទះខ្ញុំមួយពេល”
- ទេវតាសួរ “តើលោកបងមាននៅផ្ទះទេ?”
- អត់នៅទេ គាត់ទៅធ្វើការហើយ
- អ៊ីចឹងពួកយើងមិនអាចចូលផ្ទះបានទេ
ពេលល្ងាច នៅពេលដែលប្ដីរបស់ស្រី្ដចំណាស់ត្រលប់មកផ្ទះវិញ គាត់ក៏បានរៀបរាប់រឿងរ៉ាវឲ្យប្ដីស្ដាប់។ ប្ដីរបស់ស្រ្ដីចំណាស់ចង់ដឹងថា ពួកគាត់ជានរណា ក៏បានឲ្យប្រពន្ធទៅអញ្ជើញទេវតាទាំង៣អង្គនោះ ដែលកំពុងអង្គុយចាំតាំងពីព្រឹកមក។
- សូមអញ្ជើញអស់លោកចូលផ្ទះពិសារបាយជាមួយពួកខ្ញុំ។
- ពួកយើងមិនអាចចូលផ្ទះលោកស្រីម្ដងទាំង៣នាក់បានទេ។
- ហេតុអ្វីអ៊ីចឹង?
ទេវតាមួយបានពន្យល់ថា “ខ្ញុំគឺជា «ទេវតានៃក្ដីស្រលាញ់» ។ គាត់នេះជា «ទេវតាទ្រព្យ»” ។ ឯគាត់នេះជា «ទេវតាជ័យ»។ ឥឡូវប្ដីប្រពន្ធលោកស្រី សម្រេចទៅមើល ថាឲ្យនរណាចូលផ្ទះ?

ស្រី្ដចំណាស់នោះចូលផ្ទះប្រាប់ប្ដីពីរឿងខាងលើ ប្ដីគាត់សប្បាយចិត្ដណាស់ហើយនិយាយថា “អស្ចារ្យណាស់ នេះគឺជាឳកាសល្អ យើងត្រូវតែអញ្ជើញ «ទេវតាទ្រព្យ» ព្រោះគាត់នឹងផ្ដល់ឲ្យយើងនូវទ្រព្យសម្បតិ្ដមហាសាល។”

ស្ដ្រីចំណាស់ដែលជាប្រពន្ធ មិនយល់ស្រប ដោយពោលពាក្យថា “ចុះហេតុអ្វីមិនអញ្ជើញ «ទេវតាជ័យ»? យើងនឹងទទួលបានជោគជ័យរាល់ភារកិច្ច គេនឹងគោរព និងកោតសរសើរដល់យើង”។

ប្ដីប្រពន្ធទាំង២ឈ្លោះទាស់ទែងគ្នាមួយសន្ទុះធំ នៅតែមិនដាច់ស្រេច។ កូនស្រីឈរនៅក្បែរនោះ ខំផ្ទៀងស្ដាប់ រួចក៏បន្លើសំឡេងឡើងថា “យើងគួរតែអញ្ជើញ «ទេវតានៃក្ដីស្រលាញ់» គឺជាជម្រើសល្អបំផុត។ ផ្ទះយើងនឹងពោរពេញទៅដោយក្ដីស្រលាញ់យ៉ាងកក់ក្ដៅ គាត់នឹងផ្ដល់សុភមង្គលដល់គ្រួសារយើង។”

“យើងគួរតែស្ដាប់តាមយោបល់របស់កូនស្រី។ លោកតាដែលជាប្ដីគិតរួចក៏ប្រាប់ប្រពន្ធឲ្យទៅអញ្ជើញ «ទេវតានៃក្ដីស្រលាញ់» ឲ្យចូលមក” ។

ស្រ្ដីចំណាស់ដើរចេញក្រៅរួចសួរថា: “ទេវតាទាំង៣ តើទេវតាណាដែលជា «ទេវតានៃក្ដីស្រលាញ់» សូមអញ្ចើញជាភ្ញៀវកិត្ដិយស ចូលមកផ្ទះយើងខ្ញុំ ។”
«ទេវតានៃក្ដីស្រលាញ់»ក៏ក្រោកឈរឡើង រួចដើរចូលក្នុងផ្ទះ។ ទេវតា២អង្គទៀតក៏ក្រោកឈរ ហើយដើរតាម«ទេវតានៃក្ដីស្រលាញ់»ចូលផ្ទះដែរ។ ស្រាប់តែស្ត្រីនោះមានការភ្ញាក់ផ្អើល សួរថា: “ខ្ញុំអញ្ជើញតែ «ទេវតានៃក្ដីស្រលាញ់»ទេ ហេតុអ្វីទេវតាទាំង២ក៏ដើរចូលផ្ទះដែរ? ក្រែងទេវតានិយាយថា មិនអាចចូលម្ដងទាំង៣អង្គបាននោះអី?”

ទេវតាទាំងពីរក៏និយាយរួមគ្នាថា:
“បើលោកស្រីអញ្ជើញតែ«ទេវតាទ្រព្យ» ឬ «ទេវតាជ័យ» នោះនឹងមានតែភ្ញៀវតែម្នាក់ប៉ុណ្ណោះដែលដើរចូលផ្ទះ។ ប៉ុន្ដែដោយសារតែលោកស្រីអញ្ជើញ«ទេវតានៃក្ដីស្រលាញ់» យើងទាំង៣នាក់ក៏ចូលទៅផ្ទះលោកស្រី ព្រោះថាទីណាដែលមាន«សេចក្ដីស្រលាញ់» ទីនោះក៏មាន«ជោគជ័យ» និង «ទ្រព្យសម្បតិ្ដ»” ដូច្នោះដែរ ។

ប្រភព : Knowlege Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/180278320801929

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login