ការតែងសេចក្តីអាចជាចំណូលចិត្តសំខាន់មួយសម្រាប់សិស្សដែលពូកែ និងចូលចិត្តមុខវិជ្ជាភាសា ឬវិទ្យាសាស្រ្តសង្គម តែវាអាចជារឿងលំបាកសម្រាប់អ្នកមួយចំនួនដែលចូលចិត្តមុខវិជ្ជាវិទ្យាសាស្រ្តពិត ខណៈមានអ្នកសិក្សាខ្លះពូកែទាំងមុខវិជ្ជាវិទ្យាសាស្រ្តពិត ហើយពូកែទាំងសរសេរ។
សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិជារៀងរាល់ឆ្នាំ តែងសេចក្តីត្រូវបានគេដាក់បញ្ចូលទៅក្នុងមុខវិជ្ជាភាសាខ្មែរសម្រាប់គ្រប់បេក្ខជនប្រឡងទាំងអស់មិនថា អ្នកប្រឡងវិទ្យាសាស្រ្តសង្គម ឬផ្នែកវិទ្យាសាស្រ្តពិតនោះទេ ខុសគ្នាតែលើកម្រិតពិន្ទុតែប៉ុណ្ណោះ។ ហេតុនេះមានសិស្សមួយចំនួនហាក់មានការព្រួយបារម្ភ ខណៈអ្នកខ្លះទៀតបន់ស្រន់ឱ្យប្រធានតែងសេចក្តីដូចអ្វីដែលខ្លួនបានទន្ទេញ ឬបានអានទៅវិញ។
មានសិស្សជាច្រើនសប្បាយចិត្តនៅពេលដែលប្រធានតែងសេចក្តីចេញមកដូចអ្វីដែលគេធ្លាប់អានបេះបិទ តែតាមពិតរឿងនេះមិនប្រាកដថាល្អនោះទេប្រសិនបើគេព្យាយាមសរសេរតាមការចងចាំពីអត្ថបទដែលគេសរសេរស្រាប់ៗ ឬមិនមានគំនិតបង្កើតថ្មីល្អៗនោះ។ លើសពីនេះទៅទៀត វាជំរុញឱ្យគាត់ក្លាយជាមនុស្សដែលមានការភ័យខ្លាច ហើយបាត់បង់ជំនឿជាក់លើខ្លួនឯង ដោយសារតែគាត់ផ្តោតខ្លាំងពេកលើអត្ថបទដែលគេធ្លាប់សរសេរ ហើយមិនព្រមពឹងលើសមត្ថភាពរបស់ខ្លួនឯងផ្ទាល់។
ខាងក្រោមនេះជាវិធីមួយចំនួនសម្រាប់ជំនួយដល់ការសរសេរតែងសេចក្តី ដែលវាអាចជាគំនិតខ្លះៗសម្រាប់ពិចារណា។ បើទោះបីជាវាមិនមែនជាវិធានដែលធានាថាអនុវត្តហើយអាចសរសេរបានល្អទាំងស្រុងក៏ដោយ តែវាអាចជាផ្នែកមួយសម្រាប់អនុវត្តដោយប្រើប្រាស់សមត្ថភាពខ្លួនឯងផ្ទាល់ ហើយមិនចាំបាច់លួចចម្លង ឬធ្វើអ្វីឱ្យខុសពីច្បាប់ប្រឡង។
1.សង្ខេបអក្សរសិល្ប៍ និងអត្ថបទសំខាន់ៗទាំងអស់ក្នុងកម្មវិធីអប់រំ
ការសង្ខេបរឿងអក្សរសិល្ប៍ទាំងអស់ដោយចាប់ផ្តើមពីការរាប់ចំណងជើងរឿងធំៗដូចជា រាមកេរ្តិ៍ ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ទុំទាវ គូលីកំណែន និងរឿងជាច្រើនផ្សេងទៀត រហូតដល់រឿងតូចៗមួយចំនួនទៀតដែលភាគច្រើនជារឿងព្រេងនិទានខ្មែរ ជាចំណុចសំខាន់មួយក្នុងការទាញយកតម្លៃអប់រំនៃសាច់រឿង។
ការតែងសេចក្តីពេលខ្លះគេកំណត់ប្រធានបទដោយដកស្រង់យកតម្លៃអប់រំនៃសាច់រឿងនីមួយៗ មកដាក់ឱ្យបកស្រាយ ឬពិភាក្សា ហេតុនេះកត្តាប្រឈមដែលអ្នកសរសេរភាគច្រើនជួប គឺមិនដឹងច្បាស់ពីសាច់រឿងនោះ។ ហេតុនេះដើម្បីបង្កើនភាពកក់ក្តៅសម្រាប់ការត្រៀមតែងសេចក្តី យើងមិនចាំបាច់ត្រូវអានរឿងរាប់រយទំព័រឡើងវិញនោះទេ តែយើងអាចធ្វើការសង្ខេបតម្លៃអប់រំ ឬស្វែងរកឯកសារដែលមានការសង្ខេបខ្លីៗស្រាប់មកអានឱ្យយល់សម្រាប់ជាគំនិតក្នុងការសរសេរជាការស្រេច។
ក្រៅពីនេះ ការសង្ខេបរឿងអក្សរសិល្ប៍ទៅជាផ្នែកខ្លីៗនេះធ្វើឱ្យយើងងាយចាំ ចំណាយពេលវេលាតិច តែអាចទទួលគំនិតសម្រាប់លើកជាឧទាហរណ៍ក្នុងសេចក្តីពន្យល់បាន ព្រោះការតែងសេចក្តីត្រូវការលើកឧទាហរណ៍ជាក់ស្តែងពីក្នុងអក្សរសិល្ប៍ ប្រវត្តិសាស្រ្ត និងសង្គមជាក់ស្តែង។
2.គូសគំនូសព្រៀងពីលំហូរនៃគំនិត (Mind maps)
រាល់ការសរសេរតែងសេចក្តី ចាំបាច់ត្រូវតែចេះលេងពាក្យឱ្យពីរោះស្តាប់ មានលំដាប់លំដោយ ហើយគោរពទៅតាមទម្រង់នៃការសរសេរ ហេតុនេះមានពេលខ្លះអ្នកសរសេរអាចភ្លេចចំណុចសំខាន់ៗខ្លះនៅពេលដែលដាក់ប៊ិចដល់ក្រដាសប្រឡង។
ដើម្បីធានាថាលំហូរនៃគំនិតរបស់យើងអាចធ្វើបានល្អ ហើយត្រូវទម្រង់នៃការតែងសេចក្តីទៀតនោះ អ្នកសរសេរគួររៀបចំបែងចែកគំនិតព្រាងប្រមាណ 5នាទី ឬ10នាទី មុនពេលសរសេរ។
ដំណាក់កាលនេះ អ្នកសរសេរត្រូវអានប្រធានឱ្យបានច្រើនដងច្រើនសា ដើម្បីធានាថាការបកស្រាយមិនខុសអត្ថន័យសំខាន់។ បន្ទាប់ពីយល់អត្ថន័យហើយគាត់អាចកំណត់ជាផ្នែកថា អ្វីខ្លះដែលត្រូវយកមកសរសេរនៅផ្តើមសេចក្តី ហើយអ្វីខ្លះដែលត្រូវយកមកបកស្រាយក្នុងតួសេចក្តី។ លើសពីនេះទៅទៀត ចំណុចដែលត្រូវយកចិត្តទុកដាក់ គឺអំណះអំណាងគាំទ្រ ឬឧទាហរណ៍ដែលត្រូវបញ្ចូលក្នុងការពន្យល់ថា តើត្រូវដាក់ចំណុចណាមុន បន្ទាប់មកគួរបញ្ចូលរឿងអ្វីខ្លះបន្ថែមទៀត មុននឹងទាញចូលបទពិសោធប្រវតិ្តសាស្រ្ត និងស្ថានភាពជាក់ស្តែងនៃការរស់នៅ រហូតឈានដល់ការបង្កើតជាអត្ថបទដែលគ្រប់ជ្រុងជ្រោយ៕
Comments: