កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ប្រារព្ធឡើងជាផ្លូវការនៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៣ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៃទីក្រុង បាន់ដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេដារុយសាឡឹម ។ បន្ទាប់ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអគ្គលេខាធិការអាស៊ាន ត្រូវបានការធ្វើគារវកិច្ចយ៉ាងសិ្នទ្ធស្នាលរាក់ទាក់បំផុត ពីសំណាក់ព្រះចៅស៊ុលតង់ ហាជីហាស់ សិណាន់បុលគៀស នាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ នេះ បានពិភាក្សាដោយផ្តោតទៅលើបញ្ហាសំខាន់ៗជាច្រើន ស្តីពី ៖
- សហគមន៍អាស៊ាន ឆ្នាំ២០១៥ និងឆ្នាំខាងមុន
- តួនាទីស្នូលរបស់អាស៊ាន និងទំនាក់ទំនងជាមួយដៃគូខាងក្រៅ
- បញ្ហាតំបន់ និងអន្តរជាតិ បណ្តាមេដឹកនាំអាស៊ាន បានទទួលស្គាលធម្មនុញ្ញ អាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមូលដ្ឋាន នៃគោលការណ៍ និងគុណតម្លៃស្នូលរបស់អាស៊ានដែលត្រូវប្រកាន់ខ្ជាប់ ។ បណ្តាមេដឹកនាំអាស៊ាន ក៏បានរំលឹកឡើងវិញផលដែរនូវផែនទីចង្អុលផ្លូវសម្រាប់សហគមន៍អាស៊ាន (២០០៩-២០១៥) ដែលប្រមើលមើលពីការបង្កើតឡើងនូវសហគមន៍អាស៊ានមួយក្នុងឆ្នាំ ២០១៥និងផែនការមេស្តីពីការ តភ្ជាប់អាស៊ានដែល និងបំពេញបន្ថែមនិងគាំទ្រសមាហរណកម្មអាស៊ានតាមរយៈការតភ្ជាប់ជាលក្ខណៈជារូបវន្ត ស្ថាប័ន និងរវាងប្រជាជន និងប្រជាជន ។
ទន្ទឹមនេះ បណ្តាមេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ឡើងវិញនូវសេចក្តីថ្លៃងការណ៍បាលីស្តីពីសមាគមន៍អាស៊ាន ក្នុងសហគមន៍សកលនៃប្រជាជាតិ និងផែនការសកម្មភាពនៃសេចក្តីថ្លែងការណ៍ (២០១២-២០១៧)ដើម្បីធ្វើឱ្យមានជាក់ស្តែងនូវវេទិកាអាស៊ានរួម ស្តីពីបញ្ហាជាសកលក្នុងឆ្នាំ ២០២០ ។
នៅក្នុង កិច្ចប្រជុំកំពូលអាស៊ានលើកទី២៣ នេះដែរ មេដឹកនាំ អាស៊ាន បានជំរុញឆន្ទៈក្នុងការធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ទៅជាតំបន់មួយដែលចងជាធ្លុងមួយដោយចក្ខុវិស័យ តែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ ។ តាម រយៈនេះមេដឹកនាំអាស៊ាន បានឯកភាពប្តេជ្ញារៀបចំចក្ខុវិស័យ សម្រាប់អាស៊ានក្រោយឆ្នាំ ២០១៥ ក្នុងនោះរួមមាន ៖
- ការសម្រេចឱ្យបាននូវតំបន់អាស៊ាន ដែលមានប្រជាជនជាស្នូល ក្នុងជួយឱ្យសម្រេចបាននូវបំណងប្រាថ្នារួមគ្នាមួយសម្រាប់ប្រជាជនរបស់យើង ដូចជាអភិបាលកិច្ចល្អការលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍប្រកបដោយ ចីរភាព និងអាចទទួលបានផលប្រយោជន៍ទាំងអស់គ្នាការការពារសង្គមនិងការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋទន់ខ្សោយគ្មានទីពឹង ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ការការពារបរិស្ថានសម្បជញ្ញៈតំបន់កាន់តែមានកម្រិតខ្ពស់ និងកាលានុវត្តភាពកាន់តែទូលំទូលាយសម្រាប់ប្រជាជនគ្រប់គ្នា ។
- ការបង្រួមគម្លាតអភិវឌ្ឍន៍ រវាងសមាជិកនៃក្រុមគ្រួសារអាស៊ីអាគ្នេយ៍ ។
- ការបង្កើតតំបន់មួយដែលប្រកបដោយសន្តិភាពវិបុល ភាពគ្មានជម្លោះគ្មានអាវុយប្រល័យលោក និងគ្រឿងញៀន ។
- ការប្តេជ្ញាពង្រឹងបន្ថែមនូវសមាគមន៍អាស៊ាន ដោយផ្អែកលើច្បាប់ ។
- ការបង្កើតតំបន់អាស៊ាន មួយដែលកាន់តែមានសមាហរណកម្មនិងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ។
- ការពង្រីកតួនាទីស្នូលរបស់អាស៊ាន និងភាពជាមួយដឹកនាំនៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងមានការវិវត្តន៍ និងការចូលរួមកាន់តែសកម្មនិង ប្រកបដោយការស្ថាបនារបស់អាស៊ាននៅក្នុងកិច្ចការសកល ដែលជាប្រយោជន៍និងកង្វល់រួម ។
- ការធ្វើឱ្យរឹងមាំបន្ថែមទៀតនូវ ទំនាក់ទំនងក្រៅតំបន់ជាមួយដៃគូសន្ទនាក្នុងគោល បំណងឱ្យមានភាពជាដៃគូកាន់តែមានប្រសិទ្ធភាពស្មើភាព និងមានសារៈសំខាន់ ។
- ការបង្កើតតំបន់អាស៊ាន មួយដែលមានការទទួលខុសត្រូវផ្នែកសង្គម ដែលប្រជាជាតិ និងប្រជាជនអាស៊ានរស់នៅសង្គមមួយដែល មានការគាំពារនិងចែករម្លែកនិងចងជាធ្លុងមួយដែលមានសាមគ្គីភាព និងឯកភាពដែលសុវត្ថិភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ ។
- ការពង្រឹងស្ថាប័នអាស៊ានតាមរយៈការផ្តល់ឱ្យបានគ្រប់គ្រាន់នូវធនធាននិងការគាំទ្រព្រមទាំងប្រសិទ្ធភាពការងារ ។