ក្នុងករណីលើកកម្ពស់គុណភាពនៃការបង្រៀន និងការអប់រំក្នុងមួយម៉ោងសិក្សា ទៅលើមុខវិជ្ជាឯកទេសណាមួយក្នុងន័យបង្រៀនល្អ រៀនល្អ គ្រូបង្រៀន ឬសាស្រ្ដាចារ្យត្រូវ៖
- យល់ច្បាស់ និងស៊ីជម្រៅទៅលើខ្លឹមសារមេរៀន និងសម្ភារៈឧបទេសស្របតាមខ្លឹមសារមេរៀននិងរបៀបប្រើប្រាស់សម្ភារៈក្នុងម៉ោងសិក្សា
- កុំទាន់បង្ហាញចំណងជើងមេរៀន
- សរសេរអក្សរ លេខ ឬគូររូបលើក្ដារខៀនឲ្យបានច្បាស់លាស់
- លើកជាសំណួរទៅតាមលំដាប់លំដោយនៃខ្លឹមសារមេរៀន
- កុំបណ្ដោយឲ្យសិស្ស និស្សិតឆ្លើយជាសមូហភាព(ទាំងអស់គ្នា)
- កុំហៅតែសិស្សដដែលៗ ឬសិស្សពូកែ សិស្សមធ្យមឲ្យឆ្លើយ ដោយទុកចោលសិស្សខ្សោយឲ្យអសកម្មក្នុងម៉ោងបង្រៀន
- ត្រូវចេះសម្រួលសំណួរ(សំណួរពិបាកយល់)ដោយរក្សាសំណួរនៅដដែល
- ហៅសិស្សខ្សោយ ឲ្យឆ្លើយមុនសិស្សមធ្យម ហើយសិស្សមធ្យមមុនសិស្សពូកែ
- កែតម្រូវចម្លើយរបស់សិស្ស បើសិស្សឆ្លើយមិនទាន់បានត្រឹមត្រូវល្អ
- ប្រើសម្ដីសម្បូរដោយរូបារម្មណ៍ ដើម្បីទាញអារម្មណ៍របស់សិស្ស
- ប្រើឃ្លាខ្លីៗ ចំៗ ច្បាស់ៗ ឲ្យសិស្សងាយយល់ និងងាយចាំបានយូរ
- ដាក់សំណួរ ឬលំហាត់ឲ្យសមស្របទៅតាមកម្រិតយល់ដឹងរបស់សមូហភាពសិស្ស
- យកចិត្តកែកិច្ចការសិស្ស ឬដាក់ពិន្ទុលើកិច្ចការសិស្ស និងចេះលើកទឹកចិត្តសិស្សឲ្យបានទាន់ពេលវេលា។