Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
KhSearch
2017-08-21 00:28

ហេតុអ្វីបានជា ៩ ក្នុងចំណោម ១០ នៃអាជីវកម្មដែលកំពុងត្រូវបានបង្កើតនៅក្នុងពិភពលោកនេះបានបរាជ័យ? តើមានវិធីណាដែលធ្វើអោយអ្នកមិនស្ថិតនៅក្នុងចំណោមពួកគេ?

វាគឺជារឿងដែលពិបាកអោយជឿថាការចាប់ផ្ដើមអាជីវកម្មចំនួន ១០ ហើយក្នុងនោះមាន ៩ បរាជ័យ។ អ្នកប្រហែលជាមានផលិតផលដ៏អស្ចារ្យនិងអតិថិជនដ៏ច្រើន ប៉ុន្តែការចាប់ផ្តើមរបស់អ្នកនៅតែអាចបរាជ័យ។

វីដេអូខាងក្រោមនេះ បានលើកឡើងអំពីអ្វីដែលជំរុញដល់ការបរាជ័យនៃការចាប់ផ្តើមអាជីវកម្ម។ អ្នកអាចស្វែងយល់ពីគំនិតក្នងវីដេអូនេះនិងអាចជៀសវាងកំហុសទាំងនោះ ហើយនៅទីបំផុតវានាំអ្នកទៅរកភាពជោគជ័យដ៏ធំមួយ។

 

 

ប្រភព៖ e27.co


Answer 2


user icon
HOU
2017-08-26 15:01

១) គ្មាន​គម្រោង​អាជីវកម្ម​​​
បើ​សិន​ជា​អ្នក​មិនដឹង​ថា អ្នក​ទៅ​ទីណា​ តើ​អ្នក​អាច​​ទៅ​ដល់​គោលដៅ​របស់​អ្នក​ដូចម្តេច​ទៅ? មាន​​​អាជីវករ​ និង​សហគ្រិន​មិន​​មិន​តិច​​ឡើយ​ដែល​បាន​​បើក​អាជីវកម្ម​របស់​​ខ្លួន​ដោយ​មិន ​បាន​សរសេរ​គម្រោង​ច្បាស់លាស់។ អាជីវករ​ទាំង​នោះ​បាន​ចាប់​ផ្តើម​បើក​ទ្វារ​របស់​ខ្លួន​ដោយ​​រំពឹង​​ទទួល​ បាន​ជោគជ័យ​មកវិញ​ ដែល​​នេះ​​ជា​ការ​​យល់​ខុស​ទាំងស្រុង។ សូម​ចាប់​ផ្តើម​ចំណាយ​ពេលវេលា​​ណា​មួយ​របស់​អ្នក​សរសេរ​គម្រោង​​ឡើង​វិញ​ ហើយ​ពិនិត្យ​វា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។

២) ប្រាក់​បំរុង​ទុក​មិន​​គ្រប់គ្រាន់
អាជីវកម្ម​ក្មេងខ្ចី​​មួយ​ចំនួន​​បើក​ដំណើរការ​មិនទាន់​បាន​​ប៉ុន្មាន​ខែ​ផង ​ស្រាប់តែ​អស់​លុយ​ដំណើរការ​ទៅ​មុខ​លែង​រួច។​ នេះ​ក៏​ដោយសារ​តែ​អាជីវករ​ ឬ​សហគ្រិន​​ទាំង​នោះ​មិន​មាន​ទុន​បម្រុង​ទុក​ជា​មុន​សម្រាប់​រយៈ​ពេល ​២ ឬ៣​​ខែ​ដំបូង ឬ​មួយ​ឆ្នាំ​ដំបូង។​ អ្នក​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​ការ​លុយ​ឲ្យ​គ្រប់​ចំនួន​ដែល​ចាំបាច់​សម្រាប់​បើក​អាជីវកម្ម ដូច​ជា ទុន​​សម្រាប់​ទុក​​​​រក្សា​ស្ថិរភាព​អាជីវកម្ម​ក្នុង​រយៈ​ពេល​ ២ ឬ ៣​ខែ​ដំបូង​​ និង​​ការ​សរសេរ​គម្រោង​​ច្បាស់លាស់​​នឹង​ជួយ​បង្ហាញ​ទិសដៅ​អ្នក​ថា តើ​គូរ​ចំណាយ​លុយ​ទៅ​លើ​អ្វី​ខ្លះ​ឲ្យ​មាន​ប្រសិទ្ធភាព?​​​​

៣) ខ្វះ​ការ​អនុវត្ត​លើ​គោលដៅ​អាជីវកម្ម​
អាជីវករ​ ឬ​​សហគ្រិន​ភាគច្រើន​​សរសេរ​គម្រោង​ឡើង​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​មួយ​ ពី​ធនាគារ។ នៅ​ពេល​ទទួល​បាន​ដើមទុន​នេះ​រួចហើយ គម្រោង​អាជីវកម្ម​នោះ​​គ្រាន់តែ​ស្ថិត​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។ នេះ​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​កិច្ចការ​អាជីវកម្ម។ នៅ​ក្នុង​គម្រោង​អាជីវកម្ម​ អ្នក​ត្រូវ​សរសេរ​គោលដៅ និង កម្មវត្ថុ​​ក្នុង​រយៈ​ពេល​ ១​ឆ្នាំ​ដំបូង។ ក្នុង​គម្រោង​អាជីវកម្ម​របស់​អ្នក​ត្រូវ​កំណត់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ ត្រីមាស​នីមួយ​ៗ​ឲ្យ​បាន​ច្បាស់​លាស់​​ត្រូវ​ច្បាស់​ថា​​ក្រុមហ៊ុន​ ថ្មីថ្មោង​បាន​ដើរ​នៅ​លើ​ផែនទី​មួយ​ដែល​បាន​គូសវាស​ផ្លូវ​ច្បាស់​លាស់​​ទើប​ ប្រសើរ។

៤) បរាជ័យ​វាយតម្លៃ​លើ​គោលដៅ និង ​គោលបំណង​អាជីវកម្ម (Goal and Objective)​​
នេះ​ជា​ចំណុច​បរាជ័យ​មួយ​ទៀត​ដែល​សហគ្រិន​ក្មេង​ខ្ចី​បាន​​អនុវត្ត​តាម​ គម្រោង​​​អាជីវកម្ម​របស់​ខ្លួន​ហើយ​​ ប៉ុន្តែ​បាន​ថ្លោះធ្លោយ​ក្នុង​ការ​ស្ទាបស្ទង់ និង វាយ​តម្លៃ​លើ​​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ពេល​កន្លង​មក។ ដូច្នេះ​ វា​ជា​ការ​ប្រសើរ​ដែល​អ្នក​បាន​ដំណើរ​ការ​អាជីវកម្ម​​តាម​គម្រោង​របស់​ខ្លួន តែ​អ្នក​ត្រូវ​វាយ​តម្លៃ​ថា ​អាជីវកម្ម​​​នោះ​បាន​ដំណើរ​ការ​ល្អ​​​​​ដល់​កម្រិត​ណា​ហើយ?​​​

៥) មិន​យក​ចិត្ត​ទុកដាក់​លើ​លំហូរ​សាច់ប្រាក់ (Cash Flow)​
ពាក្យ​មួយ​ឃ្លា​នៅ​ក្នុង​អាជីវកម្ម​​គឺ «លុយ​គឺ​ជា​ស្តេច»។ ចំណាយ​ច្រើន​ជាង​ចំណូល​ មិន​យូរ​មិន​ឆាប់​អាជីវកម្ម​របស់​អ្នក​នឹង​ធ្លាក់​ទឹក​ជា​មិន​ខាន។ វា​ជា​រឿង​សំខាន់​បំផុត​​ដែល​​​សហគ្រិន​ត្រូវ​ត្រួតពិនិត្យ​​លើ​លំហូរ​ សាច់ប្រាក់​ដែល​ត្រូវ​ទូទាត់ ឬ ចំណាយ​​ ព្រម​ទាំង​ចំណូល​ដែល​ទទួល​បាន​ពី​​អាជីវកម្ម​នោះ។​ វា​ជា​រឿង​ធម្មតា​ដែល​​អាជីវករ​ ឬ​សហគ្រិន​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ពេល​ចាប់​ផ្តើម​ដំណើរការ​ដំបូង តែ​ស្ថានភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​បន្តិចម្តងៗ​នៅ​ពេល​ខាងមុខ។

៦) ​ស្វែង​យល់​​មិន​គ្រប់គ្រាន់​​ពី​​​ទីផ្សារ​​​
​សហគ្រិន​មួយ​ចំនួន​​ហ៊ាន​បើក​អាជីវកម្ម​ទាំង​​ខ្លួន​មិន​បាន​ស្វែង​យល់​ គ្រប់​ជ្រុងជ្រោយ​លើ​ទីផ្សារ ​​ពី​តម្រូវ​ការ​អតិថិជន និង​​ការ​វិវឌ្ឈ​​នានា​នៅ​ក្នុង​សង្គម។ ​ម្ចាស់​អាជីវកម្ម​ត្រូវ​ដឹង​ថា ទីផ្សារ​អាជីវកម្ម​របស់​ខ្លួន​នេះ​កំពុង​មាន​សន្ទុះ​ទៅ​មុខ ឬ ធ្លាក់​ចុះ? តើ​​នេះ​ជា​ឱកាស​ដែល​ត្រូវ​បើក​អាជីវកម្ម​នេះ​ដែរ​ឬទេ? តើ​មាន​ការ​ប្រកួតប្រជែង​ដែរ​ឬ​ទេ? នេះ​ជា​សំណួរ​មួយចំនួន​ក្នុង​ចំណោម​សំនួរ​ជា​ច្រើន​ទៀត​ដែល​អាជីវករ​ត្រូវ​ សួរ​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​មុន​ពេល​បើក​អាជីវកម្ម​របស់​ខ្លួន។

៧) ​មាន​ដៃគូ​ប្រកួត​ប្រជែង​លើ​អាជីវកម្ម​តែ​មួយ​
អាជីវកម្ម​​ជា​ច្រើន​​បាន​​ដួល​រលំ​ដោយ​សារ​មាន​ដៃគូ​ប្រជែង​​លើ​អាជីវកម្ម​ តែ​មួយ​ដូចគ្នា។ ការ​មិន​រក​ឲ្យ​ឃើញ​ពី​ភាព​ខុសគ្នា​នៃ​សេវាកម្ម តម្លៃ គុណភាព​នៃ​ផលិត​​ក្នុង​អាជីវកម្ម​​ ​នឹង​ធ្វើ​ឲ្យ​អ្នក​បរាជ័យ នឹង​កាន់តែ​អាក្រក់​ទៅ​ទៀត​ប្រសិន​បើ​ដៃគូ​ប្រជែង​នោះ​មាន​បទពិសោធន៍​ច្រើន​ ឆ្នាំ។ គន្លឹះ​ដ៏​ល្អ អ្នក​ត្រូវ​​ធ្វើ​ឲ្យ​​សេវាកម្ម ឬ ផលិតផល​របស់​អ្នក​​​មាន​ចំណុច​ពិសេស​ជា​ច្រើន​ខុស​ពី​ដៃគូ​ប្រជែង​របស់​អ្នក ​។​

៨)​ ខ្សោយ​ខាង​ម៉ាឃីដធីញ ឬ ទីផ្សារ​ (Marketing)
កុំ​រំពឹង​ពេក​ថា បើក​ទ្វារ​ភ្លាម​​អតិថិជន​មក​រក​អ្នក​ភ្លាមៗ​នោះ​ឡើយ​។ ការ​ទុក​ឲ្យ​អាជីវកម្ម​របស់​នៅ​​​ងាប់​មួយ​កន្លែង​ដោយ​គ្មាន​អ្នក​ណា​​​ដឹង​ វា​មិន​ខុស​អី​ពី​​កាប់​បំពង់​​​រង់ចាំ​ទឹក​ភ្លៀង​​នោះ​ឡើយ។ ប្រការ​នេះ ​​ភាព​ជា​អាជីវករ​​​ ឬ​សហគ្រិន​​ជំនាញ​ អ្នក​ត្រូវ​​មាន​យុទ្ធសាស្ត្រ​ និង​គម្រោង​​ទីផ្សារ​​ខ្ពស់​(១) ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សេវាកម្ម ឬ ផលិតផល​អាជីវកម្ម​របស់​អ្នក​ទៅ​កាន់​អតិថិជន និង (២) ពន្យល់​ពី​អត្ថប្រយោជន៍​​របស់​អតិថិជន​​ពី​អាជីវកម្ម​របស់​អ្នក។

៩) មិន​​កំណត់​តម្លៃ​ប្រកួតប្រជែង 
​​​ពាណិជ្ជករ​មួយ​ចំនួន​មិន​បាន​ទទួល​ ឬ ស្វែង​យល់​ព័ត៌មាន​គ្រប់គ្រាន់​ពី​តម្លៃ​​​នៃ (១) ការ​ចំណាយ​លើ​​​ការ​ផលិត​សេវាកម្ម ឬ ផលិតផល និង (២) តម្លៃ​​​លក់​សេវាកម្ម ឬ តម្លៃ​លក់​ផលិតផល​របស់​ដៃគូ​ប្រកួតប្រជែង។ ករណី​នេះ​ ​សហគ្រិន​ត្រូវ​តែ​​រក​​ឱ្យ​ឃើញ​ថា ដៃគូ​​ប្រកួតប្រជែង​របស់​អ្នក​ បាន​ចំណាយ​លើ​ការ​ផលិត​តិចតួច​ជាង​អ្នក ​ខណៈ​ដែល​អាជីវកម្ម​របស់​អ្នក​ចំណាយ​​ផលិត​ច្រើន តែ​លក់​ក្នុង​តម្លៃ​ដូចគ្នា។ នេះ​នឹង​ធ្វើ​ឲ្យ​​អ្នក​ចាញ់​ប្រៀប​ដៃគូ​របស់​អ្នក ដែល​ទាមទារ​ឲ្យ​​មាន​ការ​សិក្សា​ជា​បន្ទាន់។​​​

១០) ខ្វះ​ជំនាញ​គ្រប់គ្រង​ធនធាន​មនុស្ស
កង្វះ​ជំនាញ​គ្រប់គ្រង​ធនធាន​មនុស្ស​ទៅ​លើ​បុគ្គលិក​​នៅ​ក្នុង​ក្រុមហ៊ុន​​ នឹង​ធ្វើ​ឲ្យ​​​អាជីវកម្ម​​​​​របស់​អ្នក​បរាជ័យ។ ​ប្រសិន​បើ​​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​មិន​ស្មើភាព​​ និង​ការ​គោរព​គ្នា​ទេ​នោះ​ទេ​ បរិស្ថាន​ការងារ​ក៏​មិន​អាច​ដើរ​រលូន​ទៅ​បាន​ដែរ។ ប្រការ​ដែល​ល្អ​ត្រូវ​ជំរុញ​ពួកគេ​ស្វែង​យល់​ពី​​គុណភាព​ការងារ និង​តម្លៃ​នៃ​​​​ទំនាក់ទំនង​ជា​មួយ​បុគ្គលិក​ផ្សេង​ៗ​ទៀត​ដោយ​ទំនួល​ ខុសត្រូវ​នៅ​ក្នុង​ក្រុមហ៊ុន​ ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ទទួល​បាន​​ជោគជ័យ៕

 

ប្រភព៖ thebnews


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login