ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អ្នកនិពន្ធ
លោក រីម គីន កើតនៅឆ្នាំ១៩១១ នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ ។ លោកមានឪពុកឈ្មោះ គីម ម្ដាយឈ្មោះ សោ ដែលជាគ្រួសារសាមញ្ញមួយ ។ ឪពុកលោកបានទទួលអនិច្ចកម្មទៅដោយក្រុមចោរប្លន់ នៅពេលដែលលោកទើបតែមានអាយុ៧ឆ្នាំប៉ុណ្ណោះ។ លោកក៏បានទៅរស់នៅជាមួយម្ដាយរហូតមក ។
នៅក្នុងវ័យកុមារលោក រីម គីន បានសិក្សារៀនសូត្រអក្សរខ្មែរក្នុងសំណាក់ព្រះភិក្ខុមួយអង្គព្រះនាមអាចារ្យ សាំង ត្រូវជាបងប្អូនជីដូនមួយញាតិខាងម្ដាយរបស់លោក ដែលគង់នៅវត្តស្វាយដង្គំក្នុងសង្កាត់លេខ៣ ក្រុងភ្នំពេញ ។ ក្នុងការសិក្សាផ្នែកអក្សរសាស្រ្តនេះកុមារ រីម គីន បានខិតខំរៀនសូត្រ ហើយយកចិត្តទុកដាក់ក្នុងការស្ដាប់ និងអាន សាស្រ្តារឿង សាស្រ្តាច្បាប់ និងអក្សរសិល្ប៍ជារៀងរាល់ថ្ងៃ ។ ស្នាដៃរឿសូផា ត្រូវបានគេដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់ទី៩ ហើយនិពន្ធនៅក្នុងឆ្នាំ១៩៣៨ ។
រឿងសងេ្ខប
លោកសួន និងនាងសូយា ឪពុកម្ដាយរបស់សូផាត បានជួបជុំគ្នាដោយមិនបានរៀបការនឹងគ្នាឡើយ ។ លោកសួន ជាអ្នកភ្នំពេញ រួចបានមកធ្វើជាចៅហ្វាយស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង លោកបានស្រឡាញ់នាងសូយា ជាស្រ្តីកំព្រាក្រីក្រដោយលួចលាក់ ។ ពេលនាងមានផ្ទៃពោះ លោកសួនត្រូវផ្លាស់ទៅភ្នំពេញវិញ ។ លោកមិនបានយកនាងសូយា ទៅជាមួយលោកទេ ព្រោះនៅភ្នំពេញលោក មានគូដណ្តឹងរួចហើយ តែមុនពេលចាកចេញទៅលោកបាន លួងលោមនាងសូយា ព្រមទាំងប្រគល់ចិញ្ចៀន មួយវង់ឲ្យនាង ។
ក្រោយមក សូយា ប្រសូតបានបុត្រមួយរូបដាក់ឈ្មោះថាសូផាត ។ នាងរស់នៅជាមួយកូនដោយទុក្ខព្រួយព្រោះមិនបានទទួលដំណឹងអ្វីសោះពីលោកសួន ។ ទីបំផុតនាងដឹងថា លោកសួន បានរៀបការនឹងនារីដទៃ នាងក៏ចាប់ឈឺយ៉ាងធ្ងន់រហូតបាត់បង់ជីវិត ។ សូផាត ត្រូវបានប្រជាជនក្នុងភូមិជួយចិញ្ចឹម រហូតមកដល់អាយុ៨ ឆ្នាំ ក៏ទៅនៅរៀនសូត្រក្នុងវត្ត ក្រោមការឧបត្ថម្ភ របស់ព្រះភិក្ខុទាំងឡាយ ។ សូផាត ជាក្មេងដែលមានអ្នកផងស្រឡាញ់ណាស់ ទាំងបព្វជិត ទាំងគ្រហស្ត ព្រោះជាក្មេងឧស្សាហ៍រៀនសូត្រ និងធ្វើការងារមិនចេះនឿយហត់ ។ លុះអាយុបាន១២ឆ្នាំ សូផាត បានសុំការអនុញ្ញាតិពីលោកគ្រូដើម្បីទៅរកឪពុកនៅ ភ្នំពេញ ។ លោកគ្រូរបស់គេយល់ថា សូផាតជាក្មេងមានប្រាជ្ញា ក៏ព្រមឲ្យទៅដោយប្រាប់ពីរបៀបធ្វើដំណើរ ប្រាប់កន្លែងស្នាក់នៅ និងទូន្មានពីករណីកិច្ចជាកូនចំពោះឪពុកម្ដាយ រួចព្រះអង្គក៏បានឲ្យលុយធ្វើដំណើរ និងឲ្យចិញ្ចៀនមរតកព្រមទាំងសំបុត្រមួយច្បាប់ទៅភិក្ខុមួយអង្គដែលជាសម្លាញ់នៅវត្តឧណ្ណាលោម ដើម្បីឲ្យទទួលសូផាត ឲ្យស្នាក់នៅមុនពេលរកឪពុកឃើញ ។
ពេលសូផាត មកដល់ភ្នំពេញមិនបានជួបសម្លាញ់លោកគ្រូទេ តែគេបានជួបព្រះសង្ឃផ្សេងទៀតដែលទទួលឲ្យគេស្នាក់នៅដើម្បីដើររកឪពុក ។ សូផាតស៊ើបសួរយ៉ាងយូរនៅតែរកឪពុកមិនឃើញ ។ ថ្ងៃមួយពេលកំពុងធ្វើដំណើរតាមផ្លូវសូផាត បានជួបក្មេងពីរនាក់ឈ្លោះគ្នា គេក៏ជួយសង្រ្គោះក្មេងតូច រួចអ្នកទាំងពីរក៏រាប់អានគ្នាជាមិត្តភក្តិ ។ កុមាររងគ្រោះនោះឈ្មោះ ណារិន ជាក្មួយប្រុសរបស់ភរិយាលោកសួន ។ ក្រោយពេលដែលណារិន ដឹងថាសូផាត គ្មានទីពឹងនោះ គេក៏បាននាំសូផាតទៅជួបលោកសួន ដើម្បីសុំឲ្យសូផាត រស់នៅជាមួយគ្នា ។
សូផាត បានរស់នៅក្នុងផ្ទះលោកសួន ហើយបានជួយធ្វើការងារគ្រប់បែបយ៉ាង ពិសេសបានជួយកែប្រែចរិតណារិន ឲ្យក្លាយជាក្មេងឧស្សាហ៍រៀនសូត្រ និងស្លូតបូតទៀតផង ប្រការនេះធ្វើឲ្យប្ដីប្រពន្ធលោក សួន ពេញចិត្តណាស់ ឯនាងម៉ានយ៉ានជាបងស្រីណារិន ក៏ពេញចិត្តនឹងសូផាតដែរ ។ ពេលណារិន និងសូផាតបានប្រឡងជាប់សញ្ញាបត្រវិជ្ជាបារាំង–ខ្មែររួចហើយនោះ លោកសួន ក៏បានឲ្យណារិន បន្តវិជ្ជាតទៅទៀត ។ ចំណែកឯសូផាតវិញ លោកសួន បានរកការងារឲ្យធ្វើ ដោយធ្វើជាស្មៀននៅក្នុងហាងជំនួញមួយ ។ ជាចៃដន្យថ្ងៃមួយ សូផាត ភ្លេចចិញ្ចៀនកេររបស់ម្ដាយនៅក្នុងបន្ទប់ទឹក ពេលនោះត្រូវម៉ានយ៉ាន បងស្រីណារិន រើសយកទៅជួនលោកសួនដែលជាឪពុកចិញ្ចឹម ។ លោកសួន ស្គាល់ច្បាស់ពីចិញ្ចៀននោះ ទើបដឹងខ្លួនថាសូផាត គឺជាកូនប្រុសបង្កើតរបស់ខ្លួន តែលោកបានពិគ្រោះជាមួយប្រពន្ធ ហើយចង់លាក់រឿងនេះមិនឲ្យសូផាតដឹងឡើយ ។ តាំងពីថ្ងៃនោះមក លោកក៏បានរៀបចំកន្លែងរស់នៅឲ្យសូផាត ដូចជាអ្នករស់នៅក្នុងគ្រួសារទាំងមូល និងបានអនុញ្ញាតឲ្យសូផាត បរិភោគជាមួយក្រុមគ្រួសារ ហើយនិងឲ្យសូផាត រៀនសូត្របន្តទៀតផង ។ ចំណែកសូផាត វិញនៅតែមិនដឹងថាលោកសួន គឺជាឪពុករបស់ខ្លួននោះទេ ។ រីឯមនោសញ្ចេតនាស្នេហារបស់សូផាត និងម៉ាយ៉ាន កើតឡើងជារៀងរាល់ថ្ងៃ តែគេមិននិយាយប្រាប់គ្នាឡើយ ។
នៅផ្ទះជិតខាងសូផាតមាននារីម្នាក់ឈ្មោះ អ៊ូរី ក៏ស្រឡាញ់សូផាតដែរ ហើយនៅរាត្រីមួយនោះនាងអ៊ូរី បានចូលទៅក្នុងបន្ទប់សូផាត ដើម្បីនិយាយរឿង ស្នេហា តែសូផាតបានបដិសេធ នាងក៏ចុះចេញពីបន្ទប់សូផាតទៅវិញ ចៃដន្យពេលនោះ ម៉ានយ៉ានបាន ឃើញអ៊ូរី នៅក្នុងបន្ទប់សូផាត ធើ្វឲ្យនាងខឹងនឹងសូផាតហើយលែងនិយាយរក និងគេចមុខពីសូផាត ។
សូផាតយល់ថា ម៉ាយ៉ាន បានដឹងថាខ្លួនលួចស្រឡាញ់នាង ហើយដោយនាងមិនពេញចិត្តនឹងខ្លួនទើបនាងតោះតើយ ។ ពេលនោះសូផាត គិតថាខ្លួនមានកំហុស ក៏សម្រេចចិត្តរត់ចេញពីផ្ទះនោះដោយទុកសំបុត្រមួយច្បាប់ផង ។ ក្រោយពេលដឹងរឿងនោះលោកសួនបានចាត់ឲ្យគេដើររកសូផាតគ្រប់ទីកន្លែង ទីបំផុតគេរកឃើញខ្មោចលង់ទឹកមួយមើលមិនស្គាល់ គេក៏សន្និដ្ឋានថា សូផាត ស្លាប់ហើយធ្វើបុណ្យឲ្យសពនោះទៅ ។ នាងម៉ានយ៉ាន មានទុក្ខព្រួយយ៉ាងខ្លាំង ព្រោះគិតថាសូផាត សម្លាប់ខ្លួនដោយសារអាកប្បកិរិយាតោះតើយរបស់នាង ។
ពេលក្រោយមក មានយុវជនម្នាក់ទៀតឈ្មោះ សំណាង បានចូលមកស្ដីដណ្ដឹង ម៉ានយ៉ាន ពេលនោះលោកសួន បានសួរចិត្តនាងម្ដង ជាពីរដង នាងក៏មិនហ៊ានប្រកែកនឹងលោក បើទោះបីជានាងនៅនឹកសូផាត ហើយមិនដែលស្គាល់សំណាងនោះក៏ដោយ ។ លុះដល់ពេលជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍លោកសួន បាននាំគ្រួសារព្រមទាំង សំណាង ទៅលេងកម្សាន្តនៅផ្ទះមិត្តភក្តិម្នាក់ជាមេស្រុកឯបាត់ដំបង ។
ចំណែកឯ សូផាត ក្រោយពេលរត់ចេញពីផ្ទះលោកសួន គេបានទៅសុំជួយធ្វើការងារ និងរស់នៅជាមួយមេស្រុកនោះ ។ ថ្ងៃដែលលោកសួន ទៅលេងកម្សាន្តនៅទីនោះ សូផាត ក៏រត់គេចបាត់ មិនឲ្យជួបលោកសួន ឡើយ ក្រោយពេលដែលគេរៀបចំទទួលទានរួច ។ លោកសួន និងម៉ានយ៉ានមិនបានដឹងថាសូផាត រស់នៅទីនោះទេ ។ ក្រោយពេលបាយរួច ម៉ានយ៉ាន បានទៅកម្សាន្តក្រៅភូមិក្បែរគុម្ពឫស្សី ពេលនោះសំណាងទៅតាម ហើយមានបំណងថើបនាង នាងក៏ដើរចេញ ស្រាប់តែនាងបានឃើញសូផាតឈរនៅក្បែរជិតបង្កើយ នាងស្មានថាជាខ្មោច ក៏ស្រែកឡើង ហើយដួលសន្លប់ទៅ រីឯសូផាតក៏គេចខ្លួនទៅបាត់ ។ គេទាំងអស់គ្នាជឿថា ជាខ្មោចសូផាត មែនក៏បន់ស្រន់ រួចយកម៉ានយ៉ាន មកភ្នំពេញវិញ ។
ពេលម៉ានយ៉ាន បានធូរស្រាល គេក៏រៀបចំអាពាហ៍ពិពាហ៍របស់នាងជាមួយសំណាង។ ថ្ងៃរៀបការនាងម៉ានយ៉ាន ក៏គេចទៅលោតទឹកសម្លាប់ខ្លួនដោយសារតែនាងនៅនឹកដល់ សូផាត ។ ពេលនោះគ្រួសារលោកសួន មានទុក្ខព្រួយយ៉ាងខ្លាំង ដោយជឿថាម៉ានយ៉ានស្លាប់ តែនាងនៅមិនទាន់ស្លាប់ទេ ព្រោះបានអ្នកនេសាទម្នាក់ជួយស្រង់ ។ សូផាត បានជួបម៉ានយ៉ាន ព្រោះក្រោយពីរត់គេចពីមេស្រុកមកគេបានរស់នៅជាមួយសម្លាញ់ជាអ្នកនេសាទនោះ ។ អ្នកទាំងពីរបានសារភាព ស្នេហារៀងខ្លួន រួចព្រមរស់ជាមួយគ្នា តែដោយភ័យខ្លាច ក្រុមគ្រួសារសំណាងដឹង ពួកគេក៏ភៀសខ្លួនទៅនៅខេត្តស្វាយរៀង ។ លុះដល់ពេលរដូវធ្វើស្រែចម្ការ ប្ដីប្រពន្ធសូផាត ខ្វះប្រាក់ទិញស្រូវពូជ សូផាត ក៏សម្រេចចិត្ត មកភ្នំពេញលក់ចិញ្ចៀន យកប្រាក់ដោះស្រាយបញ្ហា ។ ពេលធ្វើដំណើរមកភ្នំពេញ សូផាតបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវគេបញ្ជូន មកមន្ទីរពេទ្យនៅភ្នំពេញ ។ ចំណែកម៉ាយ៉ាន នៅផ្ទះមានជម្ងឺ ក៏អញ្ជើញគ្រូពេទ្យមកព្យាបាល ចៃដន្យអីគ្រូពេទ្យេ ដឹងថានាងជាគូដណ្តឹងមិត្តភក្តិរបស់ខ្លួនឈ្មោះសំណាង គេក៏បញ្ជូននាងឲ្យមកព្យាបាលនៅភ្នំពេញ រួចឲ្យដំណឹងទៅមិត្តរបស់ខ្លួន ។
សំណាងបានទៅជួបម៉ានយ៉ាន នៅក្នុងមន្ទីរពេទ្យព្រមទាំងបានទាមទារសំណងបណ្ណាការមកវិញ រីឯសូផាត ដែលនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនោះដែរ ពេលបានឮសំឡេងប្រពន្ធរបស់ខ្លួន ក៏ចេញមករក ពេលនោះសូផាត និងសំណាងក៏មានជម្លោះនឹងគ្នាយ៉ាងខ្លាំង ។ បញ្ហាទាំងអស់នេះបានដោះស្រាយ នៅពេលលោកសួនមកដល់ ។ លោកបានបំភ្លឺការពិតឲ្យសូផាតដឹង រួចធានាសងបណ្ណាការគ្រួសារសំណាងវិញ ។ គេបានរៀបអាពាហ៍ពិពាហ៍ឲ្យសូផាត និងម៉ានយ៉ាន យ៉ាងគគ្រឹកគគ្រេង ។