2019-04-29 14:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
រឿងសង្ខេប
ដំណាលពីមហាក្សត្រខ្មែរនាមព្រះអាទិត្យវង្សាបានគ្រប់គ្រងទឹកដីកម្ពុជាល្បីរន្ទឺសុសសាយដល់ប្រទេសជិតខាង ។ ព្រះអង្គបានគ្រប់គ្រងអស់រយៈពេលជាង១២ឆ្នាំហើយព្រមទាំងមានមហេសីដ៏ស្រស់ស្អាតមួយព្រះនាមនាគី ។ ព្រះនាងក៏ប្រសូតបានបុត្រា ហើយដាក់ព្រះនាមថាបទុមសូរ្យវង្ស តែងតាំងជាមហាឧបរាជនាខេត្តគងពិសី ។ ក្រោយមកព្រះរាជនីនាគីប្រសូតបានបុត្រមួយទៀត ។ ជាអកុសលកូននោះកើតមកជាស៊ុត ព្រះនាងក៏បោះស៊ុតនោះចោលក្នុងទឹក ។ ស៊ុតនោះត្រូវបានតាគង់អ្នកស្រុកសៀមបររទេះកាត់ទីនោះឃើញក៏រើសយកទៅចិញ្ចឹម ។ ស៊ុតនោះបានញាស់ចេញជាក្មេងប្រុស ហើយគាត់ក៏ដាក់ឈ្មោះឲ្យថា នាយរោង ។
ថ្លែងពីសុវណ្ណាជាសេដ្ឋីមានស្តុកស្តម្ភនៅភូមិជ័យគ្រាម មានប្រពន្ធឈ្មោះរត្ថរង្សី បង្កើតបានបុត្រដ៏ខ្លាំងពូកែឈ្មោះសុវណ្ណរង្សី ។ សេដ្ឋីនោះមានបំណងចង់ឲ្យកូនរៀនសិល្ប៍សាស្ត្រជាមួយគ្រូភ្នំតាមោឃ ដែលជាគ្រូរៀនចេះវិជ្ជាបានជ្រៅជ្រះម្នាក់ ។ គ្រូនោះពុំចង់ទទួលយកសិស្សទេ ដោយសារតែសិស្សពីររបស់គាត់លើកមុនយកវិជ្ជាទៅប្រព្រឹត្តខុស គឺមួយទៅក្លែងបន្លំជាព្រះសមណគោតម ហើយមួយទៀតក្លាយជាមហាតលិក ។ គ្រូនោះក៏ទៅកំចាត់សិស្សមួយមុនចោល ។ ប៉ុន្តែដោយពេញចិត្តនឹងលក្ខណៈសម្បត្តិរបស់សុវណ្ណរង្សី លោកគ្រូក៏ព្រមទទួលជាសិស្ស ។ សុវណ្ណរង្សីជាសិស្សឧស្សាហ៍ក្នុងការសិក្សា លោកបានបង្រៀនអស់រយៈ៦ឆ្នាំរួមទាំងវិជ្ជាសណ្តំ ជ្រែកទឹកជ្រែកដី ហើយអប់រំទូន្មានសព្វគ្រប់ពីតំណមផ្សេងៗទាក់ទងនឹងការរស់នៅនិងការរៀបចំខ្លួនជាមន្រ្តី ។ រៀនចប់កាលណា សុវណ្ណាសេដ្ឋីក៏យកកូនរបស់ខ្លួនទៅគាល់ព្រះបទុមសូរ្យវង្ស ។ ឧបរាជនិងមន្រ្តីទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំណេះវិជ្ជារបស់ចៅរង្សី រួចក៏តែងតាំងអ្នកកំលោះនោះធ្វើជាមន្ត្រី ។
សុវណ្ណរង្សីបានឮដំណឹងតាមនាយសំពៅថា នៅស្រុកសៀមមានស្រីម្នាក់ស្អាតណាស់ ស្អាតលើសអស់ស្រីនានានៅអយុធ្យានិងនៅស្រុកខ្មែរ ។ នាងឈ្មោះមហាយីការជាបុត្រីក្រុមវាំងណា ឧបរាជនគរអយុធ្យា និងជាស្នំរបស់ព្រះចៅសុរិយា ស្តេចនៃនគរអយធ្យា ។ ពីមួយថ្ងៃទៅមួយថ្ងៃបុរសដែលកំពុងជ្រួលជ្រើមនឹងកាមតណ្ហានេះ ចេះតែស្រមៃគិតពីរូបនាងនោះ ដោយមិនហូបបាយ មិនធ្វើការអ្វីទាំងអស់ ។ ព្រះបទុមសូរ្យវង្សមានព្រះទ័យឆ្ងល់ចំពោះចៅរង្សី ហើយក៏សាកសួរទៅបានដឹងរឿងរ៉ាវអស់ រួចទ្រង់បានបញ្ជាឲ្យចៅរង្សីទៅយកនាងចុះ ។
នៅតាមផ្លូវ សុវណ្ណរង្សីបានឆ្លងកាត់ភូមិផ្សារក្រោម ក៏សុំស្នាក់នៅទះរបស់តាស្នងរត្ថ និងយាយឆាយ ។ ពួកគាត់មានកូនដែលមានរូបឆោមល្អឈ្មោះ មូលីច្ចាន់ ។ តាស្នងរត្ថបានលើកនាងមូលីច្ចាន់ឲ្យធ្វើជាប្រពន្ធសុវណ្ណរង្សីក្នុងពេលនោះទៅ ។ ថ្ងៃក្រោយមក ស្នងរត្ថបានហៅចៅរង្សីឲ្យទៅស្តាប់លោកទេសនារួចក៏ធ្វើដំណើរទៅផ្សារ បាននាំឲ្យប្រជាជនផ្អើលនឹងអ្នកមកថ្មីនេះ ។ គ្រួសារតាស្នងរត្ថបាននាំគ្នារត់គេចចេញពីបណ្តាជន សុវណ្ណរង្សីបានទៅជួបនឹងកូនស្រីផ្ទះលក់ចាប់ហួយម្នាក់ឈ្មោះថា ស៊ុនអេង ។ ពួកគេទាំងពីរនាក់និយាយត្រូវគ្នាក៏បានរួមដំណេកជាមួយគ្នា ។ ក្រោយមកសុវណ្ណរង្សីបានមកជួបនឹងចែការនិងតានសា ជាឪពុកម្តាយនាងស៊ុនអេង ហើយពួកគាត់សុខចិត្តលើកនាងធ្វើជាប្រពន្ធរបស់ចៅរង្សីមួយទៀត ។ គ្រួសារនាងមូលីច្ចាន់ក៏មិនជំទាស់ ថែមទាំងតាស្នងរត្ថជួយនាំផ្លូវសុវណ្ណរង្សីទៅកាន់ក្រុងអយុធ្យា ។ នៅតាមផ្លូវសុវណ្ណរង្សីឆ្លងកាត់វត្តនិងជួបស្រីលាវម្នាក់ ។ ពេលទៅដល់គោលដៅ សុវណ្ណរង្សីបានឆ្លៀតឱកាសប្រើវិជ្ជាសណ្តំសេនាការពារនាងយីកា រួចចូលទៅនិយាយលួងលោមនាង ហើយចង់រួមរឹតជាមួយនាង តែត្រូវនាងបណ្តេញចេញវិញ ម្យ៉ាងទៀតថ្ងៃនោះជាថ្ងៃសីល ត្រូវនឹងបណ្តាំគ្រូមិនឲ្យសេពមេថុនធម្មផង ទើបសុវណ្ណរង្សីសុខចិត្តចុះចេញទៅ ។ លើកក្រោយសុវណ្ណរង្សីមកម្តងទៀតក៏នាំនាងយីកាយកទៅជាមួយ ធ្វើឲ្យស្តេចអយុធ្យាខឹងសម្បាជាខ្លាំងក៏បញ្ជាទ័ពឲ្យដេញតាមគូកំណាន់ទាំងពីរនោះតែសុវណ្ណរង្សីលុបដានជើងសេះ រួចនាំនាងយីកានិងប្រពន្ធពីរនាក់ទៀតយកទៅផ្ទះរបស់ខ្លួន និងរស់នៅដោយសុខសាន្តជាមួយគ្នាទៅ ។
មិនយូរប៉ុន្មាន ស្រាប់តែមានសារពីប្រទេសចិនថា តៃម៉េង ជាស្តេចចិនត្រូវបាន តោស៊ុន ជាឧបរាជលើកទ័ពបះបោរចង់ដណ្តើមរាជ្យសម្បត្តិ ។ ស្តេចចិននេះបានទៅពឹងពាក់ទាំងយួននិងខ្មែរឲ្យជួយ ។ ព្រះបទុមសូរ្យវង្សក៏លើកទ័ពទៅជាមួយសុវណ្ណរង្សីដើម្បីជួយស្តេចចិន ។ ទាំងទ័ពចិន ទ័ពយួន និងទ័ពខ្មែរសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់សុវណ្ណរង្សីទំាំងអស់ ។ ការធ្វើសង្រ្គាមប្រព្រឹត្តទៅរយៈពេលដ៏យូរ ជួនទ័ពខាងខ្មែរមានប្រៀប ជួនទ័ពខាងសត្រូវមានប្រៀប តែដោយមេទ័ពសុវណ្ណរង្សីបានរៀនចេះពីវិធីសឹក និងមានវិជ្ជាសិល្ប៍ពូកែផង ក៏ដឹកនាំទ័ពខ្លួនបង្រ្កាបជនបះបោរចិនបានជោគជ័យ ។
និយាយពីនៅស្រុកខ្មែរវិញ ឆ្លៀតពេលដែលសុវណ្ណរង្សីមិននៅ ស្តេចសៀមក៏លើកទ័ពវាយឆ្មក់នគរខ្មែរដណ្តើមយកអ្នកម្នាងរបស់ព្រះបទុមសូរ្យវង្សនិងភរិយាទាំងបីរបស់សុវណ្ណរង្សីទៅស្រុកសៀមបាត់ ។ ទទួលដំណឹងភ្លាម សុវណ្ណរង្សីក៏ទៅតាមរកប្រពន្ធរបស់ខ្លួនដល់ក្រុងអយុធ្យា រួចត្រៀមទ័ពទប់ទល់ជាមួយសៀម ។ ពេលទៅដល់វាំងសៀម បានពួកក្រុមវាំងណាជួយសុវណ្ណរង្សីរកឃើញប្រពន្ធទាំងបីរបស់ខ្លួន ហើយក៏ប្រើវិជ្ជាសណ្តំសេនានាំគ្នារត់ចេញមក ។ ពេលដែលព្រះចៅសុរិយាដឹងព្រះកាយវិញ ដឹងថាគេរំដោះយកប្រពន្ធសុវណ្ណរង្សីយកទៅវិញ ទ្រង់មានព្រះទ័យខ្ញាល់ជាខ្លាំង ក៏បានដឹកនាំទ័ពដោយផ្ទាល់ទៅវាយលុកទឹកដីកម្ពុជា ។ សុវណ្ណរង្សីក៏បានទុកទ័ពបង្កប់តាមផ្លូវ តែទ័ពសៀមចេះតែវាយបែក ។ ពេលសៀមលើកទ័ពមកដល់ទឹកដីខ្មែរ មេទ័ពដ៏ខ្លាំងពូកែរបស់ខ្មែរនេះបានបំបាំងកាយទ័ពខ្លួនហើយវាយទៅលើពួកសៀម ។ យូរៗទៅទ័ពសៀមក៏ចុះទន់ខ្សោយហើយខ្មែរក៏បានទទួលជ័យជំនះ។ ស្តេចសៀមក៏បាក់បបខ្លបខ្លាចអំណាចស្តេចខ្មែរ ហើយសន្យាថ្វាយសួយសាអាកររៀងរាល់ឆ្នាំ ។ ចាប់ពីពេលនេះមកព្រះរាជាបានឲ្យគេកសាងដំណាក់ឲ្យសុវណ្ណរង្សី ហើយក៏ប្រទានងារថាជា “តេជោដាំដែនឌិន” ឬ “តេជោដំឌិន” ។
នៅឯស្រុកសៀមឯណោះ នេនរោងដែលកើតមកជាស៊ុត បានទៅបួសក្នុងវត្ត និងបានរៀនមន្តវិជ្ជាការផ្សេងៗរហូតដល់មានមាត់ទិព្វ ។ លោកបានដាក់ទឹកក្នុងជាលភ្នែកក្រួចយកទៅថ្វាយស្តេចខ្មែរ។ ព្រះបទុមសូរ្យវង្សជាស្តេចខ្មែរមានការភ័យខ្លាចនឹងអ្នកមានបុណ្យនេះក៍បញ្ជាឲ្យតេជាដំាដែនឌិនទៅសម្លាប់នេនរោងចោល ។ តេជោដំាដែនឌិនក៏ជ្រែកដីទៅកាន់វត្តដែលនេនរោងគង់នៅ ស្រាប់តែនាងរោងភ្លាត់មាត់និយាយថាឲ្យតេជោដំឌិននៅនឹងសិន ទើបតេជោរបស់យើងក្លាយទៅជាថ្មក្នុងពេលនោះទៅ ។
នេះជារឿងសោនាដកម្មយ៉ាងខ្លាំងសម្រាប់ប្រទេសខ្មែរ ហើយប្រពន្ធសុវណ្ណរង្សីក៏ពិបាកចិត្តយ៉ាងខ្លាំងដែរ ។ នេនរោងខំនិយាយឲ្យតេជោដំឌិនរស់ឡើងវិញយ៉ាងណាក៏មិនបានការព្រោះកាំបិតចិតដងឯងមិនបាន ។