Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

កាលពីព្រេងនាយ មានមនុស្សពីរនាក់នៅផ្ទះជិតគ្នា ។ ថៃ្ងមួយចៅទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ ។ បបួលគ្នាហើយ ដល់ថៃ្ងរសៀលគងភ្នំក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជ្រៅជាកនែ្លងដាក់អន្ទាក់ ម្នាក់ថា “ខ្ញុំនឹងដាក់នៅលើគល់ឈើនេះត្បិតឈើនេះមានផែ្ល ពេលយប់សត្វចំណាំតែមកស៊ីផែ្លឈើនេះ”​ ។ ម្នាក់ទៀតឆ្លើយថា “ខ្ញុំក៏ចង់ដាក់នៅកនែ្លងនឹងដែរ ប៉ុនែ្តឥទ្បូវនេះបើអ្នកដាក់នៅលើគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល​ ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង”​​ ។

និយាយគ្នាហើយម្នាក់ដាក់ នៅគល់ឈើ ម្នាក់ឡើងដាក់នៅចុងឈើ រូចស្រេចក៏វិលមកផ្ទះវិញរៀងខ្លួន ។ ឯអ្នកដាក់អន្ទាក់ដាក់នៅចុងឈើនោះ លុះមកដល់ផ្ទះហើយគិតគ្នាពីរនាក់ប្រពន្ធប្តីថា “តាំងពីដូនតាមក” មិនដែលមានអ្នកឯណាដាក់អន្ទាក់នៅលើចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅដីទេ ។ ឥទ្បូវនេះអញដាក់អន្ទាក់ នៅលើចុងឈើតើធ្វើមេចនឺងបានសត្វ? ដូចេ្នះអញត្រូវរភ្ញាក់ពីពេលមាន់រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឺងអន្ទាក់អញឯចុងឈើ ។ ដល់ព្រឹកអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោកសុភាសេក ។ បើវាមិនសុខចិត្តយ៉ាងណា មុខជាកើតកី្តដល់សុភាសេកមិនខាន ។ សុភាសេកមុខជាកាត់ក្តីឲ្យវាចាញ់អញជាប្រាកដ ។

ប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មាន់រងាវក៏ភ្ញាក់ពីដំណេក លុបមុខ ស៊ីស្លាហើយក៏ចេញពីផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅលើដីជាប់ក្តាន់មួយក៏ដោះឡើងយកទៅចងនឺងអន្ទាក់របស់ខ្លួនរួចតំឡើងងអន្ទាក់នៅដីដូចដើម រួចក៏ប្រញាប់ វិលមកផ្ទះវិញ ។ លុះព្រឹកឡើងស្រាងៗ ម្នាក់ដែលដាក់អន្ទាក់នៅដីក៏ស្រែកហៅឲ្យទៅមើលអន្ទាក់ ហើយម្នាក់ទៀតឆ្លើយ “កុំរលេះរលាំងថ្វី អន្ទាក់ខ្ញុំមិនសង្ឈឹមទេ ត្បិតនៅលើចុងឈើ ក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថា ។ បើបានចែកគ្នាស៊ីផង” ។ ពាក្យនេះជាពាក្យចំអកឲ្យគ្នាត្បិតដឺងការណ៏ ។ អ្នកទាំងពីរនិយាយហើយ ចុះពីផ្ទះដើរចេញទៅ លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅលើដី ឃើញជាប់តែនៅលើចុងឈើវិញ។ ចៅដែលជាម្ចាស់អន្ទាក់នៅលើចុងឈើថា”ន! មើលចុះមិនជឿខ្ញុំថាកុំឲ្យដាក់នៅគល់ ឲ្យដាក់នៅចុង ឥទ្បូវមើលរបស់អ្នកណាជាប់ទេ?” ហើយឡើងទៅដោះយកចុះមកនាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នា ទៅផ្ទះដោយខ្លួនទៅ ។

ឯចៅដែលបានក្តាន់ក៏ប្រញាប់យកមកជូនសុភាសេក ហើយជំរាបថា ”ខ្ញុំហើយនឹង ចៅមួយនោះទៅដាក់អន្ទាក់ផងគ្នា។ ខ្ញុំដាក់នៅឯចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ។ ខ្ញុំនេះជាមនុស្សវៀចក្តី គង់តែមកដល់លោក ។ ដូចេ្នះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថៃ្ងមុខ” ។ សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថា “ឯងទៅរកស្លាម្លូមកឲ្យឆាប់ ឲ្យទាន់ព្រឹកនេះ បើវាមកប្តឹងអញ អញបង្គាប់វាអព្ចឹាងដែរ ។ បើវាមកមិនទាន់ អញនឹងកាត់សេចក្តីឲ្យវាចាញ់បានងាយ ។ ឯងប្រញាប់ទៅចុះ”។ ឯអ្នកដាក់អន្ទាក់នៅគល់ឈើ លុះវិលមកផ្ទះហើយដង្អើមតូច ដង្អើមធំមិនសុខចិត្ត ក៏យកសេចក្តីទៅប្តឹង សុភាសេក ៗក៏បង្គាប់សេចក្តីដូចចៅមុន ។

លុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅឯចុងឈើក៏យកឥវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅដីដោយខ្លួនជាអ្នកក្រលំបាក តោកយ៉ាក ក៏ដើរទៅរកទិញឥវ៉ាន់ពុំបានទាន់ ភ័យក្រែងខ្លួនចាញ់គេ ហើញគេចាប់ទោស​ផងក៏រត់ពី​ភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយ រួចសុភាទន្សាយសួរថា «មានដំណើរអីបានជារត់ដូចេ្នះ? ឈប់សិន» ។ ចៅនោះឆ្លើយថា «លោកអើយអាណិតដោះទុក្ខខ្ញុំផង ត្បិតខ្ញុំនិងសម្លាញ់ម្នាក់ទៀតទៅដាក់​អន្ទាក់ផងគ្នា។ ខ្ញុំដាក់នៅគល់ឈើ គេដាក់នៅចុងឈើ ព្រឹកឡើងទៅ ពុំឃើញនៅដីជាប់សត្វ ឃើញអន្ទាក់ចុងឈើជាប់ក្តាន់មួយ។ ខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេក។ សុភាសេកគេថា«អ្នកណាដើរទៅរកឥវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះ»។

ហេតុនេះបានជាខ្ញុំភ័យឥទ្បូវ គេទៅដល់មុនហើយដូចេ្នះ តាមតែលោកអាណិតផង។ សុភាទន្សាយឆ្លើយថា «ណ្អើយ! កុំភ័យចាំថៃ្ងរសៀលនាំទៅ» ។ ចៅនោះក៏អរ។ លុះថៃ្ងរសៀលសុភាទន្សាយនាំទៅដល់ផ្ទះសុភាសេកៗស្រែក សួរមកថា «ដូចមេ្តចក៏យូរមេ្លះ? សេចក្តីចាញ់គេហើយ»។ សុភាទន្សាយឆ្លើយថា «យើងបានជាយូរ នេះពីព្រោះអាល័យតែចាំមើលត្រីក្រាញហើរឡើងស៊ីស្លឹកអំពិល»។

សុភាសេកសួថា «ពីជីដូនជីតា មកគ្មាននណារដែលឃើញដែលលឺថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេ»។ សុភាទន្សាយឆ្លើយថា «ពីជីដូន ជីតា ពីម៉ែឪបង្កើតមក នរណាដែលឃើញដែលលឺថា អន្ទាក់នៅដីមិនជាប់សត្វ ទៅជាប់អន្ទាក់នៅចុងឈើវិញ ហើយសត្វជើងបួនផងដែលលឺទេ? អស់អ្នកស្រុក!» ខណៈនោះសុភាសេកនៅស្ងៀមពុំហ៊ានស្តីតបឡើយ។ សុភាទន្សាយក៏កាត់សេចក្តីអោយចៅដែលដាក់អន្ទាក់នៅដីឈ្នះ ។ ឯសុភាសេកដែលអង្គុយធើ្វសុភា នោះក៏ខ្មាស់គេដោយសារ​ ខ្លួនល្មោភជំនូនសាច់ក្តាន់ក៏ស្ងៀម បែរមុខផ្ទុបទៅនឹងជព្ចាំងដូច ឆ្មារលបកណ្តុរ។

 

ប្រភព៖ Mydoc4U



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login