ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អនុស្សាវរីយ៍រវាងនាងនិងបុរសម្នាក់នេះក្នុងសហករណ៍ជាមួយគ្នា បានបណ្ដាលអោយនាងលង់ខ្លួនស្រលាញ់គាត់ដោយមិនដឹងខ្លួន។ គឺមិនដឹងខ្លួនថានាងស្រលាញ់គាត់តាំងពីពេលណា។ នាងមិនដឹងថា នាងបានស្រលាញ់គាត់ដោយសារតែអ្វីផង។ គាត់សង្ហារ? គាត់ជាមនុស្សល្អ? រឺមកពីគាត់ជាមនុស្សមានការយល់ដឹងច្រើន?។ តែនាងដឹងថា នាងស្រលាញ់គាត់។ សេចក្ដីស្រលាញ់តែមួយ វាបានបិទបាំងរូបគាត់ជិត មិនអោយនាងមើលឃើញអ្វីទាំងអស់ផ្សេងពីនេះ… មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងធ្វើអោយបញ្ញារបស់នាងលែងដំណើរការតទៅទៀត។
គំនាបប្រពៃណីខ្មែរបានកៀបរិតនាងជាប់ មិនអនុញ្ញាតអោយនាងសំដែងសេចក្តីស្រលាញ់របស់នាងចំពោះបុរសម្នាក់នេះបានឡើយ។ សង្គមក្អែកខ្មៅ ស្នេហាជាទង្វើខុសសីលធម៌ ជាកំអែលសក្តិភូមិ ជាទង្វើអាវាសែ។ តែគំនាបនេះ មិនអាចហាមឃាត់ចិត្តនាងមិនអោយលួចស្រលាញ់គាត់បានឡើយ។
អ្វីដែលបុរសម្នាក់នេះបានធ្វើទៅលើរូបនាង បានធ្វើអោយនាងស្មានដោយព្រាវៗថាគាត់ប្រហែលជាស្រលាញ់នាង។ តែជួនកាលនាងគិតថា គាត់ប្រហែលជាមិនស្រលាញ់នាងទេ គេមិនដែលនិយាយថាស្រលាញ់នាងផង គេប្រហែលជាគ្រាន់តែរាប់អាននាងធម្មតាតែប៉ុណ្ណោះ។
សហករណ៍រលាយ បុរសម្នាក់នេះក៏ត្រូវវិលទៅស្រុករបស់គេវិញដែរ។ នៅពេលដែលគាត់ចាកចេញទៅ នាងចង់និយាយអ្វីម្យ៉ាងប្រាប់ដល់គាត់ តែនាងមិនអាចនិយាយចេញបាន បានត្រឹមតែលួចមើលពីចំងាយ។ តួឯកក្នុងប្រលោមលោក គេសន្យាដល់នារីកំពូលស្នេហ៍របស់គេនៅពេលដែលបែកគ្នា ថាគេនឹងវិលវិញ វិលមករកនារីរបស់គេតាមពាក្យសន្យា.. មួយឆ្នាំ ពីរឆ្នាំ បីឆ្នាំ …។ តែបុរសកំពូលស្នេហ៍របស់នាងបានចាកចេញទៅដោយគ្មានបន្សល់ពាក្យសន្យាអ្វីមួយម៉ាត់ ។ តែនោះវាមិនមែនជាកំហុសរបស់គាត់ទេ។ គាត់មិនដែលនិយាយថាស្រលាញ់នាងផង ហើយនាងក៏មិនដែលនិយាយថាស្រលាញ់គាត់ដែរ។ ស្នេហានោះវាឋិតនៅជាអាថ៌កំបាំងក្នុងចិត្តនាង ដែលមានតែនាងតែម្នាក់ប៉ុណ្ណោះដែលបានដឹង ហើយប្រហែលនាងលួចស្រលាញ់គាត់តែម្នាក់ឯងផងក៏មិនដឹង។
ទោះបីជាមិនដឹងថា គាត់នឹងវិលមកវិញឬក៏អត់ក៏ដោយ នាងនៅតែរង់ចាំគាត់ រង់ចាំថ្ងៃដែលគាត់មកស្ដីដណ្ដឹងនាងតាមប្រពៃណី។ រង់ចាំថ្ងៃនោះ ទោះគ្មានសង្ឃឹមនិងមានសង្ឃឹម។ រង់ចាំថ្ងៃនោះទោះគ្មានពាក្យសន្យា៕
រ៉ែន, ០៨ មិនា ២០១០
ដោយ វិចិត្រ
ប្រភព៖ svichet