2020-10-05 10:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កត្តា5យ៉ាងដែលនាំឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត
សាស្ត្រាចារ្យវេជ្ជបណ្ឌិតយឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកជំងឺផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្តមាន៥កត្តាដូចជា៖
១-កត្តាបរិយាកាស និងសង្គម
-ការបាត់បង់ឪពុក ឬម្តាយក្នុងវ័យកុមារ ។
-ការរំលោភបំពានផ្លូវកាយឬផ្លូវភេទពីវ័យកុមារ ។
-ការចិញ្ចឹមបីបាច់ពីឪពុកម្តាយមិនបានល្អ ។
-មានប្រវត្តិប៉ះទង្គិចផ្លូវចិត្ត ។
-ទទួលការតានតឹងក្នុងចិត្តខ្លាំងនិងរុំារ៉ៃ ។
-មានប្រវត្តិជំងឺធ្លាក់ទឹកចិត្ត ។
-ការថយចុះ ឬការបាត់បង់ការគាំទ្រពីសង្គម ។
២-កត្តាជីវសាស្ត្រ និងសរីរាង្គ
-មានការឈឺចាប់រ៉ាំរ៉ៃ ។
-មានជំងឺផ្លូវកាយរ៉ាំរ៉ៃមួយចំនួន ជំងឺចាស់វង្វេង ជំងឺស្លាប់មួយចំហៀងខ្លួន ជំងឺបេះដូង ជំងឺមហារីក ជំងឺទឹកនោមផ្អែម ។
-ស្ត្រីពេលមានរដូវ ឬមានគភ៌ ឬក្រោយពេលសម្រាល(ជាពិសេសស្ត្រីកូនដំបូង) ។
៣-កត្តាពន្ធុ
-ការសិក្សាលើកូនភ្លោះភេទដូចបង្ហាញថា បើកូនម្នាក់មានជំងឺធ្លាក់ទឹកចិត្ត នោះម្នាក់ទៀតអាចនឹងមានជំងឺធ្លាក់ទឹកចិត្តពី៤០ទៅ៥០ភាគរយ ។
៤-កត្តាបុគ្គលិកលក្ខណៈ
-បុគ្គលមួយចំនួមានទំនោរទៅរកជំងឺធ្លាក់ទឹកចិត្ត ឬជំងឺផ្លូវចិត្តផ្សេងទៀតពីកំណើត ។
៥-កត្តាគីមីសាស្ត្រពីខាងក្រៅ និងក្នុងខួរក្បាល ។
-ការប្រើប្រាស់សារធាតុញៀន និងគ្រឿងស្រវឹង ។
-ឱសថព្យាបាលរោគមួយចំនួន ។
-បម្រែបម្រួលគីមីក្នុងខួរក្បាលមួយចំនួន សេរ៉ូនីន ណរអេពីណេហ្វ្រុីន ដូប៉ាមីន ជាដើម ។
តើធ្វើដូចម្តេចដើម្បីដឹងថាលោកអ្នកមានជំងឺធ្លាក់ទឹកចិត្ត ? ជំងឺធ្លាក់ទឹកចិត្តមានលក្ខណៈស្តែងឡើងដោយអារម្មណ៍ក្រៀមក្រំចិត្តជាប់ជាប្រចាំ និងបាត់បង់ចំណាប់អារម្មណ៍ក្នុងស្ថានភាព ផ្សេងៗ ដែលធ្លាប់តែចូលចិត្តពីមុន ហើយវារួមមានទាំងការបាត់បង់នូវសមត្ថភាពក្នុងការបំពេញការងារ ក្នុងសកម្មភាព ផ្សេងៗយ៉ាងហោចណាស់មានរយៈពេលពីរសប្តាហ៍ ។ សាស្ត្រាចារ្យវេជ្ជបណ្ឌិតយឹម សុបុត្រា ឱ្យដឹងថា លោកអ្នកអាចកត់សម្គាល់់ថា លោកអ្នកកើតមានជំងឺធ្លាក់ទឹកចិត្តតាមរោគសញ្ញាមួយចំនួន៣យ៉ាង៖
១-ការផ្លាស់ប្តូរអារម្មណ៍
-មានអារម្មណ៍ឯកោ ។
-មានអារម្មណ៍ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តស្ទើរតែរាល់ថ្ងៃ ។
-បាត់បង់ការចាប់អារម្មណ៍និងភាពសប្បាយស្ទើរតែគ្រប់សកម្មភាពក្នុងជីវិតរស់នៅ ។
-មានអារម្មណ៍បរាជ័យគ្រប់សកម្មភាព ។ ស្តីបន្ទោសខ្លួនឯង ឬដាក់ទណ្ខកម្មលើខ្លួនឯង ។
-អសមត្ថភាព ឬថមថយក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាប្រចាំថ្ងៃ ។
-គ្មានទំនុកចិត្តលើខ្លួនឯង ។
-មានគំនិតមិនចង់រស់ ឬធ្លាប់ធ្វើអត្តឃាតម្តង ឬច្រើនដងរួចមកហើយ ។
-មានគំនិតមនុស្សឃាត ។
២-អាការមានលើរាងកាយ
-វិបត្តិដំណេក(ភ្ញាក់ពីព្រឹកពេក) ។
-ញ៉ាំពុំបាន ស្រកទម្ងន់ ឬញ៉ាំច្រើនឡើងទម្ងន់ ។
-ចលនា យឺតៗ ឬមានភាពឡេះឡះ ។
-បាត់បង់ចំណង់ផ្លូវភេទ ។
-អស់កម្លាំងល្ហិតល្ហៃស្ទើរគ្រប់ពេលវេលា ។
-ទល់លាមក រដូវមិនទៀង(ស្ត្រី) ។
៣-ការផ្លាល់ប្តូរតួនាទីមុខងារក្នុងសង្គម
-ដកខ្លួនចេញពីសង្គម ។
-ថយចុះមុខងារថែរក្សាខ្លួន និងអសមត្ថភាពថែរក្សាអ្នកដទៃ ។
-អសមត្ថភាពបំពេញការងារ ការសម្រេចចិត្ត និងធ្លាក់ចុះការចង់ដឹងហេតុផល ។
បើសិនជាលោកអ្នកមានអាការដូចដែលបានរៀបរាប់ខាងលើនេះ សូមគិតទៅដល់ជំងឺធ្លាក់ទឹកចិត្ត ហើយត្រូវស្វែងរកដៃគូពិភាក្សា មិនត្រូវលាក់ទុកក្នុងចិត្តយូរពេលនោះទេ ពិសេសគួរតែស្វែងរកអ្នកជំនាញដើម្បីព្យាបាលទើបជាការប្រសើរ ៕