ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ព្រះអាទិត្យហៀបអស្តង្គត ជាវេលាដែលភ្ញាក់ដឹងខ្លួន
សុរិយាហៀបអស្តង្គត ព្រះអាទិត្យហៀបលេច ថ្ងៃបាក់រសៀល ទាំងនេះគឺជាឃ្លាដែលគេនិយាយជាទូទៅសម្រាប់សម្គាល់នូវ ពេលវេលាដែលព្រះអាទិត្យជិតនឹងអស់អត្ថិភាព សម្រាប់ថ្ងៃនេះ ឬថ្ងៃណាមួយយ៉ាងជាក់លាក់ ហើយក៏បញ្ជាក់ប្រាប់ថាពេលងងឹតក៏ជិតឈានចូលមកដល់ហើយ។ ពេលវេលាមួយថ្ងៃរបស់យើង ជិតនិងកន្លងផុតទៅហើយ វាមិននៅឈប់ឈរបន្តិចសោះឡើយ ពេលវេលាថ្មីមួយទៀតដែលបានត្រៀមនឹងលេចឡើងរួចជាស្រេចដើម្បីផ្លាស់វេន។ មានទីកន្លែង ជាច្រើននៅក្នុងប្រទេសរបស់យើង ដែលយើងអាចសំឡឹងមើលឃើញទិដ្ឋភាពព្រះអាទិត្យហៀបលេចបាន បើមិនបានពេញលេញ ក៏បានផ្នែកខ្លះដែរ កន្លែងសាកសមបំផុតនោះគឺ ទីទួលខ្ពស់ៗ និងទីវាល។ កាលដែលយើងសំឡឹងមើល ទៅនាឡិកាព្យួរជញ្ជាំង ឬមួយនាឡិកាដៃ ទ្រនិចរបស់វានោះគឺកំពុងតែវិលតិចៗមួយៗរកទីបំផុតចុងក្រោយមិនមាន។ នៅពេលល្ងាចនេះ បើទោះជាព្រះអាទិត្យហៀប នឹងអស់រស្មីពីផែនដីក៏ពិតមែន ក៏នាទីនៃដំណើរទៅមុខរបស់ពេលវេលា ឥតអស់ថាមពលទៅតាមពន្លឺព្រះអាទិត្យឡើយ។ ព្រះអាទិត្យហៀបនឹងអស្តង្គត គឺនៅពេលណាដែលវាធ្វើដំណើរ ទៅដល់ទាប់នឹងទិសខាងលិច នៅក្នុងរយៈពេលមួយថ្ងៃយើងអាចមានពេល ទទួលអត្ថិភាពពន្លឺព្រះអាទិត្យ ពី១០-១២ម៉ោងតែប៉ុណ្ណោះ។ ទីក្រុងជនបទ ស្រែឬចំការ ក្មេង ចាស់ប្រុសស្រី ពួកគាត់ ស្គាល់ព្រះអាទិត្យហៀបលិចគ្រប់ៗគ្នា នៅពេលណាដែលយើងនិយាយ ឃ្លា”ព្រះអាទិត្យហៀបលេច” ទៅកាន់ពួកគេ។ តើពេលដែលព្រះអាទិត្យមានអត្ថិភាព យើងបានធ្វើអ្វីខ្លះ ? តើទិដ្ឋភាពព្រះអាទិត្យហៀបលេច វាគ្រាន់តែជាការបញ្ជាក់ពីព្រះអាទិត្យហៀបលេច តែប៉ុណ្ណឹងឬមួយយ៉ាងណា?
ព្រះអាទិត្យហៀបនឹងអស្តង្គត គឺមានតែម្តងប៉ុណ្ណោះក្នុង១ថ្ងៃ ប៉ុន្តែវាមានន័យប្លែកៗ ទៅតាមក្រុមមនុស្សផ្សេងៗ។ សម្រាប់កសិករនារដូវធ្វើស្រែចំការ ព្រះអាទិត្យហៀបនឹងអស្តង្គត វាគឺជាសញ្ញាប្រាប់ដល់កសិករ ថាវេលានេះជាកាលដែលពួកគាត់ប្រញាប់ប្រញាល់ឲ្យឆាប់រួចរាល់កិច្ចការដើម្បី និងបានឡើងត្រឡប់ទៅផ្ទះ ព្រោះថាយប់ក៏ជិតចូលមកដល់ទៅហើយ កសិករមិនអាចធ្វើនូវកិច្ចការងារស្រែចំការទាំងថ្ងៃផង និងយប់ផងបាននោះទេ គឺត្រូវតែមានពេលដែលសម្រាប់ធ្វើ និងពេលសម្រាប់ឈប់សម្រាក់។ រីឯប្រពន្ធ និងកូនរបស់កសិករវិញ ក៏កំពុងតែទន្ទឹងរងចាំ ប្តីនិងឪពុកត្រឡប់មកពីចំការស្រែវិញ ដើម្បីបន្ថយក្តីនឹករឮករវាងគ្នានិងគ្នាមានសភាពធូរស្រាល់ជាងមុន ដោយសារតែការដែលខាននៅជិតគ្នា និងឃើញមុខគ្នា តាំងពីពេលដែលកសិករជាប្តី និងឪពុកចេញមកស្រែចំការ។ ចំពោះក្មេងៗដែលជាអ្នកឃ្វៀលគោក្របី ពួកគេកត់សម្គាល់ថា វេលានៃព្រះអាទិត្យហៀបលេច ជាកាលដ៏សមគួរដល់ពួកគេ តៀមដើម្បីគៀងគោក្របី របស់ពួកគេឲ្យដើរត្រឡប់មករកភូមិវិញផងដែរ ឲ្យបានមុនមេឃងងឹត។ បក្សីបក្សា ដែលរកស៊ីពេលថ្ងៃ ទោះបីជាវាចេញទៅរកចំនីនៅទីឆ្ងាយក្តី ជិតក្តី ព្រះអាទិត្យហៀបលេចវាជាសញ្ញាប្រាប់ដល់វា ដើម្បីត្រៀមនិងហិចហើរទៅរក សំបុករបស់វាវិញផងដែរ ឯខាងបក្សីបក្សា ដែលរកស៊ីពេលយប់ក៏ត្រៀមផងដែរ គឺត្រៀមចាកចេញ ពីសំបុកដើម្បី ស្វែងរកចំនីតាមទម្លាប់ជាធម្មតារបស់វា។ ចំពោះបុគ្គលិកដែលចេញពីធ្វើការ នៅការិយាល័យពេលល្ងាចជាធម្មតា គាត់កំពុងតែរៀបចំទុកដាក់ របស់របរឲ្យបានរៀបរយ និងអាលបានចេញពីការិយាល័យ ឲ្យបានមុនព្រះអាទិត្យលេច ចំណែកបុគ្គលិកដែលធ្វើការវេនយប់នៅតាមការិយាល័យ ហាងលក់ទំនាញជាដើម គាត់បានរៀបចំជាស្រេចដើម្បីនិង ធ្វើការតាមតួរនាទីដូចសប់មួយដងផងដែរ។ ឯចំពោះដងផ្លូវនៅក្នុងទីក្រុងរបស់យើងវិញជាទូទៅគឺកំពុងតែមានអ្នកធ្វើដំណើរទៅមកយ៉ាងច្រើន ដែលជាហេតុនាំឲ្យចរាចរណ៌នៅក្នុងទីក្រុងមានសភាពកកស្ទះ លំបាកក្នុងការធ្វើដំណើរ ព្រោះថាម្នាក់ៗគាត់សម្រុកទៅមុខ ឲ្យឆាប់ទៅដល់គោលដៅរៀងៗខ្លួន។ ឯសម្រាប់គូរស្នេហ៍ថ្មើងថ្មី ដែលទើបនិងរៀបការជាមួយគ្នា ព្រះអាទិត្យហៀបលេច វាគឺជាវេលាមួយដែលពួកគេបាត់មុខគ្នាមិនបាន ព្រោះក្តីស្រឡាញ់ថ្មីៗរបស់ពួកគេមានទំហំយ៉ាងជ្រៀលជ្រៅកាត់ថ្លៃមិនបាន សុំត្រឹមតែបានឃើញមុខអូនសម្លាញ់ ឬបងសម្លាញ់ ដោយវេលាយប់ក៏ជិតឈានចូលមកដល់ គេមិនអាចគេងយប់តែម្នាក់ឯងដូច កាលមុនបានទេ គេត្រូវការគូរស្នេហ៍ដើម្បីពិភាក្សាបញ្ហានានា និងនៅគៀកកើយ ផ្តោះផ្តងជាមួយគ្នា។ ចំណែកសិស្សបឋម ដែលរៀនវេនរសៀលវិញ ពួកគេ ក៏នឹងជិតបានសម្រាកផងដែរ បន្ទាប់ពីសំឡេង នៃបទគោរពទង់ជាតិ(នគររាជ) យ៉ាងអឺងកងដែលគេច្រៀងរួមគ្នា ដូចរាល់ដងនៅដងទង់ជាតិ ព្រះទិនិករក៏បង្អោនកាន់តែទាប់ទៅៗក្មេងៗក៏នាំគ្នាចាកចេញពីសាលា ត្រឡប់មកផ្ទះ ឲ្យមុនថ្ងៃលេច។ និយាយមកដល់ ពុកម៉ែដែលមានកូនទៅរៀននៅបឋម វេនរសៀលវិញ នៅទន្ទឹងរងចាំកូនៗរបស់គាត់ត្រឡប់ មកពីសាលា ក្មេងៗដែលរៀននៅបឋម ពិតជាគួរឲ្យស្រឡាញ់ណាស់ គេតែងតែរត់ទៅជំរាប សួរយាយតា ម៉ែពុក និងបងៗ ដោយកាយវិការសំពះ ព្រមនិងពាក្យ ”ខ្ញុំមកពីរៀនវិញហើយ យាយ តា ពុក ម៉ែ បង” ជាដើម។ ឯខាងគូរសង្សារវ័យយក្មង ចូលចិត្តគយគន់ ទេសភាព របស់សុរិយាហៀបអស្តង្គត ដើម្បីកសាងនូវអនុ-ស្សាវរីយ៍ផ្អែមល្ហែម ល្អូកល្អើនជាមួយនិងគ្នាតភ្ជាប់ជានិស្ស័យទៅអនាគត អ្នកទាំងនោះយល់ថាក្តីស្នេហារបស់គេពិតជាមានន័យ ធំធេងខ្លាំងក្លាអស្ចារ្យ មិនមានអ្វីអាចមកបំបែកចេញបានទេ គូរស្នេហ៍ទាំងនោះស្បថស្បែ សច្ចាប្តូរផ្តាច់និងគ្នាដោយពោលថា “បើព្រះអាទិត្យនៅតែលេចនៅទិសខាងលិច ក្តីស្នេហ៍របស់យើងនិងគង់វង្ស ស្ថិតស្ថេរជារៀងដរាប”។ ឯខាងគូរសង្សារ ដែលទើបនិងទើបតែនិងបែកបាក់គ្នាវិញ កំពុងតែស្តាយស្រណោះ ពេលវេលាកន្លងធ្លាប់អង្គុយមើលព្រះអាទិត្យហៀបលេច តែ២នាក់ ពេលនេះនៅកន្លែងចាស់ដែលធ្លាប់តែមានគ្នា និយាយសារសងផ្តោះផ្តងសម្តី បែរជាមានតែគេម្នាក់ឯង ប្រៀបដូចជាសត្វលលកមួយគូរត្រូវព្រានបាញ់១ ទុក១ បើទោះបីជាគេខំស្រែកហៅឲ្យអនុស្សាវរីយ៍ ដែលជាអារម្មណ៍ផ្អែមល្ហែមត្រឡប់មកវិញ ក៏វាបានត្រឹមតែជាការស្រែកហៅថ្ងៃបាក់រសៀល ផ្ទៃមេយក្រហមច្រាល តែប៉ុណ្ណោះ។ នាពេលព្រះអាទិត្យហៀបលេច និស្សិតដែលទើប មករៀនបន្តនៅទីក្រុងភ្នំពេញ គេហាក់ដូចជាមិនទាន់ទម្លាប់បាន និងស្ថានភាពនៃការរស់នៅ ទីក្រុងនោះទេ ហើយការដែលមិនអាចសម្របខ្លួនជាមួយនិងទីកន្លែងថ្មីបាន គេក៏នឹកស្រមៃគិត ទៅដល់ស្រុកកំណើតដែលធ្លាប់តែរស់នៅយ៉ាងមានភាពកកក្តៅចំពោះពេលល្ងាចនេះវិញ និស្សិតកំសត់ម្នាក់នេះ បែរជាកំពុងតែរស់នៅ យ៉ាងកណ្តោយកណ្តែង ហើយក្តីនឹកនា នៅក្នុងពេលនេះស្ទើរតែ ធ្វើឲ្យទឹកភ្នែកស្រក់ចេញមកដោយមិនដឹងខ្លួន បើសិនជាអាចហោះទៅស្រុកបាន គេប្រហែលជាហោះទៅភ្លាមៗដើម្បីទៅជួបពុកម៉ែ បងប្អូនរបស់គេហើយមើលទៅ។ ចំពោះអ្នកដែលមានវ័យចាស់មួយចំនួន បានប្រៀបធៀបវ័យ របស់ពួកគាត់ទៅនិង ព្រះអាទិត្យដែលហៀបនិងលេច ចាស់ៗដែលពុំបានរៀបចំដើម្បីទទួលការស្លាប់សម្រាប់ខ្លួន កំពុងតែមានសេចក្តីទុក្ខ ព្រោះតែភ័យខ្លាចសេចក្តីស្លាប់ឈានចូលមកដល់ “ខ្ញុំមិនចង់និងស្លាប់ទេ ខ្ញុំត្រូវតែរកមធ្យោបាយ ដើម្បីនិងជំនះនូវសេចក្តីស្លាប់របស់ខ្ញុំឲ្យខានតែបាន“។ ចំណែកចាស់ៗដែល បានត្រៀមរួចរាល់ សម្រាប់សេចក្តីស្លាប់ ដែលនិង ចូលមកដល់ ក្នុងរយៈពេលយ៉ាងខ្លីហាក់ដូចជាពុំមានសេចក្តីទុក្ខព្រួយព្រោះសេចក្តីស្លាប់សោះឡើយ ដោយហេតុថាពួកគាត់បានអប់រំទូន្មានខ្លួនឯង ឲ្យព្រមទទួលស្គាល់សភាពពិតនៃសេចក្តីស្លាប់គឺវាមិនមានអ្វីដែល ត្រូវឲ្យពួកគាត់មកភ័យខ្លាចនិងវាសោះឡើយ ថ្ងៃហៀបលេចប្រៀបបានទៅនិងវ័យចាស់ របស់ពួកគាត់មែន ប៉ុន្តែ ថ្ងៃលេច មានទៅបានក៏ដោយសារតែមានថ្ងៃរះជាដើមហេតុ ។ ចំពោះខាងអ្នកវិទ្យាសាស្រ្តវិញ ព្រះអាទិត្យហៀបលេច គឺជាដំណើរនៃផែនដីវិលជុំវិញ ព្រះអាទិត្យ ជារង្វាល់ជុំ និងរង្វាល់ខ្ញាល់ ចលនានៃការវិលនេះបង្កើតបានជាថ្ងៃយប់ រដូវនិង អាកាសធាតុជាដើម នៅខាងផ្នែកដែល ភ្លឺយើងហៅវាថាជាពេលថ្ងៃ រីឯផ្នែកដែលពន្លឺនៃព្រះអាទិត្យជិត ផុតនេះហើយដែល យើងហៅវាថាជាពេលវេលា នៃព្រះអាទិត្យហៀបនឹងលេច ចំណែកខាងផ្នែកដែលងងឹតវិញ យើងហៅថា ជាយប់។ ព្រោះតែផែនដីវិល នេះហើយបានជាយើងអាចឃើញ ព្រះអាទិត្យហៀបលេច ជារៀងរាល់ល្ងាច បើទោះបីជាថ្ងៃខ្លះ យើងឃើញទេសភាពព្រះអាទិត្យដ៏ស្រស់ត្រកាលគួរឲ្យចង់គយគន់ ហើយមានពេលខ្លះទៀត យើងមិនបានឃើញព្រះអាទិត្យហៀបលេចទេហើយបន្តិចក្រោយមកស្រាប់តែភាពព្រៀលៗឈានចូលមក ហើយសន្សឹមៗ រួចក៏យប់តែម្តង។ ចំពោះអ្នកដែលឧស្សាហ៍ព្យាយាមនៅក្នុងកិច្ចការងារវិញ គាត់ធ្វើការងាររបស់គាត់ប្រណាំងប្រជែងជាមួយនិងព្រះអាទិត្យ គាត់ដាក់លក្ខខណ្ឌចំពោះខ្លួនឯង ត្រូវតែសម្រេចកិច្ចការឲ្យបានមុនព្រះអាទិត្យលេច គាត់មិនដែលនិងពន្យារពេលនៅក្នុងការធ្វើកិច្ចការឡើយ មានតែប្រញាប់ប្រញាល់ជានិច្ច រកតែពេលសម្រាកសឹងមិនបាន។ ចំណែកអ្នកដែលខ្ចិលច្រអូស ធុញទ្រាំជាមួយនិងកិច្ចការរបស់ខ្លួនវិញ គឺគាត់ធ្វើឲ្យតែបានៗ ទៅមិនដែលនិងស្អិតស្អាងចំពោះ កិច្ចការនិងប្រញាប់ប្រញាល់ឲ្យសម្រេចទេ ចាំតែល្ងាចនិងអាលចេញពីធ្វើការដូចគេដូចឯង។
ព្រះអាទិត្យហៀបអស្តង្គត គឺជាពន្លឺដ៏ចែងចាំងចុងក្រោយសម្រាប់ថ្ងៃនេះដែលបានចាំងមកប៉ះនិងភ្នែករបស់ខ្ញុំ បន្ទាប់មកទៀតវាក៏បានដាស់ខ្ញុំឲ្យក្រោកពីសុបិន្ត ដោយភ្ញាក់ដឹងខ្លួនភ្លាមៗ ខ្ញុំភ្ញាក់ឡើងដោយយកដៃញីភ្នែក សំឡឹងមើលព្រះអាទិត្យដែលហៀបនឹងលេចចាកផែនដីនេះ។ ខ្ញុំពុំមែនកំពុងតែសុបិន្តនោះទេ ប៉ុន្តែវាជាតថភាពមួយ ដែលខ្ញុំ និងភាវៈជាច្រើនទៀតកំពុងរស់នៅ ដោយហេតុថាអ្វីដែលខ្ញុំកំពុងមើលឃើញ ស្តាប់ឮ នេះហើយដែលធ្វើឲ្យខ្ញុំអាចនិងពិចារណា ទទួលយកការបង្រៀនរបស់ធម្មជាតិនៃព្រះអាទិត្យហៀបលេច ព្រះអាទិត្យមានដំណើរទៀងត្រង់ ត្រឹមត្រូវទៅតាមនិយាមយ៉ាងជាក់លាក់ ឥតមានល្អៀង ប៉ុន្តែខ្ញុំទេតើដែលពុំព្រមរៀនដើរតាមនិយាមមួយនេះ គិតតែមានបំណងប្រាថ្នាចង់ឲ្យធម្មជាតិទៅជាយ៉ាងនេះឬ ទៅជាយ៉ាងនោះតាមតែចិត្តចង់ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាមានដំណើរធម្មជាតិរបស់វា ដែលផលរបស់វាបានមកពីកិច្ចការផ្សេងៗដែលវាប្រព្រឹត្តនិងការមានទំនាក់ទំនងជាមួយនិងមជ្ឈដ្ឋានទេតើ។ ខ្ញុំភ្ញាក់ដឹងខ្លួនដើម្បីពិចារណា និងដាស់តឿនខ្លួន តិចតួចជារឿយៗ ហើយវាក៏នៅតែបន្តដង្ហើយស្រែកប្រាប់ខ្ញុំរៀងរាល់ល្ងាច ថាពេលវេលាមួយថ្ងៃជិតកន្លងផុតហើយ ជីវិតនៃការរស់នៅរបស់ខ្ញុំអស់ទៅ១ថ្ងៃទៀតហើយ អ៊ូ!វាមិនមែនត្រឹមតែ១ថ្ងៃទេ ដែលពេលវេលាកន្លងផុតទៅសម្រាប់ខ្ញុំទៅ គឺ២០ឆ្នាំទៅហើយ។ ព្រះអាទិត្យហៀបលេច បានដាស់ស្មារតីខ្ញុំឲ្យសំឡឹងមើលមករាងកាយរបស់ខ្ញុំ អ៊ូ! ខ្ញុំធំណាស់ហើយ មិនមែននៅក្មេងដូចកាលពីជាង១០ឆ្នាំមុនទេ ចំណែកចិត្តរបស់ខ្ញុំវិញហាក់ដូចជាពុំមានសភាព ធម្មជាតិមួយដែលសាកសម្យទៅនិងរាងកាយនោះទេ ចិត្តរបស់ខ្ញុំមានសភាពរសេមរសាម ឃ្លីងឃ្លូង ដូចជាទូកដែលនៅកណ្តាលមហាសមុទ្រ គិតតែខំស្រវ៉ាតោងនេះ តោងនោះយកមកធ្វើជាទីពឹងសម្រាប់ខ្លួន ឬដូចគ្នានឹងទឹកនៅលើស្លឹកឈូក ជួនកាលខ្ញុំក៏អាចពឹងពាក់អ្នកដទៃបាន ជួនកាលទៀតខ្ញុំពុំអាចនិងពឹងពាក់បាន ជានិច្ចជាកាលខ្ញុំក៏វិលមករកខ្លួនឯង ហើយសាកល្បងយកខ្លួនជាទីពឹង ដូចជាពន្លឺដ៏ស្រស់ស្អាតនៃព្រះអាទិត្យហៀបលេចដែលវាជាពន្លឺរបស់វាផ្ទាល់ មិនមែនទទួលពីអ្វីមួយផ្សេង។ ចំពោះដំណើរជីវិតរបស់ខ្ញុំ គឺជាដំណើរជីវិតរបស់ខ្ញុំ ដូចជាដំណើរនៃព្រះអាទិត្យគឺវាជាដំណើរនៃព្រះអាទិត្យ ពន្លឺរបស់ព្រះអាទិត្យគឺជាពន្លឺរបស់ព្រះអាទិត្យ ។ ព្រះអាទិត្យហៀបលេចជាតួអង្គនៃសភាវៈឧបេក្ខាមួយដែលបានបង្ហាញវដ្តមានឲ្យខ្ញុំ ក៏ដូចជាភាវៈឯទៀត អាចនិងរៀនសំឡឹងមើលធម្មជាតិនៃព្រះអាទិត្យទៅតាមសារជាតិរបស់វា ខ្ញុំមិនដែលឃើញមានអ្នកមានអំណាចខ្លាំងក្លាណាម្នាក់ អាចមានសមត្ថភាពបញ្ជាអត្ថិភាពរបស់ព្រះអាទិត្យហៀបលេចថាឲ្យទៅជាយ៉ាងនេះ ឬទៅជាយ៉ាងនោះបាននោះទេ គឺវានៅតែធ្វើការទៅតាមសភាពរបស់វាដូចដើមដដែល បើទោះជាល្ងាចនេះខ្ញុំអង្គុយគយគន់ ព្រះអាទិត្យហៀបលេចជាមួយមនុស្សជាទីស្រឡាញ់តែ២នាក់នៅលើកំពូលភ្នំមួយ ដែលមានទេសភាពយ៉ាងល្អអនេក លាយឡំជាមួយនិងសូរសំឡេងសត្វយំ សំឡេងនៃកម្លាំងខ្យល់បក់ប៉ះស្លឹកឈើរងារដល់កាយ ឯនាយទិសខាងលិចវិញ ខ្ញុំឃើញយ៉ាងពេញលេញនូវពន្លឺពណ៌មាសបញ្ចេញរស្មី ទាបនិងជួរភ្នំសណ្តូក នាំឲ្យខ្ញុំជាប់វង្វេងជាមួយនិងអារម្មណ៍នាពេលនេះយ៉ាងខ្លាំងក្លា ក៏ក្នុងរយៈពេលដ៏ខ្លីមួយវាលេចបាត់ស្រមោលពីផែនដី ប្រសិនណាជាខ្ញុំសុំឲ្យព្រះអាទិត្យកុំលេចលឿនពេកសុំពន្យារពេលសិន ក៏វាមិនស្តាប់នូវពាក្យអង្វរកររបស់ខ្ញុំឡើយ វាជាសភាពពិតដែលព្រះអាទិត្យលេចនៅពេលដែលវាត្រូវលេច វាមិនលេចនៅពេលព្រឹកនិងនៅពេលថ្ងៃត្រង់ទេ គឺខ្លួនខ្ញុំទេតើដែលម្តងសប្បាយរីករាយ ម្តងកើតទុក្ខនិងសុរិយាអស្តង្គត ជួនកាលក៏សសើរ ជួនកាលក៏និន្ទា។ លើសពីនេះទៅទៀត ខ្ញុំសាកសួរអំពីសកម្មភាពដែលខ្ញុំប្រព្រឹត្តតាំងអំពីព្រឹកព្រលឹម មកទល់និងពេលព្រលប់ ខ្ញុំបានធ្វើរឿងដែលមានប្រយោជន៍ និងគ្មានប្រយោជន៍អ្វីខ្លះ ជួនកាលមានថ្ងៃខ្លះ មេឃងងឹតទៅទាំងដែលខ្ញុំមិនទាន់និងរៀនបានអ្វីថ្មី ប៉ុន្តែខ្ញុំបែរជាមានស្មារតីមួយ ឲ្យខ្ញុំនឹកចង់កាន់សៀវភៅមកអានភ្លាមៗ ខ្ញុំមិនព្រមឲ្យព្រះអាទិត្យលេចទៅទាំងដែលខ្ញុំមិនទាន់និងបានចេះអ្វីសោះឡើយ បើសិនជាបែបនេះមែនខ្ញុំពិតជាមនុស្សចោលម្សៀតហើយ ដែលរស់ដើម្បីតែរស់ ខាត់បងអាយុជីវិតដោយឥតមានខ្លឹមសារ។ ទេ!ខ្ញុំមិនព្រមឲ្យព្រះអាទិត្យនាល្ងាចនេះលេចទៅទាំងដែលខ្ញុំមិនទាន់បានធ្វើអ្វីដែលមានប្រយោជន៍ បន្តិចសោះឡើយ ខ្ញុំត្រូវតែភ្ញាក់ដឹងខ្លួនហើយប្រញាប់ប្រញាល់ធ្វើវាទើបបាន ។
ដោយ ឈឺន នរៈសត្យា