Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មាត្រា ៥ - ស្ថាប័នប្រឆាំងអំពើពុករលួយ

    ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​រួមមាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ និង​អង្គភាព ប្រឆាំង​អំពើ​ពុករលួយ។

    ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​មាន​រូប​សញ្ញា និង​ត្រា​សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​ការងារ​របស់​ខ្លួន​ដែល​នឹង​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

ផ្នែកទី១

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

មាត្រា ៦ - ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

    ត្រូវ​​បាន​​បង្កើត​​ក្រុម​​ប្រឹក្សា​​ជាតិ​​ប្រឆាំង​​អំពើ​​ពុក​រលួយ​ ​ដែល​​មាន​​តួនាទី​​ពិគ្រោះ​​យោបល់​​ និង​​ផ្តល់​​អនុសាសន៍​​លើ​​ការងារ​​ប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ពុក​រលួយ។ ​ក្រុម​​ប្រឹក្សា​​ជាតិ​​ប្រឆាំង​​អំពើ​​ពុក​រលួយ​មាន​​សមា​ជិក ​១១ (ដប់មួយ) រូប ដែល​​មាន​​សមាស​ភាព​​ដូច​​ខាង​​ក្រោមៈ

១ - ឥស្សរជន ១​ (មួយ) រូប តែងតាំង​ដោយ​ព្រះមហាក្សត្រ។

២ - ឥស្សរជន ១​ (មួយ) រូប ជ្រើស​តាំង​ដោយ​ព្រឹទ្ធសភា តាម​សំឡេង​ភាគ​ច្រើន​ដាច់ ខាត​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល។

៣ - ឥស្សរជន ១​ (មួយ) រូប ជ្រើស​តាំង​ដោយ​រដ្ឋសភា​តាម​សំឡេង​ភាគ​ច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

៤ - ឥស្សរជន ១ (មួយ) រូប ជ្រើស​តាំង​ចេញ​ពី​រាជរដ្ឋាភិបាល។

៥ - ឥស្សរជន ១ (មួយ) រូប ជ្រើស​តាំង​ដោយ ឬ​ចេញ​ពី​អាជ្ញាធរ​សវនកម្ម​ជាតិ។

៦ - ឥស្សរជន ១​ (មួយ) រូប ជ្រើស​តាំង​ដោយ ឬ ចេញ​ពី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភាព្រឹទ្ធសភា និង​អធិការ​កិច្ច។

៧ - ឥស្សរជន (មួយ) រូប ជ្រើស​តាំង​ដោយ ឬ​ចេញ​ពី​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់។

៨ - ឥស្សរជន ១ (មួយ) រូប ជ្រើស​តាំង​ដោយ ឬ ចេញ​ពី​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។

៩ - ឥស្សរជន ១ (មួយ) រូប ជ្រើស​តាំង​ដោយ ឬ​ចេញ​ពី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

១០ - ឥស្សរជន​ ១ (មួយ) រូប ជ្រើស​តាំង​ចេញ​ពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។

១១ - ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

សមាជិកនីមួយៗ នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​តទៅៈ

- សញ្ជាតិ​ខ្មែរ​ពី​កំណើត

- មាន​សីលធម៌​ល្អ និង​មាន​កេរ្តិ៍​ឈ្មោះ​ស្អាត​ស្អំ

- មិន​ដែល​មាន​ទោសមជ្ឈិម ឬ​ឧក្រិដ្ឋ ឬ មិន​មាន​ក្ស័យធន

- មាន​សញ្ញា​បត្រ​ចាប់ពី​ឧត្តម​សិក្សា​ឡើង​ទៅ

- មាន​បទ​ពិសោធន៍​ការងារ​ក្នុង​សង្គម​យ៉ាង​តិច ១០ (ដប់) ឆ្នាំ

- មាន​អាយុ​យ៉ាង​តិច ៤៥ (សែសិបប្រាំ) ឆ្នាំ។

មាត្រា ៧ - អាណត្តិ ការដកចេញពីតំណែង និងការជំនួសតំណែង

សមាជិក​ទាំង​អស់​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​រាជក្រឹត្យ សម្រាប់​រយៈពេល ៥ (ប្រាំ) ឆ្នាំ។ អាណត្តិ​នេះ​អាច​ត្រូវ​បន្ត​ជា​ថ្មី។

ក្នុង​ករណី​សមាជិក​ណា​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​មរណភាព

លាលែង​ចេញ​ពី​តំណែង ឬ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​មុខ​តំណែង ឬ​មិន​អាច​បំពេញ​មុខ​តំណែង​

របស់​ខ្លួន​បាន​ដោយ​ប្រការ​ណា​មួយ​ចាប់ពី ៦ (ប្រាំមួយ) ខែ​ឡើង​ទៅ​មុន​ពេល​បញ្ចប់​អាណត្តិ សមាជិក​ថ្មី​ត្រូវ​បាន​តាំង​ជំនួស។

តំណែង ​របស់​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ណា​ក៏​ដោយ​នឹង​ ត្រូវ​បពា្ចប់​ដោយ​ស្វ័យ​ប្រវត្ត​នៅ​ពេល​ដែល​តុលាការ​សម្រេច​ថា សមាជិក​នោះ​មាន​ទោស​ពី​បទ​មជ្ឈិម ឬ បទឧក្រិដ្ឋ​ណា​មួយ។

ក្នុង​ករណី​ទាំង​ឡាយ​ខាង​លើ​នេះ ប្រធាន​ត្រូវ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​សម្រេច និង​ចាត់​វិធាន​ការ​សមស្រប​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​តំណែង ការ​ដក​ហូត​តំណែង ព្រមទាំង​ការ​ជ្រើស​តាំង​ឥស្សរជន​ជំនួស ស្រប​តាម​មាត្រា ៦ (ការ​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ) នៃ​ច្បាប់​នេះ។

មាត្រា ៨ - ការជ្រើសតាំងប្រធាន និងអនុប្រធាន

ប្រធាន និង​អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ជ្រើស​តាំង ​​ដោយ​​ការ​បោះឆ្នោត​ពី​សមាជិក​របស់​ខ្លួន​តាម​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​លើក​ទី ១​ តាម​ការ​កោះ​អញ្ជើញ​របស់​សមាជិក ដែល​មាន​វ័យចាស់​ជាង​គេ។ ក្នុង​ករណី​បោះឆ្នោត​លើល​ទី ១ ពុំ​បាន​សម្រេច ការ​បោះឆ្នោត​លើក​ទី ២ ត្រូវ​យក​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប។

ក្នុង​ករណី​ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​អវត្តមាន ឬ​មិន​អាច​បំពេញ ភារកិច្ច​បាន អនុប្រធាន​បំពេញ​ភារកិច្ច​ជំនួស។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ឈរ​ឈ្មោះ​ជា​ប្រធាន ឬ​អនុប្រធាន​ក្រុម ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឡើយ។

មាត្រា ៩ - ឋានៈ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ

សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​មាន​ឋានៈ ដូច​ខាង​ក្រោមៈ

- ប្រធាន មាន​ឋានៈ​ស្មើ​ឧបនាយក​រដ្ឋមន្ត្រី

- អនុប្រធាន មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី

- សមាជិក មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។

មាត្រា ១០ - ភាកិច្ចរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ

ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​មាន​ភារកិច្ច​ដូច​ត​ទៅៈ

- កសាង​យុទ្ធសាស្រ្ត និង​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ

- ពិគ្រោះ​យោបល់ និង​ផ្តល់​អនុសាសន៍​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ

- ឃ្លាំ​មើល​ដំណើរការ​ការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

- ស្នើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​រាយការណ៍ ឬ​បំភ្លឺ

- ធ្វើ​របាយការណ៍​ជូន​នាយករដ្ឋមន្ត្រី អំពី​ដំណើរការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

- ធ្វើ​របាយការណ៍​ប្រចាំ​ឆមាស និង​ប្រចាំ​ឆ្នាំ​ជូន​នាយករដ្ឋមន្ត្រី

- រៀបចំ និង​អនុម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​ដើម្បី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន។

ផ្មែកទី២

អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ

មាត្រា១១ - ​ការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ

    ត្រូវ​បាន​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ឯករាជ្យភាព​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន។

    អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដឹកនាំ​ដោយ​ប្រធាន១ (មួយ) រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្រ្តី​ជា​ជំនួយ​ការ​តាម​ការ​ចាំបាច់។

    ប្រធាន​និង​អនុប្រធាន​ត្រូវ​តែងតាំង​ដោយ​ព្រះ​រាជក្រឹត្យ​តាម​សំណើ​របស់​នាយករដ្ឋមន្រ្តី។

    ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា១២ - លក្ខណសម្បត្តិនៃប្រធាននិងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ប្រធាន​និង​អនុប្រធាន​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូចទៅៈ

- មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត

- មាន​សីលធម៌​ល្អ​និង​កេរ្តិ៍​ឈ្មោះ​ស្អាត​ស្អំ

- មិន​ដែល​មាន​ទោស​មជ្ឈិម ឬ​ឧក្រិដ្ឋ ឬ​មិន​មាន​ក្ស័យធន

- មាន​សញ្ញាបត្រ​ចាប់ពី​ថ្នាក់​ឧត្តម​សិក្សា​ឡើង​ទៅ

- មាន​បទពិសោធន៍​ការងារ​ក្នុង​សង្គម​យ៉ាង​តិច​៧ (ប្រាំពីរ) ឆ្នាំ

- មាន​អាយុ​យ៉ាង​តិច ៣៥ (សាមសិបប្រាំ) ឆ្នាំ។

មាត្រា១៣ - ភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ភារកិច្ច​ដូច​ខាង​ក្រោមៈ

- អនុវត្ត​ច្បាប់​បទ​បញ្ជា និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ពុករលួយ​ជា​ធរមាន

- រៀបចំ​កសាង​ផែនការ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ស្រប​តាម​យុទ្ធ​សាស្ត្រ និង​នយោបាយ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ

- ដឹកនាំ​ការងារ​ទប់ស្កាត់ និង​បង្រាប​អំពើ​ពុករលួយ

- តាម​ដាន​ស៊ើប​អង្កេត​ត្រួត​ពិនិត្យ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ព្រមទាំង​លើក​វិធានការ​នានា​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ពុករលួយ​នៅ​តាម​ក្រសួង​ស្ថាប័ន​អង្គភាព​សាធារណៈ និង​ឯកជន​ទាំងអស់​ស្រប​តាម​នីតិវិធី​ជា​ធរមាន

- ទទួល និង​ពិនិត្យ​រាល់​ពាក្យ​បណ្តឹង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ព្រមទាំង​ចាត់ការ​ទៅ​តាម​នីតិវិធី​ជាធរមាន

- ស្វែងរក ពិនិត្យ និង​រៀបចំ​ឯកសារ និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ

- រក្សា​ការ​សម្ងាត់​ជា​ដាច់​ខាត់​ចំពោះ​ប្រភព​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ពុករលួយ

- ចាត់​វិធាន​ការ​ចាំបាច់​ដើម្បី​រក្សា​សន្តិសុខ​ដល់​បុគ្គល​ដែល​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ពុករលួយ

- ធ្វើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ដូច​មាន​ប្បញ្ញត្ត​ក្នុង​ច្បាប់​នេះ

- ដឹកនាំ​ការងារ​ឃោសនា​អប់រំ​មហាជន​អំពី​ផលវិបាក​នៃ​អំពើ​ពុករលួយ និង​លើក​ទឹកចិត្ត​ឲ្យ​មហាជន​ចូល​រួម​ក្នុង​ការ​បង្ការ​ទប់ស្កាត និង​កម្ចាត់​អំពើ​ពុករលួយ

- ពិនិត្យ​ និង​លើក​គម្រោង​ថវិការ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ និង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

- ទទួល​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​មាត់ ឬ​ជា​លាយ​លក្ខណ៍​អក្សរ​ចំពោះ​រាល់​សំណួរ​ដែល​លើក​ឡើង​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ឬសមាជិក​រដ្ឋសភា

- បម្រើ​សេវា​ការងារ​ជូន​ក្រុម​ព្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ

- តែងតាំង​ផ្លាស់ប្តូរ​និង​គ្រប់គ្រង ឬ​លើក​សំណើរ​តែងតាំង​ផ្លាស់ប្តូរ​មន្រ្តី​រាជ​ការ​ក្រោម​ឱវាទ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

- ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អង្គការ​ជាតិ​អង្គការ​តំបន់​អង្គការ​អន្តរជាតិ​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ឆ្លង​ដែន

- ធ្វើ​របាយការណ៍​អំពី​សកម្មភាព​ទាំងឡាយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជូន​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ

- មាន​សិទ្ធិ​ធ្វើ​ការ​ព្រមាន​ចំពោះ​មុខ​សញ្ញា​ដែល​ក្នុង​ដំណាក់​កាល​ដំបូង​មាន​ការ​ខកខាន​មិន​បាន​អនុវត្ត​ច្បាប់ និង​បទប្បញ្ញាតិ្ត​ជា​ធរមាន​ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​អំពើ​ពុករលួយ។

មាត្រា១៤ - មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ

    មន្រ្តី​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រួម​មាន​មន្រ្តី​រាជការ​ដែល​ត្រូវ​បាន​តែងតាំង ឬ​ផ្ទេរ ឬ​បញ្ជូន​មក​បម្រើ​ការងារ​ក្នុង​អង្គភាព និង​មន្រ្តី​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​បម្រើ​ការងារ​តាម​កិច្ចសន្យា។​ មន្រ្តី​ទាំងអស់​ខាង​លើ​នេះ​ត្រូវ​គោរព​តាម​បទប្បញ្ញត្តិទាំងឡាយ​នៃ​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ដទៃ​ទៀត​ជា​ធរមាន។

    ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាច​ជ្រើសរើស​អ្នក​ជំនាញការ​អ្នក​ឯកទេស និង​អ្នក​ស្រាវជ្រាវ​ជាតិ​អន្តរជាតិ​ជាប់​កិច្ចសន្យា ឬ​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​មក​ផ្តល់​យោបល់​បច្ចេកទេស​ពាក់ព័ន្ធ​ការ​ប្រឆាំង​អំពើ​ពុករលួយ។

មាត្រា១៥ - បណ្តាញនៃអង្គភាពប្រឆាំងអំពើពុករលួយ

    អង្គភាព ​ប្រឆាំង​អំពើ​អាច​មាន​ការិយាល័យ​របស់​ខ្លួន​នៅ​គ្រប់​រាជធានី​ខេត្ត​នៃ​ ព្រះរាជាណាចក្រកម្ពុជា​ដើម្បី​ធ្វើ​ជា​បណ្តាញ​ការងារ​របស់​ខ្លួន។
ការិយាល័យ​ប្រឆាំង​អំពើ​ពុលរលួយ​អនុវត្ត​ការងារ​របស់​ខ្លួន​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អនុវត្ត​ការងារ​របស់​ខ្លួន​ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ការិយាល័យ​ប្រឆាំង​អំពើ​ពុករលួយ​ដឹកនាំ​ប្រធាន​មួយ​រូប និង​អនុប្រធាន​មួយ​ចំនួន​ជា​ជំនួយការ​តាម​ការ​ចាំបាច់។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login