ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
នាព្រឹកមួយ ពេលដែលឡានក្រុងដល់ចំណតឈប់ មានក្មេងប្រុសម្នាក់ជាមួយនឹងសំលៀកបំពាក់ចាស់រហែក ដែលមានស្ពាយជាប់នូវថង់មួយ ដើរតាមពីក្រោយលោកពូម្នាក់ទៀតឡើងឡាន មើលទៅពួកគេដូចជាកម្មករសំណង់។ មនុស្សម្នានៅជុំវិញមើលមកពួកគាត់ ក្នុងក្រសែភ្នែកមើលងាយ ការសម្លឹងដែលពោរពេញដោយការខ្ពើមរអើម និងសម្លេងខ្សឹបខ្សៀវឲ្យប្រយ័ត្នកាបូបលុយ ព្រោះឥឡូវក្មេងឆក់កាបូបច្រើនណាស់ ។
ជាទូទៅ ឡានក្រុងនៅពេលព្រឹក តែងតែមានមនុស្សច្រើន កៅអីពុំអាចអង្គុយបានគ្រប់គ្នាទេ។ ស្របពេលដែលមានមនុស្សចុះ ក្មេងប្រុសនោះក៏ឡើងអង្គុយលើកៅអី ។
មិនយូរប៉ុន្មាន មានស្រី្ដពពោះម្នាក់បានឡើងឡានក្រុង ក្មេងប្រុសនោះក៏ក្រោកឈរឡើងដើម្បីទុកកៅអីឲ្យគាត់អង្គុយ “មីង មីងអង្គុយកៅអីនេះមក”
ស្ត្រីពពោះនោះ មើលទៅក្មេងប្រុសកខ្វក់នោះដោយក្រសែភ្នែករអើម តែមិនមាត់អ្វីទេ។ ក្មេងប្រុសនោះក៏បានយកថងដែលកំពុងស្ពាយនោះដាក់ចុះសន្សឹមៗ រួចដកយកកូនកន្លែងចេញពីក្នុងហោប៉ៅ ទៅជូតកៅអីនោះ រួចញញឹមនិយាយថា “មីង ក្មួយបានជូតស្អាតហើយ មិនប្រឡាក់ទៀតទេ”។ ស្រី្ដពពោះនោះឡើងមុខក្រហម រួចក៏អង្គុយចុះ។
រំពេចនោះ ក្មេងប្រុសបម្រុងនឹងរើសយកថងមកស្ពាយវិញ ស្រាប់តែឡានចាប់ហ្វ្រាំងយ៉ាងខ្លាំង ធ្វើឲ្យរូបរាងស្គាំងស្គមរបស់ក្មេងនោះ ស្ទើរតែហោះទៅមុខ ប៉ុន្ដែត្រូវបានពូនៅក្បែរនោះចាប់ជាប់។
- មានស្រ្ដីចំណាស់ម្នាក់អង្គុយក្បែរនោះសរសើរថា “ចៅពិតជាក្មេងល្អមែន”
- ក្មេងប្រុសនោះក៏ញញឹម រួចនិយាយថា “បាទយាយ ចៅមិនមែនជាក្មេងល្អអីទេ ម្ដាយចៅស្ដីឲ្យតែរហូតហ្នឹង ព្រោះចៅតែងតែយកចិត្ដទុកដាក់ចំពោះសម្ដីរបស់អ្នកដទៃ ថាគេនិយាយនិងគិតអ្វីខ្លះពីយើង ប៉ុន្ដែពេលនេះ ចៅឈប់គិតបែបនេះទៀតហើយ”។
- ចុះម្ដាយចៅទូន្មានថាម៉េច?
- ចៅបានរៀនចេះច្រើន ពីដំបូន្មានអ្នកម្ដាយថា “កុំចាប់អារម្មណ៍លើក្រសែភ្នែកអ្នកដទៃថាគេមើលមកយើងក្នុងផ្លូវបែបណា តែត្រូវរស់នៅឲ្យបានប្រសើរ និងសាងតែអំពើល្អ នោះនឹងទទួលបានសេចក្ដីសុខផ្លូវចិត្ដ”
- ម្ដាយចៅធ្វើអី?
- ម្ដាយចៅពីមុន ជាគ្រូបង្រៀនក្នុងភូមិ
- ចុះឥឡូវ?
- ក្មេងប្រុសឡើងភ្នែកក្រហម “ម្ដាយចៅនៅក្នុងថង់នេះ”
នរណាៗនៅលើឡាន ក៏ភ្ញាក់ផ្អើល។ លោកពូដែលឈរនៅក្បែរនោះ ក៏បន្លើសំឡេងរៀបរាប់ពីស្ថានភាពរបស់ក្មេងប្រុសនោះថា:
ខ្ញុំគឺជាពូរបស់ក្មេងនេះ។ ឪពុកវាកាលពីប៉ុន្មានឆ្នាំមុនស្លាប់ចោលព្រោះជំងឺធ្ងន់។ ម្ដាយវានៅម្នាក់ឯងចិញ្ចឹមវា។ បងស្រីខ្ញុំគឺជាគ្រូបង្រៀននៅសាលាបឋមក្នុងភូមិរបស់ខ្ញុំ នរណាៗក៏គោរពស្រលាញ់គាត់ដែរ។ ព្រោះតែចង់សល់លុយខ្លះ ក៏សម្រេចចិត្ដនាំកូនឡើងមកទីក្រុងធ្វើការសំណង់ ក្នុងពេលវិសមកាល ពេលណាសាលាចូលរៀន នឹងត្រលប់ទៅស្រុកបង្រៀនវិញ ។ តែជាអកុសល ពេលកំពុងធ្វើការ ក៏ត្រូវដែកធ្លាក់ចំក្បាល។ ក្នុងថងដែលវាកំពុងស្ពាយ គឺជាធាតុរបស់ម្ដាយវា។
ពេលស្ដាប់ចប់ នរណាៗនៅលើឡានក៏អួលដើម.ក អាណិតដល់ក្មេងកំព្រាម្នាក់នេះ។ ការលះបង់របស់អ្នកម្ដាយដ៏ប្រពៃ បានធ្វើឲ្យក្មេងប្រុសកម្សត់កម្រនេះ ទោះបីជាក្រ តែមិនមានអារម្មណ៍ថាខ្លួនឯងអន់នោះទេ ថែមទាំងបានប្រើអាកប្បកិរិយាសុទិដ្ឋិនិយម និងអំពើល្អ ដើម្បីអត់ធ្មត់ចំពោះការរើសអើងរបស់អ្នកដទៃ។ ទាំងនេះ ក៏ដោយសារតែពាក្យទូន្មាន “កុំចាប់អារម្មណ៍លើក្រសែភ្នែកអ្នកដទៃថាគេមើលមកយើងក្នុងផ្លូវបែបណា តែត្រូវរស់នៅឲ្យបានប្រសើរ និងសាងតែអំពើល្អ នោះនឹងទទួលបានសេចក្ដីសុខផ្លូវចិត្ដ” ដែលអ្នកម្ដាយបានបង្រៀនទៅក្មេងប្រុស ៕
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/171253028371125