2021-08-12 23:17
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
នៅប្រទេសក្រិក ដីព្រៃរាប់ពាន់ហិចតាត្រូវលេបត្របាក់ដោយភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ អស់ ១១ថ្ងៃមកហើយ។ នៅថ្ងៃសៅរ៍ទី ៧សីហា ភ្លើងឆេះព្រៃបានរាលដាលចូលក្បែរតំបន់ ជាយរដ្ឋធានី អាថែន ចំណែកភ្លើងឆេះព្រៃភ្នំនៅឧបទ្វីប Peloponnèse បានបង្ខំ ឲ្យប្រជាជន និងអ្នកទេសចរជាង ៥០០០នាក់ ត្រូវជម្លៀសចេញពី ផ្ទះសម្បែង និងសណ្ឋាគារ។ ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានសំដែងសាមគ្គីភាពជាមួយប្រជាជនក្រិក បន្ទាប់ពីបានបញ្ជូនយន្តហោះពន្លត់អគ្គិភ័យ ៣គ្រឿង រួមទាំង អ្នកពន្លត់ភ្លើង ចំនួន ៨០នាក់ ទៅកាន់តំបន់ភាគខាងជើងទីក្រុងអាថែន កាលពីថ្ងៃព្រហស្បតិ៍។
នៅកោះ Eubée ភាគខាងជើង រដ្ឋធានីអាថែន ខណៈដែល ពន្លឺអណ្តាតភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ ចាំងចូលទៅក្នុងទឹកសមុទ្រ ប្រជាជនក្រិកជាង ១៣០០នាក់ ត្រូវគេជម្លៀសចេញតាមទូក យ៉ាងប្រផិតប្រផើយបំផុត កាលពីយប់ថ្ងៃសុក្រ។ នៅព្រឹកថ្ងៃសៅរ៍ អាជ្ញាធរក្រិកនៅបន្តជម្លៀសអ្នកភូមិ ជាង ៣០០គ្រួសារទៀត បន្ទាប់ពីភ្លើងឆេះព្រៃ នៅតែបន្តឆេះរាលដាលតំបន់ជាប់មាត់សមុទ្រ។
ជាមួយ អាកាសធាតុក្តៅស្ងួតហួតហែង ពី៤០ ទៅ៤៥អង្សារ ក្រិក និងប្រទេសនៅតំបន់សមុទ្រមេឌីទែរ៉ាណេដូចជាតួកគីជាដើម បានរងគ្រោះដោយសារភ្លើងឆេះព្រៃធ្ងន់ធ្ងរ កម្រនឹងជួប។ ចាប់តាំងពីកើតមាន ភ្លើងឆេះ ព្រៃ ១១ថ្ងៃជាប់ៗគ្នា គេរកឃើញមានភ្លើងឆេះព្រៃ ជាង៥០កន្លែង ក្នុងចំណោម ៩៩កន្លែង នៅទូទាំងប្រទេស ដែលនៅតែសកម្មឆេះនៅឡើយ។
របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលទីភ្នាក់ងារព័ត៌មានបារាំង AFP ទទួលបាននៅសប្តាហ៍នេះ បានបង្ហាញថា តំបន់នៅសមុទ្រមេឌីទែរ៉ាណេបានក្លាយជាចំណុចក្តៅខ្លាំង ដោយសារកត្តាប្រែប្រួលអាកាសធាតុ។
នៅក្រិក ចំនួនជនរងគ្រោះស្លាប់ដោយសារភ្លើងឆេះព្រៃលើកនេះ មានតែ២នាក់ ដែលក្នុងនោះ ១នាក់ ជាអ្នកស្ម័គ្រចិត្តពន្លត់អគ្គិភ័យ (របួស ជាង ២០នាក់) ពោលតិចជាង ភ្លើងឆេះព្រៃ កាលពី៣ឆ្នាំមុន ដែលបានសម្លាប់ជាងមនុស្ស១០០នាក់។ ប៉ុន្តែ ទំហំដីព្រៃ ដែលត្រូវភ្លើងលេបត្របាក់លើកនេះ គឺមានដល់ទៅ ៧ម៉ឺនហិចតា គឺជិត ១០ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០។
សម្រាប់នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis រដូវក្តៅនៅឆ្នាំនេះ កត់សំគាល់ដោយភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅដែល បានបំបែកឯតទគ្គកម្ម នៅក្រិក។ នៅទីស្នាក់ការកណ្តាលរបស់ក្រុមពន្លត់អគ្គិភ័យ នៅទីក្រុងអាថែន កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីក្រិកបានសន្យាជួសជុសការខូចខាតឡើងវិញ នៅក្រោយ ភ្លើងឆេះព្រៃ ចប់ជាស្ថាពរ។ លោកបានប្រកាសសន្យាផងដែរ កញ្ចប់ថវិកាជាង១លានអឺរ៉ូ (១,៥លានអឺរ៉ូ)សម្រាប់ជួយបន្ទាន់ តំបន់ដែលរងគ្រោះដោយសារភ្លើងឆេះព្រៃលើកនេះ៕