Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មនុស្សជាកោសិកានៃសង្គម ហើយមនុស្សក៏ជាផ្នែកមួយនៃសង្គមដែរ ប៉ុន្តែមិនមែនមានន័យថាមនុស្សក្នុងសង្គមសុទ្ធតែមានចរិតលក្ខណៈដូចៗគ្នានោះឡើយ។ មនុស្សខ្លះមានចរិតលក្ខណៈល្អទាំងចិត្ត កាយវិការ និងការនិយាយស្តី ឯមនុស្សខ្លះទៀតមិនដូច្នេះឡើយ។ អាស្រ័យហេតុនេះហើយ ការធ្វើការសិក្សាអំពីចរិតលក្ខណៈមនុស្សនេះបានក្លាយជាប្រធានបទពេញនិយមមួយសម្រាប់អ្នកសិក្សាបរទេសជាច្រើនរូប។

          ចរិតលក្ខណៈមនុស្ស សម្តៅដល់ឥរិយាបថរបស់មនុស្ស ដែលស្តែងតាមរយៈសកម្មភាព កាយវិការ និងសញ្ចេតនាទៅលើសកម្មភាពអ្វីមួយក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ (Bornstein, 2020)។ ប៉ុន្តែសកម្មភាពដែលពួកគេបានធ្វើជាប្រចាំក្នុងការរស់នៅ បានជះឥទ្ធិពលទៅដល់មនុស្សក្នុងសង្គមផ្សេងទៀត ដែលបណ្តាលឱ្យយើងពុំអាចបែងចែកដាច់ថាពួកគេមានចរិតលក្ខណៈបែបនោះពីកំណើត ដែលយើងហៅថា «ចរិតធម្មជាតិរបស់មនុស្ស» (Nature Behavior) ឬគ្រាន់តែព្យាយាមកែសម្រួលទៅតាមលក្ខណៈ និងក្តីប្រាថ្នារបស់សង្គម ដែលយើងហៅថា «ចរិតធម្មជាតិសំយោគរបស់មនុស្ស»[1] (Nurture Behavior) (Cherry, n.d.)។

          មិនថាពួកគេស្ថិតក្នុងលក្ខខណ្ឌនៃចរិតលក្ខណៈបែបណាក្តី ពួកគេនៅរមែងព្យាយាមប្រព្រឹត្ត និងបត់បែនឥរិយាបថខ្លួនឯងទៅតាមកាលៈទេសៈនៃសង្គមជានិច្ច។ ប៉ុន្តែមិនមែនមនុស្សទាំងអស់គ្នាក្នុងសង្គមសុទ្ធតែអាចសម្របខ្លួនបានគ្រប់ៗគ្នានោះដែរ។

១.១.  ចរិតធម្មជាតិរបស់មនុស្ស (Nature Behavior)

          ចរិតធម្មជាតិរបស់មនុស្សស្តែងឡើងច្រើនពីសញ្ចេតនាខឹង ស្អប់ ស្រឡាញ់ អាណិត ដែលជាកត្តាធ្វើឱ្យច្បាប់សង្គម និងវប្បធម៌របស់ជាជាតិមួយកើតឡើងបាន។ ស្របគ្នានេះ អ្នកទស្សនៈវិជ្ជាបានធ្វើការសិក្សាពីចរិតធម្មជាតិរបស់មនុស្សទាំងនោះ និងបែងចែកពួកគេជាពីរក្រុមគឺ ក្រុមមនុស្សឱ្យតម្លៃផ្នែកខាងក្រៅជាធំ[2] (Externalism) និងក្រុមមនុស្សឱ្យតម្លៃផ្នែកខាងក្នុងជាធំ[3] (Internalism) (Cua, 1982)។

          ក្រុមមនុស្សឱ្យតម្លៃផ្នែកខាងក្រៅ ជាក្រុមមនុស្ស ដែលសម្លឹងមើលឃើញផ្នែកខាងក្រៅនៃមនុស្ស រួមមានទ្រព្យសម្បត្តិ និងរូបសម្បត្តិរបស់មនុស្សម្នាក់ទៀត។ មនុស្សក្រុមនេះភាគច្រើនជាមនុស្សអត្មានិយម និងមិនសូវឱ្យតម្លៃទៅលើប្រយោជន៍រួមនោះឡើយ។ ពួកគេព្យាយាមទំនាក់ទំនងជាមួយមនុស្សដទៃ ដើម្បីបំពេញតម្រូវការរបស់ខ្លួនតែប៉ុណ្ណោះ។ ពួកគេគិតថាទង្វើបែបនេះ ជារឿងល្អ ប៉ុន្តែទស្សនៈវិទូភាគច្រើនមិនឯកភាពចំពោះភាពល្អ ដែលពួកគេកំពុងតែគិតនោះឡើយ។ បើទោះជាយ៉ាងនេះក្តី ក៏មនុស្សក្រុមនេះមានចំណុចវិជ្ជមានលេចធ្លោមួយគឺ ពួកគេតែងតែគោរពច្បាប់ និងរចនាសម្ព័ន្ធច្បាប់របស់សង្គមជានិច្ច ដោយគ្មានករណីលើកលែងនោះឡើយ។

          ផ្ទុយទៅវិញក្រុមមនុស្សឱ្យតម្លៃផ្នែកខាងក្នុងជាធំ ជាក្រុមមនុស្ស ដែលឱ្យតម្លៃទៅលើមនោសញ្ចេតនា និងចិត្តគំនិតរបស់អ្នកដទៃ។ ពួកគេចាត់ទុកសីលធម៌សង្គមជាវត្ថុមួយចាំបាច់បំផុតសម្រាប់ពួកគេ។ អាស្រ័យហេតុនេះហើយបានជាពួកគេតែងតែតឹងរឹងចំពោះខ្លួនឯង និងអ្វីដែលពួកគេធ្វើដោយប្រើប្រាស់យកអារម្មណ៍អ្នកដទៃមកដាក់ក្នុងការគិតរបស់ខ្លួន គិតពីកិត្តិយស ភាពអៀនខ្មាស គិតពីភាពសមគួរ និងចេះដាក់ខ្លួន ព្រមទាំងគិតពីភាពខុស ឬត្រូវនៅក្នុងសង្គមថែមទៀតផង។ ពួកគេច្រើនប្រើប្រាស់មនោសញ្ចេតនាមកដោះស្រាយបញ្ហាចៀសជាងប្រើប្រព័ន្ធច្បាប់។ ពួកគេជាមនុស្សមានអភ័យខ្ពស់ និងងាយលើកលែងឱ្យមនុស្សទូទៅ។

១.២.  ចរិតធម្មជាតិសំយោគរបស់មនុស្ស (Nurture Behavior)

          ​ចរិតធម្មជាតិសំយោគរបស់មនុស្ស មិនមែនជាចរិតពីធម្មជាតិរបស់មនុស្សម្នាក់នោះឡើយ ប៉ុន្តែវាស្តែងចេញពីការទទួលយកនូវឥទ្ធិពលរបស់សង្គម ឬកើតចេញពីការរៀនពីសង្គម (MedicineNet, 2019)។ មនុស្សម្នាក់នោះបានផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន និង ទំនោរផ្លូវចិត្តទៅតាមក្តីប្រាថ្នារបស់សង្គមដោយគ្មានផ្លូវរើបម្រះ។ ប៉ុន្តែចរិតធម្មជាតិសំយោគនេះមិនគង់ស្ថិតស្ថេរបានយូរឡើយ ព្រោះនៅពេលដែលគំនិតអវិជ្ជមានគ្របដណ្តប់ពួកគេ ពួកគេនឹងជ្រុះបាត់អស់នូវចរិតធម្មជាតិសំយោគទាំងនោះភ្លាម។

          ជារួមយើងឃើញថាចរិតលក្ខណៈមនុស្សបែងចែកជាពីរគឺ ចរិតលក្ខណៈធម្មជាតិ ដែលមានពីកំណើត និងចរិតលក្ខណៈធម្មជាតិសំយោគ ដែលកើតចេញពីការសម្របខ្លួនរបស់មនុស្សម្នាក់នោះ។

 

[1] ត្រង់ពាក្យថា «ចរិតធម្មជាតិសំយោគ» នៅពេលនេះ នាងខ្ញុំគ្រាន់តែសាកល្បងបកប្រែយ៉ាងដូច្នោះសិន ដោយពុំទាន់យកជាផ្លូវការនៅឡើយទេ។

[2] សាកល្បងបកប្រែយ៉ាងដូច្នោះសិន

[3] សាកល្បងបកប្រែយ៉ាងដូច្នោះសិន


Reference:

https://www.medicinenet.com/nature_vs_nurture_theory_genes_or_environment/article.htm

A. S. Cua. (1982, July). Philosophy East and West. Morality and Human Nature, 32, 279-294. doi:https://doi.org/10.2307/1398467

Kendra Cherry. (គ្មានថ្ងៃ). The Age Old Debate of Nature vs. Nurture. យកមកវិញពី October 16, 2021, ទៅ VeryWell Mind: https://www.verywellmind.com/what-is-nature-versus-nurture-2795392



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login