នារីម្នាក់បានសួរថា “ដូងមួយផ្លែប៉ុន្មានលោកអ៊ំ?”
- លោកអ៊ំលក់ដូងបានឆ្លើយ “បាទក្មួយ មួយផ្លែ២៥០០”
- នារីម្នាក់នោះបាននិយាយថា “អ៊ីចឹងលក់ឲ្យក្មួយពីរផ្លែ៤០០០បានទេអ៊ំ? បើមិនបានទេ ក្មួយទៅរកទិញកន្លែងផ្សេង”
- លោកអ៊ំលក់ដូងប្រញាប់ឆ្លើយ “ក្មួយយកចុះពីរផ្លែ៤០០០” (ដោយគិតក្នុងចិត្ដថា ខ្ញុំលក់បែបនេះក៏ល្អហើយ ព្រោះតាំងពីព្រឹកមកខ្ញុំមិនទាន់លក់បានមួយផ្លែណាទេ)
នារីម្នាក់នោះបានយកដូងពីរផ្លែ ហើយដើរចេញទៅជាមួយនឹងអារម្មណ៍សប្បាយចិត្ដ ប្រៀបបាននឹងទើបយកឈ្នះការប្រកួតប្រជែងអ្វីមួយ។
នាងបានដើរចូលក្នុងឡាន រួចបើកទៅយកមិត្ដភ័ក្ដិម្នាក់ទៀត ដែលបានណាត់គ្នាទៅញ៉ាំអីក្នុងហាងទំនើបមួយ។
នារីទាំង២នាក់បានកម្មង់ម្ហូបមួយចំនួនដែលខ្លួនចូលចិត្ដ។ ពួកគេញ៉ាំតែបន្ដិចក៏ឈប់ ហើយសល់ម្ហូបជាច្រើននៅលើតុ។ ក្រោយមកនារីនោះ ក៏ហៅគេគិតលុយ ។ ក្នុងវិក័យបត្រអស់១៤៥,០០០ រៀល នារីនោះក៏ហុចក្រដាស់៥ម៉ឺនចំនួន៣សន្លឹក ហើយនិយាយថា ”មិនបាច់អាប់ទេ”។
នេះជារឿងសាមញ្ញបំផុតសម្រាប់ម្ចាស់ហាង ប៉ុន្ដែវាមើលទៅគួរឲ្យឈឺចាប់ណាស់សម្រាប់លោកអ៊ំដែលជាអ្នកលក់ដូងក្រីក្រម្នាក់នោះ។ ហេតុអ្វីមនុស្សមួយចំនួន គិតតាំងពីមួយកាក់មួយសេន នៅពេលទិញរបស់ពីអ្នកក្រ ហើយបែរជាចាយលុយទូលាយទៅកាន់អ្នកដែលមិនត្រូវការនូវលុយសល់នេះទៅវិញ ?
Comments: