Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មានរឿងជាច្រើនក្នុងឆាកជីវិត ពេលក្រឡេកថយក្រោយ អាចនឹងធ្វើឲ្យយើងពិបាកចិត្ត និងសោកស្ដាយបំផុត។ មានរបស់ជាច្រើន ដែលបាត់បង់ទៅហើយ ទើបដឹងថាវាមានតម្លៃ ។ ឆាកជីវិតហាក់ដូចជាវែងណាស់ ប៉ុន្ដែចុងក្រោយគ្មានបានប៉ុន្មានទេ។

ក្នុងដំណើរជីវិត យើងនឹងជួបមិត្ដជាច្រើន ប៉ុន្ដែមិត្ដដែលនឹងនៅក្បែរយើង តើមានប៉ុន្មាននាក់ទៅ? មានអ្នកខ្លះនៅក្បែរយើងត្រឹមមួយពព្រិកភ្នែក ក៏ចាកចេញទៅដូចខ្យល់ជំនោរដែលបក់កាត់ត្រឹមមួយរយៈពេលខ្លី។

ខ្ញុំធ្លាប់មានមិត្ដល្អម្នាក់ ប៉ុន្ដែឥឡូវយើងទាំងពីរបានបន្សល់ទុកត្រឹមតែពាក្យ២ម៉ាត់ “ធ្លាប់ស្គាល់” តែប៉ុណ្ណោះ។ នេះប្រហែលជាអ្វីដែលធ្វើឲ្យខ្ញុំសោកស្ដាយបំផុតក្នុងឆាកជីវិតនេះ ព្រោះមិនអាចរក្សាមិត្ដភាពមួយនេះឲ្យនៅស្ថិតស្ថេរបាន។ ពីមុនធ្លាប់ចាំគ្នាពេលចេញពីរៀន តែពេលនេះទោះបីជាឃើញគ្នា ក៏បានត្រឹមតែញញឹមបន្ដិច រួចដើរចេញតាមផ្លូវរៀងខ្លួន។

ថ្ងៃមួយ ខ្ញុំបានដើរលើផ្លូវ ជួបនឹងសិស្សសាលា២នាក់កំពុងចេញពីរៀន ពួកគេដើរបណ្ដើរ ប្រឡែងគ្នាបណ្ដើរ។ ក្នុងចិត្ដខ្ញុំក៏កើតមានក្ដីសង្វែកមួយរំពេច។ រាល់រូបភាពស្រមើស្រមៃរបស់ខ្ញុំនិងមិត្ដបានលេចឡើង អស់ពីរូបមួយដល់រូបមួយទៀត ប្រៀបបានដូចជាខ្សែរឿងមួយដែលកំពុងមានចលនាយឺតៗ នៅត្រង់សាច់រឿងដែលខ្ញុំនិងមិត្ដកំពុងប្រឡែងគ្នាពេលម៉ោងចេញលេង។ ខ្ញុំនៅចាំថ្ងៃមួយនោះ ដែលយើងបានសន្យាគ្នាថា “ថ្ងៃក្រោយយើងនឹងនៅតែជាមិត្ដភ័ក្ដល្អនឹងគ្នា និងនាំគ្នាខំរៀនឲ្យពូកែ” តើមិត្ដនៅចាំអត់?” ប្រហែលជាមិត្ដបានបំភ្លេចទៅហើយ ព្រោះសម្ដីកាលពីមុននៅចងចាំធ្វើអីទៀត។ តែចំពោះខ្ញុំ រាល់អនុស្សាវរីយ៍ កាលពីមុន គឺជាពេលដ៏សប្បាយចិត្ដបំផុត ហើយវានឹងដិតជាប់ក្នុងខួរក្បាលរបស់ខ្ញុំរហូត គ្មានថ្ងៃនឹងរលុបទេ។

ពិតជាគួរឲ្យសោកស្ដាយ មិនដឹងថាយើងទាំងពីរជ្រើសរើសផ្លូវដើររៀងខ្លួនតាំងពីពេលណា នេះប្រហែលជាមិត្ដនិងខ្ញុំ សុទ្ធតែយល់ថាខ្លួនឯងត្រូវ មានះដោយគ្មាននរណាព្រមទទួលខុស ទើបមិត្ដកាត់ផ្ដាច់ចំណងមិត្ដភាពដ៏ស្រស់បំព្រងនេះ ។ ពីមុនខ្ញុំធ្លាប់គិតថា យើងនៅមានឳកាសដើម្បីផ្សះផ្សា ដោយគ្រាន់តែនិយាយពាក្យសុំទោសទៅកាន់គ្នា ប៉ុន្ដែខ្ញុំគិតខុស ព្រោះមិត្ដជ្រើសរើសយកផ្លូវចាកចេញ ទាំងដែលខ្ញុំមិនទាន់បាននិយាយអ្វីសោះ។

ប្រហែលជាយើងមិនអាចវិលត្រលប់មកដូចដើមវិញទេ អរគុណដែលបានចូលមកក្នុងជីវិត ហើយក៏សុំទោសបើពេលពីមុនធ្វើឲ្យមិត្ដពិបាកចិត្ដ។ ជូនពរមិត្ដជួបតែរឿងល្អៗ លើវិថីដែលមិត្ដជ្រើសរើស។ ចំពោះខ្ញុំ នៅតែចងចាំអនុស្សាវរីយ៍ល្អៗ គឺគ្រាន់តែពេលនេះពួកយើងបានផ្លាស់ប្រែតែប៉ុណ្ណោះ។

អរគុណមិត្ដ ដែលធ្លាប់នៅក្បែរខ្ញុំក្នុងអំឡុងពេលនោះ ។
អរគុណមិត្ដ ដែលធ្លាប់ជាមិត្ដស្និតស្នាលបំផុត ។

________________

មិនថាមិត្ដភាពឬស្នេហា បើមិនមានភាពស្មោះត្រង់ចំពោះគ្នា មិនយូរមិនឆាប់នឹងល្អក់កករ។ តែបើមានការយល់ច្រលំ ត្រូវស្ដាប់ការបក់ស្រាយ និងចេះអធ្យាស្រ័យគ្នា ទើបចំណង់មិត្ដភាពបានយូរអង្វែង ៕

       ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/166168982212863



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login