2021-11-11 23:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
បើនិយាយពីអក្សរសិល្ប៍ឥណ្ឌានៅក្នុងប្រទេសកម្ពុជា យើងតែងនិយមស្តាប់ឮចាស់ៗនិទានរឿង «មហាភារតៈ» ឬ«រាមកេរ្តិ៍»ជាដរាប។ ដូចគ្នានេះរឿងវីរកថាឥណ្ឌាទាំងពីរនេះ សិល្បៈករល្ខោនខោល ល្ខោនស្បែក និងល្ខោនព្រះរាជទ្រព្យតែងនិយមចូលចិត្តយកទៅសម្តែងលើវេទិកាជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាកម្សាន្តជាញឹកញយ។ មិនមែននៅតែក្នុងប្រទេសយើងនោះទេ សូម្បីតែនៅប្រទេសឥណ្ឌាខ្លួនឯង ក៏ពួកគេនៅតែនិយមគាំទ្រ និងចូលចិត្តសាច់រឿងនេះ គ្រប់ៗគ្នាដែរ។ ពួកគេតែងជឿ និងគោរពដល់ព្រះក្រឹស្ណាក្នុងរឿងមហាភារតៈ និងព្រះរាមក្នុងរឿងរាមាយណៈមិនចេះជិនណាយ រហូតដល់ប្រជាជនភាគច្រើនគិតថារឿងរ៉ាវទាំងនេះមានជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រឥណ្ឌាថែមទៀតផង (Joshi, 2010) ។
អាស្រ័យហេតុនេះហើយ ដើម្បីជាចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងវីរកថាដ៏ល្បីមួយនេះ នាងខ្ញុំនឹងបកប្រែឯកសារស្រាវជ្រាវរបស់លោក ណារ៉ាយ៉ាន់ ចូស៊ី អំពីវីរកថាមហាភារតៈនេះ។ ឯកសារនេះលោកបានសិក្សាស្រាវជ្រាវតាំងពីឆ្នាំ ២០១០ ក្រោមប្រធានបទ “តើរឿងមហាភារតៈ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឥណ្ឌា ឬជាទេវកថា?”
ទាំងរឿងរាមាណៈ និងរឿងមហាភារតៈ សុទ្ធសឹងជារឿងវីរកថា ដែលដក់ជាប់ក្នុងក្រអៅបេះដូងយ៉ាងជ្រៅ និងជាមូលដ្ឋានគ្រឹះនៃវប្បធម៌យ៉ាងសំខាន់របស់ជនជាតិឥណ្ឌា។ ក្នុងចំណោមអវតាអាទិទេពទាំងអស់ ពួកគេជឿ និងគោរពស្រឡាញ់អវតាព្រះរាម និងព្រះក្រឹស្ណាខ្លាំងជាងគេបំផុត ទើបធ្វើឲ្យប្រជាជនឥណ្ឌានៅចេះ និងចងចាំរឿងនេះនិទានបន្តបន្ទាប់ឡើងវិញរាប់ពាន់ដង រហូតជនជាតិឥណ្ឌាជឿថាព្រឹត្តិការណ៍ ដែលមានពណ៌នាក្នុងរឿងនេះសុទ្ធសឹងជារឿងពិតកាលពីបុរេប្រវត្តិ ឬសម័យបុរាណកាលរបស់ឥណ្ឌា។ ប៉ុន្តែបើទោះជាមានប្រជាជនឥណ្ឌាជាច្រើនមានជំនឿយ៉ាងមុតមាំបែបនេះក្តី ក៏ប៉ុន្តែអ្នកសិក្សាស្រាវជ្រាវបរទេសមួយចំនួនពុំបានឯកភាពតាមពួកគេឡើយ។
នៅក្នុងឆ្នាំ ១៧៨៦ លោកវីល្លីម ចន បានស្វែងរកឃើញពីចំណងទំនាក់ទំនងស្នូលនៃភាសាឡាតាំង និងភាសាក្រិកជាមួយនឹងភាសាសំស្ក្រឹត។ វាជាជំហានថ្មីមួយ ដែលបើកឱកាសឲ្យមានការប្រៀបធៀបភាសាវិទ្យានៃប្រទេសទាំងនោះ។ ការប្រៀបធៀបប្រវត្តិនៃភាសាធ្វើឲ្យយើងស្វែងរកឃើញថាមានប្រទេសជាច្រើន មានភាសា ដែលកើតចេញពីអំបូរភាសាឥណ្ឌូអឺរ៉ុប។ ក្នុងសៀវភៅភាគនេះបានសរសេររៀបរាប់ពីសារសំខាន់នៃអំបូរភាសាទាំងនោះ ប៉ុន្តែនៅមានចំណុចខ្វះចន្លោះនៅឡើយ។ គេបានលើកឡើងថាពួកអឺរ៉ុប និងឥណ្ឌាមិនធ្លាប់មានប្រវត្តិទំនាក់ទំនងជាមួយគ្នាឡើយតាំងពីឆ្នាំ ៦០០ មុនគ.ស.មក លុះរហូតដល់ពេលពួកអឺរ៉ុបដាក់អាណានិគមលើដែនដីអាស៊ីនៅចុងស.វទី១៨ ទើប បណ្តាប្រទេសទាំងពីរចាប់ផ្តើមមានសញ្ញានៃទំនាក់ទំនងគ្នា។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺ មូលដ្ឋានគ្រឹះនៃភាសាក្រិក និងភាសាឡាតាំងបុរាណបែរជាមានទំនាក់ទំនងគ្នាជាមួយមូលដ្ឋានគ្រឹះនៃភាសាឥណ្ឌាទៅវិញ។
បើនិយាយពីក្រិកក្នុងអំឡុងរជ្ជកាលព្រះអង្គម្ចាស់អេឡិចសាន់ឌឺ ចាវ៉ាន់នី ពួកគេធ្លាប់មានទំនាក់ទំនងជាមួយប្រជាជនឥណ្ឌាដែលរស់នៅតាមព្រំប្រទល់នៃខេត្តបញ្ចាបក្នុងចន្លោះឆ្នាំ ៣២៦មុនគ.ស.តែប៉ុណ្ណោះ។ ក្រៅពីនេះប្រវត្តិវិទូរបស់ស្តេចអេឡិចសាន់ឌឺបានចាប់អារម្មណ៍ទៅនឹងភាពប្រហាក់ប្រហែលរវាងភាសារបស់ពួកគេ និងភាសាសំស្ក្រឹតជាខ្លំាង។ ភាសាវិទូអឺរ៉ុបពិបាកនឹងបកស្រាយ ឬពន្យល់ណាស់ថា តើភាសាសំស្ក្រឹតស្ថិតក្នុងអំបូរតែមួយជាមួយនឹងភាសា ក្រិក និងឡាតាំងឬយ៉ាងណា? តើប្រទេសឥណ្ឌាអាចធ្លាប់មានទំនាក់ទំនងជាមួយអឺរ៉ុបតាំងពីសម័យបុរេប្រវត្តិមុន ៦០០ឆ្នាំ មុន គ.ស. ដែរឬទេ? ដើម្បីបកស្រាយបំភ្លឺទំនាក់ទំនងតាំងពីសម័យបុរេប្រវត្តិនេះបាន យើងត្រូវធ្វើការសិក្សាស្វែងយល់ពីប្រទេសនៅភាគខាងលិចមួយនេះជាមុនសិន។
ខូលីន រីនហ្វ្រេវ (Colin Renfrew)[1] បានសង្កេតឃើញថាចាប់ពីពាក់កណ្តាលស.វ.ទី១៩មក ពួកគេបានផ្លាស់ ប្តូរការចាប់អារម្មណ៍ពីការសិក្សាភាសាវិទ្យាឥណ្ឌូអឺរ៉ុប ដោយងាកទៅចាប់អារម្មណ៍ស្វែងរកពីភាពចំណាស់នៃភាសា សំស្ក្រឹត ភាសាក្រិក និងភាសាឡាតាំងជំនួសវិញ។ ដោយសារតែមានពាក្យសព្ទប្លែកៗពីបុរាណច្រើន ភាសាវិទូអឺរ៉ុបចាប់ផ្តើមបង្កើតសន្ទានុក្រមរូបភាពសម្រាប់ជាជំនួយដល់ភាសាបុរាណទាំងនោះ។ បន្ទាប់មកតារាវិទូអឺរ៉ុបក៏ធ្វើការរុករក និងសន្និដ្ឋានថាមនុស្សដែលរស់នៅទីនេះ (ប្រទេសឥណ្ឌា) ដំបូងអាចជាជនជាតិអារ្យ័ន ពួកគេនិយាយភាសាឥណ្ឌាបុរាណ និងមានពួកដ្រាវីតដែលនិយាយភាសាទមិលបុរាណ។ របបគំហើញនេះហាក់មានភាពសមរម្យអាចទទួលយកបាន ព្រោះបច្ចុប្បន្ននេះ យើងមើលឃើញថាឥណ្ឌាមានប្រជាជនពីរពួក ដោយមួយពួកមានសម្បុរស្បែកពណ៌ស និងមួយពួកទៀតមានសម្បុរស្បែកពណ៌ស្រអែម។ ពួកឥណ្ឌាស្បែកសភាគច្រើនរស់នៅឥណ្ឌាប៉ែកខាងជើង រីឯឥណ្ឌាស្បែកស្រអែមភាគច្រើនរស់នៅឥណ្ឌាប៉ែកខាងត្បូង។ តាមការកត់ចំណាំ ក្រុមមនុស្សឥណ្ឌា ដែលមានស្បែកស និងមានច្រមុះស្រួច ជាពួកអារ្យ័ន។ ពួកគេមកពីតំបន់អឺរ៉ុបភាគខាងកើត ឬតំបន់អាស៊ី ដើម្បីស្វែងរកតំបន់វាលស្មៅពណ៌បៃតងសម្រាប់សត្វពាហនៈរបស់ពួកគេផង និងសម្រាប់ការរស់រានផង។ ពួកគេទាំងនោះបានធ្វើដំណើរទៅអឺរ៉ុបមួយផែ្នក មួយផ្នែកទៀតបានធ្វើដំណើរទៅអ៊ីរ៉ង់ និងមានអ្នកខ្លះទៀតធ្វើដំណើរមកដល់ភាគពាយ័ព្យនៃប្រទេសឥណ្ឌាសព្វថ្ងៃនេះ។ ពួកដ្រាវីតបានលើកឡើងថាពួកអារ្យ័នបានឈ្លានពានដណ្តើមកន្លែងរបស់ពួកគេ និងវាយបណ្តេញពួកគេឲ្យធ្វើដំណើរទៅកាន់ភាគខាងត្បូងរួចកាន់កាប់ឥណ្ឌាខាងជើងចាប់តាំងពីឆ្នាំ ១៥០០ មុនគ.ស.មកម្ល៉េះ។ ក្នុងទ្រឹស្តីភាសាវិទ្យា មនុស្សជាអ្នកបង្កើតភាសា ប៉ុន្តែសម្រាប់ករណីជនជាតិឥណ្ឌានេះ ទ្រឹស្តីទាំងនោះមិនអាចយកមកប្រើការបាននោះឡើយ ព្រោះភាសាដែលពួកគេប្រើប្រាស់ទៅវិញទេដែលកំពុងកំណត់អត្តសញ្ញាណ និងបញ្ជាក់ឲ្យយើងដឹងថានរណាម្នាក់ជាពួកអារ្យ័ន ឬនរណាម្នាក់ជាពួកដ្រាវីត។
រាល់បណ្ឌិត អ្នកប្រាជ្ញនានាប្រហែលជាចូលចិត្តការបកស្រាយប្រវត្តិសាស្ត្រឥណ្ឌាដោយពឹងផ្អែកលើទិដ្ឋភាពនៃការវែកញែកតាមបែបភាសាវិទ្យា ប៉ុន្តែការវិភាគទាំងនោះបែរជាគ្មានទាក់ទងនឹងវីរកថារឿងមហាភារតៈទាល់តែសោះ។ ពួកអារ្យ័នបានដាក់រឿងមហាភារតៈចូលក្នុងគម្ពីរវេទបុរាណ ដោយលើកឡើងថាវាមិនមែនជារឿងប្រវត្តិសាស្ត្រអ្វីនោះឡើយ។ ដូច្នេះមានន័យថាតឹកតាងប្រវត្តិសាស្ត្រ ដែលពួកបុរាណវិទូបានព្យាយាមរកតាំងពីឥណ្ឌារហូតដល់ប៉ាគីស្ថានអស់រយៈពេល១០០ឆ្នាំមកនេះ មិនអាចបញ្ជាក់ថារឿងមហាភារតៈជាប្រវត្តិសាស្ត្រពិតជាក់ស្តែងបាននោះទេ។ អាស្រ័យហេតុនេះហើយទើបមនុស្សជាច្រើនយល់ថា តើរឿងអ្នកនិពន្ធបង្កើតសាច់រឿងដ៏ស្មុគស្មាញនេះបានដោយរបៀបណា? មិនត្រឹមតែប៉ុណ្ណោះ អ្នកសិក្សាបរទេសជាច្រើនបានបង្ហាញពីទិន្នន័យនៃប្រភពអត្ថបទដ៏មានអាថ៌កំបាំងនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដូចគ្នានេះ គ្មានបុរាណវិទូឥណ្ឌាណាម្នាក់បានរកឃើញគម្ពីរវេទបុរាណរបស់ពួកអារ្យ័ននោះឡើយ។ ផ្ទុយទៅវិញក្រុមបុរាណវិទូបានរកឃើញនៅសំណៅឯកសារ ដែលមានកត់ត្រាសុទ្ធសឹងជាភាសាបុរាណ។ ឯកសារទាំងនោះជាអាចជាកម្រងគម្ពីរវេទបុរាណរបស់ឥណ្ឌាផង ហើយក៏អាចជាតឹកតាងផ្នែកបុរាណវត្ថុផង។ សព្វថ្ងៃនេះយើងកំពុងមានបញ្ហាពីរចោទឡើងស្របៗគ្នាចំពោះវីរកថាមួយនេះ ដោយអ្នកខ្លះលើកឡើងថារឿងមហាភារតៈគ្រាន់តែជាសាច់រឿងអក្សរសិល្ប៍ គ្មានជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រឡើយ រីឯអ្នកខ្លះទៀតនិយាយថាជារឿងប្រវត្តិសាស្ត្រពិតៗមិនមែនជារឿងអក្សរសិល្ប៍នោះទេ។
បើទោះជាពេលនេះយើងមិនបានស្រង់ពីគំនិតលម្អិតរបស់អ្នកសិក្សាទាំងនោះក្តី ក៏យើងអាចនិយាយជារួមថាអ្នកសិក្សាបរទេសមួយចំនួនយល់ថា រឿងមហាភារតៈអាចជាចំណែកមួយនៃប្រវត្តិសាស្ត្របុរាណរបស់ឥណ្ឌា។ ជាក់ ស្តែងកាលពីជាងមួយឆ្នាំមុន អ្នកសិក្សាបរទេសទាំងនោះបានលើកយកនូវអំណះអំណាងពីជនជាតិអារ្យ័ន ដែលបានធ្វើដំណើរ និងទន្ទ្រានដែនដីនេះម្តងរួចទៅហើយ។ ដូចគ្នានេះ ក្នុងសាច់រឿងវីរកថាមួយនេះក៏បានលើកឡើងពីការដំណើរវាទទីរបស់ពួកអារ្យ័នមកលើម្ចាស់ស្រុកនៅតំបន់នេះដែរ។ លោកបណ្ឌិតស្តែនលី វ៉លភត (Stanley Wolpert)[2] បានសរសេរថា «ការធ្វើអន្តោប្រវេសន៍ចូលមកដល់របស់ពួកអារ្យ័នបានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រឥណ្ឌា ដ្បិតពួកម្ចាស់ស្រុកបានទទួលយកនូវអ្វីថ្មីៗពីពួកអារ្យ័នដូចជាភាសាសំស្ក្រឹត ជំនឿលើអាទិទេពថ្មី ការគោរពបូជាចំពោះបុព្វបុរស ការគោរពបិតាធិបតេយ្យ និងប្រព័ន្ធនៃការបែងចែកសង្គមជាបីកម្រិត (ព្រាហ្មណាចារ្យ អ្នកចម្បាំង និងរាស្ត្រសាមញ្ញ)
មកអនុវត្ត និងរៀបចំសង្គមរបស់ខ្លួនឡើងវិញ»។ លុះក្រោយមកទៀតលោកបណ្ឌិតម៊ើរី អឹមមែនណឺ (Murray Emeneau)[3] បានសរសេរថា «ជនជាតិដើមឥណ្ឌាមិនបានចងចាំអ្វីពីការធ្វើចំណូលស្រុករបស់ពួកអារ្យ័នឡើយ។ ដូច្នេះហើយទើបបានជាគេលើកយកនូវទ្រឹស្តីនៃការធ្វើអន្តោរប្រវេសន៍របស់ពួកអារ្យ័នជាថ្មីម្តងទៀតនៅប្រមាណ៣០ឆ្នាំនេះ។ នៅទីបំផុតបន្ទាប់ពីព្យាយាមបង្ហាញនូវទ្រឹស្តីនេះជាច្រើនលើកច្រើនសា ពួកគេក៏ឯកភាពតាមអ្នកនិពន្ធទាំងនោះថាពិតជាមានការធ្វើអន្តោប្រវេសន៍មកកាន់ឥណ្ឌាដូចទៅនឹងសហរដ្ឋអាមេរិកកាលពី៥០ឆ្នាំមុនដែរ»។
[1] Colin Renfrew, “Archaeology and language: The Puzzle of Indo-European Origins”, Cambridge University press, New York, 1988.
[2] Stanley Wolpert, “A New History of India”, Fourth Edition, Oxford University Press, New York and Oxford, 1993, p.27 and p.37.
[3] Murray Emeneau, “Linguistic Prehistory of Indian”, Proceedings of the American Philosophical Society, Vol.98, 1954, pp. 282-292
Reference:
Joshi
N. (2010). Annals of the Bhandarkar Oriental Research Institute. MAHĀBHĀRATA: HISTORY OR MYTH?
91
47-60. Retrieved March 29
2021
from https://www.jstor.org/stable/41692159?read-now=1&refreqid=excelsior%3A2866ef4d5fd88988fa6472aff9b8f45c&seq=1#page_scan_tab_contents