១.តើល្ខោនមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
២.តើប្រភេទល្ខោនអ្វីខ្លះ ដែលនៅមានគេសំដែងរាល់ថ្ងៃ?
៣.តើប្រភេទល្ខោនអ្វីខ្លះ ដែលបានបាត់បង់? ហេតុអ្វី?
៤.ចូរអ្នកបញ្ជាក់ន័យខ្លីៗអំពីល្ខោន អាប៉េ ល្ខោនមហោរី ល្ខោនប្រាមោទ្យ ល្ខោនបាសាក់ ល្ខោនខោល ល្ខោននិយាយ ល្ខោនយីកេ ល្ខោនស្រមោល។
ចម្លើយ
១.តាមការស្រាវជ្រាវបានឱ្យដឹងថា ល្ខោនមានជាង២០ប្រភេទដូចជា៖
- ល្ខោនអាប៉េ
- ល្ខោនចាប៉ី
- រឿងនិទាន
- ល្ខោនបើកបទ
- ល្ខោនភ្លេងការ
- ល្ខោនតុក្កតា
- ល្ខោនចំរុះ
- ល្ខោនកំណាព្យ
- ល្ខោនគែន
- ល្ខោនពោលស្រី
- ល្ខោនមហោរី
- ល្ខោនប្រាមោទ្យ
- ល្ខោនខោល
- ល្ខោននិយាយ
- ល្ខោនយីកេ
- ល្ខោនសមោល...។
២.ប្រភេទល្ខោនដែលនៅមានគេសំដែងរាល់ថ្ងៃមានដូចជា៖
- ល្ខោនបាសាក់
- ល្ខោនយីកេ
- ល្ខោនស្រមោល
- ល្ខោនអេប៉េ
- ល្ខោននិយាយ
- ល្ខោនមហោរី
- ល្ខោនខោល
៣.ល្ខោនដែលបានបាត់បង់មានដូចជា៖
- ល្ខោនបើកបទ
- ល្ខោនភ្លេងការ
- ល្ខោនតុក្កតា
- ល្ខោនចំរុះ
- ល្ខោនកំណាព្យ
មូលហេតុដែលនាំឱ្យបាត់បង់នូវប្រភេទល្ខោនទាំងនេះ ព្រោះដោយសារបំរែបំរូលសង្គម។ មានន័យថា ពីសម័យមួយទៅសម័យកាលមួយ ការនិយមពេញចិត្តរបស់មនុស្សកាន់តែប្លែកទៅៗ ម៉្យាងដោយសារការរីចំរើនខាងវិស័យវិទ្យាសាស្ត្រ។ ដូច្នេះ ប្រភេទល្ខោនបុរាណទាំងនោះ ត្រូវបាត់បង់ប្រជាប្រិយភាព ហើយក៏បាត់បង់បន្តិចម្តងៗដល់បាត់ខ្លួនតែម្តង។
៤.បញ្ជាក់ន័យខ្លីៗអំពីៈ
- ល្ខោនអាប៉េៈ មានដើមកំណើតនៅខេត្តកំពង់ចាម ខេត្តតាកែវភាគខាងត្បួង ខេត្តកំពង និងព្រះរាជវាំង។ គេសំដែងក្នុងពិធីបុណ្យផ្សេងៗ។
- ល្ខោនមហោរីៈ មានដើមកំណើតនៅព្រះបរមរាជវាំងផ្ទាល់។ ល្ខោននេះអាចសំដែងរឿងបានច្រើន។ ការសំដែងមានភ្លេងនាំមុខ ហើយមានអ្នក ពោលបន្ថែមបង្ហាញតួអង្គនិមួយៗផង។
- ល្ខោនប្រាមោទ្យៈ សម្រាប់សំដែងរឿងខ្លីប្រកបដោយ សេចក្តីរីករាយ មិនសំដែងរឿងកំសត់ ព្រាត់ប្រាស ឬប្រើវេទមន្តច្បាំងគ្នាឡើយ។ ល្ខោននេះមានវត្តមាននៅលើទឹកដីកម្ពុជា តាំងពីមុនសម័យអង្គមកម្លេះ។
- ល្ខោនបាសាក់ៈ មានដើមកំណើតនៅខេត្តបាសាក់ កម្ពុជាក្រោម។ ពីមុនឈ្មោះថាល្ខោនទ្រើងឃ្លោក។ ល្ខោនបាសាក់សំរាប់សំដែងរឿងបុរាណ គេច្រើនសំដែងក្នុងពិធីបុណ្យផ្សេងៗតាមវត្តអារាម និងតាមស្រុកភូមិ។
- ល្ខោនខោលៈ មានតួសុទ្ធបុរស។ កាលពីមុនគេឃើញល្ខោនខោល សំដែងតែរឿង រាមកេរ្តិ៍ តែក្រោមមកមានសំដែងរឿងដទៃទៀតដែរ ដូចជារឿងព្រះវេស្សន្តរ រឿងព្រះសុធនកែវ មនោហ៍រា...។
- ល្ខោននិយាយៈ មានប្រភពមកពីបរទេស (អ៊ឺរ៉ុប)។ ល្ខោននេះច្រើនសំដែងរឿងទំនើប ទាក់ទងនឹងបញ្ហាវណ្ណៈ។
- ល្ខោនយីកេៈ មានដើមកំណើតមកពីជ្វា។ ល្ខោននេះសំដែងរឿងបុរាណក៏បាន រឿងទំនើបក៏បាន។ គេសំដែងនៅពេលមានបុណ្យទានតាមភូមិ ឬតាមវត្តអារាម។
- ល្ខោនស្រមោលៈ មានពីរប្រភេទគឺល្ខោនស្រមោលស្បែកធំ និង ល្ខោនស្រមោលស្បែកតូច។ ល្ខោននេះមានតាំងពីមុនសម័យអង្គមកម្លេះ។ រូបចម្លាក់ស្បែកធំគ្មានចលនាទេ ឯរូបចម្លាក់ស្បែកតូច សំរាប់សំដែងរឿង ដែលកើតមកនៅក្នុងសង្គមដូចជាការជិះជាន់កេងប្រវញ្ចរបស់ថៅកែ និងពួកអាណិគមមកលើប្រជាជន ស្លូតត្រង់ ឬករចំអកឡកឡើយអ្នកជិះជាន់។ ល្ខោនស្បែកតូចសំដែងក្នុងពិធីបុណ្យទូទៅនៅតាមស្រុកភូមិ និងវត្ថអារាម ឯល្ខោនស្បែកធំសំដែងក្នុងពិធីផ្សេងៗដូចជា ពីធីសុំទឹកភ្លៀង ចំរើនព្រជន្មចៅអធិការ ឬមាតាបិតា បូជាសពមាតាបិតា ឬចៅអធិការជាដើម។ ឯស្បែកតូចអាចសំដែងបានក្នុងកម្មវិធីបុណ្យទានទូទៅ នៅតាមភូមិ ឬតាមវត្តអារាម។