ដើម្បីថែរក្សាដីកុំឱ្យបាត់បង់គុណភាព គេប្រើប្រាស់វិធីដូចខាងក្រោម៖
- វិធីបម្លាស់ដំនាំ៖ ដំនាំខ្លះផ្តល់សារធាតុចិញ្ចឹមឱ្យដី (ដំនាំសណ្ដែក) ឯដំនាំខ្លះទៀតស្រូបយកសារធាតុចិញ្ចឹមពីដីវិញ (ពោត)។ ដូចនេះគេត្រូវផ្លាស់ប្តូរដំនាំលើដីមួយកន្លែងរៀង រាល់ឆ្នាំ។ វិធីនេះអាចរក្សាសារធាតុចិញ្ចឹមនៅក្នុងដី នៅពេលប្រើប្រាស់ហើយ និងអាចឲដីសំរាកដោយពុំចាំបាច់ទុកវាឱ្យនៅទំនេរ។
- ចំការល្បាក់ ៖ ចំការល្បាក់គឺជាការរានដីលើចំណោត ឬជម្រាលមួយឱ្យទៅជាល្បាក់ ឬជាថ្នាក់ៗតាមលំដាប់សម្រាប់ដាំដំណាំ។
- ដំនាំតាមទីជម្រាល ៖ ដំនាំតាមជម្រាល គឺជាការរានដី ឬភ្ជួរ ដីលើជម្រាលដើម្បីដាំដំនាំ។ វិធីទាំងពីរនេះអាចបន្ថយល្បឿនទឹកហូរពីលើភ្នំ ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង ឬពេលព្រិលរលាយនៅលើកំពូលភ្នំកុំឱ្យទឹកនាំយកដីមានប្រយោជន៍ទៅជាមួយ។
- កសិរុក្ខកម្ម៖ ដើមឈើចុល្លព្រឹក្ស និងដំនាំផ្សេងៗទៀតអាចដាំបានតាមទម្រង់ជាដំនាំច្រើនជាន់។ វិធីនេះអាចឱ្យដំនាំច្រើនប្រភេទដុះជាមួយគ្នាបាន ដោយគ្មានការប្រកួតប្រជែងនៅក្នុងកន្លែងមួយ។ រុក្ខជាតិស្រទាប់លើអាចបង្កើតជាគម្របការពារទល់នឹងកម្ដៅព្រះអាទិត្យ ភ្លៀងធំ និងខ្យល់ខ្លាំង។ ស្លឹកឈើធ្លាក់មកពីលើដើមឈើធំមាននាទីជាជីពណ៏បៃតង។ គម្របស្រទាប់លើការពារកុំឱ្យស្មៅដុះបាន។
- ជី៖ ជ័មានពីរប្រភេទគឺជីសរីរាង្គ និងជីអសរីរាង្គ។
- ជីសរីរាង្គ៖ មានសារធាតុចិញ្ចឹមដូចជា លាមកសត្វ សំណល់ពីដំនាំ និងកំប៉ុស។ សមាសធាតុជីសរីរាង្គ ខុសៗគ្នា ហើយអាចផ្តល់សារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ នៅពេលណាដែលសារធាតុសរីរាង្គទាំងអស់នោះ រលាយតែប៉ុណ្ណោះ។ ហេតុនេះជីសរីរាង្គមានឥទ្ធិពលយឺត។
- ជីអសរីរាង្គ៖ ផលិតចេញពីសារធាតុគីមីហើយគេអាចស្គាល់ពីសមាសធាតុរបស់វាយ៉ាងច្បាស់លាស់។ជីអសរីរាង្គផ្តល់សារធាតុចិញ្ចឹមភ្លាមៗដល់រុក្ខជាតិប្រសិនបើពុំមានការបាត់បង់ដោយសារការជ្រាប ឬលេចចេញទេនោះ។