អង្គការសមាគមអាស៊ានមានគោលបំណងដូចតទៅ ៖
- ថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខនិងស្ថិរភាព និងពង្រីកបន្ថែមទៀតនូវតម្លៃឆ្ពោះទៅរកសន្តិភាពក្នុងតំបន់ ។
- លើកកម្ពស់ភាពរឹងមាំតំបន់តាមរយៈការជំរុញឲ្យកាន់តែខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងសង្គម វប្បធម៌ ។
- រក្សាតំបនអាស៊ីអគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរនិងគ្មានអាវុធប្រល័យលោកផ្សេងទៀត។
- ធានាថាប្រជាជន និងរដ្ឋសមាជិកអាស៊ានរស់នៅប្រកបដោយសន្តិភាពជាមួយពិភពលោកទាំងមូល ក្នុងការបរិយាកាសយុត្តិធម៌ ប្រជាធិបតេយ្យ និងភាពសុខដុមរមនា ។
- បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួមដែលមានស្ថិរភាព វិសាលភាព មានការប្រកួតប្រជែងខ្ពស់ និងសមាហរណកម្មសេដ្ឋកិច្ចជាមួយនិងការសម្របម្រួលដ៏មានប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ សម្រួលចលនាពាណិជ្ជករ អ្នកមានវិជ្ជាជីវៈ អ្នកមានទេពកោលសល្យ និងពលករ និងលំហូរដោយម្ចាស់ការនៃទុន ។
- កាត់បន្ថយភាពក្រីក្រ និងបង្រួមគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន តាមរយៈការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ។
- ពង្រឹងលទ្ឌិប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានដោយយកចិត្តទុកដាក់ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិកអាស៊ាន ។
- ឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅតាមគោលការណ៍នៃសន្តិសុខពេញលេញចំពោះការគំរាមកំហែងគ្រប់រូបភាព ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមដែននានា ។
- លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីធានាការពារបរិស្ថានតំបន់ និងនិរន្តរភាពនៃធនធានធម្មជាតិ និងការអភិរក្សមត៌កវប្បធម៌ និងគុណភាពនៃជីវភាពរស់នៅខ្ពស់របស់ប្រជាជន ។
- អភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិតសិទ្ធិក្នុងការអប់រំ និងការសិក្សាក្នុងមួយជីវិត និងលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដើម្បីផ្ដល់ជូនប្រជាជនអាស៊ាន និងការពង្រឹងសហគមន៍អាស៊ាន ។
- លើកកម្ពស់ភាពសុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាជនអាស៊ានដោយការផ្ដល់ឲ្យនូវលទ្ធភាពទទួលបានសមភាពក្នុងការអភិវឌ្ឍមនុស្ស សុខុមាលភាពសង្គម និងយុត្តិធម៌
- ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងបរិស្ថានប្រកបដោយសុវត្ថិភាព សន្តិភាពនិងភាពគ្មានគ្រឿងញៀនសម្រាប់ប្រជាជនអាស៊ាន ។
- ជំរុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ាន ក្នុងនោះគ្រប់ផ្នែកទាំងអស់នៃសង្គមត្រូវបានលើកទឹកចិត្តឲ្យចូលរួម និងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន ។
- ជំរុញអត្តសញ្ញាណអាស៊ានតាមរយៈការជំរុញឲ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌ និងមត៌កចម្រុះក្នុងតំបន់ ។
- ថែរក្សាតួនាទីស្នូលដ៏សកម្មរបស់អាស៊ានជាកម្លាំងចលករដ៏សំខាន់ក្នុងទំនាក់ទំនងនិងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូក្រៅតំបន់ ក្នុងស្ថាបត្យកម្មតំបន់ប្រកបដោយភាពបើកចំហ មានតម្លាភាពនិងការរួមបញ្ចូលគ្នា ។