សៀវភៅ “A Promised Land” គឺជាស្ថាដៃទី៣ របស់លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤ (ពីឆ្នាំ២០០៩ ដល់ ២០១៧) ដែលបានដាក់លក់ដំបូងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានកម្រាស់រហូតដល់៧៦៨ទំព័រ ដែលនេះទើបតែជាសៀវភៅភាគទីមួយប៉ុណ្ណោះ ។ គួររំលឹកផងដែរថា សៀវភៅដែលជាស្ថាដៃទី១របស់លោក មានចំណងជើងថា “Dreams from My Father” បោះពុម្ភផ្សាយនាឆ្នាំ១៩៩៥ និងស្ថាដៃទី២មានចំណងជើងថា The Audacity of Hope បោះពុម្ភផ្សាយនាឆ្នាំ២០០៦ ។
នៅក្នុងសៀវភៅ “A Promised Land” លោក បារ៉ាក់ អូបាម៉ា បានសរសេររៀបរាប់ពីកិច្ចការស្មុគស្មាញជាច្រើនក្នុងសេតវិមាន ក្នុងនោះលោកក៏បានរៀបរាប់ពីប្រតិបត្ដិការតាមសំលាប់មេភេរវករ អូសាម៉ា ប៊ីឡាឌែន កាលពីឆ្នាំ២០០១ ដែលកាលនោះមានភាពចម្រូងចម្រាសគ្នាជាច្រើន រួមទាំងលោក Joe Biden ដែលជាប្រធានាធិបតីបច្ចុប្បន្ន ក៏មិនគាំទ្រនូវប្រតិបត្ដិការនេះដែរ ។
នៅក្នុងសៀវភៅភាគទី១នេះ លោកក៏បាននិយាយអំពីមេដឹកនាំកំពូលៗជាច្រើនរូប ដែលខ្លះត្រូវបានលោកសរសេរចំអក និងខ្លះទៀតត្រូវបានលោកសរសើរ។ លោកនិយាយចំៗទៅលើមេដឹកនាំទាំងនោះថា៖
- លោក Nicolas Sarkozy ដែលជាអតីតប្រធានាធិបតីប្រទេសបារាំង “លោក Sarkozy ពេលខ្លះធ្វើឲ្យសប្បាយ ពេលខ្លះទៀតគួរឲ្យធុញទ្រាន់ ។ Sarkozy កម្រើកដៃឥតឈប់ ខំពើងទ្រូងដូចមាន់គកកន្ដឿ ពេលជជែកពិភាក្សាគ្នា ម្ដងនិយាយបញ្ជោរដៃគូសន្ទនា ម្ដងនិយាយអួតអាងពីខ្លួនឯង វិលវល់ចុះឡើងជុំវិញតែគោលដៅដើមតែមួយគត់របស់ខ្លួន នោះគឺលើកតម្កើងខ្លួនឯង ជាតួអង្គនៃគ្រប់សមិទ្ធផលធំៗ” ។
- លោក Putin ជានាយករដ្ឋមន្រ្ដីប្រទេសរូស្សី “បើមើលរាង Putin គ្មានអ្វីគួរឲ្យស្ងើចទេ ទាប និងក្រអាញ មាឌដូចកីឡាករបោកចំបាប់ សក់តិចនិងស្ដើងពណ៌ទង់ដែង ច្រមុះកោង ភ្នែកថ្លាមុតនិងរវាស។ ខណៈពេលជជែកគ្នា ខ្ញុំកត់សម្គាល់ឃើញភាពឆ្មើងឆ្មៃរបស់Putin ដែលមិនសូវរវល់ពីគូសន្ទនាឡើយ ។ ទាំងសំដីសំដៅ និងសំលេងរបស់Putin សុទ្ធតែបង្ហាញថាគាត់ជាមនុស្សដែលមានទម្លាប់អមហែហមទៅដោយអ្នកខ្លាច និងអ្នកបញ្ជោរ ជារួមគឺជាបុរសដែលស៊ាំខ្លាំងណាស់នឹងអំណាច” ។
- លោក Hu Jintao ដែលជាអតីតប្រធានាធិបតីប្រទេសចិន “មានពេលមួយ ពេលកំពុងអង្គុយជជែកទល់មុខគ្នា, Hu Jintao មិននិយាយទេ តែអានឯកសារ ។ ថ្លែងសារមកកាន់ខ្ញុំដោយប្រើសំលេងស្មើធេង ។ ខ្ញុំពេលនោះធុញថប់ខ្លាំង សឹងតែចង់ស្នើសុំដោះដូរឯកសារគ្នា ដើម្បីយកទៅអានរៀងៗខ្លួនកុំឲ្យខាតពេល” ។
- លោកស្រី Angela Merkel នាយករដ្ឋមន្រ្ដីអាឡឺម៉ង ដែលត្រូវបានលោកសរសើរថា “លោកស្រីមានភ្នែកធំ ពណ៌ផ្ទៃមេឃ កែវភ្នែកទាំងគូរបស់គាត់ជួនកាលគេឃើញមានភាពចំបែង ភាពរីករាយ ឬភាពទោមនស្ស។ ឯឥរិយាបទវិញ ជាទូទៅមិនដែលស្ដែងឲ្យឃើញឡើយពីអារម្មណ៍ឬមនោសញ្ចេតនា លេចធ្លោឲ្យឃើញតែស្មារតីសាច់ការនិយម និងស្មារតីនិយមការត្រិះរិះពិចារណា”។
[ដោយលោក Jean Francois Tain]
យ៉ាងណាមិញ “A Promised Land” មិនបានរៀបរាប់លម្អិតទៅលើជិវិតស្នេហារបស់លោកជាមួយនឹងភរិយាទេ ប៉ុន្ដែត្រូវបានលើកយកមករៀបរាប់យ៉ាងលម្អិតនៅក្នុងសៀវភៅ “Becoming” និពន្ធដោយលោកស្រី Michelle Obama ដែលជាភរិយារបស់លោក ។
សៀវភៅ “A Promised Land” ត្រូវបានគាំទ្រយ៉ាងពេញទំហឹង និងបានជាប់ចំណាត់ថ្នាក់ជាសៀវភៅដែលលក់ដាច់ជាងគេ ក្នុងចំណោមសៀវភៅនិពន្ធដោយមេដឹកនាំរបស់សហរដ្ឋអាមេរិក ៕
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/139453458217749
Comments: