មិនបាច់ចង់ឱ្យនរណាម្នាក់មកយល់ពីចិត្តរបស់យើងទេ ព្រោះជីវិតមានតែមួយហើយក៏ជារបស់ខ្លួនឯងតែម្នាក់ប៉ុណ្ណោះ។ កុំតូចចិត្តបើសិនជាអ្នកដទៃមិនយល់ពីចិត្តយើង ដោយហេតុថាគេក៏កំពុងតែរវល់ជាមួយជីវិតដ៏សែនមមារញឹករបស់គេខ្លួនឯងដូចគ្នា។
ជីវិតផ្ទាល់ខ្លួន បើអាចកុំនិយាយប្រាប់អ្នកដទៃច្រើនពេក ទោះបីជាយើងលំបាក ហើយជួបនូវឧបសគ្គច្រើនយ៉ាងណាក៏គេមិនអាចជួយអ្វីយើងបានដែរ។ ម្យ៉ាងទៀតមនុស្សខ្លះគេអាចនឹងចាំមើលហើយចំអកឱ្យយើងផងក៏ថាបាន។ ជីវិតមួយសោះ មើលថែខ្លួនឯងបន្តិចទៅ កុំឱ្យវាមានអារម្មណ៍កណ្ដោចកណ្ដែងពេកអី កុំបារម្ភថាគ្មានអ្នកយល់ចិត្ត។ ចាំទេ? ជីវិតរបស់យើងមិនមែនទើបតែជួបបញ្ហាឯណា វាធ្លាប់ជួបច្រើនដងណាស់មកហើយ ហើយចាំទេថាកាលយើងជួបឧបសគ្គពីមុនមកតើមានអ្នកណាខ្លះដែលគេនៅក្បែរ ចាំលើកទឹកចិត្ត ហើយស្មោះត្រង់លើយើងពិតប្រាកដនោះ?
ប្រហែលជាមានមិនច្រើននាក់ទេ។ ដូច្នេះហើយកុំបាច់ផ្តោតសំខាន់ចំពោះនរណាម្នាក់ ហើយឱ្យគេមកជួយអី ព្រោះគេក៏មានបញ្ហា និងរឿងដែលត្រូវដោះស្រាយដូចយើងដែរ។
ថាជួបបញ្ហាខ្លាំងដល់ថ្នាក់ទ្រាំមិនបាន ក៏ទៅលំហែខ្លះទៅ ចៀសវាងទុកឱ្យខ្លួនឯងទទួលរងនូវសម្ពាធច្រើនជាងនេះអី។ ជីវិតយើងផ្ទាល់ខ្លួន បើមិនមានអ្នកណាមកខ្វល់វាក៏មិនមែនជារឿងចម្លែកអ្វីទេ ចូរស្រឡាញ់ខ្លួនឯងឱ្យច្រើនៗ មើលថែខ្លួនឯង ទុកពេលវេលាខ្លះឱ្យខ្លួនឯងបានសម្រាក ហើយសឹមងើបក្រោកឈររួចដើរទៅមុខបន្តទៀត។
Comments: