2017-08-06 11:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក. សេចក្ដីផ្ដើមៈ លើកបញ្ហាទូទៅទាក់ទងបរិស្ថាន និងជីវិតមនុស្ស។
ខ. តួសេចក្ដី
តាមការសិក្សាយើងកត់សំគាល់ឃើញមានបរិស្ថានធម្មជាតិ បរិស្ថានសង្គមវប្បធម៌ និងបរិស្ថានមនុស្ស។
+ បរិស្ថានធម្មជាតិៈ គឺសំដៅទៅលើរាល់សរីរាង្គ ដែលកើតឡើងដោយឯកឯង ក្រៅពីសកម្មភាពពលកម្មផលិតកម្មរបស់មនុស្ស គឺវាកើតឡើងដោយលក្ខណៈធម្មជាតិផ្សំបង្កើតវាឡើង ហើយវាមានមុខរួចជាស្រេច មុនការកើតមានមនុស្សលើភពផែនដី។
ឧទា. ព្រះអាទិត្យ ព្រះចន្ទ ផែនដី ព្រៃព្រឹក្សា ទន្លេ ភ្នំ សមុទ្រ ខ្យល់ ភ្លើង សត្វគ្រប់ប្រភេទ...។ យើងត្រូវយល់ ហើយកំណត់ចំណាំឱ្យបានច្បាស់លាស់ជាបរិស្ថានធម្មជាតិ វាវិវត្តតាមក្រិត្យក្រមធម្មជាតិ វាមិនចំណុះឆន្ទៈរបស់មនុស្សឡើយ។ តែ មនុស្សអាចស្វែងយល់បានក្រិត្យក្រមទាំងនោះ ហើយបើអនុវត្តតាមក្រិត្យក្រមរបស់វា មនុស្សនឹងទទួលបានផលពីវា។ បើប្រព្រឹត្តផ្ទុយវិញ មនុស្សនឹងបរាជ័យ។
+ បរិស្ថានសង្គមវប្បធម៌ៈ គឺអ្វីៗដែលប្រសូតឡើងដោយស្នាដៃពលកម្ម ផលិតកម្ម និងការចាត់តាំងប្រកបដោយការប៉ិនប្រសប់ និងច្នៃប្រឌិតរបស់មនុស្ស ដើម្បីបម្រើឱ្យសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅ ទាំងផ្នែកសម្ភារ និងផ្នែកស្មារតី ព្រមទាំងការគ្រប់គ្រងដឹកនាំសង្គមឆ្ពោះទៅរកការរីកចម្រើន។
ឧទា. ផ្ទះ ផ្លូវថ្នល់ រថយន្ត ស្ថាប័នគ្រប់គ្រងសង្គម អង្គការ សហគមន៍នានា...។ រាល់សមិទ្ធផលនានាបម្រើឱ្យជីវភាព សម្ភារ និងស្មារតី មនុស្សអាចច្នៃបង្កើតឡើងបានគឺដោយសារបរិស្ថានធម្មជាតិជាអ្នកផ្ដល់នូវធាតុដើម ហើយមនុស្សត្រូវគោរពតាមក្រិត្យក្រមរបស់វា ដោយគួបផ្សំភាពប៉ិនប្រសប់ និងឧស្សាហ៍ព្យាយាម។ បើគ្មានបរិស្ថានធម្មជាតិទេ មនុស្សមិនអាចបង្កើតអ្វីបានឡើយ។
+ បរិស្ថានមនុស្សៈ និយាយជារួម គឹមនុស្សទូទៅដែលបានកំពុង ឬនឹងកើតឡើង រស់នៅលើភពផែនដី។ បរិស្ថានមនុស្សជាកត្តាមានឥទ្ធិពលជាវិជ្ជមាន និងអវិជ្ជមានដល់បរិស្ថានធម្មជាតិ និងបរិស្ថានសង្គមវប្បធម៌។ ដើម្បីឱ្យសង្គមរីកចម្រើន និងជឿនលឿនក្នុងការរស់នៅ មនុស្សម្នាក់ៗត្រូវរៀបចំខ្លួនជាបុគ្គលដែលប្រកបដោយសីលធម៌ គុណធម៌ ហើយត្រូវរស់នៅក្នុងភាពថ្លៃថ្នូរ មានប្រយោជន៍ដល់សង្គមជាតិ ហើយត្រូវបន្តបុព្វហេតុជឿនលឿន របស់បុព្វបុរសខ្លួន និងត្រូវចូលរួមរៀបចំមូលដ្ឋានសម្ភារសម្រាប់អ្នកជំនាន់ក្រោយ និងធ្វើជាគម្រូសម្រាប់អ្នកទាំងនោះ។
គ. សរុបសេចក្ដីៈ សរុបមកបរិស្ថានទាំងនេះមិនអាចខ្វះបានមួយណាឡើយ។ ផ្នែកទាំងបីនេះមានអន្តរកម្មរវាងគ្នាយ៉ាងជិតស្និទ្ធ។ ផ្នែកនីមួយៗមានភាវៈមានជីវិត និងគ្មានជីវិត ដែលតែងតែពឹងពាក់គ្នាទៅវិញទៅមក ដើម្បីធានានិរន្តរភាពនៃទម្រង់ជីវិតទាំងអស់នៅលើផែនដី។
យោងតាមទំនាក់ទំនងរវាងបរិស្ថានទាំងបី បរិស្ថានពិតជាបានផ្សារភ្ជាប់ទៅនឹងជីវិតមនុស្ស បើគ្មានបរិស្ថានទាំងបីនេះទេ នោះជីវិតមនុស្សក៏មិនអាចមានឡើយ។