តម្លៃ ជាលក្ខណៈនៃអ្វីដែលគេប្រាថ្នា ឬអ្វីដែលគួរឱ្យចង់បានឬជាអ្វីដែលគេជ្រើសរើសយក ។ ឧទាហរណ៍ ប្រាក់ ផ្ទះ ចំណីអាហារ ។ មនុស្សម្នាក់ៗត្រូវមានតម្លៃដូចខាងក្រោម ៖
- តម្លៃផ្ទាល់ខ្លួន បានដល់ការស្គាល់តម្លៃខ្លួនឯងច្បាស់ និងការឱ្យតម្លៃខ្លួនឯង ការគោរពខ្លួនឯង ការថែទាំសុខភាព ភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត សមត្ថភាព ការច្នៃប្រឌិត ការចេះគ្រប់គ្រងខ្លួនេងស្នាដៃដែលធ្វើអ្វីមួយបានសម្រេច និងអាថ៌កំបាំងផ្ទាល់ខ្លួន ។ ឧទាហរណ៍ ខ្ញុំដឹងថាអ្វីខុស អ្វីត្រូវ ។
- តម្លៃគ្រួសារ មានការខិតខំរក និងថែរក្សាទ្រព្យសម្បត្តិសន្សំសំចៃទំនាក់ទំនងល្អរវាងសមាជិកគ្រួសារ ការចិញ្ចឹមបីបាច់ ថែរក្សាក្រុមគ្រួសារ ការដឹងគុណ ការតបគុណការចេះជួយគ្នា ការអធ្យាស្រ័យគ្នា ការស្តាប់បង្គាប់ ការចេះព្រួយបារម្ភឈឹឆ្អាលគ្នា ប្រកាន់ខ្ជាប់ប្រពៃណី ទំនៀមទម្លាប់ល្អ ។ ឧទាហរណ៍ ខ្ញុំស្តាប់បង្គាប់ឪពុកម្តាយខ្ញុំ ។
- តម្លៃស្មារតី ឬសីលធម៌ មានការស្រលាញ់ មេត្តាធម៌ ការគោរព សេចក្តីទុកចិត្ត ការប្តេជ្ញាចិត្ត សេចក្តីសង្ឃឹម ការតាំងចិត្ត ការគោរពបូជា ។ ឧទាហរណ៍ ខ្ញុំស្រឡាញ់មិត្តភក្តិខ្ញុំ ខ្ញុំជួយទុក្ខធុរៈពួកគេ ។
- តម្លៃការងារ មានក្រមសីលធម៌ការងារ មនសិការការងារការចេះច្នៃប្រឌិត ផលិតផលមានគុណភាព ការទទួលបានលទ្ធផលល្អ ស្នាដៃការងារ ការគោរពពេលវេលាធ្វើការងារគោរពវិន័យ ការទទួលខុសត្រូវ ការដឹកនាំល្អ ការងារស្របច្បាប់ ការងារសុចរិត ។ ឧទាហរណ៍ ខ្ញុំគោរពពេលវេលាធ្វើបានយ៉ាងទៀងទាត់ ។
- តម្លៃវប្បធម៌ មានការថែរក្សា និងការអភិរក្សកេរដំណែលវប្បធម៌ទំនៀមទម្លាប់ប្រពៃណីពិធីរៀបអាពាហ៍ពិពាហ៍ ។ ឧទាហរណ៍ ការថែរក្សាប្រាសាទបុរាណនានា ។
- តម្លៃសង្គម និងមនុស្សធម៌ មានការចេះជួយគ្នាទៅវិញទៅមកការទទួលខុសត្រូវក្នុងសង្គម ការបម្រើសហគមន៍ ការស្គាល់តួនាទីខ្លួនជាពលរដ្ឋ ការគោរពច្បាប់សង្គមជាដើម ។