បច្ចុប្បន្នវប្បធម៌បរទេសបានហូរចូលស្រុកខ្មែរយើងច្រើនណាស់។
ក. វប្បធម៌ទាំងនោះជះឥទ្ធិពល ដល់យុវជនខ្មែរយើង ដូចខាងក្រោម៖
- តន្រ្ដីញាក់សាច់ខុសពីលក្ខណៈខ្មែរ
- ភាពយន្ដអាសអាភាស កាប់សម្លាប់ ឆក់ប្លន់ ល្បិចកលខ្មៅងងឹត
- សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ ដែលហូរចូលពីបរទេស
- ម៉ូតសក់ ឫកពា អាកប្បកិរិយា មារយាទ ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ និយាយ) ប្រាកចាកនឹងចរិតលក្ខណៈរបស់ខ្មែរ
- កិរិយាត្រាប់តាមបរទេសនិយម ហួសហេតុដូចជា (ចាប់ដៃ ញាក់ស្មា ញាក់ចិញ្ចើម លើកដៃ ដំណើរលោតៗ)
- សម្ភារៈប្រើប្រាស់ ច្រើនតែបរទេសនិយមពុំសូវប្រើប្រាស់នូវរបស់អ្វី ដែលជារបស់ជាតិខ្លួនឡើយ។
ខ. ក្នុងនាមអ្នកជាបុគ្គលិកសិក្សាមួយរូប តើត្រូវមានវិធានការបែបណាខ្លះ ដើម្បីទប់ស្កាត់វប្បធម៌ពាលាទាំងនោះ ដូចយ៉ាង៖
- បណ្ដុះស្មារតី ស្រឡាញ់សិល្បៈវប្បធម៌ជាតិខ្មែរឲ្យជ្រៅក្នុងស្រទាប់យុវជន
- ផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ជាតិឲ្យបានច្រើនេជាងការផ្សព្វផ្សាយ វប្បធម៌បរទេសនៅតាមគ្រឹះស្ថានឧត្តមសិក្សានានា និងនៅតាមទីសាធារណៈ
- ទប់ស្កាត់វប្បធម៌បរទេសណាដែលមិនផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិខ្មែរ
- បង្កើតស្នាដៃនូវអ្វី ដែលជារបស់ខ្លួនឲ្យបានច្រើនហើយមានលក្ខណៈសុក្រឹតល្អប្រណីតដែលជាទីពេញនិយមរបស់រាស្រ្តខ្មែរ
- ស្រាវជ្រាវឈ្វេងយល់ ស្វ័យកែលម្អវប្បធម៌ជាតិឲ្យស៊ីជម្រៅថែមទៀត
- រួបរួមស្នាដៃ លើកតម្កើងសិល្បៈ វប្បធម៌ជាតិឲ្យបានព្រមៗគ្នា
- អប់រំឲ្យពលរដ្ឋ យុវជននិយមប្រើប្រាស់នូវសិល្បៈវប្បធម៌ជាតិឲ្យបានទូទាំងប្រទេស
- អប់រំនឹងចាត់វិធានការអនុវត្ត ទៅតាមទ្រឹស្ដី (Theory) ព្រំប្រទល់នៃសិទ្ធិ (Right) និងច្បាប់ (Law)សិទ្ធិ និងការទទួលខុសត្រូវដើម្បីបំបាត់ភាពអនាធិបតេយ្យឲ្យអស់ពីក្នុងសង្គមជាតិ ព្រមទាំងបំបាត់ការរំលោភសិទ្ធិ
- អប់រំសីលធម៌ (Morality) ទាំងប្រាំ ដែលរួមមានសីលធម៌ផ្ទាល់ខ្លួន សីលធម៌គ្រួសារ សីលធម៌សង្គម សីលធម៌វិជ្ជាជីវៈ សីលធម៌អន្តរជាតិ
- អប់រំគុណធម៌ ដើម្បីសេចក្ដីថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្ស
- ខិតខំពន្យល់ហេតុផលនូវអ្វីដែលជាអំពើអសីលធម៌ ជាកត្តាប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃណីជាតិ
- អប់រំឲ្យគេយល់ច្បាស់នូវអ្វីដែលជាលក្ខណៈជាតិ អត្តសញ្ញាណជាតិ ដើម្បីទប់ស្កាត់ការបំផ្លាញវប្បធម៌ជាតិ
- វាយបក និងទប់ស្កាត់ឲ្យទាន់ពេលវេលាទៅលើអុ្នកដែលបង្កឲ្យមានការប្រព្រឹត្តល្បែងស៊ីសង ពាលាអាវាសែផ្ដេសផ្ដាស ការទិញទឹកចិត្តសិល្បករ ទិញស្នាដៃអ្នកនិពន្ធបុរាណនានា។
សរុបសេចក្ដីមកជារួមការវាយបក និងទប់ស្កាត់ឲ្យទាន់ពេលវេលាទៅលើអ្នកណាមួយ ដែល មានបំណងមិនល្អ ចង់បំបាត់សិល្បៈវប្បធម៌ជាតិខ្មែរ។