ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
១. អំណាច នីតិប្បញ្ញត្តិ ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍នៃ ច្បាប់រដ្ឋធម្មនុញ្ញដែលជាស្ថាប័នកំពូលរបស់រដ្ឋ ដែលត្រូវបង្កើតឡើងដោយការបោះឆ្នោតជាសកល។ អំណាចនេះជាអ្នកបង្កើតរដ្ឋធម្មនុញ្ញ តាមឆន្ទៈរួម សម្រាប់ឲ្យអង្គការនីតិប្រតិបត្តិអនុវត្តតាម។ រដ្ឋសភាមិនត្រឹមតែបង្កើតច្បាប់ប៉ុណ្ណោះទេតែថែមទាំងត្រួតពិនិត្យទៅលើសកម្មភាពរបស់អំណាចនីតិប្រតិបត្តិទៀតផង។ បច្ចុប្បន្ននេះតំណាងរាស្រ្ត បោះឆ្នោតដោយរាស្រ្ត តែចាត់តាំងដោយបក្សនាំឲ្យឣំណាចបក្ស គ្របសង្កត់ជិតឈឹងតែម្តង។ នីតិប្បញ្ញត្តិប្រៀបបីដូចជាឪពុកម្តាយរបស់រដ្ឋាភិបាល អ៊ីចឹង ព្រោះមានសិទ្ធិសួរដេញដោល និងធ្វើញត្តិបន្ទោសទម្លាក់ឬរំលាយរដ្ឋាភិបាលបានចុះបើសមាជិករដ្ឋាភិបាលជាសមាជិកតំណាងរាស្រ្តដែរអ៊ីចឹងឣ្នកសួរ និងឣ្នកធ្វើតែ ១ ដើរតួជាឣាជ្ញាកណ្តាលផង ជាកីទ្បាករផងតើតម្លាភាពត្រង់ណា? បើធ្វើញត្តិបន្ទោសទម្លាក់រដ្ឋាភិបាលវានឹងរលាយដោយទាំងខ្លួនឯងដែរអ៊ីចឹងម៉េចនឹងហ៊ាន បើស្រឡាញ់អំណាចបេះមិនដាច់ទៅហើយ!
ពេលបោះឆ្នោតឣនុម័តច្បាប់ម្តងៗ ឲ្យតែមេលើកដៃ កូនចៅទាំងហ្វូង លើកដៃដែរ បើមិនលើកខ្លាចគេគិតថា ខ្លួនជាឣ្នកប្រតិកិរិយា។ ប្រជាពលរដ្ឋមួយភាគធំ មិនដែលឮឈ្មោះឬស្គាល់មុខតំណាងរាស្រ្តខ្លួនយ៉ាងម៉េចទេ ហើយបើចុះទៅជួបជាមួយរាស្រ្ត មិនដែលឮនិយាយឣ្វីក្រៅពីឣួតពីសមិទ្ធផលបក្សឯណាឯណោះទៅវិញ យូរៗទៅមិនដឹងថា តំណាងរាស្រ្តឬតំណាងបក្ស? ដល់ពេលប្រជាពលរដ្ឋសំណូមពរបង្ហាញពីមតិកង្វល់នានា តើមានតំណាងរាស្រ្តប៉ុន្មាននាក់លើកទ្បើងយកមកដាក់ក្នុងរបៀបវារៈប្រជុំសភា?
កន្លងមកឃើញមានតែសេចក្តីព្រាងច្បាប់ចេញពីរដ្ឋាភិបាលកម្រនឹងមានសេចក្តីស្នើច្បាប់ចេញពីសមាជិករដ្ឋសភាណាស់។ហេតុឣ្វី? លើកយកមកពិភាក្សាម៉េចនឹងកើតបើប្រធានថា កុំនិយាយឥតប្រយោជន៍ មិនចំណេញដល់បក្សផងនិយាយធ្វើឣ្វី? សំណួរសួរថា តើផលប្រយោជន៍ជាតិនិងផលប្រយោជន៍បក្សមួយណាធំជាង? តំណាងរាស្រ្តមួយចំនួន មិនមែនគ្មានមនសិការជាតិទេ ប៉ុន្តែមកពីបក្សសង្កត់ពេករើមិនរួច។ បើបក្សថាឲ្យនិយាយប៉ុនណា គឺធ្វើប៉ុណ្ណឹងទៅ រហូតដល់ឣ្នកខ្លះ ទៅឣង្គុយក្នុងសភា ឣានកាសែត ដេកលក់ទៅទៀត ចង់ឣ្នកណានិយាយឣីក៏និយាយទៅ! តើឯណាទៅតម្លៃរបស់តំណាងរាស្រ្ត?