នៅដើមសម័យទេវអារ្យបានលើកតម្កើងព្រះឥន្ទ្រជាទេវធំជាងគេជាអាទិទេពបង្កើតលោកមានឋានៈនិងអំណាចខ្ពស់ដាច់គេ ។លុះក្រោយមកនៅចុងសម័យវេទគេលែងគោរពព្រះឥន្ទ្រ ព្រោះព្រះឥន្ទ្រមានគុណវិបត្តិដែលជាហេតុនាំឱ្យគេបែរមកគោរពទេវផ្សេងៗទៀតដែលគេគិតថាជាទេវៈ រាយរងមានដូចជា ៖
- ព្រះអគ្និ ឬអគ្គីជាតំណាងភ្លើងជាសាក្សីនៃអំពើល្អរបស់មនុស្ស ។
- ព្រះវរុណជាទេវៈបង្កើតភ្លៀងនិងទឹកជាអ្នកឃ្លាំមើលសេចក្តីល្អអាក្រក់របស់មនុស្សលោក ។ កាលណាមានគ្រោះរាំងស្ងួត អ្នកស្រែតែងនិយមបន់ស្រន់បួងសួងសុំទឹកភ្លៀងពីទេវៈនេះ ។
- ព្រះសូរ្យ ជាទេវៈបង្កើតកំដៅ និងពន្លឺជាចៅក្រមកាត់ក្តីឱ្យមនុស្សលោក
- ព្រះចន្ទ ជាទេវៈតំណាងឱ្យសោភ័ណភាព ព្រោះមានរូបឆោមលោមពណ៌ល្អ និងអ្នកថែរក្សារុក្ខជាតិ ។ គេថាព្រះចន្ទកើតពីទឹកសោម (ជាស្រាសោមដែលគេថ្វាយព្រះឥន្ទ) ដូច្នេះគេហៅម៉្យាងទៀតថាព្រះសោម ។
- ព្រះយម ជាតំណាងមរណភាព ជាអ្នកធ្វើទោសមនុស្សស្លាប់ ដែលកាលពីនៅរស់ប្រព្រឹត្តិអាក្រក់ ។
- ព្រះវាយុ ជាទេវៈខ្យល់តំណាងកម្លាំង និងល្បឿន ។ ក្រៅពីនេះនៅមានទេវៈជាច្រើនទៀតដែលពុំមានមុខងារច្បាស់លាស់ ។ ដូច្នេះពហុទេវៈ និយម គេនិយមគោរពទេវៈច្រើនអង្គ ។