Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

        លោក គង្គ ប៊ុនឈឿន គឺជាកវីនិពន្ធល្បីឈ្មោះមួយរូបតាំងពីទសវត្សរ៍ទី៥០ រហូតមក។ លោកមានជំនាញទាំងផ្នែកបទចម្រៀង ភាពយន្ត និងសិល្បៈមួយចំនួនទៀត។ លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពក្នុងវ័យ ៧៧ឆ្នាំនៅប្រទេសន័រវេសន៍ (Norway) ដោយជំងឺមហារីក ។ លោកបានបន្សល់ទុកស្នាដៃនិពន្ធជាច្រើនសម្រាប់ឲ្យកូនខ្មែរសិក្សាស្វែងយល់ ហើយមហាជនក៏តែងស្ងើចសរសើរមិនដាច់ពីមាត់ថា លោកជាកវីនិពន្ធជើងចាស់ដ៏ឆ្នើម ដែលច្រើនសរសេរបង្ហាញអំពីតថភាពពិតនៅក្នុងសង្គមជាតិ រហូតដល់លោកបានរត់គេចពីការតាមចាប់ខ្លួនពីរដ្ឋាភិបាលទៅនៅក្រៅប្រទេសរហូតដល់ថ្ងៃទទួលមរណភាព ។

ជីវប្រវត្តិ

    កវីនិពន្ធម្ចាស់ដងស្ទឹងសង្កែ ជាកូនគ្រួសារកសិករក្រីក្រម្នាក់ គាត់មានបងប្អូន ២នាក់ តែជាអកុសល បងប្រុសរបស់លោកបានស្លាប់ទៅតាំងពីរូបលោកនៅវ័យកុមារភាព ។

    កវីនិពន្ធ គង់ ប៊ុនឈឿន កើតនៅឆ្នាំ១៩៣៩ នៅក្នុងភូមិចំការសំរោង, ឃុំចំការសំរោង, ស្រុកបាត់ដំបង, ខេត្តបាត់ដំបង, ប្រទេសកម្ពុជា (ខ្មែរ) ។

    លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ អ្នកស្រី តាត គឹមលន នៅ​ឆ្នាំ​១៩៦៣ ហើយ​មាន​កូន​ចំនួន ៦​នាក់ គឺ​ប្រុស​ម្នាក់ និង​ស្រី ៥​នាក់ ហើយ​ក្នុង​នោះ កូន​ចំនួន ៥​នាក់​បាន​ទៅ​រស់នៅ​ប្រទេស​ន័រវេសន៍ និង​កូន​ស្រី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ។

        កូន​ច្បង​ទី​មួយ អ្នកស្រី ប៊ុនឈឿន សូរិដា ថ្លែង​ថា ប្អូនៗ​របស់​អ្នកស្រី​បាន​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​តាម​ឪពុក​របស់​អ្នកស្រី តាំង​ពី​ឆ្នាំ​២០០០ រហូត​មក ។ អ្នកស្រី​បន្ថែម​ថា អំឡុង​ពេល​រស់នៅ​ក្រៅ​ប្រទេស គឺ ៤​ឆ្នាំ​ដំបូង​នៅ​ប្រទេស​ថៃ ហើយ​ក្រោយ​មក បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ន័រវេសន៍ វិញ ។ កូន​ស្រី​របស់​កវី​និពន្ធ​ល្បី​ឈ្មោះ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ឪពុក​របស់​អ្នកស្រី​បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​ន័រវេសន៍ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ប្រមាណ ៣​ឆ្នាំ​ដោយសារ​ជំងឺ​មហា​រីក​តម្រង​នោម ៖ «កាល​ពី​គាត់​ធ្វើ​ទុក្ខ​ដំបូង គាត់​ដូចជា​ពុំ​មាន​ជំងឺ​មហា​រីក​ទេ តែ​ក្រោយ​ពេល​វះ​កាត់​ហើយ យើង​បាន​ពិនិត្យ​តាម​ដាន​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ឪពុក​ខ្ញុំ​គាត់​អត់​បាន​ចាប់​អារម្មណ៍​នឹង​ជំងឺ​នេះ ហើយ​ក៏​ចេះ​បណ្ដោយ​រហូត​ដល់​មាន​ការ​ដុះ​សាច់ ទើប​ចាប់​ផ្ដើម​ព្យាបាល​តែ​ម្ដង »។ កវី​និពន្ធ គង្គ ប៊ុនឈឿន បាន​បន្សល់​ស្នាដៃ​ជាច្រើន​ដល់​ក្មេង​ជំនាន់​ក្រោយ​នៅ​មុន​ពេល​លោក​បាន​លា​ចាក​លោក។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កវី ម្ចាស់​ស្ទឹង​សង្កែ ។ ការ​និរទេស​ខ្លួន​របស់​ក្រុម​គ្រួសារ លោក គង្គ ប៊ុនឈឿន កាល​ពី​ឆ្នាំ​២០០០ មិន​មែន​លោក​ចង់​ទៅ​រស់នៅ​ឯ​បរទេស​នោះ​ទេ។ យើង ​ត្រូវ​តែ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បាន​ប្រទេស​ជាតិ​របស់​យើង​រស់នៅ​រុងរឿង​បាន ហើយ​បើ​កាលណា​បែក​បាក់​គ្នា នឹង​វិនាស​ហិនហោច​អស់​គ្មាន​ថ្ងៃ​រីក​ចម្រើន​បាន​នោះ​ទេ ។ នេះ​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​កវី​និពន្ធ គង្គ ប៊ុនឈឿន ។ កូន​ស្រី​របស់​លោក​ឲ្យ​ដឹង​ថា ឪពុក​របស់​អ្នកស្រី​ចង់​នៅ​ក្នុង​ស្រុក​ណាស់ ដើម្បី​បន្ត​អាជីព​របស់​លោក និង​ចង់​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​ជំនាញ​តាក់តែង​និពន្ធ​បន្ត​ពី​លោក និង​ចង់​លើក​ស្ទួយ​វិស័យ​សិល្បៈ ។ អ្នកស្រី​បន្ថែម​ថា កវី​និពន្ធ គង្គ ប៊ុនឈឿន ធ្លាប់​បួស​រៀន​នៅ​វត្ត​ពោធិ៍វាល ក្រុង​បាត់ដំបង ហើយ​ទទួល​បាន​សញ្ញាបត្រ​បឋម​ភូមិ​ភាសា​បាលី ឬ​ហៅ​ថា​ឌីប្លូម ប៉ុន្តែ​អ្នកស្រី​មិន​ចាំ​ថា​នៅ​ឆ្នាំ​ណា​ពិត​ប្រាកដ​នោះ​ទេ។កវី​និពន្ធ​ម្ចាស់​បទ “ស្ពាន​អូរតាគី” រូប​នេះ ទទួល​បាន​ពាន​រង្វាន់​លេខ​មួយ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥៧ ក្នុង​ការ​ប្រឡង​រឿង​ប្រលោម​លោក ក្រោម​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “ទឹក​ភ្នែក​នារី ឬ​ស្នេហា​លុះ​អវសាន” ។ ក្រៅ​ពី​នេះ លោក​ក៏​ធ្លាប់​ទទួល​ពាន​រង្វាន់​ជាច្រើន​ទៀត​ពី​សម្ដេច​ព្រះបាទ នរោត្ដម សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

         កវី​និពន្ធ និង​ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​សិល្បករ​ជំនាន់​ដើម លោក សេង ដារា បានបញ្ជាក់ថា កវីនិពន្ធ គង់ ប៊ុនឈឿន មាន​ថ្វី​ដៃ​និពន្ធ​សិល្បៈ​ជាច្រើន​ផ្នែក មាន​ជាអាទិ៍ ទំនុក​ច្រៀង បទ​ភ្លេង ប្រលោម​លោក ភាពយន្ត ដឹក​នាំ​រឿង ព្រម​ទាំង​ចេះ​គូរ​គំនូរ​ផង​ដែរ៖ « ដ្បិតតែ​គាត់​ក្រី​អភព្វ​រស់នៅ​គ្មាន​សេចក្ដី​សុខ​រហូត​ដល់​ថ្ងៃ​ស្លាប់ តែ​រូប​គាត់​បាន​កសាង​ទុក​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​មើល​ឃើញ​អំពី​ភាព​អស្ចារ្យ និង​ទេពកោសល្យ​របស់​គាត់​ខ្លាំង​ណាស់ ដោយ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ ហើយ​បើ​សិន​ជា​អាច ខ្ញុំ​សូម​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សង់​រូប​សំណាក​របស់​គាត់​មួយ​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​មើល​ជា​ការ​ប្រសើរ» ។

        ជាង​នេះ​ទៅ​ទៀត បទ​ចម្រៀង​របស់​កវី​និពន្ធ គង្គ ប៊ុនឈឿន ភាគ​ច្រើន​បង្ហាញ​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​ជាតិ ដែល​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​ស្ដាប់​ចង់​ឃើញ និង​ចង់​ទស្សនា​ដល់​ទីកន្លែង ជាពិសេស​ទឹក​ដី​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​បាត់ដំបង តែ​ម្ដង ។ ជាក់ស្ដែង បទ​ចម្រៀង​ល្បីៗ​រួម​មាន ម្លប់​ដូង​ទី​១០ អារ​សាច់​ជូន​ម្ដាយ អនុស្សាវរីយ៍​ខ្នង​ភ្នំ​សំពៅ កូន​ស្រី​អ្នក​នេសាទ ដែល​ច្រៀង​ដោយ អ្នកស្រី រស់ សេរីសុទ្ធា និង​បទ រំដួល​ដង​ស្ទឹង​សង្កែ ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ីសាមុត ជាដើម ។ កវី​និពន្ធ​គ្មាន​គូ​ប្រៀប លោក គង្គ ប៊ុនឈឿន បាន​លា​ចាក​លោក​ទៅ​ក្នុង​វ័យ ៧៧​ឆ្នាំ ។ ស្នាដៃ​ចុង​ក្រោយ​របស់​លោក​មួយ​ទៀត​មុន​នឹង​លោក​ចាក​ចេញ​ពី​កម្ពុជា ទៅ​រស់នៅ​ក្រៅ​ប្រទេស គឺ​លោក​បាន​សរសេរ​សៀវភៅ​ប្រលោម​លោក​មួយ​ដែល​មាន​ចំណង​ជើង​ថា “ វាសនា​របស់​កញ្ញា តាត ម៉ារីណា ” បន្ទាប់​ពី​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក​ភ្លាម សមត្ថកិច្ច​ខ្មែរ​បាន​តាម​ចាប់​រូប​លោក ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​កវី​និពន្ធ​ជើង​ចាស់​រូប​នេះ ត្រូវ​ជម្លៀស​ចេញ​ទៅ​ប្រទេស​ថៃ មួយ​រំពេច មុន​នឹង​បាន​សិទ្ធិ​បន្ត​ទៅ​រស់នៅ​ប្រទេស​ន័រវេសន៍ ។ ក្រោយ​ពី​ទទួល​ដំណឹង​មរណភាព​ភ្លាម ពលរដ្ឋ​ខ្មែរ​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស និង​អ្នក​រស់នៅ​ក្រៅ​ប្រទេស បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​របស់​កវី​និពន្ធ គង្គ ប៊ុនឈឿន និង​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​កវី​ជើង​ចាស់​ដែល​មាន​ថ្វី​ដៃ​រូប​នេះ ។

       ទន្ទឹម​គ្នា​នេះ​ដែរ បណ្ដាំ​ចុង​ក្រោយ​របស់​កវី​និពន្ធ​ម្ចាស់​បទ ស្ទឹង​សង្កែ​រូប​នេះ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) នៅ​មុន​ពេល​លោក​ទទួល​មរណភាព​នោះ លោក​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវ​រួបរួម​សាមគ្គី​គ្នា ហើយ​ត្រូវ​ចេះ​ស្រឡាញ់ និង​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ជាតិ​ឲ្យ​បាន​គង់វង្ស ៖

            យើង​ត្រូវ​តែ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បាន​ប្រទេស​ជាតិ​របស់​យើង​រស់នៅ​រុងរឿង​បាន ហើយ​បើ​កាលណា​បែក​បាក់​គ្នា នឹង​វិនាស​ហិនហោច​អស់​គ្មាន​ថ្ងៃ​រីក​ចម្រើន​បាន​នោះ​ទេ អដ្ឋិធាតុ​របស់​កវី​ជើង​ចាស់ គង្គ ប៊ុនឈឿន សាច់ញាតិ​នឹង​យក​ទៅ​តម្កល់​ទុក​នៅ​ក្រុង​បាត់ដំបង នៅ​ខែ​ឧសភា ឆ្នាំ​២០១៦ ។ ទោះ​បី​ជា​យ៉ាង​ណា សាច់ញាតិ​មិន​ទាន់​បញ្ជាក់​ទីកន្លែង​សម្រាប់​បញ្ចុះ​អដ្ឋិធាតុ​នៅ​វត្ត​ណា​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login