Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ណែសាន់ មែនដេឡា (Nelson Mandela) ជាបុរសស្បែកខ្មៅម្នាក់ដែលធ្លាប់ជាប់គុក ២៧ឆ្នាំ ហើយបន្ទាប់មកក្លាយជាប្រធានាធិបតីរបស់ប្រទេសអាហ្រ្វិកខាងត្បូង អ្នកដែលទស្សនាវដ្តីថាម (Time) លើកតម្កើងឲ្យជាកំពូលមនុស្សប្រចាំឆ្នាំ គ.ស ១៩៩៣ ហើយនឹងជា ម្ចាស់រង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំជាមួយគ្នានោះដែរ ហើយនឹងជាអ្នកតស៊ូដើម្បីសិទ្ធិមនុស្ស និងជាទូតសន្តិភាពដែលមានកិត្តិយសបំផុតម្នាក់របស់ពិភពលោក ។ រដ្ឋាភិបាល និងប្រជាជននៅប្រទេសនោះសុទ្ធតែត្រេកអរទទួលស្វាគមន៍គេយ៉ាងសក្តិសមនឹងមានកិត្តិយស។ ថ្ងៃខួបកំណើត របស់គេក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មានប្រជាជនជាច្រើនប្រទេសបានចាត់ពិធីជប់លៀង ឲ្យគាត់ ហាក់ដូចគាត់គឺជាពលរដ្ឋម្នាក់របស់ប្រទេសខ្លួនដូច្នោះឯង ។ តើអ្វីបាននាំឲ្យគាត់ទទួលបានការគោរពពីមនុស្សយ៉ាងច្រើនបែបនេះ ?

        ណែលសាន់ មែនដេឡា កើតនៅថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩១៨ នឹងជាកូនប្រុសរបស់មេដឹកនាំកុលសម្ព័ន្ធថេមប៊ូ ដែលជាកុលសម្ព័ន្ធជនជាតិដើមមួយក្រុមក្នុងប្រទេសអាហ្វ្រិកភាគខាងត្បូង ។ ពេលបិតាបានទទួលមរណភាពទៅហើយ ទើបគាត់ចូលមកបំពេញតួនាទីជាមេដឹកនាំកុលសម្ព័ន្ធជំនួសបិតា ដោយមានអ៊ុំប្រុសនៅក្បែរខ្លួនរបស់គាត់ចាំជួយណែនាំ និងជាទីប្រឹក្សា ។

        ដោយសារគាត់ជាកូនប្រុសរបស់ថ្នាក់ដឹកនាំប្រចាំកុលសម្ព័ន្ធ ទើបគាត់បានរៀនអក្សរយ៉ាងល្អបំផុតពីគ្រូដែលជាសាសនទូត (missionary) ជនជាតិអង់គ្លេស ។ ការបានរៀនជាមួយគ្រូដែលជាមនុស្សថ្នាក់ខ្ពស់ របស់អង់គ្លេសទើបធ្វើឲ្យគាត់មានទស្សនវិស័យផ្សេងគ្នាពីមនុស្សដែលនៅក្នុងកុលសម្ព័ន្ធ ហើយទស្សនវិស័យនេះគ្មានថ្ងៃត្រឡប់ទៅដូចដើមវិញបានឡើយ ។

        ពេលធំឡើង ណែលសាន់ មែនដេឡា បានទទួលការសិក្សាពីមហាវិទ្យាល័យនាំមុខគេឈ្មោះ ហ្វរ៍ត ហ៊ែរ៍ ខលលេចតមក មែនដេឡា បានធ្វើចំណាកស្រុកទៅអាស្រ័យនៅក្រុងចូហាន់នេសប៊ើរ៍ក ដើម្បីប្រកបអាជីពជាមេធាវី និងសិក្សាតនៅមហាវិទ្យាល័យ វិតវរ៍ទើរ៍សរែនដ៍ ។

        ក្រោយពេលចប់ការសិក្សាគេក៏ចាប់ផ្តើមការងារផ្នែកខាងសិទ្ធិមនុស្ស ដោយស្ម័គ្រជាសមាជិក សហព័ន្ធនៃជាតិអាហ្វ្រិក (African National Congress : ANC) ដែលនៅពេលនោះគេមានអាយុ ២៥ ឆ្នាំប៉ុណ្ណោះ។ គោលដៅនៃការចូលប្រលូកក្នុងនយោបាយដំបូងក៏ព្រោះត្រូវការទាមទារភាពយុត្តិធម៌ ដើម្បីឲ្យមនុស្សស្បែកខ្មៅមានសិទ្ធិស្មើភាពគ្នាជាមួយមនុស្សស្បែកសក្នុងការមានឱកាស និងមានសិទ្ធិជាពលរដ្ឋស្មើភាពគ្នាទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ការសិក្សា និងកិត្តិយសក្នុងភាពជាមនុស្ស។

        ណែលសាន់ មែនដេឡា ជាមេធាវីផង ជាអ្នកនាំពាក្យ (spokeman) ប្រចាំអង្គការដែលសង្កាត់នៅផង ហើយដែលសំខាន់គឺ គាត់មានភាពជាអ្នកដឹកនាំពីធម្មជាតិដែលមានសិល្បៈក្នុងការថ្លែងសុន្ទរកថាយ៉ាងពូកែអស្ចារ្យ (គួរសង្កេតផងដែរថា “ សិល្បៈនៃការថ្លែងសុន្ទរកថា” គឺជាអង្គប្រកបរបស់អ្នកដឹកនាំស្ទើរគ្រប់គ្នា)។

        តមកនៅ គ.ស ១៩៥៦ មែនដេឡា ក៏បានភ្លក់រសជាតិជីវិតក្នុងពន្ធនាគារដោយការចោទប្រកាន់ ថាប្រព្រឹត្តខុសច្បាប់ប្រឆាំងកុម្មុយនិស្ត។ លុះដល់ឆ្នាំ ១៩៦០ ប្រជាជនស្បែកខ្មៅត្រូវប៉ូលិសបាញ់រះបាត់បង់ជីវិតដល់ទៅ ៦៩ នាក់ ហេតុការណ៍នេះកក្រើករំពើកលួសព្រលឹងទូទាំងពិភពលោក។ ក្រោយពីត្រូវបានចាប់ជាច្រើនឆ្នាំ ណែលសាន់ ក៏ទទួលបានការដោះលែងព្រោះគ្មានកំហុស តែលុះដល់ឆ្នាំ ១៩៦២ ក៏ត្រូវចាប់ទៀតជាលើកទីពីរ ដោយការចោទប្រកាន់ថាជាអ្នកញុះញង់ឲ្យ មានធ្វើកូដកម្មហើយនឹងការធ្វើដំណើរចេញក្រៅប្រទេសដោយគ្មានលិខិតឆ្លងដែន ។

        គ.ស១៩៦៣ មែនដេឡាត្រូវឆ្នោតរង្វាន់ធំបំផុតម្តងទៀតពេលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងស្រាវជ្រាវឃើញឯកសារម្យ៉ាងថា សភាអាហ្វ្រិកដែលគេសង្កាត់នៅមានផែនការក្បត់ប្រឆាំងអំណាចរដ្ឋ ដោយអាវុធសង្គ្រាម លើកនេះគាត់ហើយនឹងបក្សពួកត្រូវបានដាក់ខ្នោះវែងអន្លាយក្លាយជាអ្នកទោសនយោបាយ “អស់មួយជីវិត”

        យ៉ាងណាក៏ដោយ ទោះបីគាត់ត្រូវបានជាប់ឃាំងក្នុងពន្ធនាគារ តែសម្រាប់បញ្ញាជនដូចគាត់នោះ គុកឃាំងបានតែរាងកាយ ចំណែកចិត្តវិញ្ញាណហើយនឹងបញ្ញានៅតែចែងចាំងរស្មីភ្លឺចិញ្ចាចគ្រប់ពេលវេលា។

        ក្នុងគុករបស់អ្នកនយោបាយនោះ មែនដេឡា ហើយនឹងមិត្តភក្តិបានចែកក្រុមគ្នាសិក្សារកចំណេះដឹងជាប្រចាំ។ មានអ្នកពោលថា ការបានអានកាសែតពីលោកខាងក្រៅត្រឹមមួយច្បាប់របស់ពួកគេវាមានតម្លៃក្រៃលែងជាងបានអាហារជាច្រើនពេលទៅទៀត ព្រោះពួកគេត្រូវការលបលួចតាមដានហេតុការណ៍ និងរឿងរ៉ាវខាងក្រៅយ៉ាងអាថ៌កំបាំង និងស្ងប់ស្ងាត់បំផុត។ លទ្ធផលនៃ “ការសិក្សាត” ក្នុងគុក ធ្វើឲ្យណែលសាន់បានរកឃើញរឿងម្យ៉ាងដែលប្រដូចទៅនឹងសារៈសំខាន់របស់ការស្រាវ ជ្រាវមួយថា ៖

        “…មានអ្នកពោលថា គ្មាននរណាស្គាល់ប្រទេសមួយយ៉ាងពិតប្រាកដបានទេលុះត្រាតែគេនោះបានចូលទៅនៅក្នុងគុករបស់ប្រទេសនោះ។ យើងមិនគួរវាយតម្លៃប្រទេសណាមួយលើវិធីដែលរដ្ឋាភិបាលបានប្រតិបត្តិចំពោះប្រជាពលរដ្ឋថ្នាក់ខ្ពស់ តែគួរមើលលើវិធីដែលពួកគេប្រតិបត្តិចំពោះប្រជាពលរដ្ឋដែលស្ថិតនៅ ក្នុងស្ថានភាពតូចទាបបំផុត ហើយចំពោះទស្សនរបស់ខ្ញុំ រដ្ឋាភិបាលរបស់សហភាពអាហ្វ្រិកបានប្រតិបត្តិចំពោះប្រជាពលរដ្ឋអាហ្វ្រិកដូចគ្នាទៅនឹងការប្រតិបត្តិចំពោះសត្វធាតុ”

        ប្រយោគចុងក្រោយដែលថា “..រដ្ឋាភិបាលរបស់សហភាពអាហ្វ្រិកបានប្រតិបត្តិចំពោះប្រជាពលរដ្ឋអាហ្វ្រិកដូចគ្នាទៅនឹងការប្រតិបត្តិចំពោះសត្វធាតុ” ប្រហែលអាចបង្ហាញឲ្យឃើញជាក់ច្បាស់ណាស់ថា ហេតុអ្វីទើបណែលសាន់ មែនដេឡា ត្រូវក្រោកឡើងតស៊ូ ជាការក្រោកឡើងតស៊ូប្រដូចគ្រាមួយមហាត្មៈគន្ធី ដែលត្រូវបានគេដេញចុះពីរថភ្លើងនៅអាហ្វ្រិកខាងត្បូងធ្លាប់ក្រោកឡើងតស៊ូមកហើយនោះឯង។

        កំឡុងពេលដែលណែលសាន់ មែនដេឡាជាប់គុកនោះ ខ្សែជលធារនៃការតស៊ូដើម្បីទាមទារសិទ្ធិស្មើគ្នារវាងជនជាតិស្បែកខ្មៅនៅតែហូររលេញជាប់មិនដាច់។ រវាងទស្សវត្ស ១៩៨០ មានប្រជាជនស្បែកខ្មៅរងរបួស និងស្លាប់ជាង ៦០០ នាក់ ទោះបីខ្លួនគេនឹងបក្សពួកមិនអាចតស៊ូយ៉ាងបើកចំហ នៅលោកខាងក្រៅរួមជាមួយប្រជាជនដែលជាម្ចាស់ប្រទេស តែនៅក្នុងលោកនៃការគិតវិញ គេនៅតែត “បំពង់ទឹកស្រោចស្រប់ខាងគំនិត” ដល់យុវជនយុវនារីជានិច្ច។

        ជាញឹកញាប់ដែលយុវជនយុវនារីត្រូវបានរដ្ឋាភិបាលលោមព័ទ្ធបង្រ្កាប ចាប់ឃុំឃាត់ឃាំងធ្វើទុក្ខទារុណកម្ម ហើយកំឡុងពេលដូចពោលមកនោះ ណែលសាន់ មែនដេឡា និងអន្តរជាតិដឹងយ៉ាងច្បាស់ថាកើតអ្វីឡើងនៅអាហ្វ្រិកខាងត្បូង រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងទើបត្រូវអន្តរជាតិដាក់សម្ពាធជាប្រចាំឲ្យឈប់ប្រើនយោបាយបែងចែកពណ៌សម្បុរ ហើយនឹងព្យាយាមចរចាជាមួយក្រុមរបស់មែនដេឡា តែសម្លេងឆ្លើយតបដែលត្រឡប់ចេញមកពីបញ្ញាជនក្នុងគុកក៏គឺ៖

        “ខ្ញុំមិនអាច ហើយនឹងមិនព្រមទទួលសំណើអ្វីៗ ក៏ដោយ ក្នុងពេលដែលខ្លួនខ្ញុំ, ពួកអ្នក ហើយនឹងប្រជាជនទាំងឡាយនៅមិនទាន់មានឥស្សរៈ។ សេរីភាពរបស់ពួកអ្នកហើយនឹងសេរីភាពរបស់ពួកខ្ញុំ មិនអាចញែកចេញពីគ្នាបានឡើយ ”

        ការតស៊ូរបស់ប្រជាជនយុវវ័យ ការរងរបួស និងស្លាប់របស់មនុស្សបរិសុទ្ធជាច្រើនលើកច្រើនគ្រា បូកជាមួយនឹងការដាក់សម្ពាធពីអន្តរជាតិ ធ្វើឲ្យរដ្ឋាភិបាលនៃសហភាពអាហ្វ្រិខាងត្បូងមិនអាចទប់ទល់នឹងជលធារនៃការផ្លាស់ប្តូរតទៅទៀតបាន។

        នៅទីបំផុតក្នុង គ.ស ១៩៩០ ណែលសាន់ មែនដេឡា ក៏មានកិត្តិយសត្រូវបានគេអញ្ជើញឲ្យទៅចរចាជាមួយហ្វ្រេឌើរិក ដាប់បឹលយូ. ឌើ ខ្លារ៍ក ប្រធានាធិបតីនៃសហភាពអាហ្រ្វិកខាងត្បូងដើម្បីស្វែងរកដំណោះស្រាយក្នុងការធ្វើឲ្យអាហ្វ្រិកខាងត្បូងមានប្រជាធិបតេយ្យពេញលេញ នយោបាយបែងចែកពណ៌សម្បុរនឹងត្រូវបានបញ្ឈប់ ប្រជាជននឹងបានក្លាយជាម្ចាស់ប្រទេសយ៉ាងពិតប្រាកដដូចនានាអរិយប្រទេសទាំងឡាយ។

        លទ្ធផលការចរចាធ្វើឲ្យសហព័ន្ធនៃជាតិអាហ្វ្រិក (African National Congress: ANC) ដែលធ្លាប់ត្រូវរដ្ឋបរាមុខថាជាអង្គការខុសច្បាប់ បានទទួលរ៉ាប់រងឲ្យជាបក្សនយោបាយ ហើយណែលសាន់ មែនដេឡា បានទទួលឥស្សរភាពក្រោយពីបានទន្ទឹងរងចាំអស់រយៈពេលជាង ២៧ ឆ្នាំ។

        គាត់បានកាន់ដំណែងជាប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី ១៥ ឧសភា ១៩៩៤ រហូតដល់ ១៤ មិថុនា ១៩៩៩ ។ វាជាឆ្នាំដែលបានទទួលឥស្សរភាព ណែលសាន់មែនដេឡា អាយុសង្ខារកន្លងមកជាង ៧១ ឆ្នាំទៅហើយ តែជា ៧១ ឆ្នាំដែលភ្លើងក្នុងបេះដូងនៅសន្ធោរសន្ធៅ រវាសរវៃ ហើយនឹងពេញប្រៀបទៅដោយក្តី សង្ឃឹមគិតដល់អរុណោទ័យនៃសេរីភាព ។

        ថាមពលនៃសេចក្តីសង្ឃឹមក្នុងខ្លួនរបស់គេហើយនឹងភាពក្រអូបឈ្ងុយឈ្ងប់នៃសេរីភាព និងសមភាព ធ្វើឲ្យគេនៅតែរឹងមាំ សុខភាពល្អ កែវភ្នែកមានរស្មី សតិបញ្ញាស្រួចស្រាល់ព្រោះបានអប់រំមកអស់កាលយូរអង្វែងរហូតទុំក្រហមឆ្អៅ គេ..ជាបុរសអវុសោដែល ត្រូវពន្ធនាការមកជាងពាក់កណ្តាលនៃជីវិតភ្លាមៗ ដែលគេបានទទួលឥស្សរភាពគេក៏ឈានឡើងកាន់ ភាពជាមេដឹកនាំប្រជាជនដោយគ្មាននរណាសង្ស័យនូវភាវៈជាមេដឹកនាំរបស់គេសូម្បីបន្តិចឡើយ ។

        យ៉ាងណាក៏ដោយ ក្រោយពេលបានទទួលឥស្សរភាព សង្គ្រាមរវាងពណ៌ស្បែកក៏នៅតែក្តៅគគុកនៅឡើយ ការរងរបួស និងបាត់បង់ជីវិតរវាងមនុស្សស្បែកខ្មៅ និងមនុស្សស្បែកសនៅមានជាប់មិនដាច់ តែណែលសាន់ មែនដេឡា ក្នុងឋានៈអ្នកដឹកនាំបក្សសហព័ន្ធនៃជាតិអាហ្វ្រិក ហើយនឹង ហ្រ្វេឌើរិក ដាប់បឹលយូ ឌើ ខ្លារ៍ក ដែលជាមេដឹកនាំបក្សប្រជាជាតិ (National Party) បានចាប់ដៃគ្នាចរចាសន្តិភាព ដើម្បីស្វែងរកប្រជាធិបតេយ្យរបស់មនុស្សស្បែកខ្មៅរួមគ្នាហើយនឹងបញ្ឈប់ភាពទាស់ទែងទាំងពួងដោយសន្តិវិធី។

        នៅទីបំផុតអានិសង្សសម្រាប់អ្នកស៊ូហ្វឹកហាត់ភាពអត់ធ្មត់ក្នុងការទន្ទឹងរងចាំក៏ធ្វើដំណើរមកដល់ នោះគឺនៅចុងឆ្នាំ ១៩៩៣ ណែលសាន់ មែនដេឡា ហើយនឹង ឌើ ខ្លារ៍ក ត្រូវបានប្រកាសថាជាអ្នកសក្តិសមនឹងរង្វាន់ណូបែលសាខាសន្តិភាព ដែលជារង្វាន់មានកិត្តិយសខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សជាតិទូទាំងពិភពលោក ។

        លុះដល់ឆ្នាំ ១៩៩៤ ផ្ទៃមេឃក្រោយភ្លៀងធ្លាក់ក៏ចាប់ផ្តើមស្រឡះស្រស់បស់ នយោបាយថ្មីដែលមនុស្សស្បែកខ្មៅ ហើយនឹងមនុស្សស្បែកសមានសិទ្ធិស្មើភាពគ្នា ក៏បានកើតឡើង ក្នុងពេលដែល ណែលសាន់ មែនដេឡា បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូង គេបង្អស់របស់ប្រទេសអាហ្វ្រិកខាងត្បូងគេស្ថិតនៅក្នុងតំណែងនេះយ៉ាងយូរអស់ចិត្ត ហើយបានទទួលជោគជ័យយ៉ាងខ្ពង់ខ្ពស់ក្នុងជីវិត ។

        នៅឆ្នាំ ១៩៩៩ ណែលសាន់ មែនដេឡា បានលាលែងចេញពីតំណែងប្រធានាធិបតី ហើយបានឧទ្ទិសខ្លួនគេ ចំពោះការងារជាកុសលលំដាប់ពិភពលោក សព្វថ្ងៃនេះគេឈប់អង្គុយលើកៅអីនៃអំណាចក្នុងវិមានប្រធានាធិបតីរបស់អាហ្វ្រិកខាងត្បូងតទៅទៀតហើយ តែគេបានលើកខ្លួនឯងឲ្យខ្ពស់ឡើងជាងនោះទៅទៀត នោះក៏គឺ គេក្លាយជាមនុស្សរបស់ពិភពលោក ជាមនុស្សដែលស្ថិតនៅក្នុងដួងចិត្តរបស់មនុស្សជាច្រើនទូទាំងពិភពលោក ក្នុងឋានៈជាទូតសន្តិភាពពិភពលោកហើយនឹងជាម្ចាស់មូលនិធិ ណែលសាន់ មែនដេឡា ដើម្បីកុមារហើយនឹងយុវជន ។

        ណែលសាន់ មែនដេឡា បានទទួលមរណភាពនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៣ ក្នុងជន្មាយុ ៩៥ ឆ្នាំ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login