Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

        សូក្រាត គឺជាទស្សនវិទូជនជាតិក្រិចមួយរូប និងជាប្រភពនៃទស្សនៈលោកខាងលិច ។ មានប្រភពព័ត៌មានតិចតួចណាស់អំពីជីវិតរបស់គាត់ ក្រៅពីអ្វីដែលសិស្សរបស់លោកដូចជា ផ្លាតូ (Plato) បានកត់ត្រាទុក ។

        សូក្រាតកើតនៅឆ្នាំ ៤៧០ មុនគ្រឹស្តសករាជ នៅទីក្រុងអាតែន ប្រទេសក្រិច ។ យើងដឹងអំពីជីវិតរបស់គាត់តាមរយៈសំណេររបស់សិស្សគាត់ រួមមានផ្លាតូ និងសេនូហ្វូន (Xenophon) ។ វិធីសាស្ត្រសូក្រាតបានផ្ដល់មូលដ្ឋានដល់ប្រព័ន្ធតក្កវិជ្ជា និងទស្សនវិជ្ជានៅលោកខាងលិច ។ នៅពេលមានការផ្លាស់ប្ដូរបរិយាកាសនយោបាយនៅប្រទេសក្រិច សូក្រាតត្រូវបានកាត់ទោសប្រហារជីវិតដោយការលេបថ្នាំពុលនៅឆ្នាំ ៣៩៩ មុនគ្រឹស្តសករាជ ។ គាត់សុខចិត្តទទួលការកាត់ទោសនេះ ក៏មិនព្រមនិរទេសខ្លួនដែរ ។ ជីវិតរបស់សូក្រាតទទួលបានការដឹងឮតាមរយៈប្រភពតែពីរឬបីប៉ុណ្ណោះ គឺការសន្ទនារវាងផ្លាតូ និងសេនូហ្វូន និងល្ខោនរបស់អារីស្តូហ្វេន (Aristophanes) ។ ដោយសារសំណេរទាំងនេះមិនមែនមានគោលបំណងរៀបរាប់អំពីជីវិតរបស់គាត់ បច្ចុប្បន្ននេះ ពុំមានឯកសារណាដែលអះអាងថារៀបរាប់ពីជីវិតគាត់បានត្រឹមត្រូវនោះទេ ។ ទោះជាយ៉ាងណា ការប្រមូលផ្ដុំឯកសារជាច្រើនបានឆ្លុះបញ្ចាំងយ៉ាងពិសេស និងរស់រវើកអំពីទស្សនវិជ្ជា និងអត្តចរិករបស់សូក្រាត ។

        សូក្រាតគឺជាកូនប្រុសរបស់សូហ្វ្រូនីឃើស (Sophroniscus) ជាជាងថ្មបាយអរ និងជាងចម្លាក់នៅអាតែន និងផេណារ៉េត (Phaenarete) ជាឆ្មប ។ ដោយសារគាត់មិនមែនមកពីគ្រួសារអភិជន គាត់ប្រហែលជាបានទទួលការអប់រំមូលដ្ឋានរបស់ក្រិច និងរៀនសិប្បកម្មពីឪពុកគាត់នៅវ័យក្មេង ។ មានជំនឿថា សូក្រាតបានធ្វើការជាជាងបាយអរអស់រយៈពេលជាច្រើនឆ្នាំ មុននឹងគាត់បូជាជីវិតរបស់គាត់ទៅលើទស្សនវិជ្ជា ។ កំណត់ត្រាអំពីការចិញ្ចឹមជីវិតរបស់សូក្រាតតាមរយៈការធ្វើជាទស្សនវិទូមានភាពខុសគ្នា ។ ទាំងសេនូហ្វូន និងអារីស្ដូហ្វេនបានលើកឡើងថា សូក្រាតបានទទួលប្រាក់ពីការបង្រៀន ប៉ុន្តែផ្លាតូសរសេរដោយលើកយកភាពក្រីក្ររបស់សូក្រាតជាភស្តុតាងថា សូក្រាតបានបដិសេធដោយបើកចំហរថាមិនទទួលប្រាក់ពីការបង្រៀនទេ ។

        សូក្រាតបានរៀបការជាមួយសេនធីប៉េ (Xanthippe) ជាស្ត្រីដែលមានវ័យក្មេងជាងគាត់ ហើយបានបង្កើតកូនប្រុសបីនាក់ឱ្យគាត់គឺ ឡាំប្រូខល (Lamprocles) សូប្រូនីស្គូស (Sophroniscus) និង មែននេចសែននើស (Menexenus) ។ ពុំមានការដឹងច្រើនអំពីគ្រួសារគាត់ឡើយ ក្រៅពីការរៀបរាប់របស់សេននូហ្វូនអំពីអត្តចរិករបស់សេនធីប៉េថា “មិនគួរឱ្យចូលចិត្ត” ។ គាត់សរសេរថា ប្រពន្ធរបស់សូក្រាតមិនសប្បាយចិត្តជាមួយនឹងអាជីពទីពីររបស់សូក្រាតទេ ហើយបានរអ៊ូរថា គាត់មិនអាចទ្រទ្រង់គ្រួសារបានតាមអាជីពជាទស្សនវិទូនេះបានទេ ។ តាមពាក្យសម្តីផ្ទាល់របស់គាត់ សូក្រាតខ្វាយខ្វល់តិចតួចណាស់អំពីការថែទាំកូនរបស់គាត់ ហើយបង្ហាញចំណាប់អារម្មណ៍ច្រើនលើការអភិវឌ្ឍន៍ប្រាជ្ញារបស់មនុស្សប្រុសវ័យក្មេងនៅអាតែន ។

        ច្បាប់អាតែនតម្រូវឱ្យបុរសដែលមានកាយសម្បទាគ្រប់គ្រាន់ទាំងអស់ឱ្យធ្វើជាទាហានតាមការកោះហៅ ដើម្បីបំពេញតួនាទីចាប់ពីអាយុ ១៨ ឆ្នាំដល់អាយុ ៦០ ឆ្នាំ។ យោងតាមផ្លាតូ សូក្រាតបានបម្រើនៅក្នុងអង្គភាពទាហានថ្មើរជើងប្រដាប់អាវុធ ដែលគេហៅថា ហបលីត (Hoplite) ដោយមានខែល លំពែងវែង និងម៉ាស់បិទមុខ។ គាត់បានចូលរួមក្នុងយុទ្ធនាការយោធាចំនួនបីលើក ក្នុងអំឡុងសង្គ្រាមឧបទ្វីបប៉េឡូប៉ូនេស៊ី (Peloponnesian War) នៅឌែលៀម (Delium) អាមហ្វីប៉ូលីស (Amphipolis) និងប៉ូទីដាអៀ (Potidaea) ជាកន្លែងដែលគាត់បានជួយសង្គ្រោះជីវិត អាល់ស៊ីបៀដេស (Alcibiades) ជាឧត្តមសេនីយ៍ដ៏មានប្រជាប្រិយមួយរូបនៅអាតែន។ សូក្រាតមានភាពល្បីល្បាញដោយសារភាពក្លាហានរបស់គាត់នៅក្នុងការប្រយុទ្ធ និងភាពមិនចេះភ័យខ្លាច ជាលក្ខណៈសម្បត្តិមួយ ដែលស្ថិតនៅជាមួយគាត់ពេញមួយជីវិត។ បន្ទាប់ពីការជំនុំជម្រះក្ដីរបស់គាត់ និងនៅពេលទទួលការគំរាមកំហែងកាត់ទោសប្រហារជីវិត គាត់បានប្រៀបធៀបការបដិសេធមិនរត់ចេញពីបញ្ហាផ្លូវច្បាប់របស់គាត់ ទៅនឹងការបដិសេធរបស់ទាហានមិនរត់ចេញពីការប្រយុទ្ធអីចឹង។

        អត្ថបទទស្សនវិជ្ជា ស៊ីមភូសៀម (Symposium) របស់ផ្លាតូ បានផ្ដល់ព័ត៌មានលម្អិតអំពីរូបរាងរបស់សូក្រាត។ គាត់មិនមែនជាមនុស្សមានសាច់ដុំដែលអ្នកនៅអាតែនប្រាថ្នាចង់បាននោះទេ។ សូក្រាតមានរាងទាបកន្តុល ច្រមុះសំប៉ែត និងភ្នែកលៀន ហើយមើលទៅហាក់ដូចជាសំឡក់រហូតអីចឹង។ ទោះជាយ៉ាងណា ផ្លាតូបានចង្អុលបង្ហាញថា ក្នុងកែវភ្នែករបស់សិស្សគាត់ សូក្រាតមានភាពទាក់ទាញមួយបែប មិនមែនផ្អែកលើរូបរាងទេ ប៉ុន្តែលើសមត្ថភាពពិភាក្សាដេញដោលដ៏ឆ្លាតវៃ និងគំនិតដ៏មុតស្រួចរបស់គាត់។ សូក្រាតតែងតែសង្កត់ធ្ងន់លើសារៈសំខាន់របស់ចិត្តជាជាងរាងកាយមនុស្ស។ ការថ្លែងបែបនេះបានជំរុញដល់ទស្សនវិជ្ជារបស់ផ្លាតូអំពីការបែងចែកការពិតទៅជាពីរផ្នែក គឺពិភពវិញ្ញាណ និងពិភពគំនិត ដោយប្រកាសថា មានតែពិភពគំនិតទេដែលមានសារៈសំខាន់ ។

ទស្សនវិទូ

        សូក្រាតមានជំនឿថា ទស្សនវិជ្ជាគួរតែសម្រេចបានលទ្ធផលជាក់ស្ដែងសម្រាប់សុខុមាលភាពសង្គម។ គាត់បានប៉ុនប៉ងបង្កើតប្រព័ន្ធសីលធម៌មួយ ផ្អែកលើហេតុផលមនុស្សជាជាងទ្រឹស្ដីសាសនា។ គាត់បានចង្អុលបង្ហាញថា ជម្រើសរបស់មនុស្សត្រូវបានជំរុញដោយមហិច្ឆិតាចង់បានសេចក្តីសុខ។ គតិបណ្ឌិតចុងក្រោយកើតមកពីការស្គាល់ខ្លួនឯង។ បើបុគ្គលម្នាក់ស្គាល់ខ្លួនឯងកាន់តែច្រើន សមត្ថភាពរបស់បុគ្គលនោះក្នុងការរកហេតុផល និងធ្វើការសម្រេចចិត្ត ដើម្បីនាំមកនូវសេចក្តីសុខពិត កាន់តែខ្លាំងដែរ ។ សូក្រាតជឿថា ចំណុចនេះអាចយកមកអនុវត្តក្នុងនយោបាយ ដោយទម្រង់នៃរដ្ឋាភិបាលល្អបំផុត គឺមិនមែនជាអំណាចផ្ដាច់ការ ហើយក៏មិនមែនជាលិទ្ធិប្រជាធិបតេយ្យដែរ។ ផ្ទុយទៅវិញ រដ្ឋាភិបាលធ្វើការបានល្អបំផុត នៅពេលដែលគ្រប់គ្រងដោយបុគ្គល ដែលមានសមត្ថភាព ចំណេះដឹង និងគុណធម៌ល្អបំផុត និងមានការយល់ដឹងពេញលេញអំពីខ្លួនឯង ។

        សម្រាប់សូក្រាត អាតែនគឺជាបន្ទប់រៀនមួយ ហើយគាត់បានដើរសួរសំណួរទៅកាន់អភិជន ក៏ដូចជាបុគ្គលសាមញ្ញនានា ដើម្បីស្វែងរកការបកស្រាយការពិតផ្នែកនយោបាយ និងសីលធម៌ ។ សូក្រាតមិនបានបង្រៀនអ្វីដែលគាត់ដឹងទេ ។ តាមពិតគាត់អះអាងថា គាត់មិនដឹងអ្វីទេ ពីព្រោះគាត់គ្មានគំនិត ប៉ុន្តែឆ្លាតវៃ ពីព្រោះគាត់ដឹងថា ខ្លួនឯងមិនដឹងអ្វីសោះ។ គាត់បានសួរសំណួរដល់អ្នករស់នៅអាតែនជាមួយលោកតាមវិធីសាស្ត្រជជែកដេញដោលមួយ (វីធីសាស្ត្រសូក្រាត) ដែលធ្វើឱ្យអ្នកស្ដាប់គិតអំពីបញ្ហាដើម្បីសម្រេចបានការសន្និដ្ឋានដ៏ត្រឹមត្រូវមួយ ។ ជួនកាលចម្លើយហាក់ដូចជាមានភាពជាក់ស្ដែងណាស់ ហើយវាធ្វើឱ្យគូប្រកួតរបស់សូក្រាតមើលទៅល្ងង់ ។ ដោយហេតុនេះ គាត់ទទួលបានការកោតសរសើរដោយបុគ្គលមួយចំនួន ហើយរងការរិះគន់ដោយបុគ្គលផ្សេងទៀត ។

        ក្នុងជីវិតរស់នៅរបស់សូក្រាត អាតែនបានឆ្លងកាត់អន្តរកាលយ៉ាងខ្លាំងចាប់ពីអនុត្តរភាពក្នុងពិភពបុរាណ ដល់ការធ្លាក់ចុះវិញ បន្ទាប់ពីការច្បាំងចាញ់យ៉ាងអាម៉ាស់ជាមួយស្ប៉ាតា (Sparta) នៅក្នុងសង្គ្រាមឧបទ្វីបប៉េឡូប៉ូនេស៊ី (Peloponnesian War) ។ អ្នកនៅអាតែនបានធ្លាក់ចូលទៅក្នុងសម័យកាលអស្ថិរភាព និងភាពសង្ស័យអំពីអត្តសញ្ញាណ និងទីតាំងរបស់ខ្លួននៅលើផែនដីនេះ ។ ជាលទ្ធផល ពួកគេក៏សម្រេចចាប់យកភាពរុងរឿង ទស្សនទានអំពីភាពសម្បូរហូរហៀរ និងផ្នត់គំនិតអំពីសម្រស់រាងកាយដែលមានពីអតីតកាល។ សូក្រាតបានរិះគន់លើតម្លៃទាំងនេះដោយធ្វើការសង្កត់ធ្ងន់ឥតឈប់ឈរអំពីសារៈសំខាន់នៃចិត្ត ។ ទោះបីជាអ្នកនៅអាតែនកោតសរសើរអំពីការប្រកួតប្រជែងរបស់សូក្រាតនឹងជំនឿទូទៅរបស់ក្រិច និងការធ្វើបែបនេះដោយកំប្លុកកំប្លែងក៏ដោយ ក៏អ្នកដទៃទៀតមានការខឹងសម្បារ និងគាត់បានគំរាមកំហែងដល់មាគ៌ាជីវិត និងអនាគតមិនពិតប្រាកដរបស់ពួកគេ ។

ការកាត់ទោសប្រហារជីវិត

        ចៅក្រមមិនបានប្ដូរគំនិតតាមការអះអាងរបស់សូក្រាតឡើយ ហើយបានដាក់ទោសគាត់តាមសំឡេងឆ្នោត ២៨០ ទល់នឹង ២២១ ។ សម្តីគឃ្លើនរបស់គាត់អាចជាកត្តាបណ្ដាលឱ្យមានការចេញដីការបែបនេះ ហើយគាត់ធ្វើឱ្យរឿងនេះកាន់តែធ្ងន់ធ្ងរថែមទៀតក្នុអំឡុងពេលពិចារណាលើការដាក់ទោសគាត់ ។

        ច្បាប់អាតែនអនុញ្ញាតឱ្យពលរដ្ឋដែលជាប់ទោសធ្វើការស្នើសុំការដាក់ទោសមួយផ្សេងទៀតក្រៅពីការប្រហារជីវិត ហើយចៅក្រមនឹងធ្វើការសម្រេចតាមក្រោយ ។ ផ្ទុយពីការស្នើសុំនិរទេសខ្លួន សូក្រាតបានស្នើថាឱ្យគាត់ទទួលបានការផ្ដល់កិត្តិយសពីទីក្រុងនេះចំពោះការរួមចំណែករបស់គាត់ទៅលើឈ្វេងយល់របស់ពួកគេ និងផ្ដល់ការតបស្នងចំពោះការរួមចំណែកនេះ ។ ចៅក្រមមិនសើចសប្បាយនឹងសម្ដីទាំងនេះឡើយ ហើយក៏បានកាត់ទោសប្រហារជីវិតគាត់ ដោយផឹកថ្នាំពុលដ៏កាចសាហាវមួយ ។

        មុនការប្រហារជីវិតរបស់សូក្រាត មិត្តភក្ដិបានសូកអ្នកយាមគុក និងជួយសង្គ្រោះគាត់ ដើម្បីឱ្យគាត់និរទេសខ្លួន ។ គាត់បានបដិសេធ ដោយលើកឡើងថា «គាត់មិនខ្លាចស្លាប់ឡើយ និងមានអារម្មណ៍ថា ការនិរទេសខ្លួនមិនធ្វើឱ្យគាត់ប្រសើរឡើយ» ហើយបាននិយាយថា «គាត់នៅតែជាពលរដ្ឋស្មោះត្រង់ម្នាក់នៅអាតែន និងមានឆន្ទៈគោរពតាមច្បាប់ ទោះបីជាត្រូវថ្កល់ទោសគាត់ឱ្យស្លាប់ក៏ដោយ» ។ ផ្លាតូបានរៀបរាប់អំពីការប្រហារជីវិតសូក្រាតនៅក្នុងកិច្ចសន្ទនា ផែដូ របស់គាត់៖ សូក្រាតបានផឹកថ្នាំពុលដោយមិនស្ទាក់ស្ទើរ។ ភាពស្ពឹកបានជ្រាបចូលក្នុងខ្លួនរបស់គាត់បន្តិចម្ដងៗ រហូតដល់បេះដូងរបស់គាត់ ។ បន្តិចមុនគាត់ក៏ដាច់ដង្ហើម សូក្រាតបានរៀបរាប់ការស្លាប់របស់គាត់ជាការដោះលែងព្រលឹងចេញពីខ្លួនប្រាណ ៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login