Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ                                                                                            ១. ចូរបង្ហាញពីទិដ្ឋភាពសង្គមខ្មែរនាររដូវបុណ្យចូលឆ្នាំខ្មែរ ?

២. តើហេតុអ្វីបានជាកបិលមហាព្រហ្មកាត់ក្បាល ? ចូរបកស្រាយ ។

៣. តើទេពធីតាទាំង៧អង្គដែលជាបុត្ររបស់កបិលមហាព្រហ្មមានឈ្មោះអ្វីខ្លះ ?

៤.តើឆ្នាំណា ត្រូវទេពធីតាណាត្រូវចេញទៅដង្ហែរក្បាលកបិលមហាព្រហ្ម  ?

៥. តើសង្ក្រាន្តមានន័យដូចម្តេច ?

៦. តើពិធីចូលឆ្នាំថ្មីសង្ក្រាន្តមានប៉ុន្មាន ? អ្វីខ្លះ ?

៧. តើទេពធីតាត្រូវទៅយកក្បាលកបិលមហាព្រហ្មនៅទីណា ? ហែទៅណា ? យកទៅទុកនៅឯណា ?

៨. ទេពធីតាត្រូវធ្វើដូចម្តេច ?  

៩. ចូរពន្យល់ ពីពាក្យប្រទក្សិណ ។

១០. តើពាក្យទក្ខិណាពត៌មានន័យដូចម្តេច ?   

១១. ចូរនិយាយពីការរៀបពលិការទទួលទេពធីតា ប្រចាំឆ្នាំនីមួយៗ ។ តើពលិការនោះមានរណ្តាប់អ្វីខ្លះ ?

១២. តើវាយលុកចេតិយ គេធ្វើដើម្បីអ្វី  ?

១៣. ចូរបង្ហាញពីទំនៀមទម្លាប់នៃការធ្វើវាលុកចេតិយ ។ តើវាលុកចេតិយនេះមានប្រភពមកពីណា ?

១៤. តើការធ្វើវាលុកចេតិយផ្តល់អានិសង្ឃយ៉ាងដូចម្តេច ?

១៥. តើខ្មែរធ្វើពិធិបុណ្យចូលឆ្នាំដើម្បីអ្វី ?     

ចម្លើយ

១. បុណ្យចូលឆ្នាំខ្មែរ ជាព្រឹត្តការណ៍ធំមួយក្នុងទឹកចិត្ត និងជីវភាពខ្មែរ ។ មុនពេលចូលឆ្នាំថ្មី មកដល់គេនាំគ្នាបោសសម្អាត តុបតែងផ្ទះសំម្បែងសម្អាតទីធ្លាវត្តអារាម ចេតិយ រមណីយដ្ឋាន សង់រានទេវតា តាំងអំពូកភ្លើងបុកអង្ករ រកអុស ដងទឹក ត្រៀនសម្លៀកបំពាក់ថ្មីៗ ។ ល។ ពេលចូលឆ្នាំ ជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាសឲ្យជ្រះស្រឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្តីសោមនស្សក្សេមក្សាន្ត និងសុភមង្គល ។ ឆ្នាំថ្មីចូលមកដល់ស្នូរស្គរ រគាំងសម្លេង​ធម៌ពរជ័យលាន់ឮរន្ទឺអឺងកង ចេញពីវត្តអារាមនិងភូមិករប្រជាជន ( ព្រោះកន្លែងខ្លះវត្តឆ្ងាយ គេរៀបចំ កន្លែងមួយក្នុងភូមិរបស់គេរួចនិមន្តព្រះសង្ឃមក ) ភ្លើងទៀនឆេះព្រោងព្រាត ផ្សែងធូបហុយចេញគ្រប់រានទេវតា តាមដងផ្លូវ មុខផ្ទះសម្បែងវត្តអារាម ។ ចាស់ទុំ ក្រមុំ ក្មេងក្មាងតូចធំ ប្រដាប់ប្រដាដោយសម្លៀកបំពាក់ស្អាតៗ ចេញមកទទួលទេវតាឆ្នាំថ្មី ។ ម្នាក់ៗមានទឹករីករាយស្រស់ស្រាយរំភើបក្រៃលែង ។ ក្រមុំ កម្លោះ ក្មេងៗសប្បាយក្អាកក្អាយជាងគេ ព្រោះជា​ឱកាសពិសេសបំផុត សម្រាប់ពយកគេចូលឆ្នាំកម្សាន្ត លេងល្បែងប្រជាប្រិយជាមួយគ្នា ដោយគ្មានចាស់ទុំណាឃាត់ឃាំងអ្វីឡើយ ។

          ពេលព្រលប់ប្រជាជន នាំគ្នាទៅស្តាប់ធម៌អាថ៌ ដើម្បីផ្គុំកុសល សម្រាប់ជីវិតជាតិនេះ និងជាតិខាងមុខ ។ បន្ទាប់មក ពួកគេក៏ប្រមូលផ្តុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗតាមចំណង់ គេនាំគ្នាលេងល្បែងចាប់បានខ្លែងលាក់កន្សែង ក្រុងមាន់ ទាញព្រាត់ ចម្រៀងប្រពៃណីចោលឈូង ... យ៉ាងសប្បាយរីករាយ ។ ទោះបីជាសប្បាយយ៉ាងណាក៏ដោយតែពួកគេពុំភ្លេចត្រៀបខ្លួនរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃបង្សុកូល ឧទ្ទិសកុសលជូន បុព្វការីជន ញាតិសណ្តានដែលបានចែងឋានទៅកាន់បរលោកហើយនោះទេ ។ ពួកគេនាំគ្នាជញ្ជូនដី ដាក់វត្តពូនភ្នំខ្សាច់រែកទឹក ដងទឹកស្រង់ព្រះ ព្រះសង្ឃ និងចាស់និងចាស់ព្រឹទ្ធាចារ្យ ។ ពេលត្រឡប់ដល់ផ្ទះវិញ លគេអញ្ជើញមាតាបិតា ចាស់ទុំ មកផ្ងួតទឹកជូនសំលៀកបំពាក់ថ្មីៗ នំចំនី ដើម្បីជាកិច្ចតបស្នងសងគុណចំពោះ បុព្វការីជនរបស់គេ ជាទម្លាប់ដល់ថ្ងៃឆ្លងបុណ្យ ពិនិត្យឃើញតាមក្រោមម្លប់ឈើធំៗ មានការលែងល្បែងប្រជាប្រិយផ្សេងៗតាមចំណងចំណូលចិត្តគេនាំគ្នាទៅទស្សនាកម្សាន្តប្រាសាទបុរាណ រមណីដ្ឋាន គោរពបូជាវត្ថុស័កិ្តសិទ្ធិ  ភ្ជាប់បរិយាកាសរីករាយនេះ ទៅនឹងបរិយាកាសសម័យព្រេងនាយដ៏រុងរឿង ។ តាមតំបន់ខ្លះ ពេលចូលឆ្នាំម្តងៗគេមិនមែនសប្បាយតែក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះទេ គេចាប់លេងសប្បាយរបៀបនេះមុននិងក្រោយប៉ុណ្ណោះថ្ងៃចចូលឆ្នាំទៀតផង ។

          បន្ទាប់ពីគេនាំគ្នាធ្វើបុណ្យសន្សំកុសល សប្បាយរីករាយអស់ចិត្តនិងដើម្បីអបអរសាទរចំពោះជីវិតរបស់គេដែលបានហែលឆ្លងកាត់ឧបសគ្គទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅនាបីថ្ងៃនេះ  បន្ទាប់មកគេត្រៀមលក្ខណៈចាំបំពេញភារកិច្ចថ្មី ចំពោះអ្នកធ្វើស្រែចម្ការច្បារដំណាំ រងចាំទឹកភ្លៀងដែលនឹងបង្អុរចុះនាដើមវស្សាន្ត រដូវនៃឆ្នាំថ្មីដ៏ខ្លីខាងមុននេះ ។  

២. ជំនឿទេវតាឆ្នាំថ្មី ក្នុងសង្គ្រាននិទានថា ក្នុងដើមភទ្ទកប្បនេះមានបុរសម្នាក់ឈ្មោះធម្មបាលជាអ្នកប្រាជ្ញាចេះចប់ត្រៃវេទ ព្រមទាំងភាសាបក្សីសត្វផង ។ ធម្មបាលតែងសម្តែងមង្គល ដល់មនុស្សផងទាំងពួង ។ លុះកបិលមហាព្រហ្ម ( សម័យនោះគេគោរពបូជាមហាព្រហ្ម ) ជ្រាបថា ធម្មបាលកុមារ ជាអ្នកប្រាជ្ញាក៏មកសួប្រាស្នា ៣ខ ហើយសន្យាថាប្រសិនបើធម្មបាលដោះប្រាស្នានេះរួចកបិលមហាព្រហ្មនឹងកាត់ក្បាលខ្លួនបូជាធម្មបាល តែបើធម្មបាលដោះប្រាស្នាមិនរួចទេ ត្រូវកាត់ក្បាលបូជាមាហាព្រហ្មវិញ ធម្មបាលសុំបង្អង់ប្រាំពីរថ្ងៃសិន ដើម្បីគិតប្រាស្នាប៉ុន្តែ៦ថ្ងៃកន្លងផុតទៅហើ់យ នៅតែគិតមិនឃើញ ទាល់តែសោះធម្មបាលក៏ភៀសខ្លួនទៅពួនក្រោមដើមត្នោតមួយគូដែលជាលំនៅរបស់សត្វឥន្រ្ទីជាភព្វសំណាងល្អយប់នោះ ធម្មបាលក៏បានឮសត្វឥន្រ្ទីញីឈ្មោលនិយាយគ្នាថា ​៖

          ញី៖ ព្រឹកនេះយើងបានអាហារពីណាស៊ី ?

          ឈ្មោល៖ យើងនឹងស៊ីសាច់ធម្មបាលដែលត្រូវកបិលមហាព្រហ្មសម្លាប់ដោយសារការដោះប្រស្នាមិនរួច ។

          ញី៖ ប្រស្នានោះដូចម្តេច ?                                         

           ឈ្មោលៈ ( ខ១) វេលាព្រឹកសេរីស្ថិតនៅទីណា ? ត្រូវឆ្លើយថាស្ថិតនៅមុខ ហេតុនេះបានជាយើងទាំងឡាយ​ត្រូវយកទឹកលាងមុខ ។ ( ខ២ ) ថ្ងៃត្រង់សេរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថាស្ថិតនៅទ្រូង ហេតុនេះយើងត្រូវយកទឹកលាងទ្រូង ។ ( ខ៣ ) ពេលវេលាល្ងាច សេរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា សេរីស្ថិតនៅជើង ហេតុនេះបានជាយើងត្រូវយកទឹកលាងជើង ។

          ពាក្យពេចន៍ ទាំងប៉ុន្មានរបស់ឥន្រ្ទី ក៏បានឮដល់ធម្មបាលដោះស្រាយប្រាស្នាកបិលមហាព្រហ្មរួចជៀសផុតពីក្តីមរណា ។ កបិលមាហាព្រហ្មសុខចិត្តចុះចាញ់ ព្រមទាំងកាត់ក្បាលបូជាធម្មបាល ។ មុននឹងកាត់ក្បាលកបិលមហាព្រហ្មហៅទេពធីតា ទាំងប្រាំពីរអង្គដែលជាបុត្រីរបស់ខ្លួនឲ្យយកពានទ្រក្បាល ( ព្រោះបើដាក់ក្បាលលើផែនដី នឹងកើតជាភ្លើងឆេះលោកធាតុ បើបោះទៅលើអាកាសនឹងរាំងភ្លៀង បើចោលទៅក្នុងសមុទ្រនឹងធ្វើឲ្យសមុទ្ររីងស្ងួតអស់ ) រួចហើយក៏កាត់ ក្បាលឲ្យនាងទុង្សា ជាកូនច្បង ។ នាងទុង្សាហែក្បាលកបិលមហាព្រហ្មប្រទក្សិណ ភ្នំព្រះសុមេរុ អស់៦០នាទីទើបអញ្ជើញ ក្បាលនោះទៅប្រតិស្ថានទុកនៅភ្នំកៃលាស ។ លុះដល់គម្រប់មួយឆ្នាំសង្ក្រាន ទើបនាងទេពធីតាទាំងប្រាំពីរអង្គ ផ្លាស់វេនគ្នា មកដង្ហែរកបិលមហាព្រហ្ម ប្រទក្សិណភ្នំសុមេរុជារៀងរាល់ឆ្នាំ ។

៣.នាងទេពធីតាទាំង៧អង្គនោះមានឈ្មោះ ៖

  • នាងទុង្សាទេវី
  • នាងគោរាគទេវី
  • នាងរាក្សសាទេវី
  • នាងមណ្ឌលទេវី
  • នាងកិរិណីទេវី
  • នាងកិមិរាទេវី
  • នាងមហាទរាទេវី ។

៤. មិនអាចកំណត់យកឆ្នាំណាត្រូវទេពធិតាដែលចេញទៅដង្ហែរក្បាលកបិលមហាព្រហ្មបានទេ ពីព្រោះលោកបានំណត់បានរាសីចក្រនៃថ្ងៃចូលឆ្នាំទៅវិញ ។

          ១. ថ្ងៃអាទិត្យ

   ត្រូវទេពធីតាឈ្មោះថាទុង្សាទេវី សៀតផ្កាទទឹមគ្រឿងប្រដាប់បទុមរាគភក្សាហារផ្លែឧទម្ភរអាវុធស្តាំកងចក្រឆ្វេងសង្គ័ពាហគ្រុធ ។

          ២. ថ្ងៃច័ន្ទ

ត្រូវទេពធីតាឈ្មោះ គោរាគទេវី សៀតតផ្កាអង្គារបុស្ស គ្រឿងប្រដាប់មុក្កា ភក្សាហារប្រេងអាវុធស្តាំព្រះខ័នឆ្វេងឈើច្រតពាហនៈខ្លា ។

          ៣. ថ្ងៃអង្គារ

ត្រូវទេពធីតាឈ្មោះ រក្សាសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរាភក្សាហារ លោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពហាន អស្សតរ ។

          ៤. ថ្ងៃពុធ

   ត្រូវនឹងនាងទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ ពិទូរ្យ ភក្សាហារ ទឹកដោះសិប្បិ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត ពាហនៈលា ។

          ៥. ថ្ងៃព្រហស្បតិ៍

ត្រូវនឹងទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាបណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងធ្នូ ស្នា ពាហនៈដំរី ។​

          ៦. ថ្ងៃសុក្រ

ត្រូវនឹងទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់ បុស្បរាគ័ម ភក្សាហារចេកណាំរ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី ។

     ៨. ថ្ងៃសៅរ៏

ត្រូវទេពធីតាឈ្មោះ មហាទរឬេវី សៀតផ្កាត្រចៀក គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំចក្រឆ្វេងត្រីសូល៍ ពាហនៈក្ងោក ។

ទំនៀមនាងទេពធីតា ចេញហែក្បាលកបិលមហាព្រហ្ម មិនដែលជិះពាហនៈជាប្រក្រតីឡើយ សុទ្ធតែជិះពាហនៈធ្វើកិរិយាផ្សេងៗបែបសៀរក៍ ( បើចង់ដឹងច្បាស់សូមពិនិត្យមើលសៀវភៅព្រះរាជពិធីទ្វារទសមាសទំព័រ១៤ ) ។

៥. តាមវចនានុក្រមខ្មែររបស់សម្តេចជួន ណាត ទំព័រ១២៣៧ បានពន្យល់ថាសង្ក្រាន្តជាដំណើរឃ្លាតចាកទីការឈាននចូលដល់ដំណើរដែលព្រះអាទិត្យចូលដល់ទីជួបជុំ រាសីចក្រ គឺដំណើរដែលដើម និងចុងរាសីចក្រជួបគ្នា ពេញគ្រប់ជាមួយឆ្នាំ ( ដំណើរដាច់ឆ្នាំចាស់ ផ្លាស់ចចូលឆ្នាំថ្មី ) ។

៦. ពិធីចូលឆ្នាំថ្មីសង្ក្រាន្តមាន៣ថ្ងៃគឺ៖

  • ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំហៅថាថ្ងៃមហាសង្ក្រាន្ត
  • ថ្ងៃទី២ ជាថ្ងៃស្អុយ ថ្ងៃខ្វាក់ ឬជាកណ្តាលហៅថា វ័នបត
  • ថ្ងៃទី៣ ជាថ្ងៃឡើងស័ក គឺផ្លាស់សក្តិថ្មីនៅថ្ងៃនេះ ថ្ងៃសង្ក្រាន្ត ពិធីសង្ក្រាន្ត ។

៧. ទេពធីតាដែលត្រូវដង្ហែរ ត្រូវទៅយកក្បាលកបិលមហាព្រហ្មណីមណ្ឌបនៅក្នុងគុហាមាលី ភ្នំកៃលាស់ នៅដង្ហែរប្រទក្សិណភ្នំព្រះសុមេរុបីជុំទើបយកទៅប្រតិស្ថានក្នុងមណ្ឌបនៅ ក្នុងគុហាភ្នំគន្ធមាលីនៃកៃលាស់រៀបបូជាដោយគ្រឿងទិព្វផ្សេងៗវិញ ។​ 

៨. កាលបើទេពធីតាបានរៀបចំស្រេចបាច់ហើយ ទើបទេពធីតាហោះត្រឡប់ទៅទេវលោកវិញ ។ លុះដល់គ្រប់១ឆ្នាំជាសង្ក្រាន្ត នាងទេពធីតាទាំង៧នាក់ ត្រូវផ្លាស់ប្តូរវេនគ្នា មកបង្ហែរក្បាលកបិលមហាព្រហ្មិចេញមកប្រទក្សិណភ្នំព្រះសុមេរុ សាជាថ្មីម្តងទៀត ជារៀងរាល់ឆ្នាំតាមលំដាប់ថ្ងៃ ។

៩. ពាក្យប្រទក្សិណ នៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ៦៥២ ថាប្រទក្សិណជា ការសំដែងការគោរពសេចក្តីគោរព ឬសេចក្តីស្រឡាញ់ដោយដើរជុំវិញបុគ្គល ឬវត្ថុអ្វីៗឲ្យបុគ្គល ឬអ្វីៗនោះស្ថិតនៅខាងស្តាំដៃធ្វើប្រទក្សិណវិហារ៣ជុំ... ។

          ពាក្យទក្សិណ វចនានុក្រមខ្មែរទំព័រ៤០១ ថាជាឈ្មោះទិសធំមួយ ជាគូប្រទល់ត្រង់គ្នានឹងទិសឧត្តេៈទិសទក្សិណ( ទិសខាងត្បូង )  ។ ដើរទក្សិណឬដើរ​ប្រទក្សិណ ដើរព័ទ្ធយកអ្វីៗឲ្យនៅខាងស្តាំ ។

១០. ពាក្យទក្ខិណាពត៌ វចនានុក្រមខ្មែរទំព័រ៤០០ ថាជាដំណើរ ដែលដើរដែលវិលជាទក្សិណ ក្នុងឱកាសជាកិច្ចការណាមួយមានការជាមង្គលជាដើម ។

១១. ការរៀបពលិការទទួលទេពធីតាមកទទួលមុខងារថ្មីរួមទាំងទេវតារក្សាទ្វីប ព្រះច័ន្ទ ព្រះព្រហ្ម និងចតុលោកបាលជាដើមដូចជាមានរៀបរាប់នៅក្នុងសេចក្តីប្រកាសរបស់អាចារ្យស្រាប់ ។

          រណ្តាប់ទទួលមាន៖              

  • រានទេវតា៧ថ្នាក់ ១
  • មានពលិការផ្សេងៗដាក់លើរាននោះ
  • មានបាយសីធំមួយគូ
  • ទឹកអប់មួយគូ
  • ទាន៥ ធូប៥
  • ផ្កា៥ (  ដាក់កែវ ) ១គូ
  • ស្លាបារីដាក់ជើងពាន១គូ
  • ចេកនួន ឬចេកណាំវ៉ា១គូ
  • ពែ១គូ គឹពែព្រះកេតុ១ និងពែព្រះភូមិ១
  • មានកន្ទោង៥គឺ កន្ទោងបាយមួយ ១កន្ទោងចំណី២ កន្ទោងបង្អែម២ ។

១២. ដើម្បីរំដោះ កម្មពៀរវាងដែលខ្លួនបានធ្វើកកន្លងមកហើយនៅ ក្នុងអតីតជាតិក្តី នៅក្នុងបច្ចុប្បន្នក្តីឲ្យវិនាសសាបសូន្យរលត់រលាយបាត់ទៅ ។

១៣.   ទំនៀមទំម្លាប់នៃការធ្វើវាលុកចេតិយនេះ ដោយមានគំនិតយល់ថាការធ្វើវាលុកចេតិយនេះដើម្បីឧទ្ទិសថ្វាយជាតំណាង ព្រះចូឡា មណីយចេតិយដែលពពួកទេវតា សាងបញ្ចុះព្រះកេសាធាតុ និងព្រះទាឋធាតុ ( ព្រះចង្កូមកែវ ) នៅឋានត្រៃត្រឹង្សសួគ៌ ដោយមានអារម្មណ៍សម្គាល់ថា មានផលានិសង្ឃច្រើនណាស់ ដូចបាលីសម្តែងក្នុងមហាសំការសូត្រ និងរឿងវាលុកចេតិយ ។

ក. មហាការសូត្រ

        សំដែងពីអានិសង្ឃ នៃការកសាងវាលុកចេតិយ អានិសង្ឃផ្ងួតទឹកមាតាបិតា គ្រូឧបជ្ឃាយ៍​លោកអាចារ្យ អានិសង្ឃ ស្រង់ទឹកព្រះអានិសង្ឃលែងសត្វ .... ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះឯង ។ ព្រះសាស្តាទ្រង់សំដែងប្រារព្ធនឹងព្រះបាទបរសេនទិកោសលថា នាសម័យថ្ងៃមួយ សម្តេចព្រះបរមសាស្តា គង់នៅវត្តជេតពន ក្នុងនគរសាវត្ថី ។ គ្រានោះមានសង្ក្រាន្តដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី វេលារសៀល ព្រះបាទបសេនទិកោសល ព្រមដោយមានព្រះរាជបរិពារ ស្តេចព្រះរាជដំណើរទៅឯមាត់ស្ទឹង ទ្រង់ឲ្យជម្រះទីមួយឲ្យស្អាត ហើយឲ្យធ្វើរបាំង បិតបាំងដោយ វាំងនន និងតែងអាសនៈសម្រាប់ព្រះពុទ្ធជាម្ចាស់

 និងព្រះសាវកទាំងឡាយនៅក្នុងបារាំងស្រេចហើយ ទ្រង់ឲ្យមនុស្សនៅចាំរក្សាស្តេចត្រឡប់ចូលព្រះរាចវាំងវិញ ។

          លុះព្រឹកឡើង ស្តេចព្រមដោយព្រះរាជបរិវា ទៅគាល់ព្រះដ៏មានព្រះភាគក្រាបទូល៖

          បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គសង្គ្រោះដល់ខ្ញុំព្រះអង្គដ្បិតវេលានេះ ជាឱកាសចូលឆ្នាំថ្មី ខ្ញុំព្រះអង្គសូមនិមន្តព្រះដ៏មានព្រះភាគព្រមទាំងសាវកទៅស្រង់ទឹក ។ ព្រះដ៏មានព្រះ ភាគទ្រង់ទទួលព្រះរាជនិមន្តហើយព្រះរាជាក៏ចូលនិមន្តសាស្តា ព្រមទាំងព្រះសាវទៅឆ្នេរស្ទឹង លុះស្រងង់រួចហើយទ្រង់និមន្តឲ្យទៅគង់ក្នងបារាំហើយស្តេចទ្រង់ប្រគេនចង្ហាន់ដល់ភិក្ខុសង្ឃមានព្រហពុទ្ធអង្គជាប្រធាន ។

          កាលព្រះសាស្តាធ្វើភត្តកិច្ច ហើយព្រះរាជាព្រមទាំងមហាជនបានបរិច្ចាកទានយ៉ាងធំ និងទ្រង់រក្សាសីល៥ ទ្រង់ព្រះសណ្តាប់ធម៌ទេសនាថែមទៀត ។

          ព្រះរាជាទ្រង់ក្របទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏ចម្រើន កាលព្រះអង្គបរិនិពា្វនទៅហើយ ដល់រដូវសសង្ក្រាន្តចូលឆ្នាំថ្មីម្តថងៗនោះតើខ្ញុំព្រះអង្គគួរគប្បីនឹងបំពេញកុសលអ្វី ? ព្រះអង្គត្រាស់តបថា កាលព្រះតថាគតបរិបិព្វានទៅហើយក្នុងឱកាសដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនោះចូរទ្រង់សាងវាលុកចេតិយ នៅឆ្នេរស្ទឹង ទន្លេ ហើយនាំយកគ្រឿងសក្ការៈមានទៀន ធូប គ្រឿងក្រអូប និងផ្កាជាដើមមកបូជាចុះ ។

          ព្រះរាជាក្រាបទូលទៀតថា បពិត្រព្រះអង្គលុះបុគ្គលអ្នកសាងកុសល្យដូចជាការកសាងវាយលុកចេតិយក្តី ដាំដើមពោធិព្រឹក្សក្តីសាងព្រះវិហារក្តី តើនឹងមានផលានិសង្ឃដូចម្តេចដែរ ។​

          ព្រះដ៏មានព្រះដ៏មានព្រះភាគត្រាស់ថា ម្តេចទ្រង់ត្រាស់ ដូចនោះបុគ្គលនីមួយៗទោះជាស្ត្រីក្តី ជាបុរសក្តី ជាព្រាហ្មណ៍ក្តី ជាគហបតីក្តីជាវេស្សៈក្តីជាសូទ្រៈក្តីជាភិក្ខុក្តី ជាអ្នកទុរគត៌ក្តី ជាបណ្ឌិតក្តី ជាពាលក្តី បានសាងវាលុកចេតិយ សាងសីមាក្តី ដាំដើមពោធិព្រឹក្សក្តីកសាងព្រះវិហារក្តី ឬយកដីក្សាច់ទៅរោយរាយនៅទីលានព្រះចេតិយក្តីបុគ្គលអម្បាលនោះនឹងបានអនិសង្ឃទាំងអស់ដោយ បានប្រាសាទកែវនៅជាផលានិសង្ឃ ។

          ព្រះរាជក្រាបទូលសូរតទៅទៀតថា បពិត្រព្រះដ៏មានព្រះដ៏មានភាគជនទាំងលាយណាដែលនាំគ្រឿងឧបករណ៍សម្រាប់បូជា និងដោះលែងសត្វតិរច្ឆានទាំងឡាយ មានម្រឹក ត្រី អណ្តើក ជាដើមនិងរក្សាបញ្ចាសីលនោះតើបានផលានិសង្ឃយ៉ាងដូចម្តេច ?

          ព្រះអង្គបានត្រាស់តបថា បុគ្គលនីមួយៗដែលបានដោះលែងសត្វដែលត្រូវមានទុក្ខជិតស្លាប់ ត្រលប់ឲ្យបានវិញ ឬរក្សាបញ្ចាសីលក្តីឬបាននាំយកគ្រឿងឧបករណ៍មានបាយ ទឹក សំពត់ ប្រទីប ទៀន ធូប  គ្រឿងក្រអូបនិងផ្កាជាដើមទៅបូជា វាយលុកចេតិយបុគ្គលអម្បាលនោះរមែងបានអានិសង្ឃច្រើន ។

          ចំណែកឯអ្នកដែលផ្ងួតទឹក ឲ្យមាតាបិតាក្តី ឲ្យគ្រូឧបជ្ឈាយ៍ក្តី បានរក្សាសីលក្តីបានឲ្យទានក្តី បានអុជប្រទីបព្វដ៏អាកាសក្តី បានជីកស្រះសង់ស្ពានក្តី បានធ្វើផ្លុវថ្នល់ក្តីបានធ្វើទង់ឆ័ត្របូជាក្តីឬធ្វើទានជាបាយទឹកប្រាក់ជានំក្តី ទេវតាទាំង៤បានកត់ត្រាឈ្មោះអ្នកទាំងនោះទុកនិងផែនមាសហោង ។ តែប្រសិនបើអស់អ្នកណាដែលមិនស្គាល់ធ្វើបុណ្យកុសលមិនស្គាល់គុណនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ប្រព្រឹត្តតែអំពើបាបមានការសម្លាប់សត្វជាដើម ។ ព្រះចតុរាបាលនឹង កត់ឈ្មោះអ្នកទាំងនោះទុកនឹងស្បែកឆ្កែហោង ។

១៤. ក្រៅអំពីការសូត្រ នៅមានរឿងមួយទៀតហៅថា ងានិសង្ឃវាលុកចេតិយ ។ រឿងនេះបានបង្ហាញពីអានិសង្ឃជាច្រើននៃការសាងវាលុកចេតិយហើយព្រះភិក្ខុតែងតែយករឿង នេះមកទេសនានៅពេលវេលានៃការឆ្លងវាលុកចេតិយនេះឯង ។ និទានរឿងពីព្រោះពោធិសត្វដូចតទៅ៖

          ដំណាលពីព្រះសត្វ នាមបារិកជាឈ្មួលសំពៅ ។ នាសម័យនោះបារិកបានបើកសំដៅទៅធ្វើជំនួញ ក៏បានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ្ជករដែលទៅជួញជាមួយគ្នា បើកសំពៅឆៀកចូលទៅចត ជិតផ្នួកខ្សាច់នោះ ហើយនាំគ្នាជាវាយលុកចេតិយ ឧទ្ទិសជាតំណាង និងប្រតិស្ថានទៅឋានត្រៃត្រឹង្សទេវលោកពួកពាណិជ្ជករ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ៣ជុំ ហើយនាំគ្នាចុះទៅសំពៅបើកចេញទៅជួញតទៅទៀត ។

          បារិកពោធិសត្វ និងពួកឈ្មួញអំបាលនោះ ពេលចាកលោកទៅហើយបានទៅកើតជាទេវបុត្រ នៅឋានសួគ៌ជាច្រើនជាតិ ។ លុះច្យុតពីឋានសួគ៌មកកើតក្នុងមនុស្សលោក បានជាស្តេចចក្រពត្តិ និងជាស្តេចឯករាជ្យជាច្រើនជាតិ ។ ក្នុងទីបំផុត បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធ ដោយសារអំណាច ផលានិសង្ឃ ដែលបានសាងវាលុកចេតិយនេះឯង ។

១៥. គោលបំណងនៃការធ្វើបុណ្យចូលឆ្នាំរបស់ប្រជាជនខ្មែរ​៖

  • ដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុប្វបុរសខ្លួន ដែលបានស្លាប់បាត់បង់ជីវិតហើយនោះសូមវិញ្ញាណក្ខន្ធទាំងនោះបានទទួលនូវបុញ្ញាកម្ម ដែលខ្លួនឧទ្ទិសជូន និងឲ្យបានសុខចម្រើន ។
  • ដើម្បីធ្វើបុណ្យកុសលជូនបូព្វបុរស ដែលនៅរស់នៅឡើយ សូ​មឲ្យពួកគាត់ទាំងអស់បានសុខជារៀងរហូត តាំងពីបច្ចុប្បន្នជាតិរហូតដល់អនាគតជាតិ​ ។
  • វាជាឱកាសល្អ បានធ្វើម្ហូបអាហារដែលមានឱជារសឈ្ងុយឆ្ងាញ់ពិសាជាថ្ងៃដើមឆ្នាំ និងថ្ងៃបន្តបន្ទាប់ ហើយបានស្វែងរកភស្តុតាង ទឹកក្តៅទឹកត្រជាក់ មកស្រោច ស្របដុសលាង មាតាបិតា ជីដូនជីតា ជូនសម្លៀកបំពាក់ សំពះថ្វាយបង្គំជូនលោកធ្វើឲ្យលោកមា​នចិត្តសប្បាយ ។
  • ដើម្បីឧទ្ទិសជូនចំពោះពពួកទេវតា ដែលជាអ្នកថែរក្សាមនុស្ស ទឹកដីព្រៃព្រឹក្សា​ ទន្លេ ស្ទឹង បឹងបួរ សមុទ្រ នៃប្រទេសកម្ពុជារហូតដល់ទេវតាសណ្ឌិតនៅឋានត្រៃត្រឹងសួគ៌ជាដើម ។
  • ដើម្បីសប្បាយរីករាយ ដែលខ្លួនបានឆ្លងផុតពីទូក្ខភ័យពីឆ្នាំចាស់នឹងឆ្លងចូលដល់ឆ្នាំថ្មីសូមបុណ្យទាំងនេះបាន ផ្តល់សេចក្តីសុខចម្រើនធ្វើឲ្យខ្លូនបានសុខរហូត ។
  • ជាឱកាសល្អ ដើម្បីធ្វើឲ្យបានសុខស្ងប់ ប្រព្រឹត្តល្អប្រាស់ចាកការប្រព្រឹត្តមិនល្អ ធ្វើឲ្យោឧបទ្រព្យចង្រៃ ប្រាសចាក អមនុស្សធម៌ ដើម្បីសេចក្តីចម្រើនឆ្នាំថ្មីបន្តទៅទៀត ។

 

 

  

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login