Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីផ្ដើម៖

       
ដោយសារប្រទេសជាច្រើនក្នុងពិភពលោក ប្រកាន់របៀបរបបគ្រប់គ្រងផ្សេងៗពីគ្នា ដូច្នេះកិច្ចការស្រាវជ្រាវនេះគឺបង្ហាញពីទ្រឹស្តីប្រជាធិបតេយ្យ ដែលរដ្ឋជាច្រើនបានប្រកាន់យមមកជារបបគ្រប់គ្រងរបស់រដ្ឋខ្លួន ក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ ក្រោយសហភាពរូស្សីបានរលំរលាយទៅក្នុងឆ្នាំ១៩៩១ របបកុំមូយនិស្តន៍នៅបណ្តាប្រទេសជាច្រើនបានប្តូរទៅជាប្រជាធិបតេយ្យជាអន្លើៗពិសេសនៅអឺរុបខាងកើតជាដើម ប៉ុន្តែក៏នៅមានដែរប្រទេសប្រកាន់របបផ្តាច់ការនេះ ពិសេសនៅអាព្រិក អាស៊ី និងតំបន់អារាប់ជាដើម បានចាក់ឬសយ៉ាងមាំក្នុងដៃបុគ្គល១ភាគតូច តែទុះជាយ៉ាងក៏ដោយរបរបគឺមានភាពអាក្រក់ក្នុងក្រសែភ្នែកជនទូទៅ អ៊ីចឹងហើយបានជាគេនិយមប្រកាន់យករបបថ្មីនោះគឺប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិ សេរីភាព និងអាចជ្រើសរើសមនុស្សដែលមានសមត្ថភាពពេញដោយចំហបានយ៉ាងល្អ។ សរុបមកកិច្ចការស្រាវជ្រាវនេះបញ្ជាក់បន្ថែមនូវទ្រឹស្តីប្រជាធិបតេយ្យ និងតួនាទីតំណាងរាស្ត្រជាដើម។

១-ទ្រឹស្តីអធិបតេយ្យ

       ជាគោលការណ៍លទ្ធិប្រជាធិបតេយ្យ អំណាចត្រូវបានប្រគល់ទៅអោយជាតិ និងប្រជារាស្រ្តដែលវាស្របទៅនឹងការបែងចែកអធិបតេយ្យរាស្ត្រ និងអធិបតេយ្យជាតិ។

១.១-ទ្រឹស្តីអធិបតេយ្យរាស្ត្រ

តាមទ្រឹស្តីនេះ គឺប្រជារាស្ត្រជាអ្នកមានអំណាចអធិបតេយ្យ ដែលអធិបតេយ្យនេះអាចចែកគ្នារវាងរាស្ត្ររាល់រូបដែលផ្តុំឡើងជាប្រជារាស្ត្រ។ អធិបតេយ្យរាស្ត្រមិនអាចផ្ទេររហូតបានឡើយ គឺដូចគ្នានិងអធិបតេយ្យជាតិដែរ ហើយមិនអាចរលត់រលាយដោយអាជ្ញាយុកាលឡើយ។

មនុស្សម្នាក់ៗដែលមានសិទ្ធិក្នុងការបោះឆ្នោត មិនមែនមានត្រឹមតែតួនាទីប៉ុណ្ណោះទេ។ ក្នុងការរើសតំណាងរាស្ត្រត្រូវតែមានការបោះឆ្នោតជាសាកល ពិព្រោះជាសិទ្ធិរបស់ប្រជារាស្ត្រទាំងអស់គ្នា។

ទ្រឹស្តីអធិបតេយ្យរាស្ត្រជាបច្ច័យផល គឺអាចមានអាជ្ញាបញ្ជា និងមាននីតិវិធីក្នុងការបណ្តេញតំណាងរាស្ត្រមុនបញ្ចប់អាណត្តិ។ តំណាងរាស្ត្រក្នុងទ្រឹស្តីអធិបតេយ្យរាស្ត្រ ខុសពីទ្រឹស្តីអធិបតេយ្យជាតិ ដោយពួកគេជាអ្នកទទួលអាណត្តិពីអ្នកដែលបានបោះឆ្នោតអោយខ្លួនជាប់ក្នុងមណ្ឌលខ្លួន ហើយជាតំណាងរបស់រាស្ត្រក្នុងមណ្ឌលនោះផង។

ទ្រឹស្តីអធិបតេយ្យរាស្ត្រ នាំអោយមានការអនុវត្តទម្រង់ប្រជាធិបតេយ្យដោយផ្ទាល់ ឬប្រជាធិបតេយ្យពាក់កណ្តាលដោយផ្ទាល់។

កំណត់សំគាល់ អាណត្តិតំណាងៈ គឺជាអាណត្តិដែលប្រជាជាតិប្រគល់អោយជនណាម្នាក់ដែលជាប់ឆ្នោត ដើម្បីអោយអនុវត្តការងារដោយឯករាជ្យភាពពេញលេញពីអ្នកបោះឆ្នោតរបស់គេបានសេចក្តីថា អ្នកបានអាណត្តិនេះមិនតម្រូវអោយប្រតិបត្តតាមការបង្គាប់បញ្ជារបស់អ្នកបោះឆ្នោតទេ ហើយអាណត្តិរបស់គាត់មិនអាចដកហូតមកវិញបានឡើយរហូតដល់ចប់អាណត្តិ។

អាណត្តិអាជ្ញាបញ្ជាៈ គឺសិទ្ធិនិងអំណាចដែលប្រគល់អោយតំណាងជាប់ឆ្នោត ដោយអ្នកបោះឆ្នោតនៃមណ្ឌលបោះឆ្នោតមួយ តាមលក្ខខណ្ឌអោយតំណាងជាប់ឆ្នោតនោះត្រូវធ្វើតាមបញ្ជា ឬសេចក្តីណែនាំរបស់អ្នកបោះឆ្នោត បើពុំនោះទេអ្នកជាប់ឆ្នោតនោះនិងប្រឈមការដកយកអាណត្តិនោះវិញ។

១.២-អធិបតេយ្យជាតិ

          អធិបតេយ្យជាតិ គឺអំណាចទាំងអស់ត្រូវប្រគល់ទៅអោយប្រជាជាតិ ដែលជាបុគ្គលសមូហភាពមិនអាចបំបែកបាន។ នេះជាទស្សនៈដែលទទួលស្គាល់នៅពេលបដិវត្តបារាំងឆ្នាំ១៧៨៩ ដោយលោក ស៊ីយ៉េយ៉េស ក្នុងគោលបំណងកាត់បន្ថយនូវតួនាទីរបស់ពលរដ្ឋ ដែលការរៀបចំជីវភាពនយោបាយមិនល្អ ដោយរាស្ត្រម្នាក់ៗមិនអាចកាន់អំណាចមួយចំណែកៗនោះទេ គេគ្មានសិទ្ធិផ្ទាល់ណាមួយក្នុងការចូលរួមកាន់អំណាចឡើយ។ អធិបតេយ្យជាតិក៏មិនអាចបំបែកបានដែរ បានសេចក្តីថា គ្មានថ្ងៃផុតកំណត់ឡើយ។

អធិបតេយ្យជាតិ គឺប្រជាជាតិពុំអាចកាន់អំណាចដោយផ្ទាល់ ដូច្នេះត្រូវធ្វើតាមរយៈរបបចាត់តាំងតំណាង ដែលការចាត់តាំងនោះ អាចធ្វើឡើងដោយការបោះឆ្នោតជាសាកលក៏បាន ជាអសាកលក៏បាន។ អ្នកចូលរួមបោះឆ្នោតគឺគ្រាន់តែបំពេញតួនាទី និងមុខងារ មិនមែនជាអ្នកមកប្រើប្រាស់សិទ្ធិរបស់ខ្លួនឡើយ។ ដូច្នេះអំណាចដែលជាប់ឆ្នោតមិនមែនតំណាងអ្នកបោះឆ្នោតនោះឡើយ ផ្ទុយទៅវិញជាតំណាងប្រជាជាតិទាំងមូល។

ទ្រឹស្តីអធិបតេយ្យជាតិ ជាបច្ច័យគឺអ្នកជាប់ឆ្នោត(តំណាងរាស្ត្រ) នៅពេលបំពេញមុខងាររបស់ខ្លួនទាំងការនិយាយ និងការសម្រេច(បោះឆ្នោតអនុម័ត) និងបញ្ហាផ្សេងទៀត គឺគេធ្វើតាមអ្វីដែលគេយល់ឃើញរបស់គេ មិនតាមបញ្ជាអ្នកណាទេ ព្រោះគេមានអាណត្តិតំណាង។

ទ្រឹស្តីអធិបតេយ្យជាតិ គឺគ្មានអាណត្តិអាជ្ញាបញ្ជាឡើយ បានសេចក្តីថា តំណាងរាស្ត្រដែលអ្នកបោះឆ្នោតអោយមិនត្រូវបានគេដកហូតពីតំណែងឡើយ។

២-ប្រព័ន្ធនៃការចូលរួម

       ទ្រឹស្តីអធិបតេយ្យដែលជាកម្មសិទ្ធិរបស់ប្រជាជាតិ ឬប្រជារាស្ត្រ បានចោទជាសំនួរថា តើគេត្រូវដឹកនាំ និងប្រតិបត្តអំណាចតាមបែបណា? ភាពខុសគ្នានៃប្រព័ន្ធនានាត្រូវបានគេរកឃើញ ដោយការប្រមូលផ្តុំប្រជាពលរដ្ឋដើម្បីប្រតិបត្តអំណាច។

២.១-ប្រជាធិបតេយ្យដោយផ្ទាល់

ប្រជាធិបតេយ្យដោយផ្ទាល់មានភាពផ្ទុយគ្នាជាមួយប្រជាធិបតេយ្យដោយតំណាង ដោយប្រព័ន្ធនេះត្រូវចាំបាច់ផ្សារភ្ជាប់ទៅជាមួយន័យដែលស្តីពីអធិបតេយ្យរាស្ត្រ គឺរាស្ត្រចូលរួមសម្រេចកិច្ចការលើសិទ្ធិដែលខ្លួនមានជារបស់ខ្លួនតែម្តងបានសេចក្តីថា ប្រជារាស្ត្រកាន់អំណាចដោយផ្ទាល់។

ប្រព័ន្ធលើកមកនិយាយគ្រាន់តែចង់ដឹងក្នុងវិស័យនីតិរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ ព្រោះគ្មានរដ្ឋណាគេនិយមប្រើកើតទេ។ គេអាចប្រើក្នុងទំហំឃុំតូចៗ ប៉ុន្តែទៅដល់កម្រិតរដ្ឋពុំអាចអោយមនុស្សរាប់លាននាក់កាន់អំណាចដោយផ្ទាល់ ជជែកធ្វើច្បាប់ ឬបោះឆ្នោតអនុម័តច្បាប់ ដូចតំណាងរាស្ត្រក្នុងសភាឡើយ។

ក្នុងរដ្ឋសហព័ន្ធតូចៗខ្លះ​ នៅប្រទេសស្វីសដែលគេហៅថា Cantons Suisse នោះមានប្រើប្រព័ន្ធប្រជាធិបតេយ្យដោយផ្ទាល់នៅសព្វថ្ងៃនេះ ដូចជាមានការប្រជុំ មហាសន្និបាតរាស្រ្តរាល់ចុងខែមេសានៅកណ្តាលវាល ដើម្បីអនុម័តច្បាប់នានា។

២.២-ប្រជាធិបតេយ្យដោយតំណាង

          ប្រព័ន្ធប្រជាធិបតេយ្យដោយតំណាង គឺជាប្រព័ន្ធដែលពលរដ្ឋបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន សម្រាប់អនុវត្តអំណាចក្នុងនាមខ្លួន និងជំនួសខ្លួន។ ការអនុវត្តអំណាចត្រូវបានប្រគល់ទៅអោយអ្នកតំណាងជ្រើសតាំងឡើងទទួលបន្ទុកសម្រេចក្នុងនាមប្រជាជាតិ ព្រោះប្រព័ន្ធនេះចេញមកពីទ្រឹស្តីអធិបតេយ្យជាតិ។

-ក្នុងប្រព័ន្ធប្រជាធិបតេយ្យដោយតំណាង ពាក្យតំណាងមិនមែនមានន័យថា ទាល់តែមានការបោះឆ្នោតដោយប្រជារាស្រ្តទើបត្រឹមត្រូវនោះទេ ប៉ុន្តែអោយតែមានច្បាប់ចែងច្បាស់លាស់ដោយមិនចាំបាច់បោះឆ្នោតពីតំណាងនោះ គេអាចចាត់ទុកថា ត្រឹមត្រូវបានដែរ។

-សភាត្រូវបានជ្រើសរើសដោយការបោះឆ្នោតបំពេញនាទីខ្លួនជាស្ថាប័នរដ្ឋ គឺជាអង្គភាពមួយ មិនមានក្នុងនាទីជាបុគ្គលម្នាក់ៗទេ។ ដូច្នេះសភាទាំងមូលជារបស់ប្រជាជាតិ គឺតួនាទីសភាជាអ្នកកាន់អាណត្តិតំណាង សំដែងអ្វីៗក្នុងសភា គឺក្នុងនាមប្រជាជាតិ នៅក្រៅសភាតំណាងរាស្ត្រធ្វើអ្វីៗក្នុងនាមខ្លួនជាបុគ្គល គឺគាត់តំណាងតែខ្លួនគាត់ពុំមែនតំណាងប្រជាជាតិទេ ដោយទ្រឹស្តីអធិបតេយ្យជាតិពុំអាចបំបែកបាន។

-ការធ្វើច្បាប់តាមរយៈប្រជាមតិមិនអាចធ្វើកើតទេ លើកលែងតែក្នុងករណីរដ្ឋធម្មនុញ្ញបានចាត់ចែងយ៉ាងច្បាស់លាស់។ គេអាចធ្វើក្នុងន័យស្រង់យោបល់រាស្ត្រតែប៉ុណ្ណោះ ព្រោះប្រជាជាតិមានតំណាងរបស់ខ្លួនក្នុងសភារួចហើយ ដោយគេមិនត្រូវបំបែកអធិតេយ្យដោយមួយអោយតំណាង និងមួយទៀតអោយទៅរាស្ត្រឡើយ។

          ២.៣-ប្រជាធិបតេយ្យពាក់កណ្តាលដោយផ្ទាល់

          ប្រជាធិបតេយ្យពាក់កណ្តាលដោយផ្ទាល់ គេមានលាយឡំគ្នានូវអ្នកតំណាងនានា និងនីតិវិធីអន្តរាគមន៍រាស្ត្រផ្ទាល់ គេអាចធ្វើប្រជាមតិ កែប្រែ សើរើរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗទៀត ក្រៅពីសមត្ថកិច្ចរបស់សភា ឬទន្ទឹមនឹងសមត្ថកិច្ចរបស់សភាបាន។

ប្រទេសជាច្រើន ក្នុងនោះមានប្រើប្រព័ន្ធប្រជាធិបតេយ្យពាក់កណ្តាលដោយផ្ទាល់នេះដូចជា បារាំង ស្វីស អ៊ីតាលី អង់គ្លេស ប៊ែលហ្ស៊ីក…..តាមរយៈការអនុវត្តប្រជាមតិ។

អន្តរាគមន៍រាស្ត្រក្នុងប្រព័ន្ធប្រជាធិបតេយ្យពាក់កណ្តាលដោយផ្ទាល់ អាចធ្វើឡើងតាមរយៈលក្ខខណ្ឌបច្ចេកទេសនានា៖

          ២.៣.១-ការផ្តួចផ្តើមរបស់រាស្រ្ត

          វិធីនេះអនុញ្ញតអោយរាស្ត្រ អាចផ្តួចផ្តើមគំនិតស្នើច្បាប់រដ្ឋធម្មនុញ្ញ ឬច្បាប់ផ្សេងៗទៀតបាន។ មុនដំបូងគេត្រូវធ្វើបដ្ឋនាលិខិតតាមលក្ខខណ្ឌដូចរៀបរាប់ខាងលើរួចហើយ អាជ្ញាធរយល់ព្រមក៏ធ្វើច្បាប់ទៅតាមនីតិវិធីធម្មតា។ ប៉ុន្តែបើអាជ្ញាធរមិនយល់ព្រម ត្រូវធ្វើប្រជាមតិដើម្បីស្ទង់យោបល់រាស្ត្រមតិភាគច្រើន។

កំណត់សំគាល់

តាមទ្រឹស្តីប្រជាមតិៈ ជាវិធីសួរយោបល់ប្រជារាស្ត្រអោយឆ្លើយចំពោះសំនួរអ្វីមួយ ដែលគេបានដាក់យ៉ាងច្បាស់លាស់អោយខ្លួនឆ្លើយ។

តាមទ្រឹស្តីប្រជាសិទ្ធិៈ ជាវិធីសួរយោបល់ពីប្រជារាស្ត្រអោយឆ្លើយចំពោះបុគ្គល នៃម្ចាស់សំនួរនោះ។

តាមការប្រតិបត្តជាក់ស្តែង រាស្ត្រឆ្លើយមកតែងទាក់ទងទាំងសំនួរ ទាំងបុគ្គលដោយឯងៗ ពីព្រោះវាពិបាកនិងចែកអោយដាច់ស្រឡះណាស់ ជាពិសេសលក្ខខណ្ឌដែលម្ចាស់សំនួរជារូបវន្តបុគ្គល។

          ២.៣.២-ការជំទាស់របស់រាស្ត្រ

          បើរាស្ត្រមួយចំនួនចង់កែប្រែ ឬចង់លុបចោលអត្ថបទខ្លះនៃច្បាប់ គេអាចនាំគ្នាធ្វើញតិប្តឹងរបៀបបដ្ឋនាលិខិត(សំណើដែលធ្វើឡើងដើម្បីជូនទៅមន្ត្រីសាធារណៈ) ដោយផ្តិតមេដៃ ឬចុះហត្ថលេខាអោយបានគ្រប់ចំនួនដែលច្បាប់តម្រូវ រួចផ្ញើទៅអាជ្ញាធរមានសមត្ថកិច្ច គឺរដ្ឋាភិបាល ឬរដ្ឋសភា។ អាជ្ញាធរមានសមត្ថកិច្ចធ្វើការកែប្រែតាមសុំ ឬក៏ធ្វើការស្ទង់មតិតាមប្រជាមតិជាមុនសិន ទើបសម្រេចជាក្រោយ។

២.៣.៣-ការបណ្តេញចេញរបស់រាស្ត្រ

រាស្រ្តចង់បណ្តេញចេញតំណាងរាស្ត្ររូបណាមួយ គេធ្វើពាក្យតាមរបៀបបដ្ឋនាលិខិតប្តឹងទៅអាជ្ញាធរគឺ រដ្ឋសភាសុំដកតំណាងរាស្ត្រនោះចេញ បើមានចំនួនហត្ថលេខា ឬស្នាមមេដៃគ្រប់គ្រាន់តាមច្បាប់ហើយ អាជ្ញាធរអាចធ្វើប្រជាមតិក្នុងមណ្ឌល ដែលពាក់ព័ន្ធបន្ថែមរួចទើបសម្រេចទុក ឬដកចេញជាក្រោយ។

គេច្រើនប្រទះឃើញការដកចេញរបៀបនេះក្នុងលទ្ធិសង្គមនិយមតែប៉ុណ្ណោះ ហើយមិនសូវដែលមានទេនៅក្នុងលទ្ធិប្រជាធិបតេយ្យពហុបក្ស។

រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៤៧ បានកំណត់យ៉ាងច្បាស់លាស់នូវនីតិវិធី នៅក្នុងមាត្រា៥១ និងមាត្រា៨១ ស្តីពីការបណ្តេញចេញអ្នកតំណាងរាស្ត្រដែលជាប់ឆ្នោតចេញពីតំណែងវិញ។

សេចក្តីសន្និដ្ឋាន

       ក្រោយពីបានអានអត្ថបទខាងលើយើងបានដឹងអំពី ទ្រឹស្តីអធិបតេយ្យ ដែលមានអធិបតេយ្យជាតិ និងអធិបតេយ្យរាស្ត្រ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងរបបប្រជាធិបតេយ្យ របៀបជ្រើសរើសអ្នកតំណាងរាស្ត្រ របៀបទំលាក់អ្នកតំណាងរាស្ត្រវិញ និងតួនាទីភារកិច្ចអ្នកតំណាងរាស្ត្រ និងប្រជាពលរដ្ឋខ្លួនឯង ក្នុងរដ្ឋមួយដែលជ្រើសយករបបប្រជាធិបតេយ្យសម្រាប់គ្រប់គ្រងរដ្ឋ យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថាអត្ថបទនេះនិងបានវិភាគទានគំនិតខ្លះៗចំពោះអ្នក និងបើមានខុសអក្ខរាវិរុទ្ធ ឬន័យសេចក្តី ត្រង់កន្លែងណាមួយនោះដោយអចេតនា ក៏សូមអភ័យទោសចំពោះយើងខ្ញុំជាសិក្ខាកាមនេះផង៕

 

ប្រភព៖ ប្រជាធិតេយ្យ៖ ទ្រឹស្តីអធិបតេយ្យ និង ប្រព័ន្ធនៃការចូលរួម



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login