Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

លោក ញ៉ុកថែម កើតនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ។ បិតាលោកឈ្មោះ ញុំ រីឯមាតាឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង ។​

          កាលពីកុមារភាព គឺក្នុងឆ្នាំ ១៩១៣ លោកបានទៅរៀននៅវត្តពោធិវាល ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយបានសិក្សាធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល ។

          នៅឆ្នាំ ១៩១៨ លោកមានបុព្វជ្ជា ( បួស ) ជាសាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោកបានសិក្សាធម៌វិន័យ និងភាសាបាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅខេត្តបាត់ដំបង ។ លោកក៏បានទៅសិក្សានៅបរទេសដែរ គឺក្នុងឆ្នាំ ១៩១៩ លោកបានបន្តវិជ្ជានៅក្រុងបាងកក ប្រទេសថៃ ។ លោកបានជាប់សញ្ញាបត្រធម្មសិក្សាជាន់ត្រី នៅកំឡុងឆ្នាំ១៩២១ និងជាប់សញ្ញាបត្រធម្មសិក្សាជាន់ទោក្នុងឆ្នាំ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបានឧបសម្ប័ទជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែលនេះ លោកបានជាប់សញ្ញាបត្ររិយត្តិភាសាបាលី ទីមហា ៣ប្រយោគ ។ ពីរឆ្នាំក្រោយមក គឺឆ្នាំ ១៩២៦ លោកបានជាប់ទីមហា ៤ប្រយោគហើយពីរឆ្នាំតមកទៀត ( ១៩២៨ ) លោកជាប់ទីមហា ៥ប្រយោគនិងជាទីបញ្ចប់ លោកបានជាប់ទីមហា៦ប្រយោគ នៅក្នុងឆ្នំា ១៩២៩ ។ សូមបញ្ជាក់ថានៅប្រទេសថៃ ការសិក្សាភាសាបាលីមានសរុបទាំងអស់ ៩ប្រយោគ( ជាន់ឬកម្រិត ) ដែលប្រយោគទី៩ជាប្រយោគខ្ពស់បំផុត ( ថ្នាក់បណ្ឌិត ) ។ លោកបាន លាចាកសិក្ខាបទមកជាគ្រហស្ថនៅឆ្នាំ ១៩៣៦ ។

          ពេលលោកទៅសិក្សានៅប្រទេសថៃ លោកក៏បានធ្វើការនៅទីនោះដែរ ។ លោកធ្វើជាគ្រូបង្រៀនភាសាបាលី នៅទីក្រុងបាងកក ចាប់ពីគ.ស ១៩២៧ ទៅទល់នឹង គ.ស ១៩៣០ ទើបត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញដោយចូលធ្វើជាសមាជិកគណៈកម្មាការប្រែព្រះត្រៃបិដកនៅពុទ្ធសាសនាបណ្ឌិត្យ ។ នៅឆ្នាំ ១៩៣៨ លោកធ្វើការនៅព្រះរាជបណ្ណាល័យកម្ពុជាមានមុខងារជាអ្ននចាត់ចែង បោះពុម្ពផ្សាយសៀវភៅផ្សេងៗ និងទស្សនាវដ្តីកម្ពុជាសុរិយា ។ នៅឆ្នាំបន្ទាប់មក ( ១៩៣៩) លោកបានធ្វើជាតំណាងសម្តេចព្រះនរោត្តមសុធារស និងជាអធិបតីសុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយតំណាងផ្សេងៗទៀត លោកបានទៅរៀបចំកម្ម​វិធីសិក្សា និងពិធីសម្ពោធន៍ពុទ្ធសាសនាបណ្ឌិត្យនៅក្រុងហ្លួងព្រះបាង និងក្រុងវៀងចន្ទន៍ នាប្រទេសលាវ​ ។

          ឆ្នាំ១៩៤២​ លោកបានទៅសម្ពោធមន្ទីរសាសនបណ្ឌិត្យខេត្តឃ្លាំង ប្រទេសវៀតណាមភាគខាងត្បុង និងឆ្នំា១៩៤៣ លោកជាតំណាងរៀបចំកម្មវិធីសិក្សាសម្រាប់ពុទ្ធសាសនបណ្ឌិត្យ នៅខេត្តប៉ាក់សេ ប្រទេសលាវ ។

លោក ញ៉ុក ថែម បានធ្វើជាសាស្រ្តាចារ្យខ្មែរនៅថ្នាក់ទី៥ នៃសាលាគរុវិជ្ជានៅឆ្នាំ ១៩៤៥ ។ នៅឆ្នាំ ១៩៤៦ លោកធ្វើការនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យព្រមទាំងជាសាស្រ្តាចារ្យ នៅវិទ្យាល័យស៊ីសុវត្តិទៀតផង ។ ប៉ុន្តែនៅឆ្នាំ ១៩៥០ លោកលាឈប់ពីពុទ្ធសាសនបណ្ឌិត្យចូលមកបម្រើក្រសួងសិក្សាធិការជាតិ ក្រោយពេលដែលបារាំងផ្ទេរវិទ្យាល័យស៊ីសុវត្ថិ មកជាសម្បត្តិជាតិហើយលោកធ្វើជាសាស្រ្តាចារ្យជាប់សន្យារហូតមក ។ ប្រាំមួយឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៥៦ លោកសុំផ្លាស់ទៅធ្វើជាសាស្រ្តាចារ្យខ្មែរ នៅវិទ្យាល័យមុនីវង្ស នាក្រុងបាត់ដំបង  ។​ប៉ុន្តែក្នុងឆ្នាំ១៩៥៨ លោកបានផ្លាស់ទៅធ្វើការនៅវិទ្យាស្ថានជាតិគរុកោសល្យ នាក្រុងភ្នំពេញវិញក្នុងឋានៈជាសាស្រ្តាចារ្យផង និងអ្នកស្រាវជ្រាវ ឯកសារអក្សរសាស្រ្តខ្មែរនៅវិទ្យាស្ថាននោះផង ។ លោកជាសាស្រ្តាចារ្យខ្មែរ នៅសាលាភូមិន្ទរដ្ឋបាល ។

          កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃលោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនាធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត ។

          ក្រៅពីនេះលោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖

  • ពុទ្ធប្បវត្តិសង្ខេប
  • អនុពុទ្ធប្បវត្តិភាគ ១.២
  • ប្រជុំភាសិត ភាគ ១.២
  • មហាវេស្សន្តរជាតក
  • ប្រជុំពុទ្ធភាសិត
  • ជាតិសាសនាព្រះមហាក្សត្រ
  • រឿងបិសាចស្នេហា ( ប្រលោមលោកបោះពុម្ពឆ្នាំ ១៩៤២ )
  • រឿងកុលាបប៉ៃលិន ( ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ឬ១៩៤៣ )
  • ឯកសហរាត្រី ( ភាគខ្លះ ប្រែ )
  • ចូឡវេទល្លសូត្រ ( ប្រែ )
  • វិធីប្រតិបត្តិធម៌
  • ពន្លឺអាស៊ីទ្វីប ( ប្រែ  )
  • បញ្ញាសជាតកសង្ខេប ភាគ១.២... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login