ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
លោក នូ ហាចគឺជាមន្ត្រីឯកអគ្គរាជទូត និងអតីតអ្នកនិពន្ធខ្មែរដ៏ល្បីល្បាញ ។ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង លោក ឃួន នៅ និង អ្នកស្រី ឱរ មួច បានផ្តល់កំណើតឲ្យទារកម្នាក់ ដែលក្រោយមកត្រូវបានចារិកទុក នៅក្នុងប្រវត្តិអក្សរសាស្រ្តជាតិខ្មែរ ឈ្មោះថា នូ ហាច ។ លោកមានបងប្អូនប្រុស៥នាក់និងស្រី៣នាក់ ហើយលោកគឺជាកូនប្រុសច្បងក្នុងគ្រួសារសិករមួយនេះ ។
កាលនៅកុមារភាព នូ ហាច បានស្នាក់រៀននៅក្នុងវត្តកំពងព្រះ ដែលបង្រៀនព្រះសង្ឃ ហើយសិក្សាចេះអានសាស្រ្តាស្លឹករឹតបានយ៉ាងស្ទាត់ ។ យុវជន នូ ហាច បានប្រឡងចាប់ចូលសិក្សាអនុវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ នៅឆ្នាំ ១៩៣២ ។
ឆ្នាំ ១៩៣២ លោកបានប្រឡងជាប់ចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិភ្នុំពេញហើយលោកបានបន្តសិក្សារហូតទទួលបានសញ្ញាបត្រមធ្យមសិក្សាហើយ លោកបានចាប់ផ្តើមអាជីពរបស់លោកជាមេធាវីយុត្តិធម៌មួយរូបបំពេញការងារនៅក្នុងខេត្តសៀមរាប ។
លោកបានចូលបម្រើការងារនៅក្រសូងឃោសនាការ ទទួលបន្ទុកខាងការផ្សាយកាសែតកម្ពុជានៅឆ្នាំ ១៩៤៧ ។ នៅ ឆ្នាំ១៩៤៨ លោកបានធ្វើជាលេខាធិការផ្ទាល់របស់ទ្រង់ ស៊ីសុវត្តិ យុត្តិវង្ស សុគតទៅ លោក នូ ហាច បានវិលទៅបម្រើការងារនៅក្រសួងឃោសនាការវិញមានឋានៈជាប្រធាននាកដ្ឋាន ។
ឆ្នាំ១៩៥២ លោកបានចូលបម្រើការងារនៅក្រសួងការបរទេស ដែលនៅជាប់មុខងារជាមន្រ្តីការទូត ។
ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ១៩៥២ ដល់ ថ្ងៃទី ២៣ មករា ឆ្នាំ ១៩៥៣ លោកត្រូវបានសម្តេច នរោត្តម សីហនុ តែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណៈការនិងគមនាគម៍ ។
សៀវភៅអក្សរសិល្ប៍ខ្មែរសតវត្សទី២០ របស់លោកបណ្ឌិតសភាចារ្យ ឃីង ហុកឌី បានកត់ចំណាំថានៅក្នុងកំឡុងឆ្នាំ១៩៦៩ ក្នុងពេលដែលលោកនៅបម្រើការងារនៅក្រសួងការបរទេសនោះ លោក នូ ហាច បានទទួលតំណែងជាឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសឥណ្ឌូនេស៊ី ។ នេះជាតំណែងចុងក្រោយរបស់លោក ។
ស្នាដៃរបស់លោកមានជា៣ប្រភេទគឺ ទី១ រឿងខ្លីៗ ទី២ កំណាព្យ ហើយស្នាដៃទាំងនេះត្រូវផ្សាយក្នុងទស្សនវដ្តីប្រចាំសប្តាហ៍ឈ្មោះ « រាត្រីថ្ងៃសៅរ៏ » ក្នុងទស្សវត្សទី៦០ និងទី៣ ស្នាដៃប្រលោមលោកចំនួន៤រឿងគឺៈ
· ផ្កាស្រពោន ( ១៩៤៩ )
· នារីជាទីស្នេហា ( ១៩៥៣ )
· លាវណ្យនិងរវិន្ទ ( ១៩៥៥ )
· មាលាដួងចិត្ត ( ១៩៧២ )
តាមឯកសារមួយចំនួនថាលោក នូ ហាច បានវិលត្រឡប់មកភ្នំពេញវិញនៅឆ្នាំ១៩៧៤ ហើយលោកត្រូវបានពួកខ្មែរក្រហមសម្លាប់ នៅខែមេសា ឆ្នាំ ១៩៧៥ ។