ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ទានំ កិរិយាបរិច្ចាគទាន ។ ទាន គឺការឱ្យហើយគោលដៅនិងបំណងនៃការឱ្យនេះ គឺមិនមែនក្នុងបំណងដើម្បីទទួលបានការតបពីគេមកវិញឡើយ ។ បុគ្គលដែលបានឱ្យរបស់អ្វីម្យ៉ាងទៅបុគ្គលណា ហើយរំពឹងចង់បានការតបស្នងដោយប្រការណាមួយ បុគ្គលនោះមិនមែនជាអ្នកធ្វើទានទេ គឺជាអ្នកធ្វើវិនិយោគ ។ ការធ្វើទាន គឺដើម្បីកាត់បន្ថយនូវគម្លាតគ្នារវាងអ្នកមាននិងអ្នកក្រ និងជាការលើកស្ទួយវប្បធម៌ចែករំលែក ក៏ជាវិធីដើម្បីកុំឱ្យមនុស្សគិតតែពីការបាន ដែលជាហេតុបង្កឱ្យមានទំនាស់ផ្សេងៗដោយសារដណ្តើមផលប្រយោជន៍ ។ ធ្វើទានបានដល់ការធ្វើអំណោយពីរយ៉ាងគឺ ការឱ្យសម្ភារៈសម្រាប់ទ្រទ្រង់ជីវិតដូចជា សម្លៀកបំពាក់ ចំណីអាហារ ផ្ទះសម្បែង និងថ្នាំព្យាបាលរោគជាដើមហៅថា អាមិសទាន គឺការឱ្យវត្ថុ សម្ភារៈ១ និងការឱ្យចំណេះ វិជ្ជាគំនិតយោបល់ល្អ ដើម្បីគេបានស្គាល់ខុសត្រូវ ស្គាល់ផ្លូវ ទៅរកប្រយោជន៍និងភាពជោគជ័យល្អអាក្រក់ បុណ្យបាបជាដើមហៅថា ធម្មទាន គឺការឱ្យចំណេះវិជ្ជា គំនិតប្រាជ្ញា១ ។ កិរិយាដែលបានធ្វើនូវទានទាំងពីរប្រការនេះ ជាមង្គលដ៏ឧត្តម ។