សំណួរ
១- តើបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈរួមមានអ្វីខ្លះ ?
២- តើនិយ័តករសន្តិសុខសង្គមដែលមានតួនាទីនិងភារកិច្ចអ្វីខ្លះ ?
៣- តើបេឡាជាតិសន្តិសុខសង្គមគឺជាអ្វី ?
៤- តើបេឡាជាតិសន្តិសុខសង្គមមានភារកិច្ចអ្វីខ្លះ ?
៥- តើបុគ្គលដែលត្រូវគាំពារក្នុងផ្នែកប្រាក់សោធនមានអ្វីខ្លះ ?
ចម្លើយ
១- បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈរួមមាន ៖
- មន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- មន្រ្តីរាជការដែលស្ថិតនៅក្រោមច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិលើកលែងផ្នែកប្រាក់សោធន
- មន្រ្តីរាជការដែលបម្រើការងារនៅក្នុងស្ថាប័នតុលាការ
- មន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ចំពោះតែតាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្ត្រក្នុងផ្នែកថែទាំសុខភាព
- មន្ត្រីដែលបម្រើការងារនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- មន្ត្រីរាជការដែលបម្រើការងារនៅក្នុងអាជ្ញាធរសវនកម្មជាតិ
- អតីតមន្រ្តីរាជការស៊ីវិលនិងអតីតយុទ្ធជន
- មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការនៅតាមក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិនិងក្រោមថ្នាក់ជាតិ ដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ
- បុគ្គលនៃវិស័យសាធារណៈផ្សេងទៀត ដែលត្រូវកំណត់ដោយអនុក្រឹត្យ ។
២- និយ័តករសន្តិសុខសង្គមដែលមានតួនាទីនិងភារកិច្ចដូចជា ៖
- កំណត់បទប្បញ្ញត្តិប្រុងប្រយ័ត្ន ស្តង់ដារប្រតិបត្តិការ វិធានចាំបាច់នានា ដែលគោលការណ៍ណែនាំស្តីពីវិនិយោគមូលនិធិសន្តិសុខសង្គម ។
- តាមដានស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នប្រតិបត្តិករសន្តិសុខសង្គម ។
- បង្កើតយន្តការការពារសមាជិកនិងផ្សះផ្សាវិវាទនៅពេលមានទំនាស់ ។
- ត្រួតពិនិត្យអនុលោមភាព ដើម្បីធានាថាប្រតិបត្តិការនៅក្នុងការផ្តល់សេវាសន្តិសុខសង្គមប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និងចីរភាពហិរញ្ញវត្ថុ ។
៣- បេឡាជាតិសន្តិសុខសង្គមដែលមានសរសេរជាអក្សរកាត់ថា ប.ស.ស. ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតដោយព្រះរាជក្រឹត្យ ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
៤- បេឡាជាតិសន្តិសុខសង្គមមានភារកិច្ចដូចជា ៖
- គ្រប់គ្រងនិងចាត់ចែងផ្នែកទាំងអស់នៃរបបសន្តិសុខសង្គមដែលកំណត់ដោយច្បាប់នេះ ។
- ធានាផ្តល់តាវកាលិកសន្តិសុខសង្គមសម្រាប់សមាជិក ប.ស.ស. ក្នុងគោលដៅជួយសម្រាលការលំបាកក្នុងជីវភាពនៅពេលជួបប្រទះហានិភ័យជាយថាហេតុនានាជាអាទិ៍ ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការាងារ និកម្មភាពការងារ មាតុភាព ជំងី ឬគ្រោះថ្នាក់ ព្រមទាំងយថាភាពដទៃផ្សេងទៀត ។
- ប្រមូលនិងគ្រប់គ្រងភាគទានរបបសន្តិសុខសង្គមនៃផ្នែកនីមួយៗព្រមទាំងប្រភពចំណូលដទៃផ្សេងទៀត ។
- ចុះបញ្ជីនិងគ្រប់គ្រងលេខសម្គាល់សមាជិក ប.ស.ស. ។
- ត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ ដោយសហគ្រាស គ្រឹះស្ថាន ឬអង្គភាពពាក់ព័ន្ធដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ ប.ស.ស. ។
- អប់រំ ផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តវិធានការបង្ការហានិភ័យការងារ និងបង្ការសុខភាពសម្រាប់សមាជិក វប.ស.ស. ។
- សិក្សា ស្រាវជ្រាវ និងអង្កេតហានិភ័យការងារ ។
- សិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការកំណត់ប្រភេទជំងឺវិជ្ជាជីវៈ ។
- ចុះកិច្ចព្រមព្រៀងនិងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ។
- សិក្សា វិភាគ និងវាយតម្លៃហិរញ្ញវត្ថុលើផ្នែកនីមួយៗនៃរបបសន្តិសុខសង្គម ។
- អនុវត្តសកម្មភាពពាក់ព័ន្ធនិងសុខភាពនិងសង្គម ដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃសមាជិក ប.ស.ស. ។
- ចាត់ចែង និងគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម ។
៥- បុគ្គលដែលត្រូវគាំពារក្នុងផ្នែកប្រាក់សោធនមានដូចជា ៖
- បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ។
- បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ជូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ។
- បុគ្គលស្វ័យនិយោជន៍ ។